ក្រុមហ៊ុនហ្វេសប៊ុក ឥឡូវនេះកាន់តែត្រូវមមាញឹក។
ចាប់តាំងពីពិភពលោកបានដឹងពីភាពចម្រូងចម្រាសចុងក្រោយបង្អស់នៅក្រុមហ៊ុនហ្វេសប៊ុកទាក់ទងនឹងបញ្ហាទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់ បណ្ដាញសង្គមមួយនេះបានចាត់វិធានការធ្វើការផ្លាស់ប្តូរជាច្រើន។ ប៉ុន្តែ វាមិនទាន់ច្បាស់ថា តើការភ្ញាក់ខ្លួនរបស់ហ្វេសប៊ុកនេះ នឹងគ្រប់គ្រាន់ឲ្យអ្នកតាក់តែងច្បាប់និងក្រុមនិយ័តករពេញចិត្តនោះទេ។
លោក Marc Rotenberg ជាប្រធានមជ្ឈមណ្ឌលព័ត៌មានឯកជនភាពតាមប្រព័ន្ធអេឡិចត្រូនិក ឬ Electronic Privacy Information Center ដែលជាក្រុមតស៊ូមតិមួយ។ លោកបាននិយាយថា៖ «យើងបានឈានដល់ចំណុចកំពូលធ្ងន់ធ្ងរនៃបញ្ហាហ្វេសប៊ុកនិងឯកជនភាព។ ហើយអ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុតនៅពេលនេះ គឺមានកម្លាំងចលករមួយចំនួនដូចជា នយោបាយ សេដ្ឋកិច្ច និងសង្គម ដែលត្រូវបានបូកបញ្ចូលគ្នា។ ហើយខ្ញុំគិតថា នឹងមានការផ្លាស់ប្តូរដ៏ធំមួយនឹងកើតឡើង»។
ប៉ុន្មានសប្ដាហ៍ថ្មីៗនេះ ហ្វេសប៊ុកដែលមានអ្នកប្រើប្រាស់ជាង ២ពាន់លានអ្នក មានបញ្ហាដ៏ធំមួយពាក់ព័ន្ធនឹងរឿង អ្នកសិក្សាស្រាវជ្រាវពីក្រៅក្រុមហ៊ុនម្នាក់បានប្រគល់ទិន្នន័យរបស់ប្រជាជនលើហ្វេសប៊ុកចំនួនយ៉ាងតិច៨៧លាន ទៅឲ្យក្រុមហ៊ុនសិក្សាស្រាវជ្រាវនយោបាយមួយ ហៅថា Cambridge Analytica។
ចុះបើអ្វីដែលក្រុមហ៊ុន Cambridge Analytica បានធ្វើជាមួយទិន្នន័យនេះមិនច្បាស់លាស់វិញ។ ក្រុមហ៊ុនអះអាងថា បានលុបទិន្នន័យទាំងនោះអស់ហើយ។ ប៉ុន្តែស្ថានភាពនេះបានបង្ហាញថា មានទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់ច្រើនប៉ុណ្ណាលើបណ្ដាញហ្វេសប៊ុក ហើយថា ក្រុមហ៊ុន ហ្វេសប៊ុក គ្រប់គ្រងទិន្នន័យទាំងនោះយ៉ាងដូចម្ត៉េច។
បិទការផ្សាយពាណិជ្ជកម្ម
ក្រុមហ៊ុនឧបករណ៍បំពងសំឡេង Sonos ហាងអ្នកលក់គ្រឿងបន្លាស់និងជួសជុលរថយន្ត Pep Boys និងក្រុមហ៊ុន Mozilla ដែលបង្កើតកម្មវិធី Firefox សម្រាប់បើកគេហទំព័រ បានបិទការផ្សាយពាណិជ្ជកម្មរបស់ពួកគេលើបណ្ដាញហ្វេសប៊ុក ដើម្បីប្រតិកម្មទៅនឹងរឿងចម្រូងចម្រាសនេះ។
អ្នកស្រី Denelle Dixon ដែលជានាយកប្រតិបត្តិនៃក្រុមហ៊ុន Mozilla និយាយថា៖ «ពួកយើងចង់ឃើញតម្លាភាព និងជម្រើសច្រើនជាងនេះ សម្រាប់អតិថិជន»។
សាររបស់អ្នកស្រី Dixon ទៅកាន់ហ្វេសប៊ុកគឺថា៖ «នៅពេលដែលអ្នកចាប់ផ្ដើមចាត់ការរឿងនេះឲ្យម៉ត់ចត់ជាងមុនបន្តិច ហើយនៅពេលអ្នកចាប់ផ្ដើមយកចិត្តទុកដាក់និងធ្វើការផ្លាស់ប្ដូរ យើងនឹងត្រឡប់ទៅប្រើការផ្សាយពាណិជ្ជកម្ម(តាមហ្វេសប៊ុក)វិញ»។
នៅលើទំព័រហ្វេសប៊ុក និងក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ CNN នាយកប្រតិបត្តិក្រុមហ៊ុនហ្វេសប៊ុក លោក Mark Zuckerberg បានសុំអភ័យទោសចំពោះបញ្ហាចម្រូងចម្រាស និងបានប្ដេជ្ញាចាត់វិធានការបន្ថែមទៀត ដើម្បីការពារទិន្នន័យអ្នកប្រើប្រាស់។ លោកបាននិយាយថា៖ «នេះគឺជាការរំលោភបំពានដ៏សំខាន់មួយលើការជឿទុកចិត្ត ហើយខ្ញុំពិតជាសោកស្ដាយចំពោះរឿងនេះណាស់»។
ក្រុមហ៊ុនហ្វេសប៊ុកក៏បានដាក់ការផ្សាយពាណិជ្ជកម្មនៅចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក ដោយសុំទោសចំពោះ «ការរំលោភបំពានលើសេចក្តីទុកចិត្ត» នេះដែរ។
ការផ្លាស់ប្តូរដោយខ្លួនឯងមួយចំនួនធំ
ខណៈដែលនិយតករតាមរដ្ឋនិងនិយតករសហព័ន្ធបានបើកការស៊ើបអង្កេត ហើយគណៈកម្មាធិការសភាជាច្រើនបានអំពាវនាវឲ្យលោក Zuckerberg ផ្តល់សក្ខីកម្ម ក្រុមហ៊ុនហ្វេសប៊ុកបានបញ្ចេញការផ្លាស់ប្តូរជាច្រើន។
ក្រុមហ៊ុនហ្វេសប៊ុក នេះបានធ្វើឲ្យមានភាពងាយស្រួលជាងមុន សម្រាប់អ្នកប្រើប្រាស់ក្នុងការផ្លាស់ប្តូរការកំណត់ឯកជនភាព និងបានផ្តល់ឲ្យពួកគេនូវវិធីរហ័សដើម្បីទាញយកទិន្នន័យទាំងអស់ដែលហ្វេសប៊ុកមានអំពីពួកគេ។ ហ្វេសប៊ុកក៏បានកាត់ផ្ដាច់ឈ្មួញកណ្ដាលសំខាន់ៗ ដែលលក់ទិន្នន័យផងដែរ។
ក្រុមហ៊ុនហ្វេសប៊ុកនឹងដឹងឆាប់ៗនេះ ថាតើការប្រឹងប្រែងរបស់ខ្លួនគ្រប់គ្រាន់ឬនៅ?
និយ័តកម្ម ឬត្រួតពិនិត្យសកម្មភាពខ្លួនឯង?
ក្រុមហ៊ុនបច្ចេកវិទ្យានានានៅតំបន់ Silicon Valley ជាយូរមកហើយ តែងតែចង់បានការត្រួតពិនិត្យសកម្មភាពដោយខ្លួនឯង ជាជាងការដាក់បទបញ្ញត្តិរបស់រដ្ឋាភិបាល ពីព្រោះវារក្សាឲ្យមានការច្នៃប្រឌិត។ ប៉ុន្តែក្រុមហ៊ុនហ្វេសប៊ុកក៏ប្រឈមមុខនឹងនិយតករតាមរដ្ឋ និយតករសហព័ន្ធ និងនិយតករអន្តរជាតិ ដែលគ្រប់គ្នាអាចធ្វើសកម្មភាពប្រឆាំងនឹងហ្វេសប៊ុក។
នៅសហរដ្ឋអាមេរិក ការព្រួយបារម្ភចម្បងរបស់ហ្វេសប៊ុក គឺគណៈកម្មការពាណិជ្ជកម្មសហព័ន្ធ Federal Trade Commission ដែលបានបញ្ជាក់កាលពីខែមុនថា ខ្លួនបានបើកការស៊ើបអង្កេតលើការអនុវត្តរបស់ក្រុមហ៊ុនហ្វេសប៊ុក។
សំណួរគន្លឹះមួយគឺថា តើក្រុមហ៊ុនហ្វេសប៊ុក បានបំពានលើអនុក្រឹត្យឆ្នាំ២០១១ជាមួយទីភ្នាក់ងារការពារអតិថិជន ឬ consumer protection agency ដែលតម្រូវឲ្យហ្វេសប៊ុកទទួលបានការអនុញ្ញាតពីអតិថិជន ចំពោះការយករាល់ទិន្នន័យទៅប្រើប្រាស់លើគ្រប់សណ្ឋាន។ រាល់ការល្មើសនីមួយៗគឺត្រូវផាកពិន័យ៤ម៉ឺនដុល្លារ ហើយអ្នកវិភាគមួយចំនួនបានប៉ាន់ប្រមាណថា ក្រុមហ៊ុនហ្វេសប៊ុក អាចត្រូវពិន័យរាប់ពាន់លានដុល្លារក្នុងករណីមួយនេះ។
ក្រៅពីគណៈកម្មការពាណិជ្ជកម្មសហព័ន្ធនេះ មេធាវីតាមរដ្ឋជាច្រើន បានបើកការស៊ើបអង្កេតលើក្រុមហ៊ុនហ្វេសប៊ុក។
ហួសពីនិយតករនានា សមាជិកសភានៅរដ្ឋធានីវ៉ាស៊ីនតោននិងនៅតាមរដ្ឋនានាទូទាំងប្រទេស កំពុងពិភាក្សាអំពីអ្វីដែលអាចធ្វើបាន ដើម្បីការពារអ្នកប្រើប្រាស់បណ្ដាញសង្គមឲ្យបានប្រសើរជាងមុន។ លោក Zuckerberg បានផ្តល់សក្ខីកម្មចំពោះមុខគណៈកម្មាធិការតុលាការព្រឹទ្ធសភាកាលពីថ្ងៃទី១០និង១១ ខែមេសា។
ទន្ទឹមនឹងនេះដែរ ក្រុមហ៊ុនហ្វេសប៊ុកត្រូវប្រឈមនឹងការស៊ើបអង្កេត ដែលអាចកើតមាននៅក្នុងចក្រភពអង់គ្លេស និងប្រទេស កាណាដា។
ការត្រួតពិនិត្យពីខាងក្រៅ
អ្នកស្រី Gennie Gebhart អ្នកស្រាវជ្រាវនៃអង្គការផ្លោតលើសេរីភាពឌីជីថលរបស់ពលរដ្ឋឈ្មោះ Electronic Frontier Foundation បាននិយាយថា មិនមែនគ្រាន់តែក្រុមហ៊ុនហ្វេសប៊ុកទេ តែប្រព័ន្ធអ៊ីនធឺណិតពឹងផ្អែកលើការផ្សាយពាណិជ្ជកម្មទាំងអស់ ដែលសមនឹងទទួលការត្រួតពិនិត្យបន្ថែមទៀត ។
អ្នកស្រី Gebhart ថ្លែងថា៖ «ខណៈដែលគេយកចិត្តទុកដាក់លើក្រុមហ៊ុនហ្វេសប៊ុក ឥឡូវនេះដោយមានហេតុផលល្អណាស់មួយ វាមិនមែនគ្រាន់តែជាបញ្ហាហ្វេសប៊ុកនោះទេ។ យើងមានគំរូអាជីវកម្មមួយដែលផ្អែកលើការឃ្លាំមើល ដើម្បីផ្គត់ផ្គង់ភាគច្រើននៃបណ្ដាញអ៊ីនធឺណិត ដែលគំរូអាជីវកម្មនេះមិនអាចបន្តមានទេបើចង់បានសិទ្ធិឯកជនភាព»។
អ្នកស្រីអំពាវនាវឲ្យមានសវនកម្មឯករាជ្យនានា ធ្វើឡើងដោយ «ភាគីដែលមិនមានការទទួលខុសត្រូវចំពោះក្រុមហ៊ុនហ្វេសប៊ុក ប៉ុន្តែត្រូវទទួលខុសត្រូវចំពោះអ្នកប្រើប្រាស់»។
លោក Rotenberg នៃមជ្ឈមណ្ឌលព័ត៌មានឯកជនភាពតាមប្រព័ន្ធអេឡិចត្រូនិក បាននិយាយថា រដ្ឋាភិបាលនានានៅជុំវិញពិភពលោក មិនគួរទុកបញ្ហានេះឲ្យតែនិយតករនិងសមាជិកសភាអាមេរិកនិងអឺរ៉ុប គ្រប់គ្រងបណ្ដាញសង្គមនិងសិទ្ធិឯកជនភាពរបស់អ្នកប្រើប្រាស់នោះទេ។
លោក Rotenberg ថ្លែងថា៖ «ការបង្កើតឡើងនូវដំណោះស្រាយថ្មីៗ ដែលផ្តល់អត្ថប្រយោជន៍នៃបច្ចេកវិទ្យា ប៉ុន្តែក្នុងពេលតែមួយ ដោះស្រាយហានិភ័យជាក់ស្ដែងផ្សេងៗ គឺជាកិច្ចការល្អមួយ។ ខ្ញុំគិតថា អ្នកនឹងឃើញការជជែកវែកញែកដ៏រឹងមាំ អំពីក្រុមហ៊ុនហ្វេសប៊ុក និងបណ្ដាញសង្គមផ្សេងទៀត នៅទូទាំងទ្វីបអាស៊ី អាមេរិកខាងត្បូង ទ្វីបអាហ្វ្រិក»៕