គណបក្សកាន់អំណាចនិងគណបក្សប្រឆាំងបង្ហាញកម្លាំងគាំទ្រខ្លួននៅថ្ងៃបិទបញ្ចប់យុទ្ធនាការឃោសនាបោះឆ្នោតឃុំសង្កាត់
Your browser doesn’t support HTML5
យុទ្ធនាការឃោសនាបោះឆ្នោតឃុំសង្កាត់ត្រូវបានបិទបញ្ចប់នៅថ្ងៃសុក្រនេះ។ គណបក្សនយោបាយ យ៉ាងហោចណាស់ចំនួនបី បានចេញហែរក្បួនបិទបញ្ចប់របស់ខ្លួននៅរាជធានីភ្នំពេញ។ ក្នុងនោះគណបក្សកាន់អំណាច គឺគណបក្សប្រជាជនកម្ពុជា និងគណបក្សប្រឆាំង គឺភ្លើងទៀន មានអ្នកចូូលរួមច្រើនកុះករដល់រាប់ម៉ឺននាក់។ ក្បួនឃោសនារបស់គណបក្សកម្ពុជា ដឹកនាំដោយ លោក ឃួង ស្រេង ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ។ គណបក្សខ្មែររួបរួមជាតិ ក៏បានហែក្បួនឃោសនា របស់ខ្លួននៅថ្ងៃបញ្ចប់នេះដែរ។ គណកម្មការធិការជាតិរៀបចំការបោះឆ្នោត ឬ គ.ជ.ប មិនបានបញ្ជាក់អំពីការដង្ហែរបស់គណបក្សផ្សេងទៀតទេ។ ពលរដ្ឋកម្ពុជាដែលមានអាយុចាប់ពី ១៨ ឆ្នាំឡើង មានជាង ១០ លាននាក់ ដែលក្នុងនោះ ពលរដ្ឋ ៩.២០៥.៦៧៥ នាក់ មានឈ្មោះក្នុងបញ្ជីបោះឆ្នោតដែលគេរំពឹងថានឹងទៅបោះឆ្នោត។ គណបក្សនយោបាយ និង គ.ជ.ប បន្តអំពាវនាវឲ្យអ្នកមានសិទ្ធិបោះឆ្នោត ចេញទៅបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំឃុំសង្កាត់ខ្លួន នៅថ្ងៃអាទិត្យទី ០៥ ខែមិថុនានេះ៕