លោក Trump និង​លោក Biden ខ្វែងយោបល់​គ្នា​អំពី​ការទប់ទល់នឹង​វីរុស​កូរ៉ូណា

  • ​Reuters

ពលរដ្ឋអាមេរិកាំងកំពុងតាមដានការថ្លែងរបស់លោក Joe Biden បេក្ខជនប្រធានាធិបតីខាងគណបក្សប្រជាធិបតេយ្យ និងលោកប្រធានាធិបតី Donald Trump ក្នុងវេទិកាពិភាក្សាសាធារណៈដែលផ្សាយតាមទូរទស្សន៍ នៅភោជនីយដ្ឋាន Luv Child ក្នុងទីក្រុង Tampa រដ្ឋ Florida ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០។

បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​ប្រជាធិបតេយ្យ​លោក ​Joe Biden​ កាលពី​យប់​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​ បាន​រិះគន់​អ្វី​ដែល​លោក​បាន​ហៅ​ថា ការឆ្លើយតប​ដោយ​ «ភាព​ស្លន់ស្លោ» របស់​លោក​ប្រធានាធិបតី Donald Trump ចំពោះ​ការរាតត្បាត​នៃ​វីរុស​កូរ៉ូណា ខណៈដែល​លោក Trump ​បាន​ការពារ​ចំណាត់ការ​វិបត្តិនោះ ​ដែល​បាន​សម្លាប់​ពលរដ្ឋ​អាមេរិកាំង​ជាង​ ២១៧.០០០​ នាក់។

បេក្ខជន​ប្រធានាធិបតី​ទាំង​ពីរ បាន​ថ្លែង​នៅ​វេទិកា​សាធារណៈ​ក្នុង​ពេល​តែ​មួយ ​ដែល​បាន​ផ្សាយ​តាម​បណ្តាញ​ទូរទស្សន៍​ដាច់​ពីគ្នា​ បន្ទាប់ពី​ការជជែក​ដេញដោល​ដែល​កាលពី​ដំបូងបាន​គ្រោង​ធ្វើ​ឡើង​ នៅ​ថ្ងៃ​ព្រហស្បតិ៍ បាន​ត្រូវ​លុបចោល​ បន្ទាប់ពី​លោក​ប្រធានាធិបតី Trump បាន​ឆ្លង​ជំងឺ​កូវីដ​១៩។

វេទិកា​ពិភាក្សា​តាម​កញ្ចក់​ទូរទស្សន៍​បាន​រំលឹក​ពី​វិធី​ជាច្រើន​ថា រដូវ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ដែលបាន​ផ្លាស់ប្តូរ​ដោយ​ការរាតត្បាត​នៃ​ជំងឺ​កូវីដ១៩ ​បាន​បណ្តាល​ឲ្យ​មនុស្សជាង ១៨​ លាន​នាក់​បោះឆ្នោតជាង​ ២ សប្តាហ៍​ មុន​ថ្ងៃ​បោះឆ្នោត​ប្រធានាធិបតី​ នៅ​ថ្ងៃទី៣ ខែ​វិច្ឆិកា។

លោក Biden​ បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​ប្រជាធិបតេយ្យ​ ដែល​បាន​ថ្លែង​ទៅកាន់​អ្នក​បោះឆ្នោត​នៅ​ក្នុង​ទីក្រុង Philadelphia រដ្ឋ Pennsylvania តាម​បណ្តាញ​ទូរទស្សន៍ ABC បាន​ស្តី​បន្ទោស​ប្រធានាធិបតី​ខាង​គណបក្ស​សាធារណរដ្ឋ​ ចំពោះ​ការលាក់បាំង​ព័ត៌មានអំពីវីរុសដ៏ប្រល័យមួយនេះ ​ដែលមនុស្ស​ជិត ​៨ លាន​នាក់​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​ បាន​ឆ្លង។

លោក Biden បាន​និយាយ​ថា៖ «លោក​ប្រធានាធិបតី Trump​ បាន​និយាយ​ថា ​លោក​មិន​បាន​ប្រាប់​នរណា​ទេ ពីព្រោះ​ លោក​ខ្លាច​ពលរដ្ឋ​អាមេរិកាំង​ស្លន់ស្លោ។ ពលរដ្ឋ​អាមេរិកាំង មិន​ស្លន់ស្លោ​ទេ ​គឺ​លោក​ប្រធានាធិបតី​ទេ​ ស្លន់ស្លោ»។

លោក​ប្រធានាធិបតី Trump បាន​ការពារ​ការឆ្លើយ​តប​របស់​លោក​ចំពោះ​ការរាតត្បាត​ជំងឺ ​និង​ការអនុវត្ត​ផ្ទាល់​ខ្លួន​របស់​លោក ដែលរួមមាន​ការរៀបចំ​ពិធី​នៅ​ឧទ្យាន​ផ្កាកុលាប​ នៅឯ​សេតវិមានដែល​មនុស្ស​តិចតួច​បាន​ពាក់​ម៉ាស់ ឬ​អនុវត្ត​គម្លាត​ពីគ្នា​ ដែល​បណ្តាល​ឲ្យ​អ្នក​ចូលរួម​ឆ្លង​ជំងឺ​នោះ៕