កញ្ញា ជា សុគន្ធា អាយុ២២ឆ្នាំ និងកញ្ញា ដន ស្រីនាង អាយុ១៨ឆ្នាំ ដែលជាបងប្អូនជីដូនមួយនឹងគ្នា នឹងចេញទៅប្រទេសជប៉ុននៅសប្តាហ៍នេះ ដើម្បីធ្វើការនៅរោងចក្រពងមាន់ និងចម្ការបន្លែ។
រស់នៅក្នុងភូមិបែកពាង ឃុំជាលា ស្រុកបាធាយ ខេត្តកំពង់ចាម ចម្ងាយជាង៥០គីឡូម៉ែត្រពីរាជធានីភ្នំពេញ សុគន្ធាបានថ្លែងប្រាប់ VOA នៅផ្ទះថា នាងចេញទៅប្រទេសជប៉ុននៅថ្ងៃទី២៣ ខែសីហាដើម្បីទៅធ្វើការនៅរោងចក្រដែលនាងទទួលខុសត្រូវផ្នែករើសពងមាន់ដាក់ក្នុងផែ។
នាងគិតថាប្រាក់ខែរបស់នាងនឹងអាចជួយរំលែកបន្ទុកគ្រួសារ។
នាងបញ្ជាក់ថា៖ «ព្រោះគិតនៅហ្នឹងវាអាចរកបានច្រើនជាងខ្មែរ។ អញ្ចឹងអាចរកលុយចិញ្ចឹមម៉ែឪនៅផ្ទះបាន»។
Your browser doesn’t support HTML5
នេះជាលើកដំបូងហើយដែលសុគន្ធាចេញទៅក្រៅប្រទេស។ ភាពសប្បាយរីករាយរបស់នាងមិនមែនដោយសារតែអាចរកប្រាក់បានច្រើនជាងមុនសម្រាប់គ្រួសារនោះទេ។ ប៉ុន្តែវានឹងក្លាយជាបទពិសោធន៍ថ្មីមួយទៀតដែលនាងបានទៅរស់នៅបរទេសក្នុងក្របខណ្ឌការងារដែលនាងមិនធ្លាប់បានរំពឹងទុកជាមុននោះទេ។
ឈប់រៀននៅត្រឹមថ្នាក់ទី៨ សុគន្ធា ត្រូវក្រុមហ៊ុនឯកជនមួយជួយរៀបចំឯកសារឲ្យដើម្បីអាចទៅធ្វើការនៅប្រទេសជប៉ុនបាន។ សុគន្ធាមានផែនការរួចជាស្រេចមុននឹងចាកចេញពីគ្រួសាររបស់នាង។ នាងបន្ថែមថា៖ «ចង់ថែមម៉ោងឲ្យច្រើន មូលហេតុបានលុយច្រើន ព្រោះយើងទៅដើម្បីរកលុយ។ ពេលអញ្ចឹង ត្រូវតស៊ូថែមម៉ោងថែមអី»។
សុគន្ធាសង្ឃឹមថា នាងនឹងអាចសន្សំប្រាក់យ៉ាងតិច៥០០ដុល្លារក្នុងមួយខែដើម្បីផ្ញើមកឪពុកម្តាយរបស់នាង។
ប្អូនជីដូនមួយរបស់សុគន្ធា គឺ ដន ស្រីនាង ដែលបានបញ្ចប់ការសិក្សានៅត្រឹមថ្នាក់ទី៩ នឹងទៅបម្រើការក្នុងចម្ការដោយដាំដំឡូងជ្វា និងឆៃថាវ។
បើតាមសុគន្ធា និងស្រីនាង មុនពេលចាកចេញទៅប្រទេសជប៉ុន ពួកគេត្រូវឆ្លងកាត់ការបណ្តុះបណ្តាលប្រមាណ៩ខែ ដោយក្រុមហ៊ុនជ្រើសរើសពលករទៅធ្វើការនៅក្រៅប្រទេស។ ពួកគេបានចំណាយប្រាក់ក្នុងម្នាក់ៗចំនួន៣.៥០០ដុល្លារអាមេរិក បង់ឲ្យក្រុមហ៊ុនសម្រាប់ការបណ្តុះបណ្តាល រៀបចំឯកសារ ទិញសំបុត្រយន្តហោះ និងធ្វើលិខិតឆ្លងដែនជាដើម។
បច្ចុប្បន្នការអនុញ្ញាតឲ្យកូនៗទៅធ្វើការនៅប្រទេសជប៉ុនបានក្លាយជានិន្នាការថ្មីសម្រាប់ឪពុកម្តាយនៅក្នុងភូមិបែកពាង ឃុំជាលា ស្រុកបាធាយ ខេត្តកំពង់ចាម។ ពោលគឺខុសកាលពីគ្រាមុនដែលក្រុមអ្នកភូមិឲ្យកូនៗរបស់គេឈប់រៀនដើម្បីទៅបម្រើការក្នុងរោងចក្រកាត់ដេរសម្លៀកបំពាក់ឬរោងចក្រស្បែកជើង ដើម្បីជួយរកប្រាក់ចំណូលទ្រទ្រង់គ្រួសារ។
ការបញ្ជូនកូនៗរបស់ពួកគេទៅប្រទេសជប៉ុននៅពេលនេះ ក្រោយអ្នកភូមិមួយចំនួនបានកែប្រែជីវភាពរបស់ពួកគេ ក្រោយសមាជិកគ្រួសារឬកូនៗរបស់ពួកគេបានផ្ញើប្រាក់ពីប្រទេសជប៉ុន។
ក៏ប៉ុន្តែប្រាក់ដែលកម្មករ កម្មការិនីនៃភូមិបែកពាង ផ្ញើពីប្រទេសជប៉ុនមកនោះ មួយផ្នែកគឺដើម្បីដោះបំណុលពីមីក្រូហិរញ្ញវត្ថុ។ បំណុលអ្នកភូមិខ្ចីក្នុងមួយគ្រួសាររាប់ពាន់ដុល្លារពីស្ថាប័នមីក្រូហិរញ្ញវត្ថុ ដើម្បីបង់សេវាឲ្យក្រុមហ៊ុនឯកជនដែលរៀបចំឯកសារសម្រាប់កូនៗរបស់ពួកគេចេញទៅក្រៅប្រទេស។
ឪពុករបស់កញ្ញាសុគន្ធា គឺលោក សុខ សាវន អាយុ៤២ឆ្នាំ ជាទាហានម្នាក់ និងលក់នំចំណីបន្តិចបន្តួចខាងមុខផ្ទះ។ លោកបានខ្ចីប្រាក់ចំនួន៥.០០០ដុល្លារពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមួយ ដើម្បីចំណាយឲ្យកូនទៅធ្វើការនៅប្រទេសជប៉ុន។ លោកត្រូវបង់សងរម្លស់ប្រាក់នេះទៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុវិញក្នុងរយៈពេលបីឆ្នាំ។
លោកបញ្ជាក់ថា៖ «យើងបញ្ជាក់នឹងក្រុមហ៊ុនហ្នឹង ហើយសួរម្តាយមីងដែលនៅហ្នឹងថា អត់អីដែរ។ យើងក៏ហ៊ានធានាទុកចិត្តនឹងក្រុមហ៊ុនដែរ»។
បច្ចុប្បន្នមានពលករកម្ពុជាធ្វើការនៅប្រទេសជប៉ុនចំនួនជាង៩.០០០នាក់ ក្រោមកម្មវិធីធ្វើកម្មសិក្សា។ ប្រទេសជប៉ុន និងកូរ៉េខាងត្បូង ត្រូវបានគេមើលឃើញថា ជាប្រទេសមួយដែលពលករខ្មែរអាចរកចំណូលផ្ញើមកគ្រួសារ ច្រើនជាងប្រទេសដទៃ។
អ្នកភូមិម្នាក់ លោក សួន ភឿន អាយុ៦៩ឆ្នាំ មានប្រសាសន៍ថា ជីវភាពរបស់គ្រួសារមានភាពល្អប្រសើរជាងមុន ក្រោយកូនស្រីពីរនាក់របស់លោកបានទៅធ្វើការនៅប្រទេសជប៉ុន។
អ្នកភូមិរូបនេះពន្យល់ថា ៖ «វាមិនធូរណាស់ណាទេ។ វាគ្រាន់ដោះបំណុលគេចាស់បានរួចខ្លះ។ ហើយការហូបចុកខ្លួនយើង។ ឈឺស្កាត់យប់ព្រលប់អី វាមាននៅក្នុងខ្លួនខ្លះ វាមិនពិបាកដូចមុន។ មុនយើងមានការអី យប់ព្រលប់ ឈឺស្កាត់យប់ព្រលប់អី យើងពិបាករត់រកលុយគេក្រៅភ្លាមៗ រត់មិនទាន់ចិត្ត»។
ចំណែកអ្នកភូមិម្នាក់ទៀត គឺអ្នកស្រី សេង ណយ អាយុ៥៨ឆ្នាំ ក៏មានកូនស្រីចំនួនពីរនាក់ទៅប្រទេសជប៉ុនដែរ។ អ្នកស្រីដែលមានកូន៦នាក់ ក៏មានបំណងបញ្ជូនកូន២នាក់ទៀត ទៅធ្វើការនៅប្រទេសជប៉ុននៅពេលខាងមុខ ខណៈពួកគេទើបរៀនថ្នាក់ទី១០ និងថ្នាក់ទី៤។
«ខ្ញុំអត់បង្ខំកូនទេ ប៉ុនកូនវាចង់ទៅខ្លួនវា។ បើមួយៗវាថា ឲ្យតែរៀនចប់ វាទៅហើយ»។
នៅក្នុងភូមិបែកពាង ឃុំជាលា ខេត្តកំពង់ចាម ប្រជាពលរដ្ឋពេញកម្លាំងតែងតែធ្វើជាកម្មករកាត់ដេរ និងកម្មករសំណង់។ ចំពោះចាស់ៗ ពួកគេតែងតែធ្វើស្រែចម្ការសម្រាប់ជីវភាពរបស់ពួកគេ។ ប៉ុន្តែពួកគេត្អូញត្អែរថា ឆ្នាំនេះ មិនអាចធ្វើស្រែបានផលល្អនោះទេ ដោយសារកង្វះទឹក។ ដូច្នេះចំណាកស្រុកទៅធ្វើការនៅក្រៅប្រទេសជាជម្រើសសំខាន់មួយសម្រាប់ពលរដ្ឋនៅក្នុងភូមិមួយនេះ។
លោក ជិន លី មេភូមិបែកពាង មានប្រសាសន៍ថា ប្រជាពលរដ្ឋក្នុងភូមិរបស់លោកមួយចំនួនបានទៅធ្វើការនៅប្រទេសកូរ៉េ និងជប៉ុន។ ហើយពួកគេបានខ្ចីលុយពីស្ថាប័នមីក្រូហិរញ្ញវត្ថុដើម្បីអាចបញ្ជូនកូនៗរបស់ពួកគេទៅប្រទេសទាំងនេះបាន។
លោកមេភូមិបន្ថែមថា ប្រជាពលរដ្ឋក្នុងភូមិមានជីវភាពល្អប្រសើរឡើង ក្រោយពីកូនៗរបស់ពួកគេបានទៅធ្វើការនៅក្រៅប្រទេស។
លោក ឌី ថេហូយ៉ា មន្រ្តីកម្មវិធីនៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារនិងសិទ្ធិមនុស្ស (Central) មានប្រសាសន៍ថាបញ្ហាមួយចំនួនបានកើតឡើងក្នុងការជ្រើសរើសពលករទៅធ្វើការនៅប្រទេសជប៉ុន។ ជាក់ស្តែង អង្គការរបស់លោកទទួលបានករណីដែលពលរដ្ឋខ្មែរជាង១០០នាក់ បានរងគ្រោះដោយសារក្រុមហ៊ុនជ្រើសរើសពលករមិនបានបញ្ជូនពលករទៅប្រទេសជប៉ុនតាមការសន្យា។
«ក្នុងកាលៈទេសៈនេះ មានក្រុមហ៊ុនមួយចំនួន ក៏ដូចជាសាលាមួយចំនួន បន្លំខ្លួន បើកសាលាបន្លំជ្រើសរើស[ពលករ]អីចឹងទៅ។ អ្នកខ្លះយកលុយគេ១ពាន់ ២ពាន់ដុល្លារ គ្នាមិនបានទៅអីជាដើម»។
កាលពីចុងឆ្នាំ២០១៧ កាសែតភ្នំពេញប៉ុស្តិ៍បានចេញផ្សាយអត្ថបទមួយថា ប្រជាជន១១នាក់បានចេញមុខតវ៉ា ដោយពួកគេបានផ្តល់ប្រាក់រាប់ពាន់ដុល្លារឲ្យក្រុមហ៊ុនជ្រើសរើសពលករ ប៉ុន្តែទីបញ្ចប់ក្រុមហ៊ុនរបស់ពួកគេមិនបានបញ្ជូនពួកគេទៅកាន់ប្រទេសជប៉ុននោះទេ។
កន្លងទៅ រដ្ឋាភិបាលជប៉ុនក៏បានរកឃើញក្រុមហ៊ុនដែលយកពលករមកធ្វើការនៅប្រទេសរបស់ខ្លួនបានរំលោភសិទ្ធិការងារ ក្នុងនោះមានបង្ខំឲ្យធ្វើការជាច្រើនម៉ោង ការផ្តល់ប្រាក់កម្រៃតិចជាងកម្រិតអប្បបរមាដែលច្បាប់តម្រូវ បង្ខំឲ្យធ្វើការលើសម៉ោង និងកន្លែងធ្វើការមិនត្រូវតាមនិយាមសុវត្ថិភាព។
លោក ឈឹម សុខាម៉ា អនុប្រធានក្រុមហ៊ុនជ្រើសរើសពលករឈ្មោះ Kizuna HR Asia ដែលបានចុះឈ្មោះនៅក្រសួងការងារតាំងពីឆ្នាំ២០១២ ទទួលស្គាល់ថា មានការបំពានសិទ្ធិពលករនៅប្រទេសជប៉ុនមែន។
ប៉ុន្តែលោកបញ្ជាក់ថា រដ្ឋាភិបាលប្រទេសជប៉ុនបានចាត់វិធានការចំពោះរឿងនេះ៖
«យើងឲ្យថា ធានាថា ក្រុមហ៊ុនហ្នឹងគាត់ម៉េច នរណាក៏មិនអាចធានាបានដែរ ខ្ញុំជឿថា នរណាក៏មិនអាចធានាបាន។ យើងទុកចិត្តច្បាប់ទម្លាប់នៅប្រទេសជប៉ុន ពីព្រោះអីនៅប្រទេសជប៉ុន មុនគាត់ទទួលកូនសិស្សបាន គាត់ត្រូវតែឆ្លងកាត់លក្ខខណ្ឌការវាយតម្លៃពីស្ថាប័នមានសមត្ថកិច្ចរបស់ជប៉ុន»។
ក្នុងមួយឆ្នាំ ក្រុមហ៊ុនរបស់លោក ឈឹម សុខាម៉ា បញ្ជូនពលករកម្ពុជាជាង១០០នាក់ទៅធ្វើការនៅប្រទេសជប៉ុនហើយក្នុងម្នាក់ៗត្រូវបង់ថ្លៃឲ្យក្រុមហ៊ុនរបស់លោកចំនួន៣.៥០០ដុល្លារ។ ពួកគេធ្វើការក្នុងផ្នែកប្លាស្ទិក ធ្វើម្ហូប វេចខ្ចប់អាហារ និងកាត់ដេរជាដើម។ លោកអះអាងថា ក្រុមហ៊ុនតែងតែតាមដានស្ថានភាពពលកររយៈពេល៣ឆ្នាំ ក្នុងពេលដែលពួកគេកំពុងធ្វើការនៅប្រទេសជប៉ុន។
បើតាមលោក ឌី ថេហូយ៉ា ដើម្បីអាចទៅធ្វើការនៅប្រទេសជប៉ុនបាន ប្រជាពលរដ្ឋម្នាក់ៗអាចនឹងបង់ប្រាក់ឲ្យក្រុមហ៊ុនជ្រើសរើសពលកររហូតដល់៦.០០០ដុល្លារអាមេរិក។ ការណ៍នេះបង្ខំឲ្យពួកគេរត់ទៅខ្ចីបុលប្រាក់ពីស្ថាប័នមីក្រូហិរញ្ញវត្ថុដើម្បីបង់ថ្លៃឲ្យក្រុមហ៊ុនជ្រើសរើសពលករ។
VOA មិនអាចសុំការឆ្លើយតបពីលោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ បាននៅឡើយទេ។
បើតាមទិន្នន័យរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចុះខែសីហា ឆ្នាំ២០១៩ មានក្រុមហ៊ុនឯកជនដែលជ្រើសរើសពលករទៅធ្វើការនៅប្រទេសជប៉ុន ចំនួន១០២ក្រុមហ៊ុន។
កាលពីខែមីនា ឆ្នាំ២០១៩ ប្រទេសកម្ពុជានិងជប៉ុនបានចុះហត្ថលេខាលើអនុស្សារណៈស្តីពីការយោគយល់គ្នាលើកិច្ចសហប្រតិបត្តិការបញ្ជូនពលករជំនាញទៅធ្វើការដោយស្របច្បាប់ និងជាការបង្កើនទីផ្សារការងារ និងឱកាសដល់ពលករកម្ពុជា។ ពលករជំនាញទាំងនោះនឹងធ្វើការនៅផ្នែកថែទាំមនុស្សចាស់ សម្អាតអគារ ផលិតគ្រឿងបន្លាស់ គ្រឿងរថយន្ត គ្រឿងអគ្គិសនី និងសំណង់ជាដើម។
បើតាមរបាយការណ៍របស់ក្រសួងការងារ គិតត្រឹមឆ្នាំ២០១៨ ពលករខ្មែរធ្វើការនៅក្រៅប្រទេសមានជាង១លាន២សែននាក់ ក្នុងនោះថៃមានចំនួនជាង១លាន១សែននាក់ កូរ៉េខាងត្បូងមានជាង៤៩.០០០នាក់ ម៉ាឡេស៊ីជាង៣០.០០០នាក់ សឹង្ហបុរីជាង៨៣០នាក់ ហុងកុង៤៥នាក់ និងអារ៉ាប៊ីសាអូឌីត១៦នាក់៕