បេក្ខជន​ឈរ​ឈ្មោះ​បោះឆ្នោត​មកពី​គណបក្ស​ទាំង​ពីរ​នៅ​សហរដ្ឋ​អាមេរិក​មាន​ទស្សនៈ​ប្រឆាំង​ចិន​ដូច​គ្នា

សមាជិក​រដ្ឋសភា​កំពុង​កាន់​តំណែង​ខាង​គណបក្ស​ប្រជាធិបតេយ្យ​លោក Tim Ryan ថ្លែងក្នុងកម្មវិធីយុទ្ធនាការមួយ នៅទីក្រុង Columbus រដ្ឋ Ohio កាលពីថ្ងៃទី ២៤ ខែតុលា ឆ្នាំ ២០២២។

ស្រប​ពេល​ដែល​ពលរដ្ឋ​អាមេរិកាំង​ត្រៀម​ខ្លួន​ដើម្បី​ទៅ​បោះឆ្នោត​ពាក់​កណ្តាល​អាណត្តិ​ប្រធានាធិបតី​នៅ​ថ្ងៃ​ទី ៨ ខែ​វិច្ឆិកា​ខាង​មុខ បេក្ខជន​ឈរ​ឈ្មោះ​នានា​មកពី​គណបក្ស​សាធារណរដ្ឋ​និង​គណបក្ស​ប្រជាធិបតេយ្យ​បាន​ប្តេជ្ញា​រក្សា​គោល​នយោបាយ​តឹងតែង​លើ​ប្រទេស​ចិន​ដើម្បី​ទាក់ទាញ​អ្នក​បោះឆ្នោត។

ពលរដ្ឋ​អាមេរិកាំង​ហាក់​មាន​ការ​មិន​ពេញចិត្ត​កាន់តែ​ខ្លាំង​ឡើង​ចំពោះ​ប្រទេស​ចិន​ នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ ជា​ពិសេស​ចាប់តាំង​ពី​មាន​ការ​រាតត្បាត​ជំងឺ​កូវីដ១៩ កាលពី​ដើម​ឆ្នាំ ២០២០ មក។

ទិន្នន័យ​ថ្មី​ដែល​ចេញ​ផ្សាយ​ដោយ​មជ្ឈមណ្ឌល​ស្រាវជ្រាវ Pew (Pew Research Center) បាន​បង្ហាញ​ថា នៅ​ក្នុង​ឆ្នាំ​នេះ ពលរដ្ឋ​អាមេរិកាំង​ប្រមាណ ៨២% មាន​ទស្សនៈ​មិន​ពេញចិត្ត​ប្រទេស​ចិន​ដែល​នេះ​ជា​ភាគរយ​ដ៏​ខ្ពស់​បំផុត​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​របស់​សហរដ្ឋ​អាមេរិក។ កាលពី ៥ ឆ្នាំ​មុន ចំនួន​នេះ​មាន​តែ​ពាក់​កណ្តាល​តែ​ប៉ុណ្ណោះ​គឺ​ប្រមាណ ៤៧%។

ការ​ស្ទង់មតិ​បាន​បង្ហាញ​ថា សមាជិក​គណបក្ស​សាធារណរដ្ឋ​និង​សមាជិក​គណបក្ស​ប្រជាធិបតេយ្យ​ក៏​មាន​ទស្សនៈ​អវិជ្ជមាន​លើ​ប្រទេស​ចិន​ផង​ដែរ។ ហេតុ​ដូចនេះ​ហើយ​បាន​ជា​បេក្ខជន​នៃ​គណបក្ស​ទាំង​ពីរ​បាន​លើកឡើង​អំពី​ប្រទេស​ចិន​នេះ​ នៅ​ក្នុង​ការ​ឃោសនា​បោះឆ្នោត​របស់​ពួកគេ។

នៅ​ក្នុង​រដ្ឋ Ohio លោក J.D. Vance បេក្ខជន​ខាង​គណបក្ស​សាធារណរដ្ឋ​ដែល​ប្រជែង​យក​តំណែង​សមាជិក​ព្រឹទ្ធសភា​តំណាង​ឱ្យ​រដ្ឋ​នេះ​បាន​និយាយ​ថា៖ «យើង​ត្រូវ​ឈប់​ធ្វើ​ទន់​ខ្សោយ​ពាក់ព័ន្ធ​នឹង​រឿង​ប្រទេស​ចិន។ យើង​ត្រូវ​ឈប់​បញ្ជូន​ការងារ​របស់​សហរដ្ឋ​អាមេរិក​ទៅ​ឱ្យ​អ្នក​ដែល​ស្អប់​យើង»។

ចំណែក​ឯ​សមាជិក​រដ្ឋសភា​កំពុង​កាន់​តំណែង​ខាង​គណបក្ស​ប្រជាធិបតេយ្យ​លោក Tim Ryan ដែល​ជា​គូ​ប្រជែង​របស់​លោក Vance ដើម្បី​ដណ្ដើម​តំណែង​សមាជិក​ព្រឹទ្ធសភា​នេះ​វិញ ក៏​បាន​រិះគន់​លើ​ប្រទេស​ចិន​ក្នុង​ខ្លឹមសារ​ស្រដៀង​គ្នា​នេះ​ផង​ដែរ។

លោក Ryan បាន​បង្ហោះ​សារ​នៅ​លើ Twitter ថា៖ «វា​ជា​រឿង​រវាង​យើង​នឹង​ប្រទេស​ចិន។ ប្រទេស​ចិន​ផលិត​ទំនិញ​ច្រើន​ជាង​យើង​គ្រប់​មុខ ហើយ​នេះ​ជា​ពេល​ដែល​យើង​ត្រូវ​តតាំង​ទៅ​វិញ»។

បេក្ខជន​ទាំង​ពីរ​គាំទ្រ​ឱ្យ​រក្សា​ការ​យក​ពន្ធ​ខ្ពស់​លើ​ផលិតផល​នាំចូល​មកពី​ប្រទេស​ចិន។

នៅ​ក្នុង​រដ្ឋ Pennsylvania លោក​អភិបាល​រង John Fetterman ខាង​គណបក្ស​ប្រជាធិបតេយ្យ បាន​និយាយ​ថា លោក​នឹង «ធ្វើការ​ដើម្បី​ធានា​ថា យើង​មិន​អនុញ្ញាត​ឱ្យ​ប្រទេស​ចិន​មាន​គំនិត​ច្នៃ​ប្រឌិត​ជាង​យើង​នោះ​ទេ»។

ចំណែក​ឯ​លោក​វេជ្ជបណ្ឌិត Mehmet Oz ខាង​គណបក្ស​សាធារណរដ្ឋ ដែល​ជា​គូ​ប្រជែង​របស់​លោក Fetterman នៅ​ក្នុង​ការ​ដណ្ដើម​អាសនៈ​ព្រឹទ្ធសភា​វិញ បាន​ចាត់ទុក «វិធានការ​តឹងតែង​លើ​ប្រទេស​ចិន» ថា​ជា​សារ​ដ៏​សំខាន់​មួយ​នៅ​ក្នុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​របស់​លោក។

នៅ​ក្នុង​រដ្ឋ Missouri លោក​អគ្គរដ្ឋអាជ្ញា Eric Schmitt ខាង​គណបក្ស​សាធារណរដ្ឋ បាន​ហៅ​ប្រទេស​ចិន​ថា​ជា​ការ​គំរាមកំហែង​កើនឡើង​ផ្នែក​យោធា សេដ្ឋកិច្ច និង​សុខភាព​សាធារណៈ។

រី​ឯ​អ្នកស្រី Trudy Busch Valentine ដែល​ជា​គូ​ប្រជែង​របស់​លោក​ខាង​គណបក្ស​ប្រជាធិបតេយ្យ​នៅ​ក្នុង​ការ​ដណ្ដើម​អាសនៈ​ព្រឹទ្ធសភា​វិញ បាន​រិះគន់​លោក Schmitt ថា​បាន​គាំទ្រ​នូវ​សំណើ​ច្បាប់​មួយ​ដែល​អនុញ្ញាត​ឱ្យ​ជន​បរទេស​មាន​កម្មសិទ្ធិ​លើ​ដី​កសិកម្ម។ យុទ្ធនាការ​ឃោសនា​បោះឆ្នោត​របស់​អ្នកស្រី​បាន​អះអាង​ថា​សំណើ​ច្បាប់​នេះ​បាន​អនុញ្ញាត​ឱ្យ​ក្រុមហ៊ុន​ដែល​គ្រប់គ្រង​ដោយ​ចិន​ទិញ​ផ្ទៃ​ដី​ចំនួន​ជាង ៤ ម៉ឺន​ហិចតា​នៅ​ក្នុង​រដ្ឋ Missouri។

រូបឯកសារ៖ បុគ្គលិកធ្វើការក្នុងដំណើរការផលិត semiconductor របស់ក្រុមហ៊ុន Jiangsu Azure Corp នៅទីក្រុង Huaian ខេត្ត Jiangsu ប្រទេសចិន កាលពីថ្ងៃទី ២៥ ខែមីនា ឆ្នាំ ២០២២។

នៅ​ក្នុង​រដ្ឋ Arizona សមាជិក​ព្រឹទ្ធសភា​កំពុង​កាន់​តំណែង​ខាង​គណបក្ស​ប្រជាធិបតេយ្យ​លោក Mark Kelly គឺ​ជា​អ្នក​គាំទ្រ​ដ៏​សំខាន់​មួយ​រូប​លើ​ច្បាប់​បន្ទះ​អេឡិចត្រូនិក semiconductor និង​វិទ្យាសាស្ត្រ (CHIPS and Science Act) ដែល​ជា​វិធានការ​មួយ​មាន​បំណង​យក​ឈ្នះ​លើ​សង្គ្រាម​បច្ចេកវិទ្យា​ជាមួយ​នឹង​ចិន។

ចំណែក​ឯ​លោក Blake Masters ដែល​ជា​គូ​ប្រជែង​របស់​លោក​ខាង​គណបក្ស​សាធារណរដ្ឋ​វិញ បាន​លើកឡើង​ថា សិស្ស​និង​និស្សិត​ចិន​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​គឺ​ជា​ការ​គំរាមកំហែង​ចំពោះ​សន្តិសុខ​ជាតិ​របស់​សហរដ្ឋ​អាមេរិក។

លោក Dean Chen ដែល​ជា​សាស្ត្រាចារ្យ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ​នៃ​មហាវិទ្យាល័យ Ramapo នៅ​រដ្ឋ New Jersey (Ramapo College of New Jersey) បាន​បញ្ជាក់​ប្រាប់ VOA ភាសា​ចិន​កាលពី​ពេល​ថ្មីៗ​នេះ​ថា៖ «ប្រទេស​ចិន​គឺ​ជា​ប្រធានបទ​ចម្បង​និង​ស្នូល​នៅ​ក្នុង​ការ​បោះឆ្នោត [ពាក់​កណ្ដាល​អាណត្តិ​ប្រធានាធិបតី​របស់​សហរដ្ឋ​អាមេរិក​នេះ]»៕