នេះជាអ្វីដែលកំពុងតែកើតឡើងនៅទ្វីបអាហ្វ្រិក ដែលជាទ្វីបមួយងាយរងគ្រោះពីផលប៉ះពាល់នៃបម្រែបម្រួលអាកាសធាតុ។ នៅសន្និសីទអាកាសធាតុទីក្រុង Madrid យុវជនអាហ្វ្រិក៣នាក់កំពុងធ្វើឱ្យមានការផ្លាស់ប្តូរ។
នាង Lara Muaves ធ្វើការជាមួយនឹងសហគមន៍មូលដ្ឋាននៅក្នុងប្រទេសម៊ូសំប៊ិក ដើម្បីធានាឱ្យមានការនេសាទប្រកបដោយចិរភាព និងជួយពួកគេសម្របខ្លួនទៅនឹងបម្រែបម្រួលអាកាសធាតុ។
នាង Muaves ជីវវិទូសិក្សាពីមច្ឆានៃអង្គការ WWF និយាយថា៖
«ខ្ញុំចូលចិត្តសិក្សាអំពីបរិស្ថានណាស់ ជាពិសេសអំពីជីវិតសត្វក្នុងទឹក»។
ប្រទេសម៊ូសំប៊ិកប្រឈមមុខនឹងបម្រែបម្រួលអាកាសធាតុយ៉ាងខ្លាំង ដោយជួបប្រទះនឹងគ្រោះធម្មជាតិកាន់តែច្រើនឡើងៗ។ ព្យុះស៊ីក្លូនកាលពីខែមីនានិងខែមេសាបានបំផ្លិចបំផ្លាញប្រទេសនេះយ៉ាងខ្លាំង។
មនុស្សរាប់រយនាក់បានស្លាប់ ដែលភាគច្រើនស្លាប់ដោយសារជំងឺឆ្លង បន្ទាប់ពីព្យុះស៊ីក្លូនកើតឡើង។ ក្នុងចំណោមជនរងគ្រោះទាំងនោះ ក៏មានមិត្តជិតស្និទ្ធនិងសហការីរបស់នាងMuaves ក្នុងគម្រោងជលផលរបស់នាងផងដែរ។
នាង Muaves និយាយថា៖ «មិត្តខ្ញុំឈ្មោះ Chris បានស្លាប់ដោយសារជំងឺគ្រុនចាញ់។ នៅពេលគាត់ស្លាប់ មនុស្សពី៤ទៅ៨នាក់បានស្លាប់ដូចសត្វធាតុ ក្នុងមួយសប្តាហ៍ៗ។ Chris ក៏មិនអាចគេផុតពីការស្លាប់បានដែរ»។
ស្ថិតនៅចម្ងាយរាប់ពាន់គីឡូម៉ែត្រនៅភាគខាងជើងនៃប្រទេសនីហ្សេរីយ៉ា លោក Mahmood Maishanu កំពុងស្វែងរកអ្វីដែលលោកហៅថាជាដំណោះស្រាយអាកាសធាតុឆ្លាតវៃ សម្រាប់វិស័យនានា ដូចជាវិស័យកសិកម្ម ដែលជាវិស័យឆ្អឹងខ្នងសម្រាប់សេដ្ឋកិច្ចអាហ្រ្វិក។
លោក Mahmood Maishanu ដែលជាអ្នកសិក្សាពីអេកូឡូស៊ី បាននិយាយថា៖ «នៅក្នុងស្រុកកំណើតរបស់ខ្ញុំ ដែលនៅមិនឆ្ងាយពីផ្ទះរបស់ជីដូនជីតារបស់ខ្ញុំ មានគ្រោះរាំងស្ងួត និងស្ថានភាពដែលប្រែក្លាយទៅជាវាលរហោឋានកាន់តែច្រើន»។
លោកនិយាយថា ពលរដ្ឋនីហ្សេរីយ៉ាជាច្រើនមិនបានដឹងឲ្យគ្រប់គ្រងជ្រោយពីផលប៉ះពាល់នៃបម្រែបម្រួលអាកាសធាតុទេ។
យុវជនកំពុងតែធ្វើការផ្លាស់ប្តូរ។
លោក Mahmood Maishanu បាននិយាយថា៖ «ខ្ញុំឃើញយុវជនមានការតាំងចិត្តកាន់តែខ្លាំងឡើងៗក្នុងការធ្វើសកម្មភាពនានា។ ពួកគេធ្វើសកម្មភាពដែលមនុស្សជំនាន់មុនមិនបានធ្វើសម្រាប់មនុស្សជំនាន់ក្រោយ»។
យុវជនម្នាក់ក្នុងចំណោមនោះគឺលោក Ayoub Makhloufi ដែលជាសកម្មជនបរិស្ថាន ពលរដ្ឋម៉ារ៉ុកដើមកំណើតបារាំង។ លោកបានបង្កើតពិលមួយប្រភេទដែលមិនប៉ះពាល់ដល់បរិស្ថាន។ លោកតែងតែយកពិលនេះទៅចូលរួមក្នុងកិច្ចប្រជុំប្រចាំឆ្នាំស្ដីពីបរិស្ថាននិងកិច្ចប្រជុំផ្សេងៗ។
លោក Ayoub Makhloufi ដែលជាប្រធានវិទ្យាស្ថាន MIPAI និយាយថា៖ «នៅឆ្នាំនេះ យើងបានធ្វើដំណើរពីក្រុង Katowice នៃប្រទេសប៉ូឡូញ ទៅក្រុង Belem នៃប្រទេសប្រេស៊ីលដោយជិះរថយន្តអគ្គិសនី រថភ្លើង និងទូកក្តោង»។
លោក Makhloufi ចង់ជួយស្វែងរកហិរញ្ញប្បទានសម្រាប់គម្រោងបរិស្ថាននៅអាហ្រ្វិក និងលើកកម្ពស់ការយល់ដឹងអំពីអាកាសធាតុនៅតាមសាលារៀន។
លោកមើលឃើញបញ្ហាប្រឈមនៅក្នុងប្រទេសម៉ារ៉ុក ដែលជាស្រុកកំណើតរបស់ឪពុកម្តាយលោក។
លោក Makhloufi និយាយថា៖ «យើងខ្វះទឹក ខ្វះការអប់រំ ជាពិសេសក្នុងបរិបទការអភិវឌ្ឍប្រកបដោយចិរភាព»។
ប៉ុន្តែលោកនៅតែមានសុទិដ្ឋិនិយមថា ពិភពលោកនឹងស្វែងរកដំណោះស្រាយសម្រាប់បម្រែបម្រួលអាកាសធាតុ។ បញ្ហាប្រឈមមួយគឺការស្វែងរកដំណោះស្រាយដែលត្រឹមត្រូវ ដូច្នេះគ្រប់គ្នាអាចទទួលបានផលប្រយោជន៍៕