លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ ត្រូវបានសមាជិកសភាខាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិបោះឆ្នោតតែងតាំងជាអនុប្រធានទី១នៃរដ្ឋសភា។ ចំណែកឯលោក ងួន ញ៉ិលត្រូវបានបោះឆ្នោតតែងតាំងជាអនុប្រធានទី២នៃរដ្ឋសភា។
សមាជិករដ្ឋសភាដែលមានវត្តមានចំនួន១២២រូបបានសម្រេចបោះឆ្នោតដោយសម្ងាត់តែងតាំងលោកងួន ញ៉ិល ដោយសំឡេង១២២ទល់នឹង១២២សំឡេង ចំណែកលោកកឹម សុខាបានទទួលបោះឆ្នោតគាំទ្រ១១៦សំឡេង អនុបវាទ២សំឡេង និងមិនយល់ព្រម៤សំឡេង។
អ្នកលេខារដ្ឋសភាប្រកាស៖ «ការរាប់សន្លឹកឆ្នោតគឺ ព្រមមានចំនួន១១៦សំឡេង មិនព្រមមាន៤សំឡេង និងអនុបវាទមានចំនួន២សំឡេង សរុប១២២សំឡេង»។
ក្រោយពីសមាជិករដ្ឋសភាបានបោះឆ្នោតតែងតាំងលោកកឹម សុខាជាអនុប្រធានទីមួយនៃរដ្ឋសភាភ្លាម កៅអីអនុប្រធានទី១ដែលលោកងួន ញ៉ិលកំពុងអង្គុយមិនបានប្រគល់ឲ្យលោកកឹម សុខាភ្លាមៗទេ ដែលបង្កឲ្យមានការងឿងឆ្ងល់ពីសមាជិករដ្ឋសភាដែលមានវត្តមាននៅក្នុងបន្ទប់ប្រជុំរបស់រដ្ឋសភា។
លោក ងួន ញ៉ិលបានផ្លាស់ប្តូរតួនាទីពីអនុប្រធានទី១ដែលធ្លាប់អង្គុយនៅខាងស្តាំដៃលោកហេង សំរិន ប្រធានរដ្ឋសភា មកជាអនុប្រធានទី២នៃរដ្ឋសភាវិញ ដោយលោកត្រូវមកអង្គុយនៅខាងធ្វេងដៃវិញលោកហេង សំរិនវិញ។ តែលោកបានបញ្ចេញឥរិយាបទមិនព្រមប្តូរកន្លែងអង្គុយ រហូតដល់មានអន្តរាគមន៍ពីលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ទើបលោកសម្រេចចិត្តយល់ព្រមប្តូរទាំងតាំងទាំងទឹកមុខមិនសប្បាយចិត្ត។
ក៏ប៉ុន្តែទោះជាយ៉ាងណាក៏ដោយមិនមានជម្លោះអ្វីធំដុំកើតឡើងនៅក្នុងពេលផ្លាស់ប្តូរតំណែងថ្នាក់ដឹកនាំក្នុងក្បាលម៉ាស៊ីនរបស់រដ្ឋសភានេះទេ។
លោកហ៊ុន សែនបាននិយាយថា៖
«អត់ទេ វាអត់ត្រូវ សុំទោសទេ។ គ្រាន់តែប៉ុណ្ណឹងវាពិបាកម្ល៉េះ! គ្រាន់តែមួយដើរទៅអង្គុយខាងនោះ មួយដើរមកអង្គុយខាងនេះ។ អត់មានអ្វីពិបាកបន្តិចសោះ!»
លោកកឹម សុខា អនុប្រធានទី១នៃរដ្ឋសភាមានប្រសាសន៍ប្រាប់ក្រុមអ្នកកាសែតថា តំណែងដែលលោកបានទទួលមកនេះជាការផ្តល់ឲ្យពីប្រជាពលរដ្ឋខ្មែរហើយលោកមិនថយក្រោយទេអ្វីដែលលោកធ្លាប់ធ្វើគឺនៅតែដដែល គឺការពារសិទ្ធិអំណាចម្ចាស់ឆ្នោត។
លោកមានប្រសាសន៍ថា អ្វីដែលគណបក្សសង្គ្រោះជាតិយកមកអនុវត្តមុខគេគឺត្រូវធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញដើម្បីឲ្យការបោះឆ្នោតលើកក្រោយប្រកបដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ និងកែបទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភាដែលជាចំណុចដ៏សំខាន់របស់រដ្ឋសភា ព្រមទាំងលើកទឹកចិត្តថ្នាក់ដឹកនាំរដ្ឋសភាជាមួយគណបក្សប្រជាជនកម្ពុជាដើម្បីពង្រឹងអំណាចនិតិបញ្ញត្តិឲ្យបានរឹងមាំដើម្បីឈានទៅរកតុល្យភាពអំណាចក្នុងដំណើរការលទ្ធិប្រជាធិបតេយ្យ។
លោកនិយាយថា៖ «ឲ្យកង់ទាំងបីនៃលទ្ធិប្រជាធិបតេយ្យវិលស្របគ្នា កុំឲ្យកង់មួយនាំមុខ កង់ពីរទៀតគ្រាន់តែរត់តាម។ ការផ្តល់អំណាចឲ្យសភា ឲ្យអ្នកតំណាងរាស្ត្រគឺជាបញ្ហាសំខាន់ណាស់នៅក្នុងលទ្ធិប្រជាធិបតេយ្យ ហើយយើងនឹងរកឃើញនូវសន្តិភាពពិត។ បើសិនជាយើងឲ្យអំណាចទៅមួយៗ ដោយអត់មានតុល្យភាពគឺស្ថិរភាពអត់មានពិតប្រាកដទេ»។
លោកសម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ដែលគ្មានតួនាទីអ្វីទាំងអស់ក្រៅពីជាសមាជិកសភាធម្មតា មានប្រសាសន៍ប្រាប់អ្នកកាសែតថា ការតែងតាំងក្បាលម៉ាស៊ីនថ្មីរបស់រដ្ឋសភាថ្មីជាការអនុវត្តនូវកិច្ចព្រមព្រៀងកាលពីថ្ងៃទី២២ខែកក្កដា។ លោកបានបញ្ជាក់ថា អ្វីដែលរដ្ឋសភាបានបោះឆ្នោតព្រឹកនេះគឺបំណងចង់បញ្ចប់វិបត្តិនយោបាយ និងចង់ឲ្យរដ្ឋសភាធ្វើការដោយមានការសហការរវាងតំណាងរាស្ត្រមកពីគណបក្សជាប់ឆ្នោតទាំងពីរ។
លោកបាននិយាយថា៖ «គណបក្សហ្នឹងនឹងដើរតួនាទីដើម្បីជំរុញឲ្យរដ្ឋាភិបាលគោរពច្បាប់ឲ្យបានពេញលេញ គោរពសិទ្ធិមនុស្ស សិទ្ធិប្រជាពលរដ្ឋខ្មែរឲ្យបានត្រឹមត្រូវ ហើយយើងនឹងផ្តល់ជាគំនិត ជាអនុសាសន៍ដើម្បីយកទៅគិតគូរទាំងអស់គ្នា ហើយអនុវត្តសេចក្តីសម្រេច ឬយកគំនិតណាយកមកគិតពិចារណាទាំងអស់គ្នាក្នុងឧត្តមប្រយោជន៍ប្រទេសជាតិយើងទាំងអស់គ្នា»។
លោកនាយករដ្ឋមន្ត្រីហ៊ុន សែនមិនបានប្រាប់អ្នកកាសែតឲ្យបានពិស្តារទេ ដោយលោកគ្រាន់តែបានបញ្ជាក់ថា កិច្ចប្រជុំថ្ងៃនេះគឺជាជោគជ័យមួយ៕