នៅថ្ងៃពុធនេះ អនុប្រធានាធិបតីសហរដ្ឋអាមេរិកអ្នកស្រី Kamala Harris បានព្រលះដាក់គោលនយោបាយការបរទេសរបស់ប្រទេសចិននៅក្នុងសុន្ទរកថាមួយនៅក្រៅរាជធានីតូក្យូ ប្រទេសជប៉ុន ដោយអ្នកស្រីបាននិយាយថា ឥរិយាបថបែបគឃ្លើនរបស់រដ្ឋាភិបាលចិនកំពុងគំរាមកំហែងដល់ «របៀបរៀបរយអន្តរជាតិដែលផ្អែកលើច្បាប់»។
អ្នកស្រី Harris បានលើកឡើងដូច្នេះនៅក្នុងការថ្លែងទៅកាន់ទាហានសហរដ្ឋអាមេរិកនៅលើនាវាពិឃាត USS Howard របស់ទាហានជើងទឹកសហរដ្ឋអាមេរិកដែលចតនៅឯមូលដ្ឋានកងទ័ពជើងទឹក Yokosuka ដែលជាមូលដ្ឋានកងទ័ពជើងទឹកធំជាងគេបង្អស់របស់សហរដ្ឋអាមេរិកនៅលើពិភពលោក។
អ្នកស្រី Harris បានថ្លែងដូច្នេះថា៖ «ប្រទេសចិនកំពុងបំផ្លាញដល់ផ្នែកសំខាន់ៗនៃរបៀបរៀបរយអន្តរជាតិដែលផ្អែកលើច្បាប់។ ប្រទេសចិនបានបង្កឱ្យមានបញ្ហាប្រឈមចំពោះសេរីភាពនៅឯសមុទ្រ។ ប្រទេសចិនបានដំឡើងអំណាចយោធានិងសេដ្ឋកិច្ចរបស់ខ្លួនដើម្បីបង្ខិតបង្ខំនិងគំរាមកំហែងប្រទេសជិតខាតរបស់ខ្លួន»។
អ្នកស្រី Harris ដែលបានធ្វើទស្សនកិច្ចនៅប្រទេសជប៉ុនដើម្បីចូលរួមពិធីបុណ្យសពផ្លូវរដ្ឋរបស់អតីតនាយករដ្ឋមន្ត្រីជប៉ុនលោក Shinzo Abe នោះ ក៏បានរិះគន់ផងដែរលើ «ឥរិយាបថបែបបង្កជម្លោះ» របស់ប្រទេសចិន «នៅសមុទ្រចិនខាងកើតនិងសមុទ្រចិនខាងត្បូង និងការបង្កហេតុកាលពីពេលថ្មីៗនេះនៅទូទាំងច្រកសមុទ្រតៃវ៉ាន់»។
អ្នកស្រី Harris បានបញ្ជាក់ថា៖ «សហរដ្ឋអាមេរិកជឿថា សន្តិភាពនិងស្ថិរភាពនៅច្រកសមុទ្រតៃវ៉ាន់គឺជាកត្តាសំខាន់មួយរបស់តំបន់ឥណ្ឌូប៉ាស៊ីហ្វិកដែលមានលក្ខណៈសេរីនិងបើកចំហ។ យើងនឹងបន្តធ្វើការហោះហើរ ធ្វើនាវាចរណ៍ និងធ្វើប្រតិបត្តិការដោយមិនញញើតនិងខ្លបខ្លាចស្របតាមច្បាប់អន្តរជាតិមិនថានៅកន្លែងណានិងពេលណានោះទេ»។
អ្នកស្រីបានបន្ថែមថា៖ «យើងនឹងបន្តប្រឆាំងនឹងការធ្វើឱ្យមានការប្រែប្រួលជាឯកតោភាគីណាមួយចំពោះស្ថានភាពបច្ចុប្បន្ន [នៅច្រកសមុទ្រតៃវ៉ាន់]។ ហើយយើងនឹងបន្តគាំទ្រការការពារខ្លួនរបស់តៃវ៉ាន់ ស្របតាមគោលនយោបាយជាយូរមកហើយរបស់យើង។ តៃវ៉ាន់គឺជាកោះប្រជាធិបតេយ្យដ៏រស់រវើកមួយដែលរួមចំណែកដល់ផលប្រយោជន៍សាកលលោកតាំងពីវិស័យបច្ចេកវិទ្យារហូតដល់វិស័យសុខាភិបាលនិងវិស័យផ្សេងៗទៀត ហើយសហរដ្ឋអាមេរិកនឹងបន្តធ្វើឱ្យទំនាក់ទំនងមិនផ្លូវការរវាងសហរដ្ឋអាមេរិកនិងតៃវ៉ាន់កាន់តែស៊ីជម្រៅជាងមុនបន្ថែមទៀត»។
នៅថ្ងៃព្រហស្បតិ៍ស្អែក អ្នកស្រី Harris នឹងធ្វើដំណើរទៅកាន់ទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង ដែលនៅទីនោះ អ្នកស្រីនឹងធ្វើទស្សនកិច្ចទៅកាន់តំបន់គ្មានយោធា (DMZ) នៅព្រំដែនរវាងប្រទេសកូរ៉េខាងត្បូងនិងប្រទេសកូរ៉េខាងជើង៕