អ្នកនាំពាក្យក្រសួងយុត្តិធម៌លោក ជិន ម៉ាលីន បានឆ្លើយទៅនឹងការចង់បានរបស់ក្រុមអ្នកការពារសិទ្ធិអ្នកកាសែតអន្តរជាតិ (Reporters Without Borders) ថា រាល់ការទាមទារណាមួយឲ្យមានការទម្លាក់បទចោទប្រកាន់ប្រឆាំងនឹងលោក រ៉ាត់ រត្នមុនី នោះ គឺគ្មានផលប្រយោជន៍ខាងផ្លូវច្បាប់ ដើម្បីដោះបន្ទុកអ្នកបកប្រែឲ្យបណ្តាញទូរទស្សន៍រដ្ឋរុស្ស៊ីរូបនេះនោះឡើយ។
ថ្លែងក្នុងសារឆ្លើយឆ្លងតាមបណ្តាញទំនាក់ទំនងសង្គមមួយ កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅ លោក ជិន ម៉ាលីន ស្នើឲ្យភាគីពាក់ព័ន្ធដែលអន្តរាគមន៍ក្នុងសំណុំរឿងរបស់លោក រ៉ាត់ រត្នមុនី ចូលរួមទៅតាមនីតិវិធីក្នុងការផ្តល់ភស្តុតាង និងសាក្សីបន្ថែមដើម្បីសម្រាលបន្ទុករបស់លោក មុនី។
លោក ជិន ម៉ាលីន ថ្លែងថា ការធ្វើសេចក្តីថ្លែងការណ៍ទាមទារណាមួយដោយសុំឲ្យលោក មុនី បានរួចផុតពីបទចោទនោះ គឺ«មិនអាចធ្វើទៅរួចនោះទេ» ហើយសេចក្តីថ្លែងការណ៍ទាំងនោះ ក៏គ្មានឥទ្ធិពលអ្វីមកលើឯករាជ្យភាពរបស់ប្រព័ន្ធយុត្តិធម៌កម្ពុជានោះដែរ។
លោកមានប្រសាសន៍ថា៖ «ភាគីខាងក្រៅយើងមិនបានដឹងស៊ីជម្រៅទៅនឹងសំណុំរឿងហ្នឹងទេ ហើយធ្វើការសន្និដ្ឋានការសម្រេចរបស់តុលាការ វាជាការសន្និដ្ឋានមួយដែលមិនមានភាពយុត្តិធម៌ ហើយវាគ្រាន់តែជាការសន្និដ្ឋានដោយផ្អែកលើអារម្មណ៍ ឬមួយក៏និន្នាការ ឬក៏មនោសញ្ចេតនា។ ក៏ប៉ុន្តែបើសិន បើយើងមានមូលដ្ឋានសក្ខីកម្ម ទល្ហីករណ៍ផ្លូវច្បាប់រឹងមាំច្បាស់លាស់ដែលអាចជួយដោះបន្ទុកគាត់បាន គួរតែចូលរួមក្នុងដំណើរការនីតិវិធីតុលាការ ហើយធ្វើការការពារគាត់ ដើម្បីរួចផុតពីពិរុទ្ធភាពនឹងការចោទប្រកាន់នេះ ជាការល្អជាងបាទ»។
កាលពីថ្ងៃទី១៩ ខែមិថុនានេះ អង្គការអ្នកសារព័ត៌មានគ្មានព្រំដែនបានអំពាវនាវឲ្យតុលាការកម្ពុជាលើកលែងរាល់ការចោទប្រកាន់ប្រឆាំងនឹងលោក រ៉ាត់ រត្នមុនី ដែលជាអ្នកជួយបកប្រែព័ត៌មានឲ្យបណ្តាញព័ត៌មានរដ្ឋរុស្ស៊ី Russia Today ឬ (RT)។
អង្គការដដែលអះអាងថា បទឧក្រិដ្ឋរបស់លោក មុនី គឺគ្មានអ្វីក្រៅតែជាការជួយដល់ក្រុមការងាររបស់បណ្តាញទូរទស្សន៍រដ្ឋរុស្ស៊ី RT ដើម្បីផលិតកុនឯកសារអំពីពេស្យាកុមារនៅប្រទេសកម្ពុជា។
លោក រ៉ាត់ រត្នមុនី ដែលជួយបកប្រែឱ្យបណ្តាញព័ត៌មានរដ្ឋរុស្ស៊ី RT អំឡុងពេលថតភាពយន្ត «ម្តាយខ្ញុំលក់ខ្ញុំ» ត្រូវបានបានចាប់ខ្លួន និងរងការចោទថាបានធ្វើសកម្មភាពប៉ះពាល់សីលធម៌សង្គមកម្ពុជា។
យ៉ាងណាក៏ដោយក្នុងសវនាការចុងក្រោយរបស់លោកធ្វើឡើង នៅថ្ងៃទី១២ ខែមិថុនានោះ លោក មុនី បានប្រាប់តុលាការថា លោកគ្រាន់តែជាអ្នកបកប្រែសំណួរសួរយកព័ត៌មានរបស់ក្រុមការងារទូរទស្សន៍ RTតែប៉ុណ្ណោះ។ ហើយលោកក៏គ្មានសិទ្ធិបង្គាប់បញ្ជាឲ្យដើមបណ្តឹងចំនួនបួននាក់ដែលជាតួសម្តែងក្នុងរឿងម្តាយខ្ញុំលក់ខ្ញុំនោះ និយាយទៅតាមអ្វីដែលលោកប្រាប់នោះឡើយ។
ក្រោយត្រូវបានឃុំឃាំងជាងប្រាំមួយខែមក តុលាការនឹងប្រកាសសាលក្រមលើករណីប្រឆំាងនឹងលោក មុនី នៅថ្ងៃទី២៦ ខែមិថុនាខាងមុខនេះ៕