នាយិកា IMF ព្រមាន​ពី​វិបត្តិ​សេដ្ឋកិច្ច​ពិភពលោក​ដោយសារ​ជំងឺ COVID-19

អ្នកស្រី Kristalina Georgieva ជា​នាយិកា​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ ដែល​ហៅ​កាត់ថា IMF។

នាយិកា​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ ដែល​ហៅ​កាត់ថា IMF បាន​បញ្ជាក់​ថា ការ​ឆ្លង​រាត​ត្បាត​នៃ​មេរោគ​កូរ៉ូណា​ថ្មី កំពុង​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​ពិភពលោក​ធ្លាក់​ចូល​ក្នុង​វិបត្តិ​ដ៏​អាក្រក់​បំផុត តាំង​ពី​មហាវិបត្តិ​សេដ្ឋកិច្ច​កាល​ពី​ទសវត្សរ៍ ១៩៣០ មក។

អ្នកស្រី Kristalina Georgieva បាន​ព្រមាន​ថា ការ​ឆ្លង​រាត​ត្បាត​នៃ​មេរោគ​កូរ៉ូណា​ប្រភេទ​ថ្មី ដែល​បង្ក​ឲ្យ​កើត​ជំងឺ COVID-19 កំពុង​តែ​បង្ក​ឲ្យ​មាន​វិបត្តិ​សេដ្ឋកិច្ច​ដ៏​អាក្រក់​បំផុត តាំង​ពី​មហាវិបត្តិ​សេដ្ឋកិច្ច ឬ The Great Depression កាល​ពី​ទសវត្សរ៍ ១៩៣០ មក និង​តម្រូវ​ឲ្យ​មាន​ការ​ឆ្លើយ​តប​ដ៏​មហិមា​មួយ ដើម្បី​ធានា​ឲ្យ​មាន​ការ​ងើប​ឡើង​វិញ​នៃ​សេដ្ឋកិច្ច។

នៅ​ក្នុង​វីដេអូ​ចេញ​ផ្សាយ​មុន​ការ​មក​ដល់​នូវ​កិច្ច​ប្រជុំ​រដូវ​ផ្ការីក​តាម​អនឡាញ​ឆ្នាំ ២០២០ នាយិកា​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិបាន​និយាយ​ថា សូម្បី​តែ​នៅ​ក្នុង​ករណី​ដែល​ល្អ​បំផុត មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​រំពឹង​ថា សេដ្ឋកិច្ច​នឹង «ងើប​ឡើង​វិញ​មួយ​ផ្នែក» តែ​ប៉ុណ្ណោះ​នៅ​ឆ្នាំ​ក្រោយ នេះ​បើ​សន្មត​ក្នុង​ករណី​ថា​មេរោគ​នេះ​នឹង​ថម​ថយ​នៅ​ចុង​ឆ្នាំ​នេះ ដែល​អនុញ្ញាត​ឲ្យ​អាជីវកម្ម​បើក​ដំណើរ​ការ​ធម្មតា​ឡើង​វិញ ក្រោយ​ពី​បម្រាម​នៃ​ការ​បិទ​ដើម្បី​ទប់ទល់​នឹង​មេរោគ​នេះ​ត្រូវ​បាន​ដក​ចេញ។

អ្នកស្រី​ព្រមាន​ថា៖ «ស្ថាន​ភាព​អាច​អាក្រក់​ជាង​នេះ» ហើយ «មាន​ភាព​ស្រពិលស្រពិល​យ៉ាង​ខ្លាំង​ទាក់ទិន​នឹង​ស្ថានការណ៍​នេះ​នៅ​ពេល​អនាគត» និង​ទាក់ទិន​នឹង​រយៈពេល​នៃ​ការ​ឆ្លង​រាលដាល​នៃ​មេរោគ​នេះ។

មុន​ការ​ឆ្លង​រាត​ត្បាត​នៃ​ជំងឺ COVID-19 នេះ​កើត​ឡើង អ្នក​ស្រី Georgieva បាន​លើក​ឡើង​ថា មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​បាន​ព្យាករណ៍​ថា កំណើន​ប្រាក់​ចំណូល​ជា​មធ្យម​នៅ​ក្នុង​ប្រទេស​ចំនួន ១៦០ មាន​លក្ខណៈ​វិជ្ជមាន។ ប៉ុន្តែ​ឥឡូវ​នេះ មូលនិធិ​នេះ​មើល​ឃើញ​ថា​ប្រាក់​ចំណូល​ជា​ធម្យម​របស់​ពលរដ្ឋ​ក្នុង​ប្រទេស​ជាង ១៧០ នឹងធ្លាក់​ចុះ។

អ្នកស្រី​បាន​និយាយ​ថា បណ្ដា​ប្រទេស​កំពុង​អភិវឌ្ឍន៍​បាន​បាត់​បង់​ប្រាក់​ប្រមាណ ១០០ ពាន់​លាន​ដុល្លារ​រួច​ទៅ​ហើយ​នៅ​ក្នុង​ការ​វិនិយោគ ដែល​ចំនួន​នេះ​គឺ​ច្រើន​ជាង ៣ ដង​នៃ​ទឹក​ប្រាក់​ដែល​បាត់​បង់ក្នុង​អំឡុង​ពេល​វិបត្តិ​សេដ្ឋកិច្ចពិភព​លោក​ឆ្នាំ ២០០៨ ទៅ​ទៀត។

ខណៈ​ពេល​ដែល​ប្រទេស​ជា​ច្រើន​បាន​បោះ​ជំហាន​ក្នុង​សកម្មភាព​ស្ដារ​ឡើង​វិញ​មួយ​ដែល​មាន​ទំហំ​ទឹក​ប្រាក់​រួម​បញ្ចូល​គ្នា​ចំនួន​ប្រមាណ ៨ ទ្រីលាន​ដុល្លារ ដើម្បី​ជួយ​ស្ដារ​សេដ្ឋកិច្ច​របស់​ពួកគេ និង​ជួយ​ដល់​អាជីវកម្ម​នានា អ្នកស្រី Georgieva បានជំរុញ​រដ្ឋាភិបាល​ទាំង​នោះ​ឲ្យ​ធ្វើ​អ្វីៗ​បន្ថែម​ទៀត​ដើម្បី​ផ្ដល់ «ដង្ហើម​ជីវិត» ដល់​អាជីវកម្ម និង​ក្រុម​គ្រួសារ​នានា ដើម្បី «ចៀសផុត​ពី​ការ​ធ្វើ​ឲ្យ​មាន​ស្លាក​ស្នាម​ដល់​សេដ្ឋកិច្ច ដែល​ពិបាក​នឹង​ស្ដារ​ឡើង​វិញ»។

នៅ​ថ្ងៃ​អង្គារ​ទី ១៤ ខែ​មេសា មូនិធិ​រូបិយវត្ថុអន្តរជាតិ​នឹង​ចេញ​របាយការណ៍​ស្តី​អំពី​ទស្សនវិស័យ​សេដ្ឋកិច្ច​ពិភពលោក ឬ World Economic Outlook ដែល​មាន​ការ​ព្យាករណ៍​សម្រាប់​ប្រទេស​ជា​សមាជិក​នៅ​ក្នុង​ឆ្នាំ​នេះ និង​ឆ្នាំ​បន្ទាប់៕

ប្រែសម្រួល​ដោយ សឿន វឌ្ឍនា