ILOត្រៀម​ជួយ​រដ្ឋាភិបាល​តាក់តែង​ច្បាប់​សហជីព​ខណៈ​ការព្រួយ​បារម្ភ​កើនឡើង

កម្មករ​រោងចក្រកម្ពុជា​ស្រែកហូ និង​ក្រវីទង់ជាតិ​ខ្មែរ នៅ​ពេល​ដែល​ពួក​គេ​ចូលរួម​ក្នុង​បាតុកម្ម​មួយ ដើម្បី​អំពាវនាវឲ្យ​រដ្ឋាភិបាល​តម្លើង​ប្រាក់​បៀរវត្សរ៍​ក្នុង​ក្បួន​ដង្ហែរ​ថ្ងៃទិវាពលកម្ម​អន្តរជាតិ​នៅ​ទីក្រុងភ្នំពេញ ថ្ងៃទី១ ខែ​ឧសភា ឆ្នាំ២០១៥។ (រូបថត៖ REUTERS/Pring Samrang)

អង្គការ​ពលកម្ម​អន្តរជាតិ​បាន​ស្នើផ្តល់​ជំនួយ​បច្ចេកទេស​ដល់​រដ្ឋាភិបាល​ក្នុងការ​តាក់​តែង​ច្បាប់​ស្តី​ពី​សហជីព​ឱ្យ​បាន​ដល់​កម្រិត​ស្តង់​ដា​អន្តរជាតិ​ ខណៈ​ពេល​ដែល​ក្រុម​សហជីព​និង​សមាគម​នានា​រិះគន់​ថា ​សេចក្តី​ព្រាងច្បាប់​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​លាក់​លៀម​ និង​មាន​ចំណុច​អវិជ្ជមាន​ ព្រម​ទាំងមាន​លក្ខណៈ​គាប​សង្កត់។​

នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​ដែល​បាន​ចែក​ផ្សាយ​ដល់​បណ្តាញ​សារព័ត៌មាន​នៅ​ថ្ងៃ​ពុធ​អង្គការ​ពលកម្ម​អន្តរជាតិ​ (ILO) ​បញ្ជាក់​ថា​៖

«អង្គការ​ពលកម្ម​អន្តរជាតិ​ត្រៀមលក្ខណៈ​ជាស្រេច​ដើម្បី​ផ្តល់​ការ​គាំទ្រ​បន្តទៀត​លើ​សេចក្តី​ព្រាងច្បាប់​ស្តី​ពី​សហជីព​ ដើម្បី​ជា​ការ​ឆ្លើយតប​នឹង​សំណើ​ពី​ភាគី​ពាក់​ព័ន្ធ​ទាំង​បី ហើយ​សូម​បញ្ជាក់​សាជាថ្មី​នូវ​ការ​ប្តេជ្ញា​ចិត្ត​របស់​ខ្លួន​ក្នុង​ការ​គាំទ្រ​ដល់​កិច្ច​ខិតខំ​ប្រឹងប្រែង​ ដើម្បី​សម្រេច​បាន​ការងារ​សមស្រប​សម្រាប់​មនុស្ស​គ្រប់ៗ​គ្នា‍»។​

ILO ​សង្កត់​ធ្ងន់​ថា​ ចំណុច​សំខាន់​នៃ​ច្បាប់​សហជីព​នេះ​គឺ​ត្រូវ​ផ្តោត​លើ​ការ​ចូលរួម​បីភាគី​ ដែល​មាន​និយោជក ​សហជីព​ និង​រដ្ឋាភិបាល​ក្នុង​ដំណើរការ​តាក់​តែង។​

ប្រតិកម្ម​របស់​អង្គការ​ពលកម្ម​អន្តរជាតិ​កើត​ឡើង​ ខណៈ​ពេល​ដែល​សហជីព​ និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​សម្តែង​ការ​ព្រួយ​បារម្ភ​ថា​ សេចក្តី​ព្រាង​ច្បាប់​ថ្មី​ស្តី​ពី​សហជីព​ដែល​កំពុង​ស្ថិត​នៅក្នុង​ដៃ​រដ្ឋាភិបាល​នៅ​ឡើយ​នោះ​បានបង្ហាញ​នូវ​លក្ខណៈ​រឹតបន្តឹង​លើ​សកម្មភាព​សហជីព ​ដូចជា​ ការ​តម្រូវ​ឱ្យ​បង្កើត​សហជីព​នៅ​កន្លែង​មួយ​បាន​ត្រូវ​មាន​សមាជិក​រហូតដល់​២៥ភាគរយ ការ​ធ្វើ​ប្រតិភូកម្ម​អំណាច​ទៅ​ឱ្យ​ក្រសួង​ការងារ​ក្នុង​ការ​សម្រេច​ថា​ តើ​កូដកម្ម​តវ៉ា​របស់​សហជីព​ និង​កម្មករ​មាន​ភាព​ស្រប​ច្បាប់​ឬទេ និង​ការ​តម្រូវ​ឱ្យ​សហជីព​ ដែល​មាន​ស្រាប់​ត្រូវ​ចុះ​បញ្ជី​ឡើង​វិញ​ នៅ​ក្រោយ​ពី​ច្បាប់​ថ្មី​ចូល​ជា​ធរមាន​ជាដើម។ រីឯ​ការ​ដាក់​ទោស​ទណ្ឌ​មាន​រហូត​ដល់​ជាប់​គុកមួយឆ្នាំ​ចំពោះ ការ​ធ្វើ​កូដកម្ម​បាតុកម្ម ការ​បិទ​សហជីព​ចោល និង​ពិន័យ​ជា​ប្រាក់​រហូត​ដល់​១០លាន​រៀលផង​ដែរ។

លោក​ អាត់ ធន ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់​ដេរ ឬ​ហៅ​កាត់​ថា ស៊ីខាវឌូ បាន​បញ្ជាក់​ថា៖​

«ខ្ញុំ​គិត​ថា​នៅ​ពេល​ដែល​ច្បាប់​នេះ​ចេញ​ទៅ​ មាន​ន័យ​ថា​ សហជីព​សម្រាប់​កម្មករ​នឹង​មិន​មាន​ទៀត​ទេ​។ យើង​មាន​តែ​សហជីព​ដែល​គាំទ្រ​ថៅកែ​ និង​គាំទ្រ​រដ្ឋាភិបាល​តែប៉ុណ្ណោះ​។ នៅ​ពេល​នោះ​ហើយ​គឺ​ថា ​សិទ្ធិ​ការងារ លក្ខខណ្ឌ​ការងារ​ និង​ការងារ​បង្ខំ​នឹង​កើត​មាន​នៅ​កម្ពុជា​យ៉ាង​ច្រើន‍»។​

លោក ​ជា មុន្នី ប្រធាន​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​លើក​ឡើង​ដែរ​ថា៖

«ខ្ញុំ​គិត​ថា​ វា​អត់​អ្វី​ចំណេញ​ដល់​រដ្ឋាភិបាល​កម្ពុជា​ទេ​ ពីព្រោះ​បើ​កាលណា​យើង​ធ្វើ​ច្បាប់​គាប​ពួក​សហជីព​ គាប​ពួក​សង្គម​ស៊ីវិល​ វា​ធ្វើ​ឱ្យ​សហគមន៍​អន្តរជាតិ​ថ្នាក់​ថ្នាំង​ចិត្ត​ពីព្រោះ​នៅ​ក្នុង​បទបញ្ជា​របស់​អ្នក​បញ្ជា​ទិញ​លើក​ឡើង​អំពី​សេរីភាព​របស់​កម្មករ​កម្មការិនី​នៅ​កន្លែង​ធ្វើ​ការ​យើង​។ អញ្ចឹង​នៅ​ពេល​ដែល​យើង​ធ្វើ​ច្បាប់​ហ្នឹ​ង វា​តឹងរ៉ឹង​វា​បិទ​សិទ្ធិ​សេរីភាព​របស់​កម្មករ​ បិទ​សិទ្ធិ​សេរីភាព​សហជីព ចឹង​បណ្តាល​ឱ្យ​ការ​វិនិយោគ របស់​គេ​ហ្នឹង ​ប្រហែល​ជា​គេ​ងាក​ទៅ​រក​វិនិយោគ​នៅ​ប្រទេស​ណា​ថ្មីៗ‍»។

សេចក្តី​ព្រាង​ច្បាប់​ស្តី​ពី​សហជីព​នេះ​ជា​ការ​បន្ថែម​ទៅលើ​ច្បាប់​ស្តី​ពី​សមាគម ​និង​អង្គការ​មិន​មែន​រដ្ឋាភិបាល​ដែល​កំពុង​មាន​រឿង​ចម្រូង​ចម្រាស​យ៉ាង​ខ្លាំង។​

អង្គការ​ ILO បាន​បន្ថែម​ថា​ ដំណើរ​ការ​តាក់តែង​នេះ​ត្រូវ​ការ​ឱ្យ​មាន​«ការ​លះបង់​ខិតខំ​ប្រឹង​ប្រែង​ជា​បន្តបន្ទាប់​ពី​គ្រប់​ភាគី​ទាំងអស់ ដើម្បី​ធានា​ថា​សេរីភាព​ពិតប្រាកដ​នៃ​ការ​បង្កើត​សមាគម​ត្រូវ​បាន​ដាក់​បញ្ចូល​ទាំង​នៅ​ក្នុង​ច្បាប់ ​និង​ការ​អនុវត្ត‍»។​

កាលពី​ដើម​ខែ​មិថុនា​នេះ​ ក្រុម​សហជីព​បាន​តវ៉ា​ទៅ​ក្រសួង​ការងារ​ឱ្យ​ទម្លាក់​ច្បាប់​នេះ​ចោល​ និង​សុំ​ឱ្យ​ស្ថានទូត​អន្តរជាតិ​ជួយ​ធ្វើ​អន្តរាគមន៍។ ហើយ​បើ​មិន​បាន​តាម​ការ​ទាមទាររបស់​គេ​នោះ​ទេ លោក​ អាត់​ ធន់​ បញ្ជាក់​ថា​ ​សហជីព​នឹង​ប្រើ​ប្រាស់​នូវ​វិធានការ​ចុងក្រោយ​មួយ​ចំនួន៖

«យើង​ក៏​បាន​ស្នើ​ទៅ​រដ្ឋ​សភាជាតិ​នៅ​ប្រទេស​កម្ពុជា​យើង​ថា​ បើ​សិន​ជា​ច្បាប់​នេះ​នៅ តែ​រុញ​ទៅ​មិន​ត្រូវ​អនុម័ត​ច្បាប់​ហ្នឹង​ទេ​ ហើយ​ប្រសិន​បើ​សមាជិក​សភា​រូប​ណា​នៅ​តែ អនុម័ត​ច្បាប់​ហ្នឹង​ដោ​យ​មាន​ការ​រំលោភ​សិទ្ធិ​កម្មករ​ យើង​ខ្ញុំ​ទាំងអស់​គ្នា​ជា​កម្មករ​មិន​គាំទ្រ​ដើម្បី​ឱ្យ​អ្នក​នោះ​ជាប់​ជា​តំណាង​រាស្រ្ត​តទៅ​ទៀត​ទេ‍»។

ក្រៅ​ពីនេះ​ក៏​នឹង​មាន​ការធ្វើ​បាតុកម្ម​ផងដែរ។​ លោក ​មឿន តុលា​ ប្រធាន​កម្មវិធី​ការងារ​នៃ​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍​បាន​បញ្ជាក់​ថា​ ការ​ធ្វើ​ប្រតិភូកម្ម​អំណាច​ទៅ​ក្រុម​អធិការ​កិច្ច​នៃ​ក្រសួង​ការងារ​ក្នុង​ការ​សម្រេច​លើ​ភាព​ស្របច្បាប់​នៃ​ការ​ធ្វើ​កូដកម្ម ​និង​បាតុកម្ម​គឺ​«មាន​ហានិភ័យ​ខ្ពស់​‍»សម្រាប់​សហជីព៖

«​ព្រោះ​យើង​ឃើញ​តួនាទី​ការងារ​របស់​អធិការ​នា​ពេលបច្ចប្បន្ន​នេះ​ ប្រសិទ្ធភាព​ការងារ​របស់​អធិការ​នា​ពេល​បច្ចុប្បន្ននេះ​គឺ​នៅ​មាន​សំណួរ​យ៉ាង​ធ្ងន់​ពាក់​ព័ន្ធ នឹង​ប្រសិទ្ធភាព​ការងារ ពាក់​ព័ន្ធ​នឹង​ការអនុវត្ត​មិន​មាន​អំពើពុករលួយ​នៅ​ក្នុង​ហ្នឹង​។ ជាក់​ស្តែង​យើង​មាន​ករណី​កន្លង​មក​ហើយ​គឺ​របាយការណ៍​អធិការ​ការងារ​ដែល​បាន​ចុះ​អង្កេត​នៅ​ក្នុង​រោងចក្រ​ ប្រៀបធៀប​ជាមួយ​នឹង​របាយការណ៍​អ្នក​ឯករាជ្យ​ពី​ខាងក្រៅ​មក​ពិនិត្យ​រោងចក្រ​គឺ​មាន​សភាព​ខុសគ្នា​ស្រឡះ‍»។

VOA ​បាន​ព្យាយាម​ទាក់​ទង​លោក​ ហេង សួរ​ អ្នក​នាំ​ពាក្យ​ក្រសួង​ការងារ​ ប៉ុន្តែ​លោក​មិន​បាន​ឆ្លើយ​តប។ ​

ដំណើរការ​នៃ​ការ​តាក់​តែង​ច្បាប់​ស្តី​ពី​សហជីព​នេះ​បាន​ចាប់​ផ្តើ​ម​ក្នុង​ឆ្នាំ​២០០៨ រហូត​ដល់​ឆ្នាំ​២០១១ ​ដោយ​មាន​ការ​ជួប​ប្រជុំ​ត្រី​ភាគី​ជាច្រើន​ ប៉ុន្តែ​ត្រូវបាន​ទុក​ចោល​រហូត​ដល់​រដ្ឋាភិបាល​ចាប់​ផ្តើម​សើរើ​ឡើង​វិញ​នៅ​ដើម​ឆ្នាំ២០១៤៕