ត្រីសំខាន់ៗដូចជាត្រីគល់រាំងនិងត្រីត្រសក់ក្រហមដែលជាអម្បូរត្រីជិតផុតពូជត្រូវបានគេបន្តដាក់លក់នៅទីផ្សារ និងនាំចេញទៅក្រៅប្រទេស គ្រាដែលការអនុវត្តច្បាប់ប្រឆាំងនឹងការនេសាទខុសច្បាប់មានលក្ខណៈធូររលុង។ នេះជាការរកឃើញរបស់អង្គការ WWF-កម្ពុជា ដែលធ្វើការទៅលើការអភិរក្សសត្វព្រៃ។
អង្គការអន្តរជាតិការពារសត្វព្រៃ WWF នេះ បានសិក្សាអំពីការបន្តការលក់ និងនាំចេញប្រភេទត្រីជិតផុតពូជនេះ តាមការសង្កេតនៅលើទីផ្សារ និងការចុះទៅតាមតំបន់គោលដៅក្នុងមូលដ្ឋាន។ ក្រុមអ្នកស្រាវជ្រាវរបស់អង្គការ WWF បានធ្វើការស្រាវជ្រាវ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២០ ដោយបានកត់ត្រាទិន្នន័យត្រីដែលត្រូវបានគេដាក់លក់ នៅលើទីផ្សារក្នុងទីរួមខេត្តក្រចេះ។
ក្នុងសេចក្តីប្រកាសព័ត៌មាន ដែលចេញផ្សាយនៅថ្ងៃព្រហស្បតិ៍នេះ អង្គការ WWF និយាយថា ការសិក្សាវាយតម្លៃបឋមបានបង្ហាញថា «ត្រីគល់រាំង ត្រីត្រសក់ក្រហម ត្រីខ្លា ត្រីក្របី ត្រីត្រចៀកដំរី និងបបែលយក្សទឹកសាប សុទ្ធសឹងជាត្រីដែលស្ថិតក្នុងចំណោមត្រីចំនួន ៣៥ប្រភេទ កំពុងត្រូវបានគេដាក់លក់នៅតាមទីផ្សារត្រីក្នុងប្រទេសកម្ពុជា និងត្រូវបានគេនាំចេញទៅលក់នៅប្រទេសជិតខាងមួយចំនួនទៀតផង»។
ត្រីគល់រាំង និងត្រីត្រសក់ក្រហម ត្រូវបានចាត់ថ្នាក់ជាប្រភេទត្រីជិតផុតពូជជាសកល និងក្នុងប្រទេសកម្ពុជា។ ចំណែកឯត្រីខ្លាត្រីក្របី ត្រីត្រចៀកដំរី សុទ្ធសឹងជាប្រភេទកំពុងរងគ្រោះថ្នាក់នៅប្រទេសកម្ពុជា។ នេះជាការលើកឡើងរបស់អង្គការ WWF ក្នុងឱកាសទិវាមច្ឆាជាតិលើកទី២០ ដែលធ្វើឡើងកាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២០។
លោក ទេព អស្នារិទ្ធ ប្រធានកិច្ចការសាធារណៈនិងគ្រប់គ្រងព័ត៌មាននៃអង្គការ WWF-កម្ពុជា ប្រាប់វីអូអេនៅថ្ងៃព្រហស្បតិ៍នេះថា ការសិក្សាស្រាវជ្រាវបឋមដែលមានការចូលរួមពីអាជ្ញាធរពាក់ព័ន្ធនោះមិនទាន់អាចរកឃើញហេតុផល ដែលជំរុញឲ្យមានការទិញដូរ និងនាំត្រីប្រភេទផុតពូជនោះចេញទៅក្រៅប្រទេសទេ។
ប៉ុន្តែយន្តការផ្សព្វផ្សាយអំពីប្រភេទត្រីដែលជិតផុតពូជនេះប្រាប់អាជីវករ ឬអ្នកនេសាទជាការចាំបាច់នៅពេលនេះ ហើយថាការរឹតបន្តឹងច្បាប់ក៏ជាផ្នែកសំខាន់មួយទៀត ដើម្បីរក្សាប្រភេទត្រីដែលជិតផុតពូជទាំងអស់នោះដែរ។
«អ៊ីចឹងវិធានការមួយភ្លាមបន្ទាន់ គឺការបង្កើននូវការអប់រំផ្សព្វផ្សាយឲ្យបានទូលំទូលាយ ឲ្យបានទៅដល់ប្រជាពលរដ្ឋប្រជានេសាទទាំងអស់ និងប្រជាជនរស់នៅក្នុងមូលដ្ឋាននៅតាមដងទន្លេមេគង្គទាំងអស់ហ្នឹង ឲ្យបានយល់ដឹងបន្ថែមទៀតអំពីច្បាប់ជលផល និងបទបញ្ញតិ្តទាក់ទងនឹងជលផលដែលមានជាធរមាន»។
លោកបន្ថែមថា ក្រុមការងាររបស់អង្គការ WWF នឹងព្យាយាមលើកទឹកចិត្តអ្នកដែលពាក់ព័ន្ធក្នុងការទិញដូរត្រីជិតផុតពូជនោះ ឲ្យផ្លាស់ប្តូរមុខរបរក្នុងគោលដៅធ្វើយ៉ាងណា ការពារប្រភេទត្រីជិតផុតពូជនេះឲ្យស្ថិតនៅទីកន្លែងធម្មជាតិ ដែលវាធ្លាប់រស់នៅ។
«អ្វីដែលអង្គការ WWF ក៏ដូចជាដៃគូពាក់ព័ន្ធទាំងអស់ហ្នឹង បាននិងកំពុងតែខិតខំប្រឹងប្រែងនេះ គឺថា សំដៅធ្វើម៉េចការពារប្រភេទត្រីរងគ្រោះទាំងអស់ហ្នឹង ឲ្យបាននៅគង់វង្សនៅក្នុងដែនជម្រកធម្មជាតិរបស់វា។ បាទអ៊ីចឹងគឺយើងខិតខំធ្វើយ៉ាងណា ដើម្បីឲ្យពពួកត្រីមេពូជ និងរួមនិងសត្វផ្សោតទន្លេមេគង្គផងហ្នឹងបន្តរស់នៅក្នុងដែនជម្រកធម្មជាតិរបស់ពួកវា»។
ការអង្កេតរបស់អង្គការ WWF ដែលប្រើពេលសរុបចំនួន ១៨ថ្ងៃ បានកត់ត្រាត្រីដែលមានបរិមាណសរុប ៥៥៩៦គីឡូក្រាម មានដាក់លក់នៅទីផ្សារ។ ខ្សែសង្វាក់ជួញដូរត្រីនេះ គឺចាប់ផ្តើមពីអ្នកនេសាទទៅកាន់ឈ្មួញកណ្តាលបន្ទាប់មកពីឈ្មួញកណ្តាលទៅកាន់អ្នកលក់រាយ និងពីអ្នកលក់រាយទៅកាន់អតិថិជន។
អង្គការ WWF បានកត់ត្រាទៀតថា ការជួញដូរត្រីនេះប្រមូលផ្តុំនៅទីតាំងធំៗចំនួនបី រួមមាននៅកោះខ្ញែរ អូរម្រះ និងត្បូងខ្លា។ ត្រីដែលប្រមូលទិញពីទីតាំងទាំងនេះត្រូវបានដឹកជញ្ជូនទៅទីផ្សារនៅខេត្តស្ទឹងត្រែង បន្ទាប់មកបញ្ជូនទៅខេត្តរតនគិរី និងបន្តទៅប្រទេសវៀតណាម ហើយដឹកជញ្ជូនទៅកាន់ប្រទេសឡាវ ដោយកាត់តាមអន្លង់ទឹកឈើទាល។
ចំណែកការដឹកជញ្ជូនទៅកាន់ទីផ្សារនៅរាជធានីភ្នំពេញ និងសៀមរាប គឺតាមរយៈរថយន្តឈ្នួលដោយទីតាំងនៃការប្រមូលផ្តុំការជួញដូរត្រី ស្ថិតនៅក្នុងស្រុកសំបូរនិងឃុំសណ្តាន់ ដែលជាចំណុចឆ្លងកាត់សម្រាប់ការដឹកជញ្ជូនត្រីបន្ត ទៅរួមខេត្តក្រចេះ និងបន្ទាប់មកមករាជធានីភ្នំពេញ។
វីអូអេបានព្យាយាមទាក់ទងសុំការអត្ថាធិប្បាយពីលោក អេង ជាសាន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាប្រធានរដ្ឋបាលជលផល ប៉ុន្តែមិនទាន់អាចទាក់ទងបាននៅឡើយទេ នៅថ្ងៃព្រហស្បតិ៍នេះ។
ប៉ុន្តែនៅក្នុងសេចក្តីប្រកាសរបស់អង្គការ WWF លោក អេង ជាសាន មានប្រសាសន៍ថា អ្នកនេសាទត្រី អ្នកទិញត្រី និងឈ្មួញកណ្តាល មិនសូវយល់ដឹងអំពីច្បាប់ស្តីពីជលផល និងលិខិតបទដ្ឋានគតិយុត្តិនានា ពាក់ព័ន្ធនឹងកិច្ចការការពារ និងគ្រប់គ្រងធនធានជលផលទេ ជាពិសេសប្រភេទជលផលកំពុងទទួលរងការគំរាមកំហែង។ លោកជំរុញឲ្យអាជ្ញាធរពាក់ព័ន្ធទាំងអស់បង្កើនការអប់រំ និងផ្សព្វផ្សាយបន្ថែមទៀត ជូនដល់ប្រជានេសាទ និងសហគមន៍មូលដ្ឋានដែលរស់នៅតាមបណ្តោយដងទន្លេមេគង្គ។
បើតាមរបាយការណ៍របស់ WWF ចំនួនមងនេសាទ ដែលក្រុមការងារដកហូតបានពីការបង្រ្កាបបទល្មើសជលផល ចន្លោះខែធ្នូ ឆ្នាំ២០១៩ ដល់ខែឧសភា ឆ្នាំ២០២០ បានកើនឡើងចំនួន ៣៨ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នា នៅក្នុងឆ្នាំ២០១៨ និង២០១៩។ ចំណែកការប្រើប្រាស់សន្ទូចរនងកើនឡើងចំនួន ៤៦ភាគរយ ផងដែរ៕