ការ​ចរចា​ពាណិជ្ជកម្ម​រវាង​ចិននិង​ស.រ.អាបន្ត​ធ្វើ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោននៅសប្តាហ៍​នេះ

សមាជិក​នៃ​ក្រុម​អ្នក​ចរចា​របស់​ស.រ.អា. និង​ចិន ថត​រូប​ជា​ក្រុម​នៅ​វិមាន​ Diaoyutai State Guesthouse ក្នុង​ក្រុង​ក្រុង​ប៉េកាំង កាលពី​ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៩។

លោក Donald Trump កំពុង​ពិចារណា​អំពី​ការពន្យារ​ពេល​ថ្ងៃកំណត់ គឺ​ថ្ងៃទី១ ខែមីនា ដើម្បី​យក​ពន្ធ​ខ្ពស់​ជាង​មុន​ចំពោះ​ទំនិញ​នាំ​ចូល​ពី​ប្រទេស​ចិន គ្រាដែល​មេដឹកនាំ​នៃ​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​នាំមុខ​គេ​ក្នុង​ពិភពលោក​ទាំងពីរ បន្ត​ការចរចា​ផ្នែក​ពាណិជ្ជកម្ម​នៅ​សប្តាហ៍​នេះ ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន។

ប្រធានាធិបតី​ចិន​លោក Xi Jinping បាន​ជួប​ជាមួយ​មន្ត្រី​ពាណិជ្ជកម្ម​កំពូលៗ​របស់​អាមេរិក​នៅក្នុង​ប្រទេស​ចិន កាលពី​ថ្ងៃទី ១៥ ខែកុម្ភៈ​កន្លង​ទៅ​នេះ បន្ទាប់ពី​មាន​ការចរចា​កម្រិត​ខ្ពស់ ដែល​មាន​គោលដៅ​សម្រេច​ឲ្យ​បាន​នូវ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​មួយ នៅ​មុន​ថ្ងៃ​កំណត់ គឺថ្ងៃទី១ ខែមីនា ខាងមុខ​នេះ។

នៅ​សប្តាហ៍​នេះ ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន អ្នកចរចា នឹង​ព្យាយាម​ស្វែងរក​ការព្រមព្រៀង​ទាក់ទង​នឹង​គោលនយោបាយ​ចិន ដែល​រដ្ឋាភិបាល​ក្រុងវ៉ាស៊ីនតោន​ថា មាន​លក្ខណៈ​ប្រឆាំង​នឹង​ការប្រកួតប្រជែង ដូចជា​ការបង្ខំ​ឲ្យ​ផ្ទេរ​ជំនាញ​បច្ចេកវិទ្យា​ជាដើម។

នៅ​ឯសួន​ផ្កាកុលាប​ក្នុង​បរិវេណ​នៃ​សេតវិមាន​វិញ លោក​ប្រធានាធិបតី Donald Trump មាន​ប្រសាសន៍​ដែល​ហាក់ដូចជា​មាន​ភាពវិជ្ជមាន។

លោក​ប្រធានាធិបតី Donald Trump ថ្លែងថា៖

«ការ​ចរចា មាន​ដំណើរការ​ល្អ​ណាស់ តែ​ទោះជាយ៉ាងនេះ​ក្តី យើង​មិន​ដឹង​ថា នឹង​មាន​លទ្ធផល​យ៉ាងម៉េច​នោះ​ទេ យើង​អាច​និយាយ​ថា យើង​បាន​ជោគជ័យ លុះត្រាតែ​យើង បាន​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង។ ក៏ប៉ុន្តែ យើង​កំពុងតែ​ធ្វើការ​យ៉ាងជិតស្និទ្ធ​ជាមួយ​ប្រទេស​ចិន និង​លោក​ប្រធានាធិបតី Xi ដែល​ខ្ញុំ​មាន​ការគោរព​យ៉ាងខ្លាំង យើង​មាន​ទំនាក់ទំនង​ល្អណាស់ ហើយ​យើង​ជិត​សម្រេច​បាន​នូវ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ដ៏​ពិតប្រាកដ​មួយ​ជាង​ពេល​ណាៗ​ទាំងអស់​នៅក្នុង​សហរដ្ឋ​អាមេរិក»។

ក៏ប៉ុន្តែ ទោះជាយ៉ាងនេះ​ក៏ដោយ ក៏​នៅ​មាន​កិច្ចការ​ជាច្រើន​ទៀត​ដែល​ត្រូវ​ធ្វើ។

សហរដ្ឋ​អាមេរិក ទាមទារ​ឲ្យ​មាន​ការផ្លាស់ប្តូរ​យ៉ាងទូលំទូលាយ​មួយ​ចំពោះ​ការអនុត្តន៍​របស់​ចិន ដែល​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ចាត់ទុក​ថា មិនមាន​ភាព​ត្រឹមត្រូវ ដោយរួម​បញ្ចូល​ទាំង​ការលួច​កម្មសិទ្ធ​បញ្ញា និង​របាំង​ជាច្រើន​ដែល​រារាំង​មិន​ឲ្យ​ចូល​ទីផ្សារ​ចិន។

ប្រទេស​ចិន បាន​ស្នើ​ទិញ​ទំនិញ​ផ្សេងៗ​ថែមទៀត​របស់​សហរដ្ឋ​អាមេរិក ក៏ប៉ុន្តែ នៅតែ​ជំទាស់ទៅ​នឹង​ការអំពាវនាវ​ឲ្យ​ធ្វើការ​ផ្លាស់ប្តូរ​ធំ​ដុំ​ណា​មួយ​អំពី​គោលនយោបាយ​ឧស្សាហកម្ម​របស់​ខ្លួន ដូចជា​ការទម្លាក់ចោល​ជំនួយ​ពី​រដ្ឋាភិបាល​ជាដើម។

លោក​ប្រធានាធិបតី Trump ថា លោក​នឹង​ជួប​លោក​ប្រធានាធិបតី Xi ក្រោយ​ការចរចា​នៅ​សប្តាហ៍​នេះ។ លោក Trump ក៏​អាច​នឹង​ពន្យា​ថ្ងៃកំណត់​ចំនួន ៦០ ថ្ងៃ​ថែម​ទៀត ចំពោះ​ការយកពន្ធ​លើ​ទំនិញ​នាំចូល​ពីប្រទេស​ចិន។ ក៏ប៉ុន្តែ អ្នករិះគន់​ខ្លះ​ព្រមាន​ថា ការធ្វើ​ដូច​នេះ អាច​ប៉ះពាល់​ដល់​ភាព​ដែល​អាច​ជឿជាក់​បាន​របស់​សហរដ្ឋ​អាមេរិក ដោយ​ធ្វើ​ឲ្យ​ចិន អាច​ប្រើប្រាស់​យុទ្ធសាស្ត្រ​ដដែល​នេះ ដើម្បី​អូសបន្លាយ​ពេល​វេលា​បន្ថែម​ទៀត ក្នុង​ពេល​មាន​ជម្លោះ​ពាណិជ្ជកម្ម៕

ប្រែសម្រួលដោយ លី ម៉ូរីវ៉ាន់