ប្រភពពីមន្រ្តីប៉ូលីសថៃប្រាប់ VOA ឲ្យដឹងថា មនុស្ស៧នាក់ត្រូវបានឃាត់ខ្លួនដើម្បីសាកសួរទាក់ទងនឹងការវាយប្រហារដោយគ្រាប់បែកនៅតាមតំបន់ទេសចរណ៍ជាច្រើនកន្លែង និងបង្កឲ្យមនុស្សជាង ៣០នាក់ស្លាប់ ឬរបួស។
យោងតាមក្រុមប្រឹក្សាជាតិរក្សាសន្តិភាព ឬ (NCPO) នៃរបបយោធាថៃ បានឲ្យដឹងថា ក្រុមអុ្នកនយោបាយប្រឆាំងនឹងរដ្ឋាភិបាលដឹកនាំដោយយោធា គឺជាអ្នកនៅពីក្រោយការវាយប្រហារដែលធ្វើឡើងចំថ្ងៃបុណ្យចម្រើនព្រះជន្មព្រះមហាក្សត្រីថៃ។
ប៉ុន្តែបក្សនយោបាយមួយចំនួនដូចជា គណបក្ស ភឿថៃ (Pheu Thai Party) ដែលត្រូវបានគេទម្លាក់ដោយរដ្ឋប្រហារយោធាកាលពីឆ្នាំ២០១៤ រួមទាំងអ្នកគាំទ្ររបស់ខ្លួន និងគណបក្សរណសិរ្សដើម្បីប្រជាធិបតេយ្យប្រឆាំងជនផ្ដាច់ការ ឬ (UDD) បានច្រានចោលការចោទប្រកាន់ពាក់ព័ន្ធការបំផ្ទុះគ្រាប់បែកនេះ។
ការវាយប្រហារដោយគ្រាប់បែក កើតឡើងមិនដល់មួយសប្ដាហ៍ផង ក្រោយពេលប្រជាជនថៃបានបោះឆ្នោតគាំទ្ររដ្ឋធម្មនុញ្ញនៃរដ្ឋាភិបាលយោធាដែលត្រូវបានគេរំពឹងថា នឹងនាំឲ្យមានការបោះឆ្នោតជាថ្មីនៅឆ្នាំក្រោយ។
រដ្ឋធម្មនុញ្ញថ្មីនេះមិនត្រឹមតែបន្ទច់បង្អាក់តួនាទីរបស់គណបក្សនយោបាយឈានមុខមួយចំនួនដូចជា គណបក្ស ភឿថៃ (Pheu Thai Party) និងគណបក្សប្រជាធិបតេយ្យថៃប៉ុណ្ណោះទេ តែថែមទាំងពង្រីកអំណាចយោធាយ៉ាងហោចណាស់ក៏៥ឆ្នាំទៅមុខទៀតដែរ។
ទីតាំងវាយប្រហារ
ការវាយប្រហារនេះកើតឡើងនៅតំបន់ភាគខាងត្បូង ដែលភាគច្រើនមានព្រំប្រទល់ជាប់ខេត្តដែលសម្បូរដោយប្រជាជនឥស្លាមរស់នៅដូចជា ខេត្តយ៉ាឡា (Yala) ប៉ាតានី (Pattani) និងនារាធីវ៉ាត់ (Narathiwat)។ ហើយខេត្តដែលរងការវាយប្រហារ សុទ្ធតែជាខេត្តដែលមិនបានទទួលរងអំពើហិង្សាពីពួកបះបោរអស់រយៈពេលច្រើនឆ្នាំមកហើយ។
ការបះបោរទាមទារឯករាជ្យពីប្រទេសថៃ បង្កឲ្យមានអ្នកស្លាប់ជាង ៦០០០នាក់ និងរាប់ពាន់អ្នកទៀតរងរបួស ចាប់ពីឆ្នាំ២០០៤មក។
ការវាយប្រហារដោយបង្កប់គ្រាប់បែកជាច្រើនកន្លែងកាលពីថ្ងៃព្រហស្បតិ៍ និងថ្ងៃសុក្រកន្លងទៅ បានផ្ទុះឡើងនៅក្នុងខេត្តត្រាង (Trang) ក្រាប៊ី (Krabi) ភូកេត (Phuket) ផាងញ៉ា (Phangnga) ណាខនស៊ី ធម្មារ៉ាត (Nakhon Si Thammarat) ស៊ូរ៉ាត ថានី (Surat Thani) និងប្រាឈួបគិរីខាន់ (Prachuap Khiri Khan) ជាទីកន្លែងដែលគ្រួសារព្រះរាជវង្សថៃមានព្រះរាជដំណាក់លំហែព្រះកាយនៅតំបន់មាត់សមុទ្រក្នុងក្រុងហួហ៊ីន (Hua Hin)។
សមត្ថកិច្ចថៃបានសុំជំនួយពីប្រទេសម៉ាឡេស៊ី ពីព្រោះទូរស័ព្ទដែលប្រើដើម្បីបំផ្ទុះគ្រាប់បែកមានប្រភពមកពីប្រទេសនេះ។ ក្រុមអ្នកវិភាគផ្នែកសន្តិសុខអះអាងថា ចលនាបះបោរបដិវត្តជាតិនិយម Barisan National Revolutionary និងក្រុមដទៃទៀតនៅជាប់ព្រំប្រទល់ខេត្តមួយចំនួននៅភាគខាងត្បូងក៏បានធ្វើដំណើរស្វែងរក និងទទួលបានជំនួយពីក្រុមដទៃទៀតនៅក្នុងប្រទេសម៉ាឡេស៊ីដែរ។
ការស៊ើបអង្កេតនេះកើតឡើងខណៈពេលដែល លោកនាយករដ្ឋមន្ត្រី និងជាអ្នកដឹកនាំរបបយោធាថៃ លោក ប្រាយុទ្ធ ចាន់អូចា (Prayut Chan-o-cha) គ្រោងធ្វើទស្សនកិច្ចទៅកាន់ប្រទេសម៉ាឡេស៊ីក្នុងសប្ដាហ៍នេះ ដើម្បីជួបពិភាក្សាជាមួយលោកនាយករដ្ឋមន្ត្រី ណាជីប រាហ្សាក់ (Najib Razak) អំពីការស៊ើបអង្កេតទាក់ទងនឹងការវាយប្រហារដោយគ្រាប់បែកនេះ។
អធិការប៉ូលិសជាន់ខ្ពស់ថៃ លោក ផុងស្បាត ផុងឆារឿន (Pongspat Pongcharoen) ប្រាប់សារព័ត៌មានក្នុងស្រុកថា លោកមិនជឿថា ការវាយប្រហារនេះពាក់ព័ន្ធនឹងពួកបះបោរនៅតំបន់ព្រំប្រទល់ភាគខាងត្បូងឡើយ។
ប៉ុន្តែជំនួយការប្រធានប៉ូលិសជាតិលោក ស៊ូឆាត ធីរ៉ាសាវ៉ាត់ (Suchart Theerasawat) បាននិយាយថា គ្រាប់បែកដែលគេប្រើបីដងចុងក្រោយស្រដៀងគ្នាទៅនឹងគ្រាប់បែកដែលត្រូវបានប្រើប្រាស់កន្លងមកនៅក្នុងតំបន់ព្រំប្រទល់ភាគខាងត្បូង។
សមាជិកជាន់ខ្ពស់ម្នាក់របស់ក្រុមប្រឹក្សាឥស្លាមប្រចាំខេត្តយ៉ាឡា (Islamic Yala Council) លោក នីមូ មីខាស (Nimu Makache) ប្រាប់ VOA ថាការបំផ្ទុះគ្រាប់បែកទាំងនេះទំនងជាបង្ហាញឲ្យឃើញថាពួកបះបោរកំពុងរីករាលដាលចេញពីខេត្តជាប់ព្រំដែនភាគខាងត្បូងទាំងបី ប៉ុន្តែលោកនិយាយថា៖ «ការវាយប្រហារនេះជាសកម្មភាពរបស់ក្រុមប្រឆាំង ឬក្រុមដែលមិនចូលចិត្តរដ្ឋាភិបាលយោធា។ ដូច្នេះវាគឺជារឿងនយោបាយច្រើនជាង»។ លោកក៏បានច្រានចោលការជាប់ពាក់ព័ន្ធដោយផ្ទាល់របស់ចលនាបះបោរបដិវត្តជាតិនិយម Barisan National Revolutionary ក្នុងការវាយប្រហារនេះផងដែរ។
យ៉ាងណាក៏ដោយអ្នកវិភាគថៃម្នាក់ដែលស្និទ្ធនឹងរដ្ឋាភិបាល បានប្រាប់ VOA ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា ការស៊ើបអង្កេតបានបង្ហាញថា ការវាយប្រហារដោយគ្រាប់បែកពាក់ព័ន្ធទៅនឹងចលនាបះបោរបដិវត្តជាតិនិយម BRN។
អ្នកវិភាគរូបនេះលើកឡើងថា៖ «ជាការពិតណាស់ដែល ចលនាបះបោរបដិវត្តជាតិនិយម BRN គឺជាអ្នកផលិតគ្រាប់បែកទាំងនោះ។ ប៉ុន្តែរឿងដែលយើងមិនអាចបំបែកបានគឺថា តើ [ការវាយប្រហារនេះ] ជាគោលបំណងផ្ទាល់របស់ចលនាបះបោរបដិវត្តជាតិនិយម BRN (ដើម្បីពង្រីកការបះបោរ) ឬចលនានេះកំពុងសហការជាមួយក្រុមណាមួយនៅក្នុងនយោបាយថៃ»។
ពេលវេលាបំផ្ទុះគ្រាប់បែកគឺជាសារមួយ
អ្នកវិភាគម្នាក់និយាយថា ការបំផ្ទុះគ្រាប់បែកធ្វើឡើងចំថ្ងៃបុណ្យចម្រើនព្រះជន្មព្រះមហាក្សត្រីថៃនេះ គឺជាចេតនារបស់ចលនាបះបោរបដិវត្តជាតិនិយម BRN ដើម្បីដាក់សម្ពាធដល់រដ្ឋាភិបាល និងបំពេញបំណងរបស់ខ្លួនក្នុងការទាមទារឯករាជ្យឲ្យបណ្ដាខេត្តដែលនៅជាប់ព្រំប្រទល់ភាគខាងត្បូង។ លើសពីនេះគឺដើម្បីអុកឡុកនយោបាយក្នុងស្រុក។
លោកនិយាយថា ការកំណត់ពេលវេលាបំផ្ទុះគ្រាប់បែក មួយម៉ោងក្រោយការប្រារព្ធពីធីបែបសាសនាបង្កឲ្យចំនួនអ្នកស្លាប់ថយចុះ។
លោកថា៖ «វាគឺជាសារមួយ។ ពួកគេអាចសម្លាប់មនុស្សបានច្រើនជាងនេះ នៅពេលដែលមនុស្សកំពុងប្រមូលផ្ដុំគ្នាបួងសួង។ ប៉ុន្តែពួកគេចាំរហូត ដល់ក្រោយពេលគោរពទង់ជាតិ ជាពេលដែលអ្នកចូលរួមជាច្រើនបានចាកចេញបាត់ទៅហើយ»។
អ្នកវិភាគផ្សេងទៀតឲ្យដឹងថា ការបំផ្ទុះគ្រាប់បែកលើកនេះមានលក្ខណៈស្រដៀងគ្នាទៅនឹងការវាយប្រហារដោយគ្រាប់បែកកាលពីឆ្នាំ២០០៦ ក្នុងពិធីបុណ្យចូលឆ្នាំថ្មី ដែលពេលនោះគ្រាប់បែក ៩គ្រាប់បានផ្ទុះក្នុងពិធីបុណ្យ បណ្ដាលឲ្យមនុស្សពីរនាក់ស្លាប់ និងជាង៣០នាក់រងរបួស។
ការវាយប្រហារនោះជាប់ពាក់ព័ន្ធនឹងអ្នកគាំទ្ររបស់អតីតនាយករដ្ឋមន្ត្រី លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ត្រា (Thaksin Shinawatra) ដែលត្រូវគេធ្វើរដ្ឋប្រហារទម្លាក់កាលពីខែកញ្ញាឆ្នាំ២០០៦ ដែលធ្វើឡើងដើម្បីមូលបង្កាច់រដ្ឋាភិបាលដឹកនាំដោយរបបយោធានៅពេលនោះ។
លោកស្រី អង់ខាណា នីឡាបផៃឈីត (Angkhana Neelapaichit) សមាជិកគណៈកម្មការសិទ្ធិមនុស្សថ្នាក់ជាតិអំពាវនាវឲ្យយោធាថៃបង្កើនការការពារ និងការស៊ើបអង្កេតដើម្បីទប់ស្កាត់អំពីហិង្សានាពេលអនាគត។
លោកស្រី អង់ខាណា (Angkhana) បន្ថែមថា៖ «ភ្នាក់ងារស៊ើបការសម្ងាត់គួរប្រឹងប្រែងធ្វើការជាងនេះ ពីព្រោះពួកគេគួរតែទទួលបានព័ត៌មានខ្លះៗពីទីកន្លែងមួយចំនួនដែលអាចជាគោលដៅនៃការវាយប្រហារ ដូច្នេះពួកគេអាចផ្ដល់ដំណឹងជាមុនដល់ប្រជាជន»។
លោកស្រី ក៏បានអំពាវនាវឲ្យសមត្ថកិច្ចថៃអនុវត្តការស៊ើបអង្កេតប្រកបដោយតម្លាភាព គោរពតាមច្បាប់ និងគោរពសិទ្ធិអ្នកដែលត្រូវបានឃាត់ខ្លួនដោយអាជ្ញាធរផងដែរ៕
ប្រែសម្រួលដោយ សឿន វឌ្ឍនា