អង់តែន​និមិត្តរូប​អូស្ត្រាលី​សម្តែងការ​អបអរ​ដល់​តារាសាស្ត្រ​របស់​ជនជាតិ​ដើម​ភាគតិច

  • Phil Mercer

រូបឯកសារ៖ មណ្ឌល​សង្កេត​មើល​ផ្កាយ The Parkes Observatory នៅទីក្រុង Parkes ប្រទេសអូស្ត្រាលី កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៩។

មណ្ឌល​សង្កេត​មើល​ផ្កាយ The Parkes Observatory មាន​អង់តែន​ចាប់​រលកវិទ្យុ​ពីអវកាស​បី​ដែល​សុទ្ធ​តែ​ត្រូវ​បាន​ដាក់ឈ្មោះ​ថ្មី​ជា​ភាសា​ជនជាតិដើម ​ដើម្បី​ជាការ​គោរព​ដល់​ចំណេះ​ដឹង​ផ្នែក​តារាសាស្ត្រ​របស់​ជនជាតិ​ដើម​អូស្ត្រាលី ​ដែល​រឿងរ៉ាវ​នៃ​ការ​កកើត​របស់​ពួកគេ ឬ​ត្រូវបាន​ស្គាល់ថា Dreaming ត្រូវបាននិទាន​ដោយ​តារា។​

អង់តែន​ចាប់​រលក​វិទ្យុ​ធំបំផុត ដែល​ត្រូវ​បាន​រក​ឃើញបណ្តុំ​ផ្កាយ​កាឡាក់ស៊ី​ថ្មី​រាប់រយ ​និង​ផ្កាយ​នឺត្រុង​វិល​ហៅ​ថា pulsars នឹង​ត្រូវបានគេ​ស្គាល់​ថា​ «Murriyang» ឬ «Skyworld»។ អង់តែន​ផ្សេង​ទៀត​ មាន​ឈ្មោះ​បែប​ជនជាតិ​ដើម​ មាន​ន័យ​ថា​ «Smart Eye» និង «Smart Dish» ឬ​ «ភ្នែក​វ័យឆ្លាត» និង «ថាសវ័យឆ្លាត»។

លោក​វេជ្ជបណ្ឌិត John Reynolds គឺ​ជា​នាយក​អង្គការ Australia Telescope National Facility ដែល​គ្រប់គ្រង​ដោយ​ទីភ្នាក់ងារ​វិទ្យាសាស្ត្រជាតិ CSIRO។

លោក​ Reynolds ថ្លែងថា៖ «ខ្ញុំ​គិត​ថា ការ​ដាក់ឈ្មោះ​បែប​ប្រពៃណី​គឺ​មាន​សារៈសំខាន់ ដោយសារ​វា​មិន​ត្រឹម​តែ​ជា​ការ​ទទួល​ស្គាល់​អ្នក​ថែរក្សា​ប្រពៃណី​ទឹកដី​ដែល​រ៉ាដាចាប់​រលក​វិទ្យុ​ស្ថិត​នៅ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​បង្ហាញ​ពី​ទំនាក់ទំនង​រវាង​វិទ្យាសាស្ត្រនិងតារាសាស្ត្រដ៏​ចំណាស់​បំផុត និង​អរិយធម៌ដែល​បន្ត​រីកចម្រើន​ដ៏​យូរ​បំផុត​ក្នុងពិភពលោក​ ដែល​បាន​អនុវត្ត​តារា​សាស្ត្រ​នេះ​អស់​ជា​ច្រើន​ជំនាន់​មកហើយ។ ឈ្មោះ​ថ្មី​សម្រាប់​អង់តែន ​Parkes ដែលមាន​ទំហំ​ ៦៤ ម៉ែត្រ ​គឺ Murriyang ដែល​តំណាង​ឲ្យ​ពិភព​លើ​មេឃ​ក្នុង​ក្តីសុបិន​របស់​អំបូរជនជាតិ​ដើម​របស់​អូស្ត្រាលី Wiradjuri»។

ឈ្មោះ​ទាំង​នោះ​ត្រូវបាន​ជ្រើស​រើស​ដោយ​ជនជាតិ​ដើម​អូស្ត្រាលី​អំបូរ Wiradjuri ដែ​ល​និយាយ​ថា​វា​ជា​ពេល​វេលា ​ដែល​ពួកគេ​មាន​មោទនភាព​បំផុត។

នៅពេល​វាត្រូវ​បានប្រតិបត្តិ​ជា​ចម្បង​សម្រាប់ការ​ស្រាវជ្រាវ​តារាសាស្ត្រ​អង់តែន Parkes មាន​ប្រវត្តិ​ដ៏​យូរ​អង្វែង​ ក្នុង​ការ​ចុះ​កិច្ច​សន្យា​ជាមួយ​ទីភ្នាក់ងារ​អវកាស​អន្តរជាតិ​ ដើម្បី​តាមដាន​និង​ទទួល​ទិន្នន័យ​ពី​យានអវកាស។ កាល​ពីឆ្នាំ​ ២០១២ វា​បាន​ជួយ​ត្រួតពិនិត្យ​ យាន Curiosity របស់ ទីភ្នាក់ងារ NASA ពេល​ចុះ​ចត​លើ​ផ្ទៃ​នៃភព​ព្រះអង្គារ។​

ប៉ុន្តែ​ បេសកកម្ម​ដ៏​ល្បីល្បាញ​បំផុត​របស់​វា​ប្រហែល​ជា​ការ​ទទួល​បាន​សញ្ញា​ទូរទស្សន៍​ នៅ​ថ្ងៃដ៏អស្ចារ្យ​ កាលពី​ខែកក្កដា ឆ្នាំ ១៩៦៩ អំឡុងការ​ចុះចត​លើ​ព្រះច័ន្ទរបស់​យាន​អវកាស Apollo 11។​

រឿង​នោះ​ត្រូវបាន​គេ​បង្កើត​ជា​ខ្សែភាព​យន្ត​ដ៏​ពេញ​និយម​មួយឈ្មោះ «The Dish» កាលពី​ឆ្នាំ​ ២០០០ ដែល​បាន​ជួយ​ភ្ជាប់​កេរ្តិ៍​ឈ្មោះ​ដ៏អស្ចារ្យ​របស់​មន្ទីរ​នៅ​ក្នុង​វិទ្យាសាស្ត្រ​របស់​អូស្ត្រាលី។​

​អង់តែន​ចាប់​រលក​វិទ្យុ​នោះមាន​ទម្ងន់​ ១០០០ តោន ​ហើយ​ទទួល​តែ​សញ្ញា​ពី​អវកាស​ប៉ុណ្ណោះ​ ប៉ុន្តែ​មិន​ដែល​បញ្ជូន​សញ្ញា​ទៅ​អវកាស​វិញ​ទេ។ អង់តែន​នេះ​ត្រូវបាន​បើកឲ្យ​ប្រើប្រាស់ជាផ្លូវការ​ ក្នុង​ខែតុលា​ឆ្នាំ ១៩៦១៕

ប្រែសម្រួល​ដោយកញ្ញា ទុំ ម្លិះ