សុភាចារបុរសនៃតុលាការឧក្រិដ្ឋកម្មអន្តរជាតិបានដកការចោទប្រកាន់បទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ពីលោកប្រធានាធិបតីប្រទេសកេនយ៉ា Uhuru Kenyatta កាលពីថ្ងៃសុក្រ យោងទៅលើការខ្វះភស្តុតាង។ ការចោទប្រកាន់ទាំងឡាយដែលថារដ្ឋាភិបាលមិនបានសហការជាមួយតុលាការ នៅអំឡុងពេលនៃការស៊ើបអង្កេតរបស់ខ្លួននោះ ក៏មានអានុភាពលើការសម្រេចលប់ចោលសំណុំរឿងផងដែរ។
សុភាចារបុរសសំខាន់ម្នាក់នៃតុលាការឧក្រិដ្ឋកម្មអន្តរជាតិ លោកស្រី Fatou Bensouda បានមានប្រសាសន៍កាលពីថ្ងៃសុក្រថាគ្មានភស្តុតាងគ្រប់គ្រាន់ដើម្បីបង្ហាញថាការចោទប្រកាន់ប្រឆាំងលោក Kenyatta មានភាពច្បាស់លាស់ប្រកែកមិនបាន។ លោកស្រី Bensouda និយាយថា រដ្ឋាភិបាលប្រទេសកេនយ៉ាបានបរាជ័យក្នុងការផ្តល់ឯកសារសំខាន់ៗទៅឲ្យមេធាវីដើមចោទ ដែលធ្វើឲ្យចុះខ្សោយដល់ការស៊ើបអង្កេត និងមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅដល់ សំណុំរឿង។
លោកប្រធានាធិបតី Kenyatta បានទទួលការចោទប្រកាន់អំពីមុខនាទីរបស់លោកដែលបញ្ជាក់ដោយឥតភស្តុតាង មុនពេលលោកឡើងកាន់តំណែងជាប្រធានាធិបតី នៅក្នុងអំពើឃោរឃៅរវាងក្រុមជនជាតិភាគតិចដែលបានកើតឡើងបន្ទាប់ពីការបោះឆ្នោតនៅប្រទេសកេនយ៉ាឆ្នាំ២០០៧ និងដែលបាននាំឲ្យមនុស្ស១,១០០នាក់ស្លាប់បាត់បង់ជីវិត។
លោក William Ruto, អនុប្រធានាធិបតីរបស់លោក Kenyatta នៅតែប្រឈមនឹងការចោទប្រកាន់នៅឯតុលាការឧក្រិដ្ឋកម្មអន្តរជាតិ ICC នៅឡើយ ពីបទឧក្រិដ្ឋកម្មស្រដៀងៗគ្នា។
នៅក្នុងសារ Twitter ជាផ្លូវការមួយ លោកប្រធានាធិបតី Kenyattaបាននិយាយថា លោករំជួលចិត្តចំពោះព័ត៌មានដែលនិយាយថា សំណុំរឿងរបស់លោកត្រូវបានដកចេញ។ លោកបន្ថែមនៅក្នុងសារដាច់ដោយឡែកមួយនិយាយថា «មនសិការរបស់ខ្ញុំជ្រះស្រឡះទាំងស្រុង»។
លោក Apollo Mboya ប្រធាននីតិប្រតិបត្តិ នៃបរិស័ទច្បាប់របស់ប្រទេស Kenyaមានប្រសាសន៍ថា លោកមិនមានការភ្ញាក់ផ្អើលទេដែលឃើញសំណុំរឿងបែកខ្ញែកអស់។
«ពិតហើយ ដោយសារគុណភាពនៃភស្តុតាង។ គឺវាច្បាស់និងសាមញ្ញ។ ហើយសុភាចារបុរសបាននិយាយ ហើយថា លោកស្រីគ្មានភស្តុតាង ដូច្នេះតើឲ្យពួកគេស៊ើបអង្កេតពីអ្វីទៅ? រឿងនេះនាំឲ្យបរាជ័យ»។
ការចោទប្រកាន់ប្រឆាំងលោក Kenyatta បានចាប់ផ្តើមនៅក្នុងខែមករាឆ្នាំ២០១២ ប៉ុន្តែករណីបានចាប់ផ្តើមបរាជ័យ ដោយសាក្សីបានចាប់ផ្តើមដកថយពីការឲ្យចម្លើយកសិណសាក្សី ឬមិនព្រមចូលរួម។
បន្ទាប់ពីសំណើឲ្យពន្យាពេលការប្តឹងតវ៉ាទៅមុខទៀត កាលពីសប្តាហ៍មុន ក្រុមចៅក្រម បានឲ្យសុភាចារបុរសរយៈពេល៧ថ្ងៃ ដើម្បីដកសំណុំរឿង ឬធ្វើការវិនិច្ឆ័យក្តី។
ជនរងគ្រោះនៃអំពើឃៅរឃៅក្រោយការបោះឆ្នោតនៅតែមានអារម្មណ៍ថាពួកគេមិនបានទទួលភាពយុត្តិធម៌។
លោក Keffa Karuoya ដែលជាអ្នកធ្វើការជាមួយក្រុមមួយ ដែលជួយអ្នកទាំងឡាយដែលផ្លាស់ទីកន្លែងដោយសារការប្រយុទ្ធគ្នា បានប៉ាន់ស្មានថា នៅមានមនុស្សប្រមាណ៤ម៉ឺន៤ពាន់នាក់ រស់នៅ នៅក្នុងជំរុំនៅឡើយ។ លោកបាននិយាយថាមនុស្សជាច្រើនបានបាត់បង់ជំនឿទៅលើដំណើរការរបស់ តុលាការឧក្រិដ្ឋកម្មអន្តរជាតិ ICC ទៅហើយ តាំងពីមុនការចេញប្រកាសនៅថ្ងៃសុក្រ។
«សេចក្តីសង្ឃឹមរបស់ពួកគេបានរលាយអស់។ ខ្ញុំបាននិយាយជាមួយជនរងគ្រោះមួយចំនួន។ ពួកគេនិយាយថា គេមិនអាចមើលឃើញភាពដែលគួរជឿបាននៃសំណុំរឿងនេះ»។
លោក Kenyatta និងលោកអនុប្រធានាធិបតី Ruto ត្រូវបានចោទប្រកាន់ថាបាននៅខាងពួកប្រឆាំងគ្នានៃការប្រយុទ្ធពូជសាសន៍ ប៉ុន្តែអ្នកទាំងពីរបានបង្រួបបង្រួមគ្នា នៅមុនការបោះឆ្នោតប្រធានាធិបតីកាលពីឆ្នាំមុន ហើយបានចេញសេចក្តីអំពាវនាវរួមមួយដើម្បីច្រានចោល តុលាការឧក្រិដ្ឋកម្មអន្តរជាតិ ICC ដែលជាផ្នែកមួយនៃការធ្វើយុទ្ធនាការរបស់ពួកគេ។
សហភាពអាហ្វ្រិកក៏បានគាំទ្រការអំពាវនាវរបស់កេនយ៉ាដល់ ICC ឲ្យលប់ចោលការចោទប្រកាន់ផងដែរ ហើយបានចោទប្រកាន់តុលាការថាមានគោលបំណងសំដៅទៅរកជនជាតិអាហ្វ្រិកយ៉ាងអយុត្តិធម៌។
ប្រែសម្រួលដោយ នុច សារីតា