ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) បានបញ្ជាក់ថា បុគ្គលិករបស់ខ្លួនបានឃើញគ្រាប់មីនប្រឆាំងមនុស្សនៅបរិវេណរោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia នៃប្រទេសអ៊ុយក្រែន។
ទីភ្នាក់ងារ IAEA បានលើកឡើងនៅក្នុងសេចក្ដីថ្លែងការណ៍មួយថា បុគ្គលិករបស់ខ្លួនបានឃើញគ្រាប់មីនទាំងនេះកាលពីថ្ងៃអាទិត្យ «នៅក្នុងតំបន់ទ្រនាប់រវាងរបងបរិវេណខាងក្នុងនិងខាងក្រៅនៃរោងចក្រនោះ»។ ទីភ្នាក់ងារនេះបានបន្ថែមថា គេមិនឃើញមានគ្រាប់មីនណាមួយ «នៅខាងក្នុងរោងចក្រនោះផ្ទាល់នោះទេ»។
រុស្ស៊ីបានត្រួតត្រាទីតាំងរោងចក្រនោះតាំងពីដំណាក់កាលដំបូងៗនៃការឈ្លានពានរបស់ខ្លួនលើអ៊ុយក្រែន។ ទីភ្នាក់ងារ IAEA បានព្រមានម្ដងហើយម្ដងទៀតអំពីមហន្តរាយនុយក្លេអ៊ែរដែលអាចកើតឡើងនៅពេលដែលទីភ្នាក់ងារនេះជំរុញឱ្យមានវិធានការសុវត្ថិភាពនិងសន្តិសុខនៅឯរោងចក្រថាមពលនុយក្លេអ៊ែរដ៏ធំបំផុតរបស់ទ្វីបអឺរ៉ុបនេះ។
ប្រធានទីភ្នាក់ងារ IAEA លោក Rafael Grossi បាននិយាយថា ការបង្កប់គ្រាប់មីនទាំងនេះគឺជាការសម្រេចរបស់យោធានិងត្រូវបានធ្វើឡើងនៅក្នុងតំបន់ដែលត្រួតត្រាដោយយោធា។
អ្នកជំនាញទីភ្នាក់ងារ IAEA ក៏កំពុងបន្តតាមដានមើលទឹកដែលមានសម្រាប់ធ្វើឱ្យរ៉េអាក់ទ័ររបស់រោងចក្រនេះត្រជាក់ផងដែរ បន្ទាប់ពីទំនប់វារីអគ្គិសនី Kakhovka ត្រូវបានបំផ្លាញកាលពីខែមិថុនាមក ដែលការបំផ្លាញនេះបានប៉ះពាល់ដល់កន្លែងស្តុកទឹកនៅជិតរោងចក្រនោះ។ នេះបើតាមការបញ្ជាក់របស់ទីភ្នាក់ងារនេះ។
ទីភ្នាក់ងារ IAEA បានលើកឡើងដូច្នេះថា៖ «ទីតាំងនោះនៅបន្តមានទឹកគ្រប់គ្រាន់សម្រាប់រយៈពេលប៉ុន្មានខែខាងមុខ»។
ក្រសួងហិរញ្ញវត្ថុសហរដ្ឋអាមេរិកបានបញ្ជាក់ថា រដ្ឋលេខាធិការផ្នែកភេរវកម្មនិងការស៊ើបការណ៍សម្ងាត់ហិរញ្ញវត្ថុលោក Brian Nelson នឹងថ្លែងសុន្ទរកថាអំពីថាតើការចាកចេញរបស់រុស្ស៊ីពីគម្រោងផ្ដួចផ្ដើមគ្រាប់ធញ្ញជាតិសមុទ្រខ្មៅ (Black Sea Grain Initiative) នឹងប៉ះពាល់ដល់បណ្ដាប្រទេសនៅទ្វីបអាហ្វ្រិកយ៉ាងដូចម្ដេចនៅពេលលោកធ្វើទស្សនកិច្ចនៅសប្ដាហ៍នេះទៅកាន់ប្រទេសកេនយ៉ានិងប្រទេសសូម៉ាលី។
អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បានអំពាវនាវឱ្យរុស្ស៊ីចូលរួមជាមួយនឹងកិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិដែលសម្របសម្រួលដោយអង្គការសហប្រជាជាតិនេះឡើងវិញ ដើម្បីអនុញ្ញាតឱ្យមានលំហូរនាំចេញគ្រាប់ធញ្ញជាតិពីកំពង់ផែរបស់អ៊ុយក្រែននៅសមុទ្រខ្មៅ៕
ព័ត៌មានខ្លះសម្រាប់សេចក្ដីរាយការណ៍នេះត្រូវបានដកស្រង់មកពីទីភ្នាក់ងារសារព័ត៌មាន AP ទីភ្នាក់ងារសារព័ត៌មាន AFP និងទីភ្នាក់ងារសារព័ត៌មាន Reuters។