លោក​ Hunter Biden កូន​​ប្រុស​ប្រធានាធិបតី​អាមេរិក​ត្រូវ​បាន​​ចោទ​ប្រកាន់​​ជា​ផ្លូវការ​ពី​បទ​ទិញ​កាំភ្លើង​ខ្លី

រូបឯកសារ៖ លោក Hunter Biden កូនប្រុសរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden បង្ហាញខ្លួននៅតុលាការ ក្នុងក្រុង Wilmington រដ្ឋ Delaware កាលពីថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ ២០២៣។

កូន​ប្រុស​លោក​ប្រធានាធិបតី ​Joe Biden​ នៃ​សហរដ្ឋ​អាមេរិក​ គឺ​លោក Hunter Biden ​ត្រូវបានចោទ​ប្រកាន់ជា​ផ្លូវការ​កាលពីថ្ងៃ​ព្រហស្បតិ៍ ​ដោយ​ក្រុមរដ្ឋអាជ្ញាបានចោទ​ថា​លោកបាន​ទិញ​កាំភ្លើងខ្លី​មួយ​ដោយ​ខុសច្បាប់​ នៅ​ពេលដែល​លោក​បាន​សារភាព​ថា​ប្រើ​សារធាតុញៀន​កូកាអ៊ីន (cocaine) ​ហើយបាន​កុហក​អំពី​គ្រឿង​ញៀន ​ដើម្បី​អាចឱ្យ​លោកទិញ​កាំភ្លើងបាន។​

ការចោទប្រកាន់​ជា​ផ្លូវការ​លើ​កូនប្រុស​ប្រធានាធិបតី​ អាយុ ៥៣ ឆ្នាំ​រូបនេះ​ បាន​បញ្ចូល​កត្តា​ថ្មី​មួយ​ជា​បន្ទាន់​ក្នុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ប្រធានាធិបតីសហរដ្ឋ​អាមេរិក នៅ​ឆ្នាំ ២០២៤។​ លោក Joe Biden ​បានឈរ​ឈ្មោះ​ជា​ថ្មី ​ហើយគូប្រជែងនាំ​មុខ​គេ​របស់​លោក​ខាង​គណបក្ស​សាធារណរដ្ឋ ​គឺ​អតីត​ប្រធានាធិបតី​ លោក Donald Trump ​កំពុង​ប្រឈម​នឹង​ការចោទប្រកាន់​បទព្រហ្មទណ្ឌ​ជា​ផ្លូវការ​ពី​បទចោទចំនួន​ ៩១​ ករណី។​

លោក Hunter Biden ​អាចប្រឈម​នឹង​បទចោទ​ប្រកាន់​ចំនួនបី​ ទាក់ទងនឹង​កាំភ្លើង​ក្នុង​ពេល​ប៉ុន្មាន​ខែ​ខាង​មុខ​នេះ។

ការចោទប្រកាន់ជា​ផ្លូវ​ការ​នេះ​ចែង​ថា​ លោក​បាន​កុហកនៅ​ក្នុងសំបុត្រស្នាមមួយតម្រូវ​ឱ្យ​បំពេញនៅ​ពេល​លោក​ទិញ​កាំភ្លើងធុន​ Colt Cobra Special ​នៅហាង​លក់​កាំភ្លើង​មួយ​នៅ​ទីក្រុង Wilmington ​រដ្ឋ Delaware ​កាល​ពី​ខែតុលា​ ឆ្នាំ ២០១៨។ ការ​ចោទប្រកាន់​នេះនិយាយថា​ លោក​បាន​គូសក្នុងប្រអប់​មួយ​លើ​សំបុត្រ​ស្នាម​នោះ​ដោយឆ្លើយកុហកថា ​លោក​មិនមែន​ជាអ្នក​ប្រើឬជា​អ្នក​ញៀន​គ្រឿង​ញៀន​ទេ ​និង​ថា​លោកមិនមាន​កាំភ្លើង​ដោយ​ខុសច្បាប់​ជា​អ្នក​ប្រើ​គ្រឿង​ញៀន​ទេ។

គេបានរំពឹងថានឹងមាន​ការ​ចោទប្រកាន់​ជា​ផ្លូវការលើ​លោក Hunter Biden ​ដោយ​រដ្ឋអាជ្ញាពិសេសលោក​ David Weiss ​បានប្រកាស​កាលពី​ប៉ុន្មាន​ថ្ងៃមុន​នេះ​ថា ​នឹង​មាន​ការ​ដាក់​ពាក្យ​ចោទមិនហួសពី​ដំណាច់​ខែ​កញ្ញា​នេះ​ទេ។

លោក Abbe Lowell ​មេធាវី​លោក Hunter Biden ​បានចោទប្រកាន់លោក​ Weiss ​ថា​បាន​ឱនលំទោនតាមសម្ពាធនយោបាយ​ពីពួក​សាធារណរដ្ឋ​ក្នុង​ការ​ចោទ​ប្រកាន់​កូន​ប្រុស​រូបនេះ​របស់​លោក​ប្រធានាធិបតី៕