លោក Hunter Biden ដែលជាកូនប្រុសរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានធ្វើដំណើរយ៉ាងភ្ញាក់ផ្អើលទៅកាន់វិមានសភាសហរដ្ឋអាមេរិកកាលពីថ្ងៃពុធ នៅពេលដែលសមាជិកសភាខាងគណបក្សសាធារណរដ្ឋចាត់វិធានការដំបូងបង្អស់នៅក្នុងការចោទលោកថាបានប្រមាថសភាដោយសារលោកបានប្រឆាំងនឹងដីកាកោះហៅរបស់សភា។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន AP។
លោក Hunter និងក្រុមមេធាវីរបស់លោក ដែលរួមមានទាំងលោកមេធាវី Abbe Lowell ផងដែរ បានបង្ហាញវត្តមានអង្គុយមើលសវនាការរបស់គណៈកម្មាធិការរដ្ឋសភាទទួលបន្ទុកកិច្ចការមើលការខុសត្រូវនិងកំណែទម្រង់ ដោយធ្វើឱ្យគណៈកម្មាធិការដែលកំពុងធ្វើការដើម្បីចោទប្រកាន់ដកតំណែងលោកប្រធានាធិបតី Biden នេះមានការរំជួលផ្នែកនយោបាយ។
សមាជិកសភាខាងគណបក្សសាធារណរដ្ឋអ្នកស្រី Nancy Mace បានទទូចឱ្យចាប់ខ្លួនលោក Hunter ជាបន្ទាន់។ រីឯសមាជិកសភាខាងគណបក្សសាធារណរដ្ឋអ្នកស្រី Marjorie Taylor Greene វិញបានហៅលោក Hunter ថាជាមនុស្សកំសាកនៅពេលដែលលោកចាកចេញពីសវនាការក្នុងអំឡុងពេលអ្នកស្រីកំពុងនិយាយ។
សមាជិករដ្ឋសភាខាងគណបក្សប្រជាធិបតេយ្យបានអះអាងថា លោក Hunter ដែលបដិសេធមិនព្រមផ្ដល់សក្ខីកម្មក្នុងសវនាការបិទទ្វាររបស់គណៈកម្មាធិការនេះ គួរតែត្រូវបានគេអនុញ្ញាតឱ្យផ្ដល់សក្ខីកម្មជាសាធារណៈ។
លោក Hunter បានការពារការមិនគោរពតាមរបស់លោកលើដីកាកោះហៅរបស់គណបក្សសាធារណរដ្ឋនេះ ដែលដីកាកោះហៅនេះបានបញ្ជាឱ្យលោកបង្ហាញខ្លួនផ្ដល់សក្ខីកម្មក្នុងសវនាការបិទទ្វារកាលពីពាក់កណ្ដាលខែធ្នូឆ្នាំមុន។
លោក Hunter និងក្រុមមេធាវីរបស់លោកបាននិយាយថា ព័ត៌មានពីការសម្ភាសន៍ឯកជនអាចលេចធ្លាយតាមអ្វីដែលគេចង់បាននិងអាចក្រឡុកតាមចិត្តដែលគេចង់បានដោយសមាជិករដ្ឋសភាខាងគណបក្សសាធារណរដ្ឋ។ ជាងនេះទៀត លោកនិងក្រុមមេធាវីរបស់លោកបានទទូចថា លោកនឹងផ្ដល់សក្ខីកម្មជាសាធារណៈតែប៉ុណ្ណោះ។
គណៈកម្មាធិការរដ្ឋសភាទទួលបន្ទុកកិច្ចការមើលការខុសត្រូវនិងកំណែទម្រង់បានបោះឆ្នោតលើសេចក្ដីសម្រេចអំពីការប្រមាថសភានេះ ដោយស្នើចោទប្រកាន់ព្រហ្មទណ្ឌនៅពេលដែលសមាជិកគណបក្សសាធារណរដ្ឋឈានដល់ដំណាក់កាលចុងក្រោយនៃការស៊ើបអង្កេតដើម្បីចោទប្រកាន់ដកតំណែងលោកប្រធានាធិបតី Biden។
នេះជាជំហានថ្មីចុងក្រោយបង្អស់សម្រាប់ការស៊ើបអង្កេតនេះដែលបានចាប់ផ្ដើមតាំងពីខែកញ្ញាឆ្នាំមុនមក។ កន្លងមក ការស៊ើបអង្កេតនេះមិនបានរកឃើញភ័ស្តុតាងណាមួយដែលបង្ហាញដោយផ្ទាល់ថាលោកប្រធានាធិបតី Biden បានប្រព្រឹត្តខុសពាក់ព័ន្ធនឹងអាជីវកម្មរបស់លោក Hunter នោះទេ។
សេចក្ដីសម្រេចនេះនឹងត្រូវឆ្លងសម័យប្រជុំពេញអង្គរបស់រដ្ឋសភាដើម្បីសម្រេច ហើយប្រសិនបើរដ្ឋសភាបោះឆ្នោតសម្រេចថាលោក Hunter បានប្រមាថសភា នោះវាអាស្រ័យលើក្រសួងយុត្តិធម៌ជាអ្នកសម្រេចថាតើត្រូវកាត់ទោសលោកឬក៏អត់។
ការបោះឆ្នោតរបស់គណៈកម្មាធិការនេះកាលពីថ្ងៃពុធដើម្បីជំរុញទៅមុខនូវការចោទប្រកាន់រឿងប្រមាថសភានេះបានធ្វើឡើង មុនពេលលោក Hunter បានបង្ហាញខ្លួនជាលើកដំបូងនៅថ្ងៃព្រហស្បតិ៍នេះនៅតុលាការក្នុងសវនាការលើសំណុំរឿងពន្ធដារដែលរដ្ឋអាជ្ញាពិសេសបានប្ដឹងនៅក្នុងទីក្រុង Los Angeles រដ្ឋ California។
លោក Hunter កំពុងប្រឈមនឹងការចោទប្រកាន់ឧក្រិដ្ឋកម្ម ៣ ករណីនិងការចោទប្រកាន់បទល្មើសមជ្ឈិម ៦ ករណី ដែលក្នុងនោះរួមមានទាំងការចោទប្រកាន់ថាលោកបានប្រកាសពន្ធមិនត្រឹមត្រូវអំពីប្រាក់ចំណូលរបស់លោក ការគេចពីកាតព្វកិច្ចបង់ពន្ធ និងការមិនប្រកាសពន្ធនិងបង់ពន្ធផងដែរ៕
ប្រែសម្រួលដោយលោក ភី សុភាដា