នៅចំកណ្ដាលនៃវិបត្តិសកលជំងឺកូវីដ១៩ លោក Peter Szijjarto រដ្ឋមន្ត្រីការបរទេសរបស់ប្រទេសហុងគ្រី បានមកបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជា ដើម្បីបើកការិយាល័យតំណាងកុងស៊ុលនៅភ្នំពេញ និងដើម្បីពង្រីកទំនាក់ទំនងសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ ដែលក្រុមអ្នកតាមដានលើកឡើងថា ប្រទេសទាំងពីរប្រកាន់នយោបាយរឹតត្បិតដូចគ្នា។
លោក Peter Szijjarto បានថ្លែងប្រាប់ទូរទស្សន៍រដ្ឋរបស់កម្ពុជាក្នុងកិច្ចសម្ភាសន៍មួយ កាលពីថ្ងៃអង្គារថា ហុងគ្រី នឹងផ្ដល់ឥណទានដល់បណ្ដាក្រុមហ៊ុនរបស់ខ្លួនដែលមកបណ្ដាក់ទុនវិនិយោគនៅកម្ពុជា លើវិស័យកសិកម្ម ធារាសាស្ត្រ អាកាសចរណ៍ និងឧស្សាហកម្ម។ លោក ក៏ពាំនាំការសន្យារបស់ហុងគ្រីក្នុងការបង្កើនអាហារូបករណ៍ដល់និស្សិតកម្ពុជាផងដែរ។
«ខ្ញុំពិតជាច្បាស់ក្នុងចិត្តណាស់ចំពោះតឹកតាងដែលបង្ហាញថា ពុំមានឡើយបញ្ហានយោបាយជាចំហរណាមួយរវាងប្រទេសយើងទាំងពីរ ដែលការណ៍នេះ យើងអាចយកជាការណ៍បាន និងធ្វើឱ្យប្រាកដថា ក្រុមហ៊ុនរបស់ពួកយើងអាចសហការរួមគ្នាកាន់តែច្រើនបន្ថែមទៀត»។
ភាពត្រូវរ៉ូវគ្នាខាងនយោបាយត្រូវបានគូសបញ្ជាក់ដោយមន្ត្រីហុងគ្រី និងមន្ត្រីកម្ពុជា។
ក្នុងជំនួបមួយជាមួយលោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា លោក Peter Szijjarto បានលើកឡើងថា ប្រទេសហុងគ្រីឈររួចរាល់ប្រាថ្នាចង់ធ្វើជាស្ពានចម្លងរវាងសហភាពអឺរ៉ុបនិងប្រទេសកម្ពុជា ហើយថា ភាពខុសគ្នាខាងនយោបាយមិនគួរយកមកច្របូកច្របល់ជាមួយនឹងទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មឡើយ។
នៅត្រង់ចំណុចនេះលោក ប្រាក់ សុខុន បានថ្លែងអំណរគុណប្រទេសហុងគ្រីចំពោះការជួយគាំទ្ររបបលោក ហេង សំរិននៃសាធារណរដ្ឋប្រជាមានិតកម្ពុជា ក្រោយការដួលរលំនៃរបបខ្មែរក្រហម និងការណ៍ដែលទីក្រុងប៊ុយដាប៉ែស ឈរខាងរដ្ឋអំណាចភ្នំពេញ ផ្ទុយពីជំហរសហភាពអឺរ៉ុបទាំងមូលលើបញ្ហា EBA (Everything But Arms)។
«ជំហររបស់ហុងគ្រីលើការដកប្រព័ន្ធអនុគ្រោះពន្ធ EBA គឺជាឧទាហរណ៍មួយទៀតដែលសរបញ្ជាក់អំពីមិត្តដែលយល់ពីស្ថានភាពរបស់កម្ពុជា ហើយក្លាហានក្នុងការគាំទ្រកម្ពុជា ឱ្យទទួលបានយុត្តិធម៌ ដើម្បីឆ្ពោះទៅរកលទ្ធិប្រជាធិបតេយ្យ ប្រកបដោយសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព»។
សហភាពអឺរ៉ុប កាលពីខែសីហា បានអនុវត្តជាធរមានការដក ២០% នៃអត្ថប្រយោជន៍ការអនុគ្រោះពន្ធលើទំនិញកម្ពុជានាំទៅលក់នៅទីផ្សារអឺរ៉ុប ជាការឆ្លើយតបនឹងការបង្ក្រាបនយោបាយនៅមុនការបោះឆ្នោតជាតិឆ្នាំ២០១៨ ដែលបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រមូលអសនៈសភាទាំងអស់១២៥។
រីឯប្រទេសហុងគ្រីដឹកនាំដោយលោកនាយករដ្ឋមន្ត្រី Viktor Orban និងបក្សកាន់អំណាច Fidesz តាំងពីឆ្នាំ២០១០មក ជាសមាជិកនៃសហភាពអឺរ៉ុប និងអង្គការកតិកាសញ្ញាអាត្លង់ទិកខាងជើង (ណាតូ) ទៀតផង។
អង្គការ Freedom House ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក បានកត់សម្គាល់ថា រដ្ឋការលោក Viktor Orban បានកែរដ្ឋធម្មនុញ្ញនិងច្បាប់សំខាន់ៗ ដើម្បីតាំងទីបង្កើនអំណាចនយោបាយរបស់ខ្លួន រឹតត្បិតលើបក្សជំទាស់ និងបណ្ដាញផ្សព្វផ្សាយព័ត៌មាន។
រដ្ឋាភិបាលលោក Orban រងការរិះគន់ថា ឆ្លៀតឱកាសប្រើប្រាស់វិបត្តិកូវីដ១៩ ដើម្បីបង្កើនអំណាចនយោបាយរបស់ខ្លួន រហូតមានក្ដីបារម្ភថា ហុងគ្រី កំពុងតែក្លាយជារដ្ឋ«ផ្ដាច់ការ»ដំបូងគេផង នៅចំកណ្ដាលបេះដូងនៃសហភាពអឺរ៉ុប។
ពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរមានទំហំ ៤.១៦ លានដុល្លារ កាលពីឆ្នាំ២០១៩ ដែលក្នុងនោះកម្ពុជានាំចេញទៅហុងគ្រី ២.៧៨ លានដុល្លារ ហើយនាំចូលពីហុងគ្រីវិញ ១.៣៨ លានដុល្លារ។ នេះ បើយោងតាមទិន្នន័យរបស់អង្គការសហប្រជាជាតិ។
លោក Peter Szijjarto បានលើកឡើងថា ពាណិជ្ជកម្មទ្វេភាគីនារយៈពេល៨ខែដើមឆ្នាំ មានការកើនឡើង២០% បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំមុន។
លោកបណ្ឌិត ប៉ា ចន្ទរឿន នាយកប្រតិបត្តិនៃវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា មិនសូវរំពឹងថា ទីក្រុងប៊ុយដាប៉ែស អាចជួយកម្ពុជា បានជាដុំកំភួននោះទេរឿងបញ្ហាEBA ខណៈទីក្រុងភ្នំពេញកំពុងផ្សាភ្ជាប់ទំនាក់ទំនងជាមួយមិត្តចាស់នៅតំបន់អឺរ៉ុបខាងកើត ដែលធ្លាប់ស្ថិតក្នុងប្លុកសង្គមនិយមជាមួយគ្នាកាលពីអំឡុងទសវត្សរ៍១៩៨០។
«សម្រាប់ប្រទេសកម្ពុជា រឿងទំនាក់ទំនងទាំងជាមួយប្រទេសកាន់របបប្រជាធិបតេយ្យក្ដី និងទាំងជាមួយប្រទេសកាន់កុម្មុយនិស្ដក្ដី ត្រូវមានទាំងអស់ គ្រាន់តែថា យើងមិនត្រូវផ្ដេកផ្ដួល ឬក៏ងាកទៅជ្រុលនិយមពេក ជាមួយប្រទេសដែលឃ្លាតឆ្ងាយពីគន្លងប្រជាធិបតេយ្យទេ ដោយសារប្រជាជនកម្ពុជាបានរងទុក្ខវេទនា និងការខូចខាត មិនអាចពិពណ៌នាបានទេ ដោយសារតែយើងកាន់របបផ្សេងក្រៅពីរបបប្រជាធិបតេយ្យ»។
លោក Peter Szijjarto ធ្លាប់មកបំពេញទស្សនកិច្ចនៅភ្នំពេញម្ដងហើយកាលពីឆ្នាំ២០១៦។
លោកប្រធានាធិបតីហុងគ្រី Janos Ader បានមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅភ្នំពេញកាលពីខែតុលាឆ្នាំ២០១៩ ដំណាលគ្នានឹងដំណើរទស្សនកិច្ចរបស់លោក ហ៊ុន សែន ពីរលើកទៅហុងគ្រី ក្នុងខែមិថុនា និងខែតុលា ឆ្នាំ២០១៩។
ព្រះមហាក្សត្រកម្ពុជា ព្រះបាទ នរោត្តម សីហមុនី ក៏ត្រូវរំពឹងថានឹងយាងទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសហុងគ្រី អំឡុងឆ្នាំ២០២១ ឬឆ្នាំ២០២២ខាងមុខនេះផងដែរ។ នេះបើតាមលោក ប្រាក់ សុខុន៕