នៅប្រទេសស៊ែរប៊ីក្នុងភាគខាងកើតទ្វីបអឺរ៉ុប មានមនុស្សរាប់រយនាក់បានចេញតាមដងផ្លូវនៃរដ្ឋធានីប៊ែលក្រាដ (Belgrade) កាលពីរសៀលថ្ងៃព្រហស្បតិ៍ដើម្បីធ្វើបាតុកម្មតវ៉ាប្រឆាំងនឹងលោកប្រធានាធិបតី Aleksandar Vucic ដែលពួកគេបានចោទប្រកាន់ថាបានរឹតត្បិតសេរីភាពបែបប្រជាធិបតេយ្យរបស់ពួកគេ។
ការតវ៉ានៅមុខវិមានប្រធានាធិបតីនេះកើតឡើងតែមួយថ្ងៃក្រោយពីអាជ្ញាធរបានដកបម្រាមរឹតត្បិតដែលត្រូវបានដាក់ដើម្បីទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ១៩។
ប៉ុន្តែពលរដ្ឋដែលតវ៉ានិយាយថា ពួកគេធ្វើការតវ៉ាមិនមែនចំពោះតែការរឹតត្បិតសេរីភាពក្នុងអំឡុងវិបត្តិកូវីដ១៩ប៉ុណ្ណោះទេ។
ក្រុមអ្នកប្រឆាំងបានចោទប្រកាន់ប្រធានាធិបតី Vucic ថាបានប្រើប្រាស់ច្បាប់ដាក់ប្រទេសក្នុងគ្រាអាសន្នដែលត្រូវបានដាក់ក្នុងពេលមានវិបត្តិរាតត្បាតជាសាកលនៃវីរុសកូរ៉ូណានេះ ដើម្បីពង្រឹងអំណាចនៅមុនការបោះឆ្នោតជាតិក្នុងខែមិថុនាខាងមុខ ប៉ុន្តែប្រធានាធិបតី Vucic បានបដិសេធការចោទប្រកាន់ទាំងនេះ។
បាតុករដែលដឹកនាំដោយមេដឹកនាំប្រឆាំងនេះ ក៏ព្យាយាមសម្រុកចូលបរិមានវិមានប្រធានាធិបតីដោយអ្នកយាមមិនបានរារំាង។
មេដឹកនាំគណបក្សប្រឆាំងខ្លះបានប្រកាសពីការធ្វើពហិការមិនចូលរួមការបោះឆ្នោតខែមិថុនា ដោយសារពួកគេអះអាងថាមិនមានសេរីភាពនិងយុត្តធម៌ ដោយបានចោទប្រកាន់ប្រធានាធិបតី Vucic ថាបានគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយមិនឲ្យមានសំឡេងរិះគន់៕