ក្រសួងយុត្តិធម៌សហរដ្ឋអាមេរិកបានឲ្យដឹងថា ខ្លួននឹងធ្វើការស៊ើបអង្កេតមរណភាពរបស់បុរសស្បែកខ្មៅអាមេរិកាំងម្នាក់ ដែលបានស្លាប់ដោយសាររបួសឆ្អឹងខ្នងនៅពេលជាប់ឃុំក្នុងគុកក្រសួងនគរបាលក្រុងបាល់ទីម័រ (Baltimore) នៃរដ្ឋម៉ារីលែន (Maryland) នៅស.រ.អា. ភាគខាងកើត។
ការស៊ើបអង្កេតរបស់សហព័ន្ធនឹងផ្តោតទៅលើការរំលោភសិទ្ធិពលរដ្ឋនៅក្នុងករណីបុរសឈ្មោះ Freddie Gray ដែលត្រូវចាប់ខ្លួននៅថ្ងៃទី ២២ ខែមេសា។
កាលពីថ្ងៃអង្គារម្សិលមិញក្រុមបាតុករជាច្រើនរយនាក់បានជួបជុំគ្នានៅកន្លែងដែល Freddie Gray ត្រូវចាប់ខ្លួន ហើយបានដើរឆ្ពោះទៅប៉ុស្តិ៍ប៉ូលីសដែលនៅចម្ងាយពីរផ្លូវពីទីនោះ ដោយស្រែកពាក្យស្លោកនិងកាន់បដាសរសេរអក្សរថា «ជីវិតជនស្បែកខ្មៅមានតម្លៃ» និង «គ្មានយុត្តិធម៌ គ្មានសន្តិភាព»។ ពាក្យស្លោកនេះបានក្លាយទៅជាតំណាងឲ្យអ្វីដែលក្រុមបាតុករជឿថា ជាការប្រព្រឹត្តមិនត្រឹមត្រូវជាទូទៅទៅលើជនស្បែកខ្មៅ ដោយភ្នាក់ងារនគរបាលនៅពាសពេញស.រ.អា.ទាំងមូល។
នៅព្រឹកថ្ងៃជាមួយគ្នានោះ ភ្នាក់ងារប៉ូលិសក្រុងបាល់ទីម័រ ៦ នាក់ត្រូវបញ្ឈប់មិនឲ្យធ្វើការ ខណៈដែលអាជ្ញាធរធ្វើការស៊ើបអង្កេត អំពីមូលហេតុនៃការចាប់ខ្លួន Freddie Gray និងមូលហេតុដែលបណ្តាលឲ្យគាត់ត្រូវរបួសឆ្អឹងខ្នង៕