ជន​ជាតិ​ប្រេស៊ីល​រាប់​ពាន់​នាក់​ដើរ​តវ៉ា​ប្រឆាំង​អំពើ​ពុក​រលួយ​

ជនជាតិ​ប្រេស៊ីល​ជា​ច្រើន​ពាន់​នាក់​បាន​ដើរ​តវ៉ា​តាម​ផ្លូវ​ប្រឆាំង​នឹង​រដ្ឋាភិបាល​លោក​ស្រី​ប្រធានាធិបតី​ Dilma Rousseff ​ នៅ​មុខ​សភា​ជាតិ​ប្រេស៊ីល​​ក្នុង​រដ្ឋធានី​​ប្រាស៊ីលីយ៉ា​ (Brasilia) ប្រទេស​ប្រេស៊ីល​ កាល​ពី​ថ្ងៃ​ទី​១៥​ ខែ​មីនា​ ឆ្នាំ​២០១៥។

ជនជាតិ​ប្រេស៊ីល​រាប់​ពាន់​នាក់​បាន​ដើរ​តវ៉ា​តាម​ផ្លូវ​នៅ​តាម​ទីក្រុង​នានា​ទូទាំង​ប្រទេស​កាល​ពី​ថ្ងៃ​អាទិត្យ ដោយ​ទាមទារ​ឲ្យ​ដក​លោកស្រី​ប្រធានាធិបតី​ Dilma Rousseff ចេញ​ពី​តំណែង​ដោយ​សារ​អំពើ​ពុក​រលួយ។​

កំហឹង​ភាគច្រើន​របស់​សាធារណជន​ចំពោះ​លោកស្រី​ Rousseff ​កើត​ចេញ​ពី​ភាព​ជាប់​ទាក់​ទិន​នឹង​លុយ​សូក​ប៉ាន់​ពី​ក្រុមហ៊ុន​ប្រេង​គ្រប់​គ្រង​ដោយ​រដ្ឋ​ឈ្មោះ​ ​ Petrobras ​ដែល​រដ្ឋអាជ្ញា​និយាយថា​ ជា​អំពើ​ពុក​រលួយ​ធំ​បំផុត​ដែល​គេ​រក​ឃើញ​នៅ​ប្រទេស​ប្រេស៊ីល។ ​

យ៉ាង​តិច​លុយ​ចំនួន​៨០០​លាន​ដុល្លារអាមេរិក​ត្រូវ​ក្រុមហ៊ុន​សំណង់​ធំៗ​បំផុត​ និង​សហគ្រាស​ផ្សេងៗ​ចំណាយ​ជា​ប្រាក់​សំណូក​ឬ​ជា​មូលនិធិ​ផ្សេងៗ​ទៀត ​ ជា​ថ្នូរ​នឹង​ការសម្រួល​កិច្ចសន្យា​របស់​ក្រុមហ៊ុន​ Petrobras ។ មន្ត្រី​នយោបាយ​រាប់​សិប​នាក់​ រួម​មាន​អ្នក​ជិត​ស្និទ្ធ​នឹង​លោកស្រី​ប្រធានាធិបតី​និង​អតីត​នាយក​ប្រតិបត្តិរបស់​ក្រុមហ៊ុន ​Petrobras ​កំពុង​ត្រូវ​បាន​ស៊ើប​អង្កេត។

មិន​ទាន់​មាន​អ្នក​ណា​ម្នាក់​ត្រូវ​កាត់​ទោស​នៅ​ឡើយ​ទេ​ ​តែ​មាន​អ្នក​ជំនួយ​ការ​២២នាក់​ សមាជិក​ព្រឹទ្ធ​សភា១៣​នាក់ ​និង​អភិបាល​២​នាក់​ជាប់​ពាក់ព័ន្ធ​នឹង​ការចោទ​ប្រកាន់​ពី​បទ​ស៊ី​សំណូក៕