អ្នកទោសនយោបាយរាប់រយនាក់ ត្រូវបាន​ឃុំខ្លួន​នៅក្នុង​ពន្ធនាគារ​នៅ​រ៉ង់ហ្គូន តែការសួរ​ចម្លើយ និងការធ្វើ​ទារុណកម្ម ត្រូវបាន​ធ្វើឡើង​នៅកន្លែងផ្សេង

រូបឯកសារ៖ បុគ្គលិក​ពន្ធនាគារ បើក​ម៉ូតូ​នៅ​ខាងក្រៅ​ពន្ធនាគារ Insein នៅក្នុង​ទីក្រុង​រ៉ង់ហ្គូន​នៃ​ប្រទេស​មីយ៉ាន់ម៉ា កាលពី​ថ្ងៃទី៣ ខែមករា ឆ្នាំ២០១៩។

អ្នក​ទោស​នយោបាយ​យ៉ាង​ហោច​ណាស់ ៤០០ នាក់ ​ត្រូវ​បាន​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ Insein ក្នុង​ប្រទេស​មីយ៉ាន់ម៉ា ដែល​ជា​ពន្ធនាគារ​អាក្រក់​បំផុត​មួយ​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា។ អ្នក​ទោស​ដែល​ត្រូវ​បាន​ដោះលែង​ពី​ពន្ធនាគារ​នេះ​និយាយ​ថា ​ការ​ធ្វើ​ទារុណកម្ម​ និង​ការ​សួរ​ចម្លើយ​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​កន្លែង​ផ្សេង។

រដ្ឋប្រហារ​យោធា​នៅ​មីយ៉ាន់ម៉ា​ដែល​ត្រូវ​បាន​ធ្វើ​ឡើង​កាលពី​៤ខែ​មុន​ បាន​បង្ក​ឱ្យ​មាន​ការ​តវ៉ា​ប្រឆាំង​នៅ​ទូទាំង​ប្រទេស ដោយ​មាន​អ្នក​តវ៉ា​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​រាប់​ពាន់​នាក់​ ចេញ​តវ៉ា​នៅ​តាម​ដង​ផ្លូវ និង​ធ្វើ​កូដកម្ម​ដើម្បី​ជា​ការ​តវ៉ា។

ប៉ុន្តែ​ជា​ការ​សងសឹក កងកម្លាំង​ប្រដាប់​អាវុធ ​បាន​បង្ក្រាប​ដោយ​ហិង្សា​ទៅ​លើ​ក្រុម​បាតុករ ដោយ​បង្ក​ឱ្យ​មនុស្ស​រាប់រយ​នាក់​ស្លាប់ និង​រាប់​ពាន់​នាក់​ត្រូវ​បាន​ចាប់​ខ្លួន។

ពន្ធនាគារ Insein គឺ​ជា​ពន្ធនាគារ​មួយ​ក្នុង​ចំណោម​ពន្ធនាគារ​ដ៏ព្រៃផ្សៃ​បំផុត​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា ដែល​ធ្លាប់​មាន​ប្រវត្តិ​លក្ខខណ្ឌ និង​ទង្វើ​អមនុស្សធម៌។ ចាប់​តាំង​ពី​រដ្ឋប្រហារ​មក អ្នក​ទោស​នយោបាយ​រាប់​រយ​នាក់​ត្រូវ​បាន​ឃុំ​ខ្លួន​នៅ​ទីនោះ ហើយ​មនុស្ស​មួយ​ចំនួន​ត្រូវ​បាន​ធ្វើ​ទារុណកម្ម​ក្នុង​ពេល​សួរ​ចម្លើយ​របស់​អាជ្ញាធរ នេះ​បើ​យោង​តាម​អ្នក​ទោស​ដែល​ត្រូវ​បាន​ដោះលែង។

កាលពីពេលថ្មីៗ​នេះ លោក Yuki Kitazumi អ្នក​កាសែត​ជប៉ុន​មួយ​រូប​ ​ត្រូវ​បាន​ជាប់​ឃុំ​នៅ​ពន្ធនាគារ Insein ជាង​ ១ ខែ បន្ទាប់​ពី​ត្រូវ​បាន​ចាប់​ខ្លួន​ដោយ​របប​យោធា ដែល​កាលពី​ដំបូង​បាន​អះអាង​ថា លោក​បាន​បំពាន​ច្បាប់​អន្តោប្រវេសន៍ ហើយ​ក្រោយ​មក​ចោទប្រកាន់​លោក​ពី​ការ​ទិញ​វីដេអូ​ខុស​ច្បាប់​វិញ។

លោក​បាន​ស្ថិត​ក្នុង​បន្ទប់​តូច​ដាច់​ដោយ​ឡែក​មួយ​នៅ​ពន្ធនាគារ Insein ជា​អ្វី​ដែល​លោក​បាន​ពណ៌នា​ថា «អគារ VIP» ក្នុង​ចំណោម​អ្នក​ទោស​នយោបាយ​ជាច្រើន​នាក់​ផ្សេង​ទៀត។ ទោះ​ជា​យ៉ាង​ណា​ក្តី អ្នក​ទោស​ជាង ១០០ នាក់​ផ្សេង​ទៀត​ បាន​បញ្ច្រៀត​គ្នា​នៅ​ក្នុង​បន្ទប់​តែ​មួយ​យ៉ាង​តូច​ចង្អៀត។

លោក Kitazumi បាន​ថ្លែង​ថា «អ្នក​ទោស​នយោបាយ​ភាគច្រើន​ត្រូវ​បាន​ធ្វើ​ទារុណកម្មនៅ​ក្នុង​បវិវេណ​វិទ្យាស្ថាន​យោធា ទីកន្លែង​ដែល​អ្នក​ទោស​ជាច្រើន​រង​ការ​រំលោភ​ធ្វើបាប ខណៈ​ដែល​ពួកគេ​ត្រូវ​បាន​គេ​បិទ​ភ្នែក​ក្នុង​ពេល​សួរ​ចម្លើយ។ ពួកគេ​មិន​បាន​ធ្វើ​បែប​នេះ ​នៅ​ក្នុង​ពន្ធនាគារ Insein នោះ​ទេ»។

កាំបិត ឬ​កាំភ្លើង?

លោក Kitazumi បាន​បន្ថែម​ថា «បុរស​ម្នាក់ ​ត្រូវ​បាន​គេ​សួរ​ឱ្យ​រើស​រវាង​កាំបិត និង​កាំភ្លើង។ លោក​បាន​រើស​យក​កាំភ្លើង។ ក្រោយ​មក អ្នក​សួរ​ចម្លើយ​ក៏​ភ្ជង់​កាំភ្លើង​ជិត​ក្បាល​លោក ​និង​បាន​ធ្វើ​ការ​សួរ​ចម្លើយ»។

ដោយ​ត្រូវ​បាន​ដោះលែង​ដោយ​មិន​មាន​របួស និង​ត្រូវ​បាន​បញ្ជូន​ត្រឡប់​ទៅ​ទីក្រុង​តូក្យូ​វិញ​នៅ​ដើម​ខែ​ឧសភា​កន្លង​ទៅ លោក Kitazumi ដែល​បាន​ដឹង​គុណ​ដល់​សញ្ជាតិ​របស់​ខ្លួន​ចំពោះ​សេរីភាព​ដែល​លោក​ទទួល​បាន​និយាយ​ថា អ្នក​ទោស​ត្រូវ​បាន​គេ​បង្ខំ​ឱ្យ​ទទួល​ទាន​អាហារ​ពី​កម្រាល​បេតុង​ ដោយ​ដៃ​ត្រូវ​ជាប់​ខ្នោះ​នៅ​នឹង​ខ្នង​របស់​ពួកគេ។

លោក​បាន​បន្ថែម​ថា «ជួន​កាល [ពួកគេ​ត្រូវ​បាន] វាយ​ដោយ​ដំបង នៅ​ពេល​ពួកគេ​មិន​ព្រម​ឆ្លើយ​សំណួរ។ ពួកគេ​បន្ត​ធ្វើ​បែប​នេះ​យ៉ាង​យូរ អាច​ថា ២ ឬ​៣​ថ្ងៃ»។

រូបឯកសារ៖ អ្នកកាសែត​ជនជាតិ​ជប៉ុន​លោក Yuki Kitazumi ដែល​ត្រូវបាន​ចាប់ខ្លួន​ដោយ​កងកម្លាំង​សន្តិសុខ​មីយ៉ាន់ម៉ា បាន​ទៅដល់​អាកាស​យានដ្ឋាន Naritaនៅ​ប្រទេស​ជប៉ុន កាលពី​ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១ ក្រោយពី​លោក​ត្រូវបាន​ដោះលែង​ពីពន្ធនាគារ​នៅ​ប្រទេស​មីយ៉ាន់ម៉ា។

មនុស្ស​រាប់​ពាន់​នាក់​ត្រូវ​បាន​ជាប់​ឃុំ

បើ​យោង​តាម​សមាគម​ជំនួយ​សម្រាប់​អ្នក​ទោស​នយោបាយ (AAPP) ថា សកម្មជន​គាំទ្រ​លទ្ធិ​ប្រជាធិបតេយ្យ​យ៉ាង​ហោច​ណាស់​ក៏៤.០០០ នាក់​ដែរ ត្រូវ​បាន​ឃុំ​ខ្លួន​បន្ទាប់​ពី​មាន​រដ្ឋ​ប្រហារ​មក។

លោក Ko Bo Kyi ស្ថាបនិក​សមាគម AAPP បាន​ប្រាប់ VOA ថា អ្នក​ទោស​នយោបាយ​យ៉ាង​ហោច​ណាស់​៤០០នាក់ ​ត្រូវ​បាន​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ Insein ជា​ទីកន្លែង​ដែល​លោក​ពណ៌នា​ថា ជា​កន្លែង​ដ៏​តូច​ចង្អៀត​ដែល​ដាក់​អ្នក​ទោស​យ៉ាង​ហោច​ណាស់ ១០.០០០ នាក់។ ប៉ុន្តែ​លោក Kyaw Htun Oo អនុប្រធាន​នាយកដ្ឋាន​ពន្ធនាគារ​មីយ៉ាន់ម៉ា​ បាន​បដិសេធ​លើ​ការ​ចោទប្រកាន់​នេះ ដោយ​លើក​យក​ការ​មិន​មាន​ការ​ឆ្លង​ជំងឺ​កូវីដ១៩​នៅ​ក្នុង​ពន្ធនាគារ​ជា​អំណះអំណាង។

VOA មិន​អាច​ធ្វើ​ការបញ្ជាក់​ឯករាជ្យ​បានថា ​តើ​សហគមន៍​ពន្ធនាគារ​នេះ​ មិន​មាន​ករណី​ឆ្លង​ជំងឺ​កូវីដ១៩​ មែន ​ឬ​យ៉ាង​ណា​នោះ​ទេ។

នៅ​ពេល VOA បាន​សួរ​ពី​ចំនួន​អ្នក​ទោស​ដែល​ត្រូវ​បាន​ឃុំ​ខ្លួន​នៅ​ពេល​បច្ចុប្បន្ន ប្រធាន​ផ្នែក​សន្តិសុខ​រូប​នេះ​បាន​និយាយ​ថា លោក​មិន​ទទួល​បាន​ការ​អនុញ្ញាត​ឱ្យ​ឆ្លើយ​នោះ​ទេ ប៉ុន្តែ​ពន្ធនាគារ​នេះ ​អាច​ផ្ទុក​អ្នក​ទោស​បាន៧.០០០ នាក់ និង​ថា អ្នក​ទោស​ទាំង​អស់​ត្រូវ​បាន​យក​ចិត្ត​ទុក​ដាក់​ដូចៗ​គ្នា និង​មិន​មាន​ការ​បំពាន​ណា​មួយ​កើត​ឡើង​នោះ​ទេ។​

លោក Htun Oo បាន​ឆ្លើយ​ដោយ​ស្ម័គ្រ​ចិត្ត​ថា ប៉ុន្តែ​ការ​បំពាន ​ជួនកាល​អាច​កើត​មាន «ប្រហែល​នៅ​ក្នុង​មជ្ឈមណ្ឌល​សួរ​ចម្លើយ»។​

ការ​បំពាន​នៅ​ដំណាក់កាល​សួរ​ចម្លើយ

មេធាវី​មីយ៉ាន់ម៉ា​ម្នាក់​ដែល​និយាយ​ដោយ​សុំ​មិន​បញ្ចេញ​ឈ្មោះ​ដោយសារ​ការ​ភ័យខ្លាច​ចំពោះ​ការ​គុំគួន​បាន​ប្រាប់ VOA ថា ការ​បំពាន​ទំនង​ជា​កើត​មាន​ភ្លាមៗ​បន្ទាប់​ពី​ការ​ចាប់​ខ្លួន ដែល​ភាគច្រើន​ធ្វើ​ឡើង​យោង​តាម​មាត្រា ៥០៥ (ក) នៃ​ក្រម​ព្រហ្មទណ្ឌ​ដែល​ហាមឃាត់​ការ​រំខាន​ដល់​ប្រតិបត្តិការ​របស់​រដ្ឋាភិបាល ឬ​ធ្វើ​សេចក្តីថ្លែងការណ៍​ដែល​បង្ក​ឱ្យ​មាន​ការ​ភ័យខ្លាច។

លោក​បាន​ប្រាប់ VOA ថា «នៅ​ពេល​សួរ​ចម្លើយ យើង​ឮថា​ ពួកគេ​ធ្វើ​ទារុណកម្ម» ហើយ​លោក​បាន​ពន្យល់​ថា ជា​ទូទៅ​អ្វីៗ​នឹង​ល្អ​ប្រសើរ​សម្រាប់​អ្នក​ទោស​នៅ​ពេល​ពួកគេ​ត្រូវ​បាន​នាំ​ចូល​ទៅ​ក្នុង​ពន្ធនាគារ»។

លោក​បាន​និយាយ​ថា «វា​មិន​អី​ទេ​នៅ​ក្នុង​ពន្ធនាគារ។ ខ្ញុំ​ដឹង​ ដោយសារ​តែ​កូន​ប្រុស​របស់​ខ្ញុំ​ក៏​ត្រូវ​បាន​ឃុំ​ខ្លួន​ដែរ​នៅ​ពេល​នេះ»។

លោក Zay Yar Lwin ជាសកម្មជន ​និង​ជា​អតីត​ប្រធាន​សហព័ន្ធ​និស្សិត​សាកលវិទ្យាល័យ​សេដ្ឋកិច្ច​រ៉ង់ហ្គូន ​ត្រូវ​បាន​ជាប់​ឃុំ​នៅ​ពន្ធនាគារ Insein នៅ​ក្នុង​ឆ្នាំ២០១៩ និង​ត្រូវ​បាន​ដោះលែង​នៅ​ក្នុង​ខែមេសា​កន្លង​ទៅ។ លោក​បាន​និយាយ​ថា ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​ពន្ធនាគារ​មាន​ភាព​ល្អ​ប្រសើរ ប៉ុន្តែ​ទង្វើ​ដែល​ប្រព្រឹត្ត​លើ​អ្នក​ទោស​អាស្រ័យ​លើ​អារម្មណ៍​របស់​មន្ត្រី​ពន្ធនាគារ​ពី​មួយ​ថ្ងៃ ​ទៅ​មួយ​ថ្ងៃ។

ប្រទេស​មីយ៉ាន់ម៉ា ដែល​ពី​មុន​ត្រូវ​បាន​គេ​ហៅ​ថា ភូមា ទទួល​បាន​ឯករាជ្យ​ពី​ចក្រភព​អង់គ្លេស​នៅ​ក្នុង​ឆ្នាំ១៩៤៨ ប៉ុន្តែ​ភាគច្រើន​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​យោធា​រហូត​ដល់​ឆ្នាំ២០១១ នៅ​ពេល​ដែល​រដ្ឋាភិបាល​របប​យោធា​ត្រូវ​បាន​រំលាយ ដែល​ផ្តល់​ឱកាស​ឱ្យ​មាន​រដ្ឋាភិបាល​អន្តរកាល​ដែល​ដាក់​ទណ្ឌកម្ម​យោធា ដែល​នាំ​ឱ្យ​មាន​កំណែ​ទម្រង់​បែប​ប្រជាធិបតេយ្យ​ជាមួយ​នឹង​ភាព​ពេញ​និយម​ជាច្រើន។

នៅ​ក្នុង​ការ​បោះឆ្នោត​សកល​កាលពី​ខែវិច្ឆិកា​ឆ្នាំ​មុន យោធា​បាន​តវ៉ា​នឹង​លទ្ធផល​បោះឆ្នោត ដោយ​អះអាង​ដោយ​មិន​មាន​ភស្តុតាង​ថា មាន​ការ​បន្លំ​សន្លឹក​ឆ្នោត។ នៅ​ថ្ងៃទី១ ខែកុម្ភៈ យោធា​មីយ៉ាន់ម៉ា​ បាន​ទម្លាក់​រដ្ឋាភិបាល​សម្ព័ន្ធ​ជាតិ​ដើម្បី​ប្រជាធិបតេយ្យ​ចេញ​ពី​តំណែង និង​បាន​ចាប់​ខ្លួន​លោកស្រី Aung San Suu Kyi និង​លោក​ប្រធានាធិបតី Win Myint។

ពន្ធនាគារ Insein ត្រូវ​បាន​សាងសង់​ដោយ​ចក្រភព​អង់គ្លេស​នៅ​ឆ្នាំ១៨៨៧ និង​ជា​ប្រធានបទ​ដ៏​ចម្រូងចម្រាស​ចាប់​តាំង​ពី​ពេល​ដែល​យោធា​បាន​ដណ្តើម​អំណាច​ បន្ទាប់​ពី​មាន​ការ​បះបោរ​មួយ​នៅ​ក្នុង​ឆ្នាំ១៩៨៨។ មាន​របាយការណ៍​នៅ​ពេល​នោះ​ថា អ្នក​ទោស​ប្រឈម​មុខ​នឹង​លក្ខខណ្ឌ​គ្មាន​អនាម័យ និង​ការ​ធ្វើ​ទារុណកម្ម ដែល​ជួនកាល​ធ្វើ​ឱ្យ​មាន​ការ​ធ្វើ​កូដកម្ម​ដោយ​បង្អត់​អាហារ។ នា​ពេល​ថ្មីៗ​នេះ លោកស្រី Suu Kyi ដែល​ត្រូវ​បាន​យោធា​ទម្លាក់​ពី​តំណែង ​ត្រូវ​បាន​ឃុំ​ខ្លួន​នៅ​ទីនោះ​ចំនួន​ ៣ លើក៕

ប្រែសម្រួល​ដោយលោក ​ជឹង ប៉ូជីន