សមាជិកសភារាប់រយនាក់ត្រូវបានឃុំឃាំងកាលពីថ្ងៃអង្គារម្សិលមិញ ដោយត្រូវស្ថិតនៅក្នុងអគារស្នាក់នៅរបស់រដ្ឋ ដែលមានការយាមកាមពីក្រុមយោធា។
ការឃុំឃាំងនេះត្រូវបានធ្វើឡើង ក្នុងរយៈពេលមួយថ្ងៃ បន្ទាប់ពីក្រុមយោធាបានដណ្តើមក្តោបក្ដាប់អំណាចនៅក្នុងរដ្ឋប្រហារមួយ បន្ទាប់ពីមានការចាប់ឃុំខ្លួនអ្នកនយោបាយជាន់ខ្ពស់ជាច្រើនរូបដែលក្នុងនោះក៏មានមេដឹកនាំអ្នកស្រី Aung San Suu Kyi ផងដែរ។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AP។
សមាជិកសភាមួយរូបដែលត្រូវបានចាប់ឃុំខ្លួននោះ បាននិយាយថា រូបលោកនិងមនុស្សប្រមាណ ៤០០ នាក់ផ្សេងទៀត មិនបានសម្រាន្តនោះទេ កាលពីយប់មិញ ដោយព្រួយបារម្ភថា ពួកគេនឹងអាចត្រូវនាំខ្លួនទៅកន្លែងផ្សេង ប៉ុន្តែពួកគេមិនត្រូវបានគេនាំទៅណានោះទេ ហើយក៏មិនមានបញ្ហាអីនោះដែរ។
ពួកគេនៅអាចនិយាយរកគ្នាទៅវិញទៅមកបាននៅក្នុងបរិវេណអគារស្នាក់នៅនោះ និងអាចធ្វើការទំនាក់ទំនងតាមទូរស័ព្ទទៅខាងក្រៅផងដែរ ប៉ុន្តែពួកគេមិនត្រូវបានអនុញ្ញាតឲ្យចាកចេញពីបរិវេណអគារដែលគេកំពុងស្នាក់នៅក្នុងទីក្រុងណៃពិដោនោះទេ។ សមាជិកសភារូបនោះក៏បានបញ្ជាក់ផងដែរថា អ្នកស្រី Aung San Suu Kyi មិនត្រូវបានឃុំខ្លួននៅក្នុងកន្លែងជាមួយពួកគាត់នោះឡើយ។
សមាជិកសភារូបនោះបានប្រាប់ទីភ្នាក់ងារព័ត៌មាន AP ដោយសុំមិនបញ្ចេញឈ្មោះព្រោះបារម្ភពីសុវត្ថិភាពរបស់លោកថា៖ «យើងត្រូវភ្ញាក់រហូតហើយត្រូវប្រុងប្រយ័ត្នជាប់»។
លោកថា ក្រុមប៉ូលិសក៏ស្ថិតក្នុងបរិវេណខាងក្នុងនៃអគារស្នាក់នៅដែលសមាជិករបស់គណបក្សអ្នកស្រី Aung San Suu Kyi និងសមាជិកគណបក្សតូចៗជាច្រើនទៀត កំពុងត្រូវបានគេឃុំខ្លួននោះដែរហើយក្រុមយោធានៅឈរយាមនៅខាងក្រៅអគារ។
រដ្ឋប្រហារនោះបានកើតមានឡើងនៅពេលព្រឹកព្រលឹមថ្ងៃចន្ទ ខណៈពេលដែលក្រុមសមាជិកសភាបានមកជួបជុំគ្នាក្នុងរដ្ឋធានី ដើម្បីបើកសម័យប្រជុំសភាថ្មី។
ក្រុមយោធាបាននិយាយថា ការដណ្តើមអំណាចគ្រប់គ្រងដោយយោធាជាការចាំបាច់ ដោយសារតែរដ្ឋាភិបាលមិនបានអនុវត្តទៅតាមការទាមទាររបស់ក្រុមយោធាទេជុំវិញការបោះឆ្នោត កាលពីខែវិច្ឆិកាកន្លងទៅ ដែលមានការលួចបន្លំនោះហើយការបោះឆ្នោតនោះបានធ្វើឲ្យគណបក្សកាន់អំណាចរបស់អ្នកស្រី Aung San Suu Kyi បានឈ្នះអាសនៈសភាភាគច្រើន នៅក្នុងការបោះឆ្នោតនោះ។
ក្រុមយោធាថា ការដណ្តើមអំណាចរបស់ក្រុមខ្លួនគឺស្របទៅតាមរដ្ឋធម្មនុញ្ញ។ ប៉ុន្តែទោះជាយ៉ាងនេះក្តី ក៏ការដណ្តើមអំណាចដោយក្រុមយោធានោះត្រូវបានថ្កោលទោសយ៉ាងខ្លាំងពីបណ្ដាប្រទេសជាច្រើន។
លោក Bo Bo Oo សមាជិកសភានៃគណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យនិងជាអតីតអ្នកទោសនយោបាយផងនោះ បានគូសបញ្ជាក់ថា គណបក្សរបស់លោកពុំមានគម្រោងធ្វើបាតុកម្មតវ៉ានៅតាមដងផ្លូវនោះទេ ប៉ុន្តែកំពុងសម្លឹងរកមើលជម្រើសផ្លូវច្បាប់ផ្សេងៗ ក្នុងការប្រឹងប្រែងដើម្បីយកអំណាចពីក្រុមយោធាត្រឡប់មកវិញ។
លោកនិយាយថា៖ «យើងកំពុងធ្វើការដើម្បីដោះស្រាយបញ្ហានេះដោយសន្តិវិធី។ ពេលនេះយើងមិនមានគម្រោងធ្វើការតវ៉ាប្រឆាំងធំដុំអីនោះទេ»។ លោកថា លោកអាចនឹងត្រូវគេចាប់ខ្លួននៅពេលណាមួយ៕