ពលរដ្ឋ​រាប់​រយ​នាក់​តវ៉ាសុំ​ឱ្យ​អាជ្ញាធរ​ខេត្ត​សៀមរាប​ដោះស្រាយ​ទំនាស់​ដីធ្លី

ផ្ទះ​ឈើ​ដែល​សង់​មិន​ទាន់​រួច​​នៅ​ក្នុង​ភូមិ​គោក​បេង​ ជាយ​ក្រុង​​​សៀមរាប កាល​ពី​ថ្ងៃ​​ទី​២១​ ខែ​មីនា​ ឆ្នាំ​២០១៥។ ភូមិ​នេះ​ស្ថិត​នៅ​ក្នុង​តំបន់១និង​២​ ក្នុង​រមណីយដ្ឋាន​អង្គរ​ ដែល​គ្រប់​គ្រង​ដោយ​អាជ្ញាធរ​អប្សរា។​ រាល់​ការ​ទិញ​លក់ សាងសង់នានា​ ​ដើម្បី​ប្រាក់​ចំណេញ​ក្រុម​ហ៊ុន​ មិន​ត្រូវ​បាន​អនុញ្ញាត​ឡើយ​ក្នុង​តំបន់​នេះ។​ (នូវ​ ពៅ​លក្ខិណា​/VOA)

អាជ្ញាធរ​មានសមត្ថ​កិច្ច​ប្រមាណ​ជាង​១០០នាក់​កាល​ពីព្រឹក​ថ្ងៃ​សុក្រ​នេះ​ បាន​រារាំង​មិន​ឲ្យ​ប្រជាពលរដ្ឋ​មកពី​សហគមន៍​ចំនួន១១​ដាក់​ញត្តិ ដើម្បី​រក​ដំណោះ​ស្រាយ​ដល់​ជម្លោះ​ដីធ្លី​របស់​ពួកគេ​ នៅឯ​សាលា​ខេត្ត​សៀមរាប​នៃ​ប្រទេស​កម្ពុជា។​ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​តំណាង​ប្រជាពលរដ្ឋ និងមន្រ្តី​សិទ្ធិ​មនុស្ស។

លោក ​ហូន ហំ​ អាយុ​ ៣៣​ឆ្នាំ​ តំណាង​ឲ្យ​ប្រជាពលរដ្ឋ​៣៨គ្រួសារ ​ដែល​មាន​ទំនាស់​ដីធ្លី​ចំនួន​១៦១ហិកតា​ជាមួយ​អា​ជ្ញាធរ​អប្សរា​តាំងពី​ឆ្នាំ​២០០៥​មក​ នៅក្នុងស្រុក​បន្ទាយ​ស្រី​ ខេត្ត​សៀមរាប​ បាន​ឲ្យ​ដឹង​ថា ​អាជ្ញាធរ​មាន​សមត្ថកិច្ច​បាន​ទប់​ស្កាត់​មិន​ឲ្យ​ប្រជាពលរដ្ឋ​ប្រមាណ​ជា៧០០គ្រួសារ​ចូល​ទៅ​សាលា​ខេត្តសៀម​រាប​ដើម្បី​ដាក់​ញត្តិ ​បើ​ទោះ​ជា​ការ​ដាក់​ញត្តិ​នេះ​មិនមែន​ជា​លើក​ដំបូង​ក៏ដោយ អាជ្ញាធរ​មាន​សមត្ថកិច្ច​យក​លេស​ថា ​ថ្នាក់​ដឹកនាំ​ខេត្ត​កំពុង​ជួប​ប្រជុំ​ជាមួយ​នឹង​សមាជិក​ព្រឹទ្ធសភា​មួយ​រូប។​

លោក​និយាយ​ថា៖ «គាត់​រារាំង​ដែរ​ ព្រោះ​យើង​ធ្វើ​ដំណើរ​ទៅ​ គាត់​រារាំង​នៅ​ឯ​ត្បូង​សាលា​ខេត្ត​ អត់​ឲ្យ​យើង​ទៅ​។ មូលហេតុ​ដោយ​សារ​តែ​មាន​គណៈកម្មការ​ព្រឹទ្ធ​សភា​ប្រជុំ​ អត់​ឲ្យ​យើង​ទៅ​ដូច្នេះ​ឲ្យ​យើង​រង់​ចាំ​ចូល​ដល់​ម៉ោង​២»។​

បើ​ទោះ​ជា​មាន​ការ​រារាំង​ពី​អាជ្ញាធរ​មាន​សមត្ថកិច្ច​ លោក សត ណាឌី ​ស្នងការ​ប៉ូលិស​ខេត្ត​ បាន​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​ ហើយ​បាន​បញ្ជាក់​ប្រាប់​ VOA ​ថា​ អាជ្ញាធរ​មាន​សមត្ថកិច្ច​គ្រាន់​តែ​សម្រួល​ពលរដ្ឋ​ទាំង​អស់​នោះ​ កុំ​ឲ្យ​មក​សម្រុក​ដាក់​ញត្តិ​រួមគ្នា​ប៉ុណ្ណោះ​ ដើម្បី​រក្សា​របៀប​របប​រៀបរយ។​

លោក​មាន​ប្រសាសន៍​ថា​៖ «មិនមែន​រារាំង​ទេ​ គ្រាន់​សំណូមពរ​ឲ្យ​គាត់​ចូល​មាន​របៀប​របប​ ចាត់តាំង​តំណាង​ឲ្យ​ចូល។ បើ​មក​រាប់រយ​នាក់ចង់​ចូល​ទាំង​អស់​ហ្នឹង​ ធ្វើម៉េច​ទៅ​ចូល​ទៅ​កើត។​ ចូល​តំណាង​១៧នាក់​ចូល​ទៅ»​។​

ការ​នាំ​យក​ញត្តិ​មក​ដាក់​ជូន​សាលាខេត្ត​នេះ​ គឺត្រូវ​បាន​ធ្វើឡើង​ នៅ​ខណៈពេល​ដែល​អាជ្ញាធរ​ខេត្ត​សៀមរាប​មិន​ទាន់​អាច​រក​បាន​នូវ​ដំណោះ​ស្រាយ​លើ​ជម្លោះ​ដីធ្លី​រ៉ាំរ៉ៃ​រវាង​ប្រជាពលរដ្ឋ​ជាង​មួយពាន់គ្រួសារ​ជាមួយ​ និង​កងយោធា ​អាជ្ញាធរ​អប្សរា ​រដ្ឋបាល​ព្រៃ​ឈើ​ និង​ក្រុមហ៊ុន​អភិវឌ្ឍន៍​កសិកម្ម​តាំង​ពីឆ្នាំ​២០០៥​មក។​

លោក​ ហូន ហំ​ ដែល​បាន​ចូលជួប​ប្រជុំ​ជាមួយ​លោក គឹម ឆៃហៀង ​អភិបាល​រង​ខេត្តសៀមរាបបាន​ឲ្យ​ដឹង​ទៀត​ដែរ​ថា ​លោក​អភិបាលរង​ខេត្ត​ នឹង​យក​ញត្តិ​នេះ​ដាក់​ជូន​លោក​អភិបាល​ខេត្ត​ ដើម្បី​ស្វែង​រក​ដំណោះស្រាយ។​

លោក​បន្ត​ថា៖ «ដោយ​សារ​តែ​លោក​អភិ​បាល​អត់​នៅ​ ដូច្នេះ​គាត់​នឹង​ទទួល​យក​សំណូមពរ​ដាក់​ជូន​ហើយ​។​ ហើយ​គាត់​និង​ដោះ​ស្រាយ​យ៉ាង​ម៉េច​ៗ​ទៀត​ ចាំ​ជួប​ជាមួយ​ភាគី​ដែល​មាន​ទំនាស់​រួច​បាន​គាត់​ថា​នឹង​អញ្ជើញ​ពួកយើង​ជា​ប្រជាពលរដ្ឋ ​ដែល​មាន​ទំនាស់​ហ្នឹង​មក​ជួប ហើយចរចា​គ្នា​ដើម្បី​ធ្វើ​ការ​ដោះ​ស្រាយ​។

លោក​ ចៅ ល័ក្ខវណ្ណា ​មន្រ្តី​ស៊ើបអង្កេត​របស់​អង្គការ​សិទ្ធិមនុស្ស​លីកាដូ​ប្រចាំ​ខេត្ត​សៀមរាប​បាន​មាន​ប្រសាសន៍​ថា ​ទំនាស់​ដីធ្លី​នេះ​ជា​ទំនាស់​យូរអង្វែង​ ដែល​មាន​ភាព​ស្មុគស្មាញ​ ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ មកពី​សហគមន៍​ទាំង​១១​នេះ​បន្ត​ទៀមទារ​រក​ដំណោះ​ស្រាយ​ពី​សាលា​ខេត្ត​។​

លោក​និយាយ​ថា៖ «ដោយ​សារ​តែ​បញ្ហា​ទំនាស់​វា​ផ្សេងៗ​គ្នា​ អញ្ចឹង​ទៅ​ពលរដ្ឋ​គាត់​សម្រេច​ចិត្ត​ដាក់​ជា​ញត្តិរួម​មួយ ​ដើម្បី​ជូន​អភិបាល​ខេត្ត ដែល​សុំ​ឲ្យ​មាន​ដំណោះ​ស្រាយ​សម្រាប់​ពួក​គាត់​។​ នៅក្នុង​ការ​ឆ្លើយ​តប​របស់​ឯក​ឧត្តម​អភិបាល​ខេត្ត​រង​ គឺ​គាត់​ថា​ដោយសា​តែអភិបាល​ខេត្ត​លោក​អត់​បាន​នៅ​ទី​នេះ​ លោក​បាន​ជាប់​បេស​កកម្ម​ចេញ​ទៅ​ប្រទេស​ក្រៅ​ អញ្ចឹង​ទៅ​សន្យា​ក្នុង​កំឡុង​ពេល​ដែល​ឯកឧត្តម​អភិបាល​ខេត្ត​លោក​អញ្ជើញ​មក​វិញ​ នឹង​ជូន​ព័ត៌​មាន​ក្នុង​កំឡុងពេល​រយៈ១០ថ្ងៃ»។

លោក ​គឹម ឆៃហៀង ​អភិបាល​រងខេត្ត​សៀមរាប​បានមានប្រសាសន៍​ថា​ អាជ្ញាធរ​ខេត្ត​បាន​ចាប់​ផ្តើម​ធ្វើការ​លើ​ញត្តិ​នេះ​ ហើយ​ប៉ុន្តែ​មិន​ដឹង​ថា​នឹង​ចប់​ពេល​ណា​ទេ​៖

«ការ​ចាប់​ផ្តើម​យើង​កំណត់​បាន​តែ​បញ្ចប់ ​យើង​មិន​អាច​កំណត់​បាន។​ ការ​ចាប់​ផ្តើម​មាន​ន័យ​ថា មន្ត្រី​រាជការ​ចាប់​ពីឥឡូវ​ហ្នឹង​តែ​ម្តង​។​ យើង​ត្រូវធ្វើការ​សិក្សា​រក​អង្គហេតុ​អង្គ​ច្បាប់»​។​ ​

ក្រុម​ប្រជា​ពលរដ្ឋ​ដែល​មាន​ទំនាស់ដីធ្លី​មកពី​សហគមន៍​ចំនួន​១១ គឺ​ស្រុក​ស្វាយលើ ស្រុក​វ៉ារិន ស្រុក​បន្ទាយ​ស្រី ស្រុក​អង្គរធំ ស្រុក​ប្រាសាទបាគង ​ស្រុកពួក និង​ក្រុង​សៀមរាប៕