មួយថ្ងៃមុននឹងសហគមន៍អឺរ៉ុបសម្រេចលើជោគវាសនារបស់កម្ពុជាថានឹងបន្តទទួលបានឬលែងទទួលបានប្រព័ន្ធអនុគ្រោះពន្ធ«គ្រប់មុខទំនិញលើកលែងសព្វាវុធ» ឬ Everything But Arms(EBA)និងខណៈពេលដែលវីរុសកូរ៉ូណាសម្លាប់មនុស្សច្រើនជាង១០០០នាក់នៅប្រទេសចិនលោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានថ្លែងប្រាប់ ប្រជាពលរដ្ឋកម្ពុជាថាកុំឲ្យបារម្ភពីការបាត់ប្រព័ន្ធអនុគ្រោះពន្ធនិងកុំខ្លាចវីរុសកូរ៉ូណាថ្មី។
នៅថ្ងៃពុធស្អែកនេះសហគមន៍អឺរ៉ុបនឹងបង្ហាញសេចក្តីសម្រេចរបស់ខ្លួនមួយ ថាតើនឹងព្យួរប្រព័ន្ធអនុគ្រោះពន្ធEBA ដែលជាប្រព័ន្ធមួយផ្តល់ផលប្រយោជន៍ដល់កម្ពុជាក្នុងការនាំចេញទំនិញផលិតក្នុងស្រុកដោយមិនមានការយកពន្ធ។
នៅព្រឹកថ្ងៃអង្គារនេះនៅក្នុងពិធីបើកការដ្ឋានជួសជុលកំណាត់ផ្លូវជាតិលេខ២ លោក ហ៊ុន សែន ថ្លែងយ៉ាងដូច្នេះថា៖
«ប្រសិនបើមានរឿងអ្វីកើតឡើងសូមកុំស្លន់ស្លោទាក់ទងនឹងការសម្រេចចិត្តរបស់អឺរ៉ុបយ៉ាងម៉េច កុំមានការតក់ស្លុតឲ្យសោះ។ យើងត្រូវពឹងលើការដកដង្ហើមខ្លួនឯង។យើងដកបាន គឺយើងដក។ បើមានជំនួយអុកស៊ី[សែន]បន្ថែមអាហ្នឹងល្អ។ តែបើសិនដកយើងក៏មានលទ្ធភាពដើម្បីដកដង្ហើមដោយខ្លួនឯងដែរ»។
លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានបន្តពន្យល់ពីអំពីភាពមិននឹងនររបស់សហភាពអឺរ៉ុបដោយលោកបានលើកឡើងពីការចាកចេញរបស់ប្រទេសអង់គ្លេសពីប្លុកនេះដែលបង្ហាញពីភាពមិនចុះសម្រុងនិងជម្លោះផ្ទៃក្នុងនៃប្រទេសដែលជាសមាជិករបស់សហភាពនេះ។
ទោះបីជាយ៉ាងណាក៏ដោយជិត២០ឆ្នាំមកហើយកម្ពុជាទទួលបានឋានៈអនុគ្រោះពន្ធ EBA ពីសហភាពអឺរ៉ុប។ កម្ពុជានាំចេញផលិតផលរបស់ខ្លួនចូលទៅទីផ្សារសហភាពអឺរ៉ុបនៅក្នុងមួយឆ្នាំៗគិតជាទឹកប្រាក់មានចំនួនជាង៥,៥ពាន់លានដុល្លារសហរដ្ឋអាមេរិក ដោយមិនមានការបង់ពន្ធ។ជារៀងរាល់ឆ្នាំ EBA អាចឲ្យកម្ពុជាចំណេញប្រាក់ជាង៦០០លានដុល្លារ។ទំនិញដែលកម្ពុជាដឹកទៅទីផ្សារសហភាពអឺរ៉ុបមានផលិតវាយនភណ្ឌដូចជាសម្លៀកបំពាក់ ស្បែកជើង ផលិតផលកសិកម្មនិងផលិតកង់ជាដើម។
នៅថ្ងៃអង្គារនេះដែរ លោក ហ៊ុន សែន ក៏បានផ្តាំប្រជាពលរដ្ឋមិនឲ្យភ័យខ្លាចជំងឺរលាកផ្លូវដង្ហើមដែលបង្កឡើងដោយវីរុសកូរ៉ូណាថ្មី(2019-nCov)ដែលបានសម្លាប់មនុស្សជាង១០០០នាក់នៅក្នុងប្រទេសចិនហើយក្នុងនោះមានមនុស្សម្នាក់ស្លាប់នៅនៅទីក្រុងហុងកុងនិងម្នាក់ទៀតនៅប្រទេសហ្វីលីពីន។
មនុស្សជិត៤៣០០០នាក់ទៀតបានឆ្លងវីរុសកូរ៉ូណាថ្មីដែលបានផ្ទុះនៅទីក្រុងវូហាន នៃប្រទេសចិនហើយឆ្លងរាតត្បាតដល់ទៅជិត៣០ប្រទេស។
លោកហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា៖
«សូមកុំឲ្យមានការភ័យខ្លាច។ ភ័យខ្លាចទី១ គឺកុំភ័យខ្លាចអារឿងកូរ៉ូណានេះ ហើយកុំមានការរើសអើងកុំមានការរើសអើង»។
តែទោះជាយ៉ាងណាលោកផ្តាំទៅប្រជាពលរដ្ឋឲ្យមានស្មារតីការពារខ្លួន ដោយផ្ទាល់ខ្លួន។
លោក ហ៊ុន សែន បានថ្លែងដូច្នេះថា៖ «លាងដៃតាមក្បួនអនាម័យទៅចាប់ផ្តើមពីមនុស្សម្នាក់ៗ គ្រួសារនីមួយៗ ចាប់ផ្តើមពីកន្លែងហ្នឹងតែម្តង។ បើរស់នៅអត់អនាម័យកុំថាមានជំងឺអីឬជំងឺអី ជំងឺតែក្នុងផ្ទះហ្នឹងគឺជំងឺខ្វះអនាម័យ»។
អ្នកការពារសិទ្ធិមនុស្សបាននិយាយថាភាពរហ័សនៃព័ត៌មានធ្វើឲ្យប្រជាពលរដ្ឋដឹងច្រើន។
លោកសឹង សែនករុណាអ្នកនាំពាក្យសមាគមសិទ្ធិមនុស្សអាដហុកបាននិយាយថារដ្ឋាភិបាលជៀសមិនផុតពីប្រតិកម្មនានារបស់ប្រជាពលរដ្ឋឡើយដោយសារប្រជាពលរដ្ឋធ្លាប់បានទទួលព័ត៌មានច្រើន។
លោកសឹង សែនករុណា និយាយថា៖ «ខ្ញុំយល់ថាវាពិបាកនឹងលុបបំបាត់ក្នុងព្រួយបារម្ភហ្នឹងណាស់ទាំងរឿង EBA ទាំងកូរ៉ូណាហ្នឹងណាស់។ ដោយសារអី? ដោយសារបច្ចុប្បន្នមានលំហូរនៃព័ត៌មានតាមរយៈបណ្តាញសង្គមនិងប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិជាច្រើនដែលគេបានបង្ហាញអំពីហានិភ័យនៃជំងឺទាំងអស់ហ្នឹង ដែលធ្វើឲ្យប៉ះពាល់ដល់អាយុជីវិតប្រជាពលរដ្ឋនៅក្នុងប្រទេសចិនកាន់តែកើនឡើង ខណៈកម្ពុជាយើងជាមិត្តដ៏ជិតស្និទ្ធរបស់ប្រទេសចិនទៅទៀត»។
លោកបន្តថា៖«មិនថាអ្នកដឹកនាំទេបុគ្គលណាក៏ដោយបើកាលណាយើង[ពលរដ្ឋ]លើកឡើងអំពីភាពអវិជ្ជមានអ្វីមួយ ដែលគេបារម្ភអំពីរឿងហ្នឹងហើយយើងលើកឡើងអំពីអ្វីដែលផ្ទុយដោយអត់មានហេតុផលឬមូលហេតុច្បាស់លាស់មកការពារហ្នឹងវាមានផលប្រឈមប៉ះពាល់ដល់តម្លៃឬកិត្តិយសរបស់អ្នកដែលលើកឡើងទៅវិញទេ»។
មកទល់ល្ងាចនេះ ក្រសួងសុខាភិបាលបញ្ជាក់ថាមិនទាន់មានករណីថ្មីនៃវីរុសកូរ៉ូណាថ្មីកើតមាននៅក្នុងប្រទេសកម្ពុជាឡើយ។
កាលពីសប្តាហ៍មុនលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ធ្វើទស្សនកិច្ចនៅទីក្រុងប៉េកាំងនិងបានជួបពិភាក្សាជាមួយនឹងលោកប្រធានាធិបតីចិនលោក ស៊ី ជីនពីង។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជាស្តីពីលទ្ធផលនៃទស្សនកិច្ចនេះបានឲ្យដឹងថា លោក ហ៊ុន សែន បានស្នើជំរុញល្បឿននៃការចរចានិងឈានទៅចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិនឲ្យបានក្នុងពេលឆាប់ៗខាងមុខ ដើម្បីផ្តល់លទ្ធភាពឲ្យកម្ពុជាមានទីផ្សារកាន់តែធំសម្រាប់ផលិតផលរបស់ខ្លួន។ សេចក្តីប្រកាសព័ត៌មានបញ្ជាក់ថាថ្នាក់ដឹកនាំចិនដែលកំពុងតែប្រឈមនឹងមេរោគកូរ៉ូណាថ្មីនេះបានឯកភាពចំពោះសំណូមពរនេះ៕