លោក ហ៊ុន សែន​ គ្រោង​នឹង​ប្រើ​កង​ទ័ព​បង្ក្រាប​ការ​វិលត្រឡប់​មក​កម្ពុជា​របស់​លោក សម រង្ស៊ី

រូបឯកសារ៖ លោក សម រង្ស៊ី (ឆ្វេង)​ អតីតមេដឹកនាំគណបក្សសង្គ្រោះជាតិដែលត្រូវបានតុលាការរំលាយ និងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ (រូបថត៖ AP/Reuters)

លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន បាន​គំរាម​ប្រើ​កម្លាំង​កង​ទ័ព​ដើម្បី​បង្ក្រាប​ការ​វិល​ត្រឡប់​មក​វិញ​របស់​លោក សម រង្ស៊ី នៅ​ខែ​ក្រោយ​នេះ។ អ្នក​វិភាគ​គិត​ថា ការ​ប្រើ​ប្រាស់​វិធាន​ការ​បង្ក្រាប​នេះ អាច​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​លទ្ធិ​ប្រជាធិបតេយ្យ​ក្នុង​ប្រទេស។

«មិន​ដឹង​ថា ថ្ងៃ​០៩ ហ្នឹង​ត្រូវ​ស្លាប់ ឬ​ត្រូវ​រស់​ ឬ​ត្រូវ​គេ​ចាប់​ខ្លួន។ បើ​គេ​ប្រកាស​យប់​មិញ​ហើយ​ គេ​ប្រកាស​រៃ​លុយ​ដើម្បី​ចិញ្ចឹម​ទ័ព​ទៀត។​ អា​ហ្នឹង​ហើយ​ សម្រាប់​អញ​វ៉ៃ អញ​ប្រាប់​ឲ្យ​ហើយ​វ៉ើយ»។ នេះ​គឺ​ជា​ការ​ប្រកាស​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន​នៅ​ថ្ងៃ​ចន្ទ​នេះ។

​ថ្វី​បើ​មិន​បង្ហាញ​ចំៗ​ ប៉ុន្តែ​លោក​ហ៊ុន សែន​ ទំនង​ជា​ចង់​និយាយ​សំដៅ​ទៅ​កាន់​លោក​ សម រង្ស៊ី ប្រធាន​ស្ដីទី​អតីត​គណបក្ស​សង្គ្រោះ​ជាតិ។

លោក​ សម រង្ស៊ី ដែលបាន​ប្រកាស​ទុកជា​មុន​ថាលោក​នឹង​វិល​ត្រឡប់​មក​កាន់​ប្រទេស​កម្ពុជា​វិញ​នៅ​ថ្ងៃ​ទី៩​ខែ​វិច្ឆិកា​ខាង​មុខ​ ដើម្បី​ធ្វើ​ការ​ផ្លាស់​ប្ដូរ​របប​ដឹក​នាំ។​ប៉ុន្តែ​រដ្ឋាភិបាល​បាន​ហៅ​សេចក្ដី​អះអាង​នោះ​ថា​ជា​ចេតនា​ធ្វើ​រដ្ឋ​ប្រហារ​ផ្ដួល​រំលំ​រដ្ឋាភិបាល។

ក្នុងពិធី​សំណេះ​សំណាល​ជា​មួយ​ក្រុម​សិស្សានុសិស្ស​ដែលប្រឡង​មធ្យម​សិក្សា​ទុតិយភូមិ ឬ​បាក់ឌុប​ជាប់​និទ្ទេស អេ ក្នុង​ទីក្រុង​ភ្នំពេញ​នៅ​ថ្ងៃ​ចន្ទ​នេះ លោក ​ហ៊ុន សែន ​បាន​គំរាម​ប្រើ​កម្លាំង​យោធា ដើម្បី​បង្ក្រាបទៅ​លើ​ការ​វិល​ត្រឡប់​មក​វិញ​របស់​លោក​ សម រង្ស៊ី។

«តា​មាន​ប្រដាប់​អាវុធ​ហើយ អញ​វៃ​ហើយ។ អា​ហ្នឹង​ឃើញ​ទីណា វៃ​ទី​ហ្នឹង​ហ្មង។ អា​នេះ​គឺ​អត់​មាន​ ត្រូវ​ចាំ​ដីកា​ចាប់​ខ្លួន​។ អា​នេះ​ឃើញ​ទីណា វៃ​ទី​ហ្នឹង​ហ្មង។ ផ្ដល់​ឱកាស​ឲ្យ​កងកម្លាំង​ប្រដាប់​អាវុធក្នុង​ហ្នឹង​មាន​កងទ័ព​ចេញ​ធ្វើ​សកម្មភាព»។

ដោយ​ឡែក​នៅ​ថ្ងៃ​ចន្ទ​ដដែលនេះ អ្នកស្រី​ មូរ សុខហួរ​ អនុប្រធាន​អតីតគណបក្ស​សង្គ្រោះ​ជាតិ​ បាន​សរសេរ​សារ​បង្ហោះ​នៅ​ក្នុង​គណនី Twitter របស់​អ្នកស្រី​ដោយ​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​របស់​រដ្ឋាភិបាល​ថា​ការ​និវត្ត​មក​កាន់​ប្រទេស​កម្ពុជា​វិញ​របស់​លោក ​សម រង្ស៊ី គឺ​ដើម្បី​«​ធ្វើ​ការ​បះបោរ​ប្រដាប់​អាវុធ»។

ក្នុង​សារ​ជា​ភាសា​អង់គ្លេស​អ្នក​ស្រី ​មូរ​ សុខហួរ លើក​ឡើង​ថា​ការ​ចោទប្រកាន់របស់​រដ្ឋាភិបាល​«​ខុស​ពី​ការ​ពិត និង​ភាព​ស្របច្បាប់»។ អ្នក​ស្រី​បន្ថែម​ថា​«ពួក​យើង​គ្មាន​អាវុធ​នោះ​ទេ»។

​កាល​ពី​ថ្ងៃ​សៅរ៍​សប្ដាហ៍​កន្លង​ទៅ លោក​ សម រង្ស៊ី ប្រធាន​ស្ដីទី​អតីត​គណបក្ស​សង្គ្រោះ​ជាតិបាន​វាយ​បក​លើ​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន ដោយ​ប្រើ​សំដី​ធ្ងន់ៗ​និង​បាន​ហៅ​លោក​ហ៊ុន សែន ថា​បាន​«ធ្វើ​សង្គ្រាម​ប្រឆាំង​ប្រជា​ពល​រដ្ឋ​ ដើម្បី​បម្រើ​ប្រយោជន៍​ផ្ទាល់​ខ្លួន និង​ក្រុម​គ្រួសារ»។

លោក​ ឯម សុវណ្ណារ៉ា អ្នក​វិភាគ​នយោបាយ​ បាន​ប្រាប់​ VOA នៅ​ថ្ងៃ​នេះ​ថា ការ​ចាត់​វិធានការ​បង្ក្រាប​លើលោក ​សម​ រង្ស៊ី អាច​ធ្វើ​ឲ្យប៉ះពាល់​ទៅ​លើ​លទ្ធិ​ប្រជាធិបតេយ្យ ប្រសិនចំណាត់​ការ​នេះ មិន​ទទួល​បាន​ការ​គាំទ្រ​ទេ​នោះ។

«ខ្ញុំ​គិត​ថា នៅ​ក្នុង​ករណី​នេះ​ ប្រសិនបើ​ពុំ​មាន​ការ​ទទួល​ស្គាល់​ ឬ​ក៏​ឲ្យ​តម្លៃ​គាំទ្រ​ទៅ​លើ​សកម្មភាព​រដ្ឋាភិបាល​ទេ។ កាល​ណា​ សកម្មភាព​ណា​មួយ​ ប្រសិន​បើ​កើត​ឡើង​អញ្ចឹង​មែន​ នៅ​ថ្ងៃ​អនាគត​ នៅ​ពេល​ដែល​លោក​សម រង្ស៊ី មក​មែន វិល​ចូល​មក​ស្រុក​ ហើយ​ចាត់​វិធានការ​វាយ​ដំ​ដូច​ដែល​លើកឡើង​ ខ្ញុំ​គិត​ថា វា​មិន​ល្អ​នៅ​ក្នុង​រូប​ភាព​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ទេ»។

​សូម​បញ្ជាក់​ស្រប​ពេល​ដែល​លោក​នាយក​រដ្ឋ​មន្ត្រី ​ហ៊ុន សែន ប្រកាស​ប្រើ​សាច់​ដុំ​បង្ក្រាបការ​វិល​ត្រឡប់​មក​វិញ​របស់​លោក ​សម រង្ស៊ី តុលាការ​បាន​បន្ត​ចាប់​ខ្លួន​និង​ចោទ​ប្រកាន់សកម្មជន​អតីត​គណបក្ស​សង្គ្រោះ​ជាតិចំនួន​ប្រាំពីរ​នាក់​បន្ថែម​ទៀត​ក្នុង​រាជ​ធានី​ភ្នំពេញ និង​នៅ​ខេត្ត​ឧត្តរមានជ័យ នៅ​ថ្ងៃ​ចន្ទ​នេះ។

យោង​តាម​សេចក្ដី​ប្រកាស​របស់​តុលាការ​នៃ​ខេត្ត​ទាំង​ពីរ ​សកម្មជន​នយោបាយ​ទាំង​ប្រាំពីរ​នាក់ ក្នុង​នោះ​ប្រាំ​នាក់​ស្ថិត​ក្នុង​រាជ​ធានី​ភ្នំពេញ និង​ពីរ​នាក់​ទៀត​ស្ថិត​ក្នុង​ខេត្ត​ឧត្តរមានជ័យ ត្រូវ​ចោទ​ប្រកាន់​ពី​បទ«រួម​គំនិត​ក្បត់» តាម​មាត្រា​៤៥៣ នៃ​ក្រម​ព្រហ្មទណ្ឌ។

តុលាការ​បាន​សំអាង​ថា​ជន​ត្រូវ​ចោទ​ទាំង​ប្រាំពីរ​នាក់​ បាន​កៀរគរ​និង​បំផុស​មហាជន​ឲ្យ​ចូលរួម​ក្នុង​ផែន​ការ​ផ្ដួល​រំលំ​រដ្ឋាភិបាល​របស់​លោក ​សម រង្ស៊ី។

​ដោយ​បូករួម​ទាំង​ការ​ចោទ​ប្រកាន់​និង​ចាប់​ខ្លួន​សកម្មជន​ប្រឆាំង​ទាំង​ប្រាំពីរ​នាក់​ចុង​ក្រោយ​នេះ ​ការ​ចាប់​ខ្លួន​និង​ចោទ​ប្រកាន់​លើ​សកម្មជន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​បាន​កើន​ដល់​ប្រមាណ​៤០​នាក់​ហើយ​ចាប់​តាំង​ពីដើម​ឆ្នាំ​២០១៩​មក៕