មិនដល់មួយខែផង ក្រោយពីគណបក្សធ្លាប់មានជម្លោះដ៏ជួរចត់នឹងគ្នាធ្លាប់បានសន្យាផ្ទាល់មាត់ជាសារធារណៈថា នឹងឈប់វាយប្រហារគ្នា រិះគន់គ្នាទៅវិញទៅមក ហើយងាកមកពួតដៃគ្នាកសាងប្រទេសជាតិនោះ ឥឡូវនេះការរិះគន់និងការវាយប្រហារគ្នាទៅវិញទៅមកបានចាប់ផ្តើមកម្រើកឡើងវិញ។
លោកនាយករដ្ឋមន្ត្រីហ៊ុន សែនបានព្រមានចំៗថា សមាជិកសភាជាប់ឆ្នោតខាងគណបក្សប្រជាជនកម្ពុជាអាចនឹងបោះឆ្នោតទម្លាក់លោកកឹម សុខាមកពីគណបក្សសង្គ្រោះជាតិចេញពីតំណែងអនុប្រធានទីមួយនៃរដ្ឋសភា ប្រសិនបើគណបក្សសង្គ្រោះជាតិនៅតែហ៊ានរិះគន់ឥតសំចៃទៅលើមន្ត្រីរដ្ឋាភិបាល។
លោកនិយាយថា៖ «កុំទៅទីណាហាមាត់ដឹងតែពីជេរគេ ដល់ពេលគេជេរវិញ តាំងហើយ រួចហើយទៅទីណាថា យកវិធីបោះឆ្នោតទម្លាក់រដ្ឋមន្ត្រី។ អើយ បើបោះឆ្នោតទម្លាក់រដ្ឋមន្ត្រី យើងគិតបោះឆ្នោតទម្លាក់អនុប្រធានសភាវើយ! សំឡេងអ្នកណាខ្លាំងជាងអ្នកណា? អាហ្នឹងប្រយ័ត្នផងវើយ!»
លោកហ៊ុន សែនមានប្រសាសន៍ដូច្នេះក្នុងកម្មវិធីបើកការដ្ឋានសាងសង់ផ្លូវមួយកំណាត់ក្នុងទីក្រុងភ្នំពេញ។ លោកបាននិយាយថា ការលើកយកហេតុផលដែលលោកកឹម សុខាបានជេរគឺមិនសាកសមនឹងធ្វើជាអនុប្រធានរដ្ឋសភាទេ។
លោកនិយាយថា៖ «អញ្ចឹងទេ យកហេតុផលហ្នឹងសុំបោះឆ្នោតតែម្តង ដាក់បេក្ខភាពមួយបោះតែម្តង។ នេះមានរឿងអញ្ចឹង បើលោកឯងមិនទាន់នឹងបានអ្វីផង ចាប់ផ្តើមរករឿងគ្នាទៅហើយ»។
ក្នុងអំឡុងពេលដែលលោកកឹម សុខ អនុប្រធានគណបក្សសង្គ្រោះជាតិជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋក្នុងខេត្ត កំពត តាកែវ និងខេត្តសៀមរាបនោះ លោកបានបកស្រាយប្រាប់អ្នកគាំទ្រថា បើគណបក្សសង្គ្រោះជាតិចូលក្នុងសភា តើអនុញ្ញាតឲ្យគណបក្សប្រឆាំងធ្វើអ្វីបានខ្លះ?
បើតាមប្រសាសន៍លោកកឹម សុខាកន្លងមកបានបង្ហាញចំណុចមួយតាមផ្លូវច្បាប់នៃបទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភាថា បើយើងមានអ្នកតំណាងរាស្ត្រពី៣០នាក់ឡើងទៅ អាចធ្វើញត្តិបន្ទោស និងបោះឆ្នោតដកសេចក្តីទុកចិត្តរដ្ឋមន្ត្រីណាម្នាក់តាមសំឡេងជាសម្ងាត់ដោយសំឡេង៥០%បូក១។
លោកកឹម សុខាមានប្រសាសន៍ថា មុនពេលលោកយកទៅនិយាយជាមួយប្រជាពលរដ្ឋ លោកបានប្រជុំផ្ទៃក្នុងរបស់គណបក្សរួចទៅហើយ មិនមែនលោកបញ្ចេញមតិដោយខ្លួនលោកផ្ទាល់ទេ។
លោកមានប្រសាសន៍ថា លោកនាយករដ្ឋមន្ត្រីអាចបោះឆ្នោតដកសេចក្តីទុកចិត្តដកលោកចេញពីតួនាទីអនុប្រធានទី១នៃរដ្ឋសភាបាន តែវានឹងប៉ះពាល់ដល់កិច្ចព្រមព្រៀងរវាងគណបក្សទាំងពីរ។
លោកនិយាយថា៖ «យើងនៅតែធ្វើក្នុងតួនាទីរបស់យើង។ តួនាទីភារកិច្ចរបស់យើងជាអ្នកតំណាងរាស្ត្រ តួនាទីភារកិច្ចរបស់បក្សប្រឆាំងស្របតាមរដ្ឋធម្មនុញ្ញ ស្របច្បាប់។ ប៉ុន្តែអ្វីដែលជាកិច្ចព្រមព្រៀង ប្រសិនបើមានកន្លែងណាដែលមិនច្បាស់ យើងនឹងអាចនិយាយគ្នាឡើងវិញ។ យើងនឹងជួបគ្នា និយាយគ្នា ថាតើមិនឲ្យបក្សសង្គ្រោះជាតិរិះគន់រដ្ឋាភិបាលសោះឬយ៉ាងម៉េច? អាហ្នឹងនិយាយគ្នាឲ្យច្បាស់?»
ក្នុងកំឡុងពេលចូលរួមកិច្ចប្រជុំសភាកាលពីចុងខែមុន មេដឹកនាំគណបក្សសង្គ្រោះជាតិគឺលោកសម រង្ស៊ី និងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែនខាងគណបក្សប្រជាជនកម្ពុជា បានសន្យាថា នឹងបញ្ឈប់ការនិយាយរិះគន់គ្នា ព្រមទាំងបញ្ឈប់វប្បធម៌ទឹកឡើងត្រីស៊ីស្រម៉ោច ទឹកហោចស្រមោចស៊ីត្រីហើយបែរមករកវប្បធម៌ជជែកគ្នាដើម្បីអភិវឌ្ឍប្រទេស។
លោកបណ្ឌិតឡៅ ម៉ុងហៃ អ្នកវិភាគឯករាជ្យ មានប្រសាសន៍ថា បើកាលណាយើងគោរពលទ្ធិប្រជាធិបតេយ្យរបស់សភា គណបក្សប្រឆាំងមានអំណាចតាមដានមើល ឃ្លាំមើល និងត្រួតត្រាសកម្មភាពរបស់រដ្ឋាភិបាលបាន រួមទាំងមានសិទ្ធិដាក់ញត្តិដកសេចក្តីទុកចិត្តពីសមាជិករដ្ឋាភិបាលដែលគេយល់ថា ធ្វើការមិនបានត្រឹមត្រូវ។
លោកមានប្រសាសន៍ថា ការព្រមានពីលោកនាយករដ្ឋមន្ត្រីហ៊ុន សែនគឺបានរំលោភទៅលើភាពត្រឹមត្រូវរបស់គណបក្សប្រឆាំងនៅក្នុងរដ្ឋសភា។
លោកនិយាយថា៖ «អត់ត្រឹមត្រូវទេ គឺរំលោភទៅលើសិទ្ធិនិងការទទួលខុសត្រូវរបស់គណបក្សប្រឆាំង ឬក៏សមាជិកសភា ដែលបានកំណត់នៅក្នុងរដ្ឋធម្មនុញ្ញរួចទៅហើយ»។
លោកឡៅ ម៉ុងហៃមានប្រសាសន៍ថា លោកហ៊ុន សែនគួរតែមានការយល់ដឹងអនុវត្ត និងគោរពសិទិ្ធក្នុងការទទួលខុសត្រូវរបស់ក្រុមប្រឆាំងនៅក្នុងរដ្ឋសភា៕