លោក ហ៊ុន សែន ព្រមាន​សម្តេច​ក្រុមព្រះ​រឿង​ព្រំដែន

រូបឯកសារ៖ ព្រះអង្គ​ម្ចាស់​នរោត្តម​រណឫទ្ធិ​មាន​បន្ទូល​ក្នុង​អង្គសន្និសីទ​កាសែត​ដែល​ធ្វើ​ឡើង​នៅ​គេហដ្ឋាន​របស់​ព្រះ​អង្គ​នៅ​សង្កាត់​ទន្លេ​បាសាក់ ក្រុង​ភ្នំពេញ​នៃ​ប្រទេស​កម្ពុជា នៅ​ថ្ងៃទី ០៥ ខែមករា​ឆ្នាំ២០១៥។

លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន បានរិះគន់​ចំៗ​លើ​សម្តេចក្រុមព្រះ​នរោត្តម​រណឫទ្ធិ ហើយ​ព្រមាននៅថ្ងៃ​ច័ន្ទ​នេះ​កុំ​ឱ្យ​យក​ព្រះមហាក្សត្រ​ខ្មែរ​មក​ពាក់​ព័ន្ធ​នឹង​បញ្ហា​ព្រំដែន​បើ​មិន​ដូច្នេះ​ទេអាច​នឹង​មិនទទួល​បាន​អាសនៈ​អ្វីទេ​ក្នុង​ពេល​បោះឆ្នោត​ខាងមុខ។​

ប្រតិកម្ម​ខ្លាំងៗ​របស់​ប្រមុខ​រដ្ឋាភិបាល​កើត​ឡើង​ក្រោយ​ពី​មាន​សេចក្តី​រាយការណ៍​សារព័ត៌មាន​នានា​ដកស្រង់​បន្ទូល​របស់​សម្តេចក្រុមព្រះ​នរោត្តម រណឫទ្ធិ ដែល​បានលើកឡើង​ថា​ព្រះមហាក្សត្រ​មាន​បំណង​កោះប្រជុំ​មេដឹកនាំ​នយោបាយ​សំខាន់ៗ​ដើម្បី​ពិភាក្សា​រក​ដំណោះស្រាយ​រឿង​ព្រំដែន។ ​

លោក​ហ៊ុន សែន​បាន​បន្ថែម​ថា៖

«បើ​ព្រះអង្គ​ធ្វើ​តែអញ្ចឹងគឺព្រះ​អង្គ​អត់​កៅអីហើយ។ ទូល​ដោយ​ត្រង់​ៗ​ក្នុង​ឋានៈជាអ្នក​ស្រឡាញ់ទេ​ បាននិយាយ​ត្រង់ព្រោះ​ធ្វើ​តាំង​ពី​មាន​កៅអី​រហូត​ដល់​អត់​កៅអី ឥឡូវ​នៅ​បន្ត​អញ្ចឹង​ទៀត។ ពីមុន​ថា​តាម​ស៊ីកេរិ៍ ស៊ីកេរិ៍​សម្តេច​ព្រះបិតា​ឥឡូវ​ចង់​មក​ស៊ីកេរិ៍ព្រះ​អនុជ​អាម៉េច?សុំ​ប៉ុណ្ណឹង​បាន​ទេ? ឱ្យ​ចេះ​ឈរ​លើ​ជើង​ខ្លួន​ឯង​បាន​ទេ?‍»

លោក​នាយក​រដ្ឋ​មន្ត្រី​ក៏​បាន​រំលឹក​ឡើង​វិញ​នូវ​អ្វី​ដែល​សម្តេច​ក្រុម​ព្រះ​បាន​មាន​បន្ទូល​កន្លង​មក​ថា៖

«មកធ្វើ​នយោបាយ​អីចឹង។ មក​ថា​សុំ​រាជរដ្ឋាភិបាល​ពន្យា​បោះបង្គោល​ព្រំដែន​ដូចបក្ស​ប្រឆាំង​និយាយ​ រួចហើយ​ថា​ព្រះមហាក្សត្រ​ផ្តួចផ្តើម​គំនិត​ដើម្បី​ឱ្យ​គណបក្ស​ទាំងបី‍»។​

សម្តេច​ក្រុម​ព្រះ​នរោត្តម​ រណឫទ្ធិ ​ប្រធាន​គណបក្ស​រាជានិយម​ហ៊្វុនស៊ីនប៉ិចហាក់​បាន​បង្ហាញ​ជំហរ​ស្រប​តាម​ការ​ទាមទារ​របស់​គណបក្ស​ប្រឆាំង​ដែល​សុំ​ឱ្យ​រដ្ឋាភិបាល​ផ្អាក​ការ​បោះបង្គោល​ព្រំដែន​ជាមួយ​នឹង​ប្រទេស​វៀតណាម​មួយ​រយៈ​សិនក្នុង​ពេល​ដែល​អ្នក​នយោបាយ​នៅ​មិន​ទាន់​មានមតិរួម​គ្នា​រឿងព្រំដែន។ ​

បញ្ហា​ព្រំដែន​រវាង​ប្រទេស​កម្ពុជា​និង​ប្រទេស​វៀតណាម​បាន​ឡើង​កម្តៅ​ជាថ្មី​បន្ទាប់​ពី​សកម្មជន​ព្រំដែន​ដឹកនាំ​ដោយ​គណបក្ស​សង្គ្រោះជាតិ​បាន​ធ្វើ​ដំណើរ​ទៅ​ពិនិត្យ​មើល​តំបន់​ជាប់ព្រំដែន​ដែល​ប្រជាពលរដ្ឋ​រាយការណ៍​ថា​ប្រទេសវៀតណាម​បានរំលោភចូល​ជាច្រើន​កន្លែង។

ក្នុង​ពេល​កន្លង​មក​ក៏ មាន​ការ​ប៉ះទង្គិច​គ្នា​រវាងសកម្មជន​ព្រំដែន​កម្ពុជា​និង​ទាហាន​និង​កសិករ​វៀតណាម​ដែល​បណ្តាល​ឱ្យ​មនុស្ស​ជាង​១០​នាក់​រងរបួស៕