​លោក​​ហ៊ុន សែន​​​ព្រមាន​រំលាយ​បក្ស​ប្រឆាំង​សង្គ្រោះ​ជាតិ​ បើ​ពាក់ព័ន្ធ​នឹង​«អំពើក្បត់ជាតិ»

រូប៑ឯកសារ៖ លោក​នាយក​រដ្ឋមន្រ្តី​ ដែល​កាន់អំណាច​ជិត​៤០ឆ្នាំ​ ​និង​ទើប​តែ​ប្រកាស​ថា​ ​នឹង​បន្ត​កាន់​អំណាច​រហូត​ដល់​រយៈពេល​១០​ឆ្នាំ​ទៀត

លោក​នាយក​រដ្ឋ​មន្រ្តី​ ​ហ៊ុន សែន​ ​នា​ព្រឹក​ថ្ងៃ​ចន្ទ​នេះ​ព្រមាន​​ថា​ ​គណបក្ស​សង្គ្រោះ​ជាតិ​អាច​នឹង​ត្រូវ​រំលាយ​ចោល​ ​ប្រសិន​បើ​គណបក្ស​នេះ​​​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​ ​លោក​ ​កឹម សុខា​ ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ទើប​​ត្រូវ​បាន​តុលាការ​សម្រេច​ចោទ​ប្រកាន់​និង​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​​រឿង​ក្បត់​ជាតិ។​​

នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ​ ​លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែនថ្លែង​ថា​ ​គណបក្ស​សង្គ្រោះ​ជាតិអាច​នឹង​ត្រូវ​រំលាយ​ ​ប្រសិន​បើ​គណបក្ស​នេះ​មាន​ជាប់ពាក់ព័ន្ធ​នឹង​អំពើ​របស់​លោក​ ​កឹម សុខា​ ​ដែល​រដ្ឋា​ភិបាល​លើក​ឡើង​ថា​ជា​ «អំពើ​ក្បត់​ជាតិ»។​ ​អនុប្រធាន​គណបក្ស​ប្រឆាំង​ ​និង​ក្រុម​អ្នក​ឃ្លាំ​មើល​សា្ថនការណ៍​នយោបាយលើក​ឡើង​ថា ប្រសិន​បើ​គណបក្ស​សង្គ្រោះ​ជាតិត្រូវ​បាន​រំលាយ​ ​នោះនឹង​ធ្វើ​ឲ្យ​កម្ពុជា​មាន​ភាព​ខាត​បង់​យ៉ាង​ធំ។​

​លោក​នាយក​រដ្ឋ​មន្រ្តី​ ​ហ៊ុន សែន​ ​នា​ព្រឹក​ថ្ងៃ​ចន្ទ​នេះ​ព្រមានថា​ ​គណបក្ស​សង្គ្រោះ​ជាតិ​អាច​នឹង​ត្រូវ​រំលាយ​ចោល​ ​ប្រសិន​បើ​គណបក្ស​នេះ​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​ ​លោក​ ​កឹម សុខា​ ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ទើបត្រូវ​បាន​តុលាការ​សម្រេច​ចោទ​ប្រកាន់​និង​ឃុំ​ខ្លួន​នៅ​ពន្ធនាគាររឿង​ក្បត់​ជាតិ។

ក្នុង​ពិធី​ចែក​សញ្ញាប័ត្រ​មួយ​នៅ​រាជធានី​ភ្នំពេញ​ ​លោក​នាយក​រដ្ឋ​មន្រ្តី​ ​ហ៊ុន សែន​ ​ថ្លែងដោយ​សំដៅ​លើ​លោក​ ​កឹម សុខា​ ​និង​គណបក្ស​សង្គ្រោះជាតិ​ថា​ ​ជន​ដែល​ប្រព្រឹត្ត​អំពើ​ក្បត់​ជាតិ​ ​និង​គណ​បក្ស​នយោបាយ​ដែលជាប់​ពាក់ព័ន្ធ​នឹង​អំពើ​ក្បត់ជាតិ​ ​នឹង«មិនត្រូវ​បាន​អត់ឱន»​ ​ឲ្យ​បាន​នោះ​ទេ។​ ​លោក​បន្ថែម​ថា​ ​ជាតិ​ខ្មែរ​ទាំង​មូល​នឹង​ត្រូវ​រង​គ្រោះ​ ​ប្រសិន​បើ​កម្ពុជា​មិន​បាន​រក​ឃើញទង្វើ​ក្បត់​ជាតិ​របស់​លោកកឹម សុខា។

លោក​ ​ហ៊ុន សែន​ ​មាន​ប្រសាសន៍​ថា៖​

«សម្រាប់​អ្នក​អំពើ​ក្បត់ជាតិ​ ​មិន​ត្រូវ​បាន​ទទួល​ការ​អត់ឱន​ទេ។​ ​សភា​បើក​ការប្រជុំ​នៅ​ថ្ងៃ​នេះ​ ​បើ​អំពើ​ក្បត់ជាតិ​នេះ​ត្រូវ​បាន​សម​គំនិត​ដោយ​ក្រប​ខណ្ឌ​បក្ស​ទាំង​មូល​ ​បក្ស​នោះ​ ​ក៏​នឹង​ត្រូវ​ទទួល​រង​នូវ​ការ​ដាក់​ពិន័យ​ខាង​ផ្នែក​ច្បាប់​ គឺរំលាយ​គណបក្ស​នយោបាយ​ចោល​តែ​ម្តង»។

លោក​នាយក​រដ្ឋមន្រ្តី​ ដែល​កាន់អំណាច​ជិត​៤០ឆ្នាំ​ ​និង​ទើប​តែ​ប្រកាស​ថា​ ​នឹង​បន្ត​កាន់​អំណាច​រហូត​ដល់​រយៈពេល​១០​ឆ្នាំ​ទៀត​រូប​នេះ​បន្ថែម​ថា​ ​អវត្តមាន​របស់​គណបក្ស​សង្រ្គោះ​ជាតិ​ ​នឹង​មិន​ធ្វើប៉ះពាល់​ដល់​ដំណើរ​ការ​នៃ​ការបោះឆ្នោត​នោះ​ទេ​ ​ដោយ​លោក​ថា​ ​ការ​បោះឆ្នោត​នា​ឆ្នាំ​២០១៨​ខាង​មុខ​ ​នឹង​មាន​គណបក្ស​នយោបាយ​ជាច្រើន​ទៀត​ចូលរួម។​

លោក​ ​កឹម សុខា​ ​ប្រធាន​គណបក្ស​ជំទាស់ដ៏​ធំ​នៅ​កម្ពុជា​ ​ត្រូវ​បាន​សមត្ថកិច្ច​សម្រុក​ចូល​ក្នុង​ផ្ទះ​ចាប់​ខ្លួន​លោកទាំង​កណ្តាល​យប់​ ​កាល​ពី​ថ្ងៃទី​៣​ ​ខែ​កញ្ញា​នេះ ​ដោយ​សំអាង​លើ​ការថ្លែង​របស់​លោក​នៅ​ក្នុង​វីដេអូ​ខ្លី​មួយ​ ​ដែល​គេចែក​ចាយ​ពេញ​បណ្តាញ​សង្គម​ហ្វេសប៊ុក។​ ​តាម​រយៈ​វីដេអូ​ខ្លី​ដែល​គ្មានកាល​បរិច្ឆេទ​នោះ​ ​លោក​ ​កឹម សុខា​ ​បាន​ថ្លែង​ទៅ​កាន់​អ្នក​គាំទ្រ​ក្នុង​ប្រទេស​អូស្ត្រាលី​ ​កាល​ពី​ឆ្នាំ​២០១៣​ ​ដោយ​បានលើកឡើង​អំពី​យុទ្ធសាស្ត្រ​នយោបាយ​របស់​គណបក្ស​ជំទាស់​ ​តទល់​នឹង​គណ​បក្ស​ប្រជាជន​កម្ពុជា​របស់​លោក​ ​ហ៊ុន សែន។

រូបឯកសារ៖ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ លោក កឹម សុខា ត្រូវ​បាន​ចាប់​ខ្លួន​នៅ​រំលង​អាធ្រាត​ឈាន​ចូល​ថ្ងៃទី៣ ខែកញ្ញា​ នៅ​គេហដ្ឋាន​របស់​លោក ក្នុង​រាជធានី​ភ្នំពេញ​។​

សាលា​ដំបូង​រាជធានី​ភ្នំពេញ​បាន​ចោទ​ប្រកាន់​លោក​ ​កឹម សុខា​ ​ពី​បទ​ ​«សន្ទិដ្ឋិភាព​ជា​មួយ​បរទេស»​ ដែល​ជា​បទ​ល្មើស​ស្មើ​នឹង​អំពើ​ក្បត់​ជាតិ​ ​ហើយ​អាច​ប្រឈម​នឹង​ការ​ដាក់​ទោស​ក្នុង​ពន្ធនាគារ​ដល់​៣០​ឆ្នាំ។​ ​លោក​ត្រូវ​បាន​សមត្ថកិច្ច​បញ្ជូន​ខ្លួន​ទៅ​ឃុំ​ក្នុង​ពន្ធនាគារ​ត្រពាំង​ផ្លុង​ ​នៅ​ខេត្ត​ត្បូង​ឃ្មុំ​ ​ដែល​ជា​ខេត្ត​មាន​ព្រំ​ប្រទល់​ជាប់​នឹង​ប្រទេស​វៀតណាម។​

ការ​លើកឡើង​របស់​លោក​នាយករដ្ឋមន្រ្តី​ ​ហ៊ុន សែនកាលពីថ្ងៃចន្ទ​ ​ធ្វើ​ឡើង​ស្រប​ពេល​ដែលរដ្ឋសភា​ជាតិដែល​មាន​តែ​ក្រុម​តំណាងរាស្រ្ត​គណបក្ស​កាន់អំណាច​ ​បើក​កិច្ច​ប្រជុំ​វិសាមញ្ញ​សម្រេច​ឲ្យ​ក្រសួង​មាន​សមត្ថ​កិច្ច​បន្ត​នីតិវិធី​ចោទ​ប្រកាន់​ ​ចាប់​ខ្លួន​ ​ឃាត់​ខ្លួន​ ​និង​ឃុំ​ខ្លួន​លោក​ ​កឹម សុខា​ ​ក្នុង​សំឡេង​៦៧​លើ​៦៧​របស់​បក្សកាន់​អំណាច។

​អ្នកស្រី​ ​មូរ សុខហួរ​ ​អនុ​ប្រធាន​គណបក្ស​សង្គ្រោះជាតិ​មិនបាន​បញ្ជាក់​លម្អិត​ពាក់ព័ន្ធ​នឹង​ការ​លើក​ឡើង​របស់​លោក​ ​ហ៊ុន សែន​ ​នោះ​ទេ​ ​ដោយ​លោកស្រី​គ្រាន់​តែប្រាប់​ ​VOA​ ​ថា​ ​ការ​រំលាយ​គណ​បក្ស​សង្គ្រោះជាតិ​នឹង​ធ្វើ​ឲ្យ​កម្ពុជា​មាន​ការ​ខាត​បង់​យ៉ាង​ធំ។​ ​អ្នកស្រីបាន​បន្ថែម​ដោយ​ទទូចឲ្យ​រដ្ឋាភិបាល​ដោះ​លែង​លោក​ ​កឹម សុខា​ ​និងធានា​ឲ្យ​ការ​បោះឆ្នោត​នា​ពេល​ខាង​មុខ​មាន​ភាព​សេរី​ ​និង​យុត្តិធម៌។

អ្នកស្រី​ ​មូរ សុខហួរបញ្ជាក់​ថា៖​

«សូម​ឲ្យ​មាន​ការ​បោះឆ្នោត​ត្រឹមត្រូវ​ ​សេរី​ ​និង​យុត្តិធម៌។​ ​បើសិនជា​រំលាយ​គណបក្ស​សង្គ្រោះជាតិ​ ​ខ្ញុំ​ជឿ​ជាក់​ថាមិន​អាច​មាន​ការ​បោះឆ្នោតមួយ​ដែល​ត្រឹមត្រូវ​ ​សេរី​ ​និង​យុត្តិធម៌​ ​ហើយ​ជា​ការបង់​ខាត​យ៉ាង​ធំ​ដល់​ប្រជា​ធិបតេយ្យ​ ​និង​ដល់​ប្រទេសជាតិយើង»។

រូបឯកសារ៖ លោកស្រី​ មូរ សុខហួរ​ អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ​ ផ្តល់​បទសម្ភាសន៍​ជាមួយ​ VOA ក្នុង​រាជធានី​ភ្នំពេញ​ នៅថ្ងៃ​ទី៦ ខែកញ្ញា​ ឆ្នាំ២០១៧។ (ហ៊ាន សុជាតា/VOA)

លោក​ ​សូ ចន្ថា​ ​សាស្រ្តាចារ្យ​ផ្នែក​វិទ្យាសាស្រ្ត​នយោបាយ​លើក​ឡើង​ថា​ ​ប្រសិនជា​គណបក្ស​សង្គ្រោះជាតិ​ដែល​ជា​គណបក្ស​ជំទាស់​ធំ​ជាង​គេ​នៅ​កម្ពុជា​ត្រូវ​បាន​រំលាយ​ចោល​ ​នោះកម្ពុជា​នឹង​ត្រូវ​ខាត​បង់​យ៉ាង​ធ្ងន់​ធ្ងរ​ទាំង​ផ្នែក​សេដ្ឋកិច្ច​ ​និង​ផ្នែក​ការទូត​ជា​មួយ​បណ្តា​ប្រទេស​ដែល​ប្រកាន់​លទ្ធិ​ប្រជា​ធិប​តេយ្យ​ធំៗ។​

លោក​ ​សូ ចន្ថា​ ​មាន​ប្រសាសន៍​ថា៖​

«កាល​ណា​រំលាយ​គណបក្ស​ប្រឆាំង​អាច​នឹង​ប៉ះពាល់​ទៅ​ដល់​មុខ​មាត់​របស់​កម្ពុជា​នៅ​លើ​ឆាក​អន្តរ​ជាតិ​ផង​ ​ប៉ះពាល់​ទៅ​ដល់​ដំណើរ​ការ​នៃ​លទ្ធិ​ប្រជាធិបតេយ្យ​ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​ ​ហើយ​អ្វី​ដែល​ពិសេស​ជាង​នេះ​ទៀត​អាច​នឹង​ត្រូវ​បាន​គេ​រិះគន់​ ​ឬ​ត្រូវ​បាន​សាធារណៈ​មតិ​ជាតិ អន្តរជាតិមើល​ឃើញ​ថា​កម្ពុជា​កំពុង​តែ​ត្រឡប់​ទៅ​រកអតីតកាល​វិញ គឺ​ប្រវត្តិ​សាស្រ្ត​នៃ​ការ​ដែល​កម្ពុជា​នឹង​ដើរ​ទៅ​លើ​គន្លង​មួយ​ដែល​យើង​ហៅ​ថា​មិនមែន​ជាប្រជាធិបតេយ្យ»។

ចំណែក​លោក​ មាស នី​ ​អ្នក​វិភាគ​នយោបាយ ​និង​ជា​អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម ​មាន​ប្រសាសន៍​ថា​ ​រដ្ឋា​ភិបាល​អាច​រំលាយ​គណបក្ស​សង្គ្រោះជាតិ​បាន​ ​ប្រសិន​បើ​យោង​លើ​ច្បាប់​ដែលទើប​តែ​ត្រូវ​បាន​ធ្វើ​វិសោធនកម្ម​ដោយ​គណបក្ស​កាន់អំណាច។​ ​ទោះ​ជា​យ៉ាង​ណា​លោក​ថា​ ​ការ​រំលាយ​គណបក្ស​ប្រឆាំង នឹង​ធ្វើ​ឲ្យប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​ដំណើរ​ការ​លទ្ធិ​ប្រជាធិបតេយ្យ ព្រមទាំង​នឹង​ធ្វើ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ក្លាយ​ជា​រដ្ឋាភិបាល​តែលតោល។​

លោក​ ​មាស នី​ ​បញ្ជាក់​ថា៖​

«សម្រាប់​ផ្លូវ​នយោបាយ​វិញ​ខ្ញុំ​គិត​ថា​មិន​អាច​ធ្វើ​ទៅ​បាន​ភ្លាមៗ​ទេ​ ​ហើយ​បើ​ធ្វើ​ក៏រដ្ឋាភិបាល​ហ្នឹង​ត្រូវ​ទទួល​រង​ហានិភ័យ​ខ្ពស់​សម្រាប់​វាសនា​អនាគត​របស់​រដ្ឋាភិបាល​មួយ​ដែល​ពុំ​មាន​គណបក្ស​ប្រឆាំង​ចូល​រួម​នៅ​ក្នុង​ប្រទេស​ខ្មែរខាងមុខ​ ​បញ្ហា​ទាំង​ការ​បោះ​ឆ្នោត​ ​បញ្ហា​ទាំងដំណើរការ​ពី​ថ្ងៃ​នេះ​ ​រហូត​ដល់​ថ្ងៃ​បោះឆ្នោត»។

លោក មាស នី អ្នកស្រាវជ្រាវសង្គម។ (លឹម សុធី/VOA)

នៅ​ព្រឹក​ថ្ងៃ​ចន្ទនេះ​ផង​ដែរ​ ​ក្រុម​តំណាងរាស្រ្ត និង​សមាជិក​ព្រឹទ្ធសភា​គណ​បក្ស​ប្រឆាំង​ ​១៧​ ​រូប​បាន​ទៅ​ពន្ធនាគារ​ត្រពាំង​ផ្លុង ជា​ពន្ធនាគារដែល​សមត្ថ​កិច្ច​កំពុងឃុំ​ខ្លួន​លោក​ ​កឹម សុខា​ ដើម្បី​សួរ​សុខ​ទុក្ខ​ប្រធាន​បក្ស​ជំទាស់​មួយ​នេះ​ ​ក៏​ប៉ុន្តែ​ក្រុម​តំណាងរាស្ត្រ​របស់​បក្ស​ជំទាស់​ ​ត្រូវ​បាន​រារាំង​ដោយ​អាជ្ញាធរ​ ដែល​ដាក់​របាំង​ការពារ​រួច​ជា​ស្រេច។

ឈរ​នៅ​ខាងមុខ​ពន្ធនាគារ​ត្រពាំង​ផ្លុង​ ​ដែល​មានការ​ពង្រាយ​កម្លាំង​សមត្ថកិច្ច​ចម្រុះ​រាប់​រយ​នាក់​រួម​ទាំង​ទាហាន​ផង​នោះ​ ​អ្នកស្រី​ ​មូរ សុខហួរ​ ​អនុប្រធាន​គណបក្ស​ប្រឆាំង​បាន​ថ្លែង​ថា​ ​តំណាង​រាស្រ្ត​គណ​បក្ស​សង្គ្រោះ​ជាតិ​បាន​ស្នើ​ទៅ​តុលាការ​ចំនួន​ពីរ​ដង​ដើម្បី​ស្នើ​ចូល​សួរ​សុខ​ទុក្ខ​លោក​ ​កឹម សុខា​ ប៉ុន្តែ​លោកស្រី​ថា ​តុលាការ​បដិសេធ។​ ​ទោះជា​យ៉ាង​ណា​លោកស្រី​ថា​ ​ក្រុមតំណាង​រាស្រ្ត​គណបក្ស​សង្គ្រោះ​ជាតិ​ ​នឹង​ទៅ​ខា​ង​មុខ​ពន្ធនាគារ​ត្រពាំង​ផ្លុង​ជា​រៀង​រាល់​ថ្ងៃ​ចន្ទ​ ​ដើម្បី​ទទូច​ឲ្យ​តុលាការ​អនុញ្ញាត​ឲ្យ​ពួកគេ​បាន​ចូល​សួរ​សុខ​ទុក្ខ​លោក​កឹម សុខា។​

VOA ​បាន​ព្យាយាម​ទាក់ទង​សុំ​ការ​អធិប្បាយ​ពី​លោក​ ​លី សុផាណា​ ​អ្នក​នាំ​ពាក្យ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ រហូត​មក​ដល់​ល្ងាច​ថ្ងៃ​ចន្ទ​នេះ​ ​តែ​មិន​មាន​ការ​ឆ្លើយ​តប​ណា​មួយ​នោះ​ទេ។​

​ក្រោយ​ការ​ចាប់​ខ្លួន​មេ​បក្ស​ជំទាស់​ដ៏​ធំ​នៅ​កម្ពុជា​ ​សហ​គមន៍​អន្តរជាតិ​ ​រួម​មាន​សហរដ្ឋ​អាមេរិក​ ​សហភាព​អឺរ៉ុប​ ​អង្គការ​សហ​ប្រជាជាតិ​ ​អូស្ត្រាលី​ ​អង់គ្លេស​ ​និង​អង្គការ​អន្តរជាតិ​ធំៗ​ ​បាន​ប្រតិកម្ម​ជា​បន្ត​បន្ទាប់​ប្រឆាំង​ទៅ​នឹង​ការ​ចាប់​ខ្លួន​សមាជិក​សភា​ក្នុង​អភ័យឯក​សិទ្ធិ​ទាំង​កណ្តាល​យប់​ដូច្នេះ។​ ​ពួក​គេ​ក៏​បានសម្តែងក្តី​បារម្ភ​ចំពោះ​ស្ថាន​ការណ៍​នយោបាយ​នៅ​កម្ពុជា​ ​និង​បាន​ចោទ​សួរ​ចំពោះ​ការ​បោះឆ្នោត​ដោយសេរី ​និង​យុត្តិធម៌​ក្នុងពេល​បោះឆ្នោត​ ឆ្នាំ​២០១៨​ខាង​មុខ។​ ​ទោះ​ជា​យ៉ាង​ណា​ ​ការ​បារម្ភ​នេះ​ត្រូវ​បាន​ច្រាន​ចោល​ ​ដោយរដ្ឋាភិបាល​របស់​លោក​ ​ហ៊ុន សែន​ ​និង​បានរំឭក​ដល់​អង្គ​រដ្ឋទូត​ទាំង​អស់​ឲ្យ​គោរព​ឯករាជ្យ​ ​អធិបតេយ្យ​ភាព​ ​អព្យាក្រឹត្យ​ ​និង​ច្បាប់​កម្ពុជា​ ​និង​កុំ​ជ្រៀតជ្រែក​ចូល​កិច្ចការ​ផ្ទៃ​ក្នុង​របស់​កម្ពុជា​ ​ព្រមទាំង​បាន​បញ្ជាក់ថា ​លោក​ ​កឹម សុខា​ ​បាន​ប្រព្រឹត្ត​បទ​ល្មើស​ក្បត់​ជាតិ​ ដែល​ត្រូវ​ចាត់​ការ​ដោយ​តុលាការ៕​