លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃចន្ទ បានប្រាប់អ្នកគាំទ្ររបស់លោកដែលជាប្រជាពលរដ្ឋខ្មែររស់នៅអឺរ៉ុប ឱ្យទៅថតរូបអ្នកដែលត្រៀមចេញតវ៉ាប្រឆាំងនឹងវត្តមានរបស់លោក។ លោក ហ៊ុន សែន អះអាងថា ការថតរូបនេះដើម្បីងាយស្រួលស្វែងរកសាច់ញាតិរបស់ពួកគេនៅប្រទេសកម្ពុជា។
ក្នុងពិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋខ្មែរនៅទីក្រុងព្រុចសែលនៃប្រទេសបែលហ្ស៊ិក លោក ហ៊ុន សែន ថ្លែងថា នេះមិនមែនជាសារគំរាម ឬបំភ័យមិនឱ្យចូលប្រទេសកម្ពុជាឡើយ។ ប៉ុន្តែលោកមិនបានបញ្ជាក់មូលហេតុអ្វីបានជាលោកចង់ស្វែងរកក្រុមគ្រួសាររបស់អ្នកតវ៉ាទាំងនោះឡើយ។
លោកថ្លែងថា៖ «ពួកយើងក៏ចាំថតដែរ ចាំមើលថាបានប៉ុន្មាន? ហើយថតឱ្យបានមុខគេ ស្រណុកស្រួលយកទៅបិតនៅពោធិ៍ចិនតុង .... និយាយអ៊ីចឹងមិនមែនគំរាមថា មិនឱ្យចូលស្រុកអីទេ ប៉ុនចង់ដឹងមុខអ្នកឯង ហើយក៏ចង់តាមរកគ្រួសារអ្នកឯង នៅក្នុងស្រុកខ្មែរ តើវាយ៉ាងម៉េចទៅហើយ»។
លោក ហ៊ុន សែន ថ្លែងបន្តថា មេដឹកនាំប្រឆាំងដែលលោកសំដៅលើលោក សម រង្ស៊ី ដែលកំពុងនិរទេសខ្លួននៅប្រទេសបារាំង «បើចិត្តសឿង» ចេញមុខប្រមូលក្រុមតវ៉ា និងដឹកនាំបាតុកម្មដោយខ្លួនឯង ហើយកុំរត់ទៅណា ឬថាជាប់រវល់។
លោក ហ៊ុន សែន ថ្លែងថា៖ «អ្នកដែលប្រកូសប្រកាសឱ្យគេធ្វើបាតុកម្មប្រឆាំងខ្ញុំ ល្អបំផុតចេញមុខមកដឹកនាំបាតុកម្មនៅព្រុចសែល។ បើអ្នកឯងចិត្តសឿង ម៉ោៗៗ! មកដឹកនាំនៅព្រុចសែល ថ្ងៃ ១៤ បានប៉ុន្មាន? ម៉ោ! ប្រមូលមកអ៊ឺរ៉ុបមក អត់អីទេ ប្រមូលមក។ ប៉ុន្តែស្អីតែមិនស្រួល! ទៅអាមេរិកបាត់ ម្នាក់ហ្នឹងច្រើនតែអ៊ីចឹង។ ប្រមូលមនុស្សធ្វើបាតុកម្មនៅអាមេរិក រួចហើយឡើងកប៉ាល់ហោះពីអាមេរិក ថាមកមានការនៅសភាអ៊ឺរ៉ុប»។
ប្រតិកម្មរបស់លោក ហ៊ុន សែន កើតឡើង ក្រោយពីលោក សម រង្ស៊ី បានបង្ហោះសារកាលពីថ្ងៃទី ១០ ខែធ្នូ ដោយអំពាវនាវឱ្យពលរដ្ឋនៅអ៊ឺរ៉ុបចេញធ្វើបាតុកម្មប្រឆាំងនឹងលោក ហ៊ុន សែន នៅទីក្រុងព្រុចសែល នៃប្រទេសបែលហ្ស៊ិក នៅថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ ២០២២។
លោក សម រង្ស៊ី បង្ហោះសារលើគណនីហ្វេសប៊ុករបស់លោកថា៖ «សូមបងប្អូនជនរួមជាតិខ្មែរ ដែលរស់នៅទ្វីបអឺរ៉ុប អញ្ជើញចូលរួមឱ្យបានច្រើនកុះករ ក្នុងបាតុកម្មនេះ។ ទស្សនកិច្ច ហ៊ុន សែន នៅទ្វីបអឺរ៉ុបឆ្នាំ ២០២២ នេះ ជាលើកចុងក្រោយហើយ ពីព្រោះចាប់ពីឆ្នាំ ២០២៣ ទៅ គាត់នឹងចុះចេញពីតំណែងគាត់បច្ចុប្បន្ន ហើយពេលនោះ គាត់នឹងបាត់បង់អភ័យឯកសិទ្ធិការទូតរបស់គាត់ ហើយគាត់នឹងត្រូវប៉ូលិសអន្តរជាតិ Interpol តាមចាប់គាត់ ពីបទឧក្រិដ្ឋនិងអំពើឃាតកម្មជាច្រើន ដែលគាត់បានប្រព្រឹត្តនៅប្រទេសកម្ពុជា»។
លោក អេង ឆៃអ៊ាង មន្ត្រីជាន់ខ្ពស់នៃអតីតគណបក្សសង្គ្រោះជាតិ ប្រាប់វីអូអេនៅថ្ងៃអង្គារនេះថា សាររបស់លោក ហ៊ុន សែន គឺព្យាយាមបំភិតបំភ័យ និងបិទមាត់អ្នករស់នៅក្រៅប្រទេស គឺដូចការបិទមាត់ពលរដ្ឋកម្ពុជាដែលរស់នៅក្នុងប្រទេស។
លោកថ្លែងថា៖ «កន្លងមក គាត់តែងតែឱ្យគ្នាគាត់ បក្សពួកគាត់ ក្រុមគាត់ហ្នឹង បំភិតបំភ័យ គំរាមកំហែងដោយប្រយោល។ បើលើកនេះឃើញថាគំរាមដោយផ្ទាល់តែម្តង។ ប៉ុន្តែយើងដឹងថា អ្នកដែលមានទស្សនៈផ្ទុយពីគាត់នៅក្រៅប្រទេស អ្នកដែលប្រឆាំងនឹងគាត់នៅក្រៅប្រទេស គេមិនខ្លាចការគំរាមកំហែងពីសំណាក់លោក ហ៊ុន សែននោះទេ»។
លោក អេង ឆៃអ៊ាង ថ្លែងបន្ថែមថា ការធ្វើបាតុកម្មនៅអ៊ឺរ៉ុបនេះ គឺដើម្បីបង្ហាញនូវការមិនពេញចិត្តចំពោះការដឹកនាំរបស់លោក ហ៊ុន សែន និងដើម្បីកុំឱ្យលោក ហ៊ុន សែន ធ្វើអ្វីតាមតែចិត្តរបស់លោក។
ទាក់ទងនឹងដំណើរទៅកាន់តំបន់អ៊ឺរ៉ុបនេះ លោក ហ៊ុន សែន នឹងទៅបំពេញទស្សនកិច្ចការងារនៅប្រទេសបារាំង ដោយមានជំនួបជាមួយប្រធានាធិបតីបារាំងផងដែរ។
គួរបញ្ជាក់ថា លោក ហ៊ុន សែន បានចាកចេញពីទឹកដីកម្ពុជា កាលពីថ្ងៃទី ១១ ខែធ្នូ ហើយបានទៅដល់ទីក្រុងព្រុចសែល កាលពីថ្ងៃទី ១២ ខែធ្នូ ឆ្នាំ ២០២២។ ដំណើរទស្សនកិច្ចនេះធ្វើឡើងក្នុងនាមជាសហប្រធាននៃកិច្ចប្រជុំកំពូលអាស៊ាន-សហភាពអឺរ៉ុប ដើម្បីចូលរួមអបអរសាទរខួបអនុស្សាវរីយ៍លើកទី ៤៥ នៃទំនាក់ទំនងដៃគូសន្ទនារវាងអាស៊ាន-សហភាពអឺរ៉ុប៕