លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានទទូចទាមទារយកលោកហង្ស ពុទ្ធា នាយកប្រតិបត្តិនៃអង្គការនិកហ្វិក ជាបេក្ខជនជំនួសលោកស្រី ពុង ឈីវកេក។
នៅក្នុងការថ្លែងបើកសម្ពោធឲ្យប្រើប្រាស់ផ្លូវជាតិលេខ៩ដែលភ្ជាប់ពីខេត្តស្ទឹងត្រែងទៅកាន់ខេត្តព្រះវិហារនៅថ្ងៃពុធ នេះលោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានទទូចជាច្រើនដងដើម្បីការពារបេក្ខភាពលោកហង្ស ពុទ្ធា នាយកប្រតិបត្តិនៃគណៈកម្មាធិការអព្យាក្រឹតនិងយុត្តិធម៌ដើម្បីការបោះឆ្នោតដោយសេរីនិងត្រឹមត្រូវនៅកម្ពុជាហៅកាត់ថានិកហ្វិក។
ការទទូចបែបនេះធ្វើឡើងបន្ទាប់ពីលោកហ៊ុន សែន អះអាងថាលោកសម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិបានប៉ុនប៉ងស្នើឲ្យមានការផ្លាស់ប្តូរជំហរគាំទ្របេក្ខភាពលោក ហង្ស ពុទ្ធា ដោយសារបញ្ហាសុខភាពរបស់មន្ត្រីអង្គការក្រៅរដ្ឋាភិបាលរូបនេះ។
លោកនាយករដ្ឋមន្ត្រីដែលជាអនុប្រធានគណបក្សប្រជាជនកម្ពុជាបានច្រានចោលការលើកឡើងថាលោកហង្ស ពុទ្ធា មានជំងឺទឹកនោមផ្អែម ហើយលោកបញ្ជាក់ថាមន្ត្រីជាន់ខ្ពស់គណបក្សកាន់អំណាចបានជំនះជ្រើសរើសយកបេក្ខភាពលោកហង្ស ពុទ្ធា។
«អត់ដោះដូរតាមទំនើងចិត្តបានទេ។ លទ្ធភាពមានពីរ។ មួយគឺបោះឆ្នោតបានប៉ុន្តែបេក្ខភាពត្រូវតែហង្ស ពុទ្ធា។មួយទៀតមិនចាំបាច់បោះឆ្នោតទេ។ បើមិនព្រមទេកុំបោះ(ឆ្នោត) នៅថ្ងៃទី១៣(មេសា)សុំអចិន្ត្រៃយ៍សភាមិនបាច់កោះប្រជុំទេ។ បើសិនជាមិនអាចឯកភាពគ្នាបាន ទុកឯកឧត្តម អ៊ឹម សួស្តី បន្តធ្វើប្រធានគ.ជ.ប រហូតទៅ»។
យោងតាមច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តិទៅនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតថ្មី សមាសភាពនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតមានសមាជិកចំនួន៩រូប។ គណបក្សជាប់ឆ្នោតមានសិទ្ធិស្នើបេក្ខជនបួនរូបរៀងៗខ្លួន។ ហើយគណបក្សទាំងពីរត្រូវស្នើបេក្ខជនឯករាជ្យមួយរួមគ្នាសម្រាប់ការបោះឆ្នោតជ្រើសរើសជាសមាជិកទី៩។
កាលពីពេលមុនគណបក្សប្រជាជនកម្ពុជានិងគណបក្សសង្គ្រោះជាតិបានឯកភាពគ្នាទទួលយកលោកស្រី ពុង ឈីវកេក ប្រធានអង្គការការពារសិទ្ធិមនុស្សលីកាដូ ជាបេក្ខជនទី៩។ ប៉ុន្តែលោកហ៊ុន សែន ប្រកាសថា លោកស្រីទំនងជាមិនព្រមលាលែងសញ្ជាតិបារាំងរបស់ខ្លួន។
លោកស្រី ពុង ឈីវកេក កាលពីថ្ងៃអង្គារបានបញ្ជាក់ថា ការដកខ្លួនពីបេក្ខជនទី២ដែលស្នើដោយគណបក្សទាំងពីរដោយសារលោកស្រីព្រួយបារម្ភអំពីឯករាជ្យភាពនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតថ្មី។ ហើយច្បាប់ថ្មីមិនបានចែងច្បាស់លាស់ដើម្បីធានាដល់ឯករាជ្យភាពនោះ។
នៅថ្ងៃម្សិលមិញនេះដែរលោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានទម្លាយឲ្យដឹងថាគណបក្សប្រជាជនកម្ពុជានិងគណបក្សសង្គ្រោះជាតិបានឯកភាពគ្នាជ្រើសរើសបេក្ខជនថ្មីគឺលោកហង្ស ពុទ្ធា។ ប៉ុន្តែនៅថ្ងៃនេះលោកហ៊ុន សែន ប្រកាសប្រកបដោយប្រតិកម្មថាលោក សម រង្ស៊ី ប្តូរជំហរចំពោះលោកហង្ស ពុទ្ធា វិញ។
លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិមិនអាចទាក់ទងបានទេនៅថ្ងៃនេះ។
ដោយឡែកលោក យ៉ែម ប៉ុញ្ញរិទ្ធ តំណាងរាស្ដ្រនិងជាអ្នកនាំពាក្យគណបក្សសង្គ្រោះជាតិមានប្រសាសន៍ថាគណបក្សជំទាស់មានចេតនាចង់ឲ្យមានការពិចារណាលើបេក្ខជនផ្សេងពីលោកហង្ស ពុទ្ធា ដូច្នោះមែន។
«ពីព្រោះយើងយល់ថាចង់ឲ្យមានជម្រើសច្រើនដោយយល់ឃើញថា(គជប)ជាស្ថាប័នកំពូលមួយដែលត្រូវការទទួលស្គាល់ពីគណបក្សទាំងពីរដែលមានអាសនៈនៅក្នុងរដ្ឋសភា ក៏ដូចជាប្រជាពលរដ្ឋនៅទូទាំងប្រទេសនិងមតិជាតិនិងអន្តរជាតិផងដែរ»។
យោងតាមលោក ហ៊ុន សែន លោកសម រង្ស៊ី បានស្នើបេក្ខជនចំនួនបីរូបផ្សេងទៀតសម្រាប់ធ្វើការជ្រើសរើស។
សូមបញ្ជាក់ថាតាមគម្រោងរដ្ឋសភានឹងត្រូវប្រជុំបោះឆ្នោតជ្រើសរើសសមាជិកគជបថ្មី នៅថ្ងៃទី១៣ខែមេសា។ហើយរហូតមកទល់ពេលនេះមានបេក្ខជនដាក់ពាក្យជាង៤០រូបហើយ។ នេះបើយោងតាមលោកហ៊ុន សែន៕