ខណៈពេលដែលសហរដ្ឋអាមេរិកកំពុងរៀបចំរដ្ឋាភិបាលថ្មីដើម្បីឡើងកាន់អំណាចនៅក្នុងខែមករា ឆ្នាំ២០១៧ខាងមុខនេះ កាលពីថ្ងៃសៅរ៍ លោកនាយករដ្ឋមន្ត្រីហ៊ុន សែនបានជំរុញឱ្យរដ្ឋាភិបាលថ្មីរបស់ស.រ.អា. ដែលដឹកនាំដោយលោកដូណាល់ត្រាំ ពិចារណាលុបចោលបំណុលដែលកម្ពុជាបានខ្ចីក្នុងសម័យសាធារណរដ្ឋខ្មែរ។ លោកបានចោទថា អាមេរិកជាអ្នកនៅពីក្រោយរដ្ឋប្រហារក្នុងឆ្នាំ១៩៧០ដែលនាំឱ្យមានសង្គ្រាមស៊ីវិល និងរបបវាលពិឃាតខ្មែរក្រហមនៅកម្ពុជា។
លោកនាយករដ្ឋមន្ត្រីហ៊ុន សែនលើកឡើងជាថ្មីថា រដ្ឋប្រហារទម្លាក់សម្ដេចនរោត្ដម សីហនុ ក្នុងឆ្នាំ១៩៧០ដោយរបបសាធារណរដ្ឋខ្មែរដែលលោកថាគាំទ្រដោយអាមេរិកគឺជាដើមចមដែលនាំឱ្យមានរបបវាលពិឃាតខ្មែរក្រហមដែលបានសម្លាប់ពលរដ្ឋកម្ពុជារាប់លាននាក់។ លោកហ៊ុន សែនក៏ជំរុញឱ្យប្រធានាធិបតីជាប់ឆ្នោតថ្មីរបស់អាមេរិកពិចារណាលុបចោលបំណុលដែលកម្ពុជាបានខ្ចីនៅក្នុងរបបសាធារណរដ្ឋរបស់លោកសេនាប្រមុខលន់ នល់ផងដែរ។
ការលើកឡើងរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែនបានធ្វើឡើងនៅពេលដែលលោកចូលរួមពិធីបើកបុណ្យសមុទ្រឆ្នាំ២០១៦ នៅឯខេត្តព្រះសីហនុ កាលពីយប់ថ្ងៃសៅរ៍។
លោកហ៊ុន សែនបានថ្លែងដូចនេះថា៖
«មិនមែនប៉ុល ពតកើតឡើងដោយឯកឯងទេ បើសិនអាមេរិកមិនទម្លាក់សម្ដេចនរោត្ដម សីហនុ ច្បាស់ណាស់ សង្គ្រាមនឹងមិនបានកើតនៅហ្នឹងកម្ពុជា ហើយពួកប៉ុល ពតក៏គ្មានភ័ព្វវាសនានឹងឡើងកាន់អំណាចនោះទេ។ ដូច្នេះ តើអាមេរិកត្រូវទទួលពាក់រង្វាន់ណូបែល ឬក៏ត្រូវទទួលការកាត់ទោសនៅតុលាការអន្តរជាតិស្ដីពីការបង្កើតសោកនាដកម្មសម្រាប់ប្រជាជនកម្ពុជានិងបង្កើតសោកនាដកម្មសម្រាប់បណ្ដាប្រទេសនៅក្នុងតំបន់នេះ ជាពិសេសនៅវៀតណាម និងនៅឡាវ ដែលហៅថា សង្គ្រាមវៀតណាមនៅពេលនោះ»។
លោកនាយករដ្ឋមន្ត្រីបន្តថា អាមេរិកគួរតែប៉ះប៉ូវឱ្យកម្ពុជាសម្រាប់អ្វីដែលអាមេរិកបានធ្វើមកលើកម្ពុជាក្នុងអតីតកាល តាមរយៈការផ្ដល់ជំនួយ ឬយ៉ាងហោចក៏លុបចោលបំណុលដែលលោកថាជា «បំណុលកខ្វក់» ដែលកម្ពុជាបានខ្ចីក្រោមរបបសាធារណរដ្ឋខ្មែរ។
លោកមានប្រសាសន៍ថា៖
«យើងខ្ញុំពិបាកនឹងការពន្យល់ប្រជាជនកម្ពុជាដើម្បីឱ្យទទួលស្គាល់បំណុលដែលទិញគ្រាប់បែក និងគ្រាប់កាំភ្លើងមកសម្លាប់ប្រជាជនកម្ពុជា។ សង្ឃឹមថា រដ្ឋាភិបាលថ្មីរបស់សហរដ្ឋអាមេរិកនឹងពិចារណាដោយដិតដល់ទៅលើវិនាសកម្មដែលខ្លួនបានធ្វើនៅក្នុងប្រទេសកម្ពុជា រាប់ទាំងគ្រាប់មីននិងគ្រាប់មិនទាន់ផ្ទុះយ៉ាងច្រើន។ តើត្រូវផ្ដល់ជំនួយយ៉ាងណា? យ៉ាងហោចបំផុតលុបចោលបំណុលដែលរបបលន់ នល់បានជំពាក់នៅក្នុងអតីតកាល»។
លោកបានស្នើឱ្យស្ថានទូតអាមេរិកនៅរាជធានីភ្នំពេញលើកយកបញ្ហាបំណុលនេះទៅពិចារណាឱ្យបានដិតដល់ផងដែរ។
លោកដេវីដ យ៉ូស្ហា (David Josar) អនុព័ន្ធសារព័ត៌មានស្ថានទូតអាមេរិកប្រចាំទីក្រុងភ្នំពេញបដិសេធមិនធ្វើអត្ថាធិប្បាយកាលពីល្ងាចថ្ងៃអាទិត្យដោយលោកអះអាងថា លោកមិនទាន់បានឃើញការលើកឡើងរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែននៅឡើយ។ លោកក៏បានបដិសេធមិនធ្វើការអធិប្បាយថា រដ្ឋាភិបាលថ្មីរបស់អាមេរិកនឹងឆ្លើយតបយ៉ាងណាចំពោះសំណើរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែនដែលសុំឲ្យលុបចោលបំណុលនេះ។
សម្តេចនរោត្ដម សីហនុត្រូវបានទម្លាក់ចេញពីមុខតំណែងជាប្រមុខរដ្ឋកាលពីថ្ងៃទី១៨ខែ មីនាឆ្នាំ១៩៧០ ដោយក្រុមរបស់លោកសេនាប្រមុខ លន់ នល់ ដែលគេសង្ស័យថា មានអាមេរិកនៅពីក្រោយនោះ។ ក្រោយមកព្រះអង្គបានបង្កើតចលនាតស៊ូ ហើយបន្ទាប់ពីនោះ កម្ពុជាបានធ្លាក់ចូលក្នុងសង្គ្រាមស៊ីវិលជាហូរហែ។ នៅឆ្នាំ១៩៧៥ របបខ្មែរក្រហមបានឡើងកាន់អំណាច ហើយរបបនេះបានសម្លាប់ពលរដ្ឋខ្មែរជាង១លាន៧សែននាក់ក្នុងចន្លោះឆ្នាំ១៩៧៥ដល់១៩៧៩។
លោកអ៊ូ វីរៈ ប្រធានវេទិកាអនាគត ដែលជាមជ្ឈមណ្ឌលស្រាវជ្រាវគោលនយោបាយក្នុងស្រុក បានគាំទ្រការស្នើរបស់លោកហ៊ុន សែនដែលឱ្យអាមេរិកលុបបំបាត់បំណុលដែលកម្ពុជាជំពាក់ក្នុងសម័យសាធារណរដ្ឋខ្មែរដោយលោកចាត់ទុកបំណុលនោះថា ជាបំណុលសង្គ្រាមនិងជា«បំណុលឈាម»ដ៏ជូរចត់សម្រាប់ពលរដ្ឋកម្ពុជា។ លោកបន្តថា កម្ពុជាក៏មានជំពាក់បំណុលរុស្ស៊ីកាលពីសម័យសង្គ្រាមស៊ីវិលផងដែរ ហើយលោកថា បំណុលទាំងនោះក៏គួរត្រូវបានលុបចោលផងដែរ។
លោកអ៊ូ វីរៈបន្តថា ក្រៅពីអាមេរិក ថ្នាក់ដឹកកម្ពុជាមួយចំនួនក្នុងសម័យអតីតកាល និងប្រទេសមួយចំនួនផ្សេងទៀតក៏ត្រូវទទួលខុសត្រូវសម្រាប់អ្វីដែលបានកើតឡើងនៅក្នុងប្រទេសកម្ពុជាផងដែរ។
លោកមានប្រសាសន៍ថា៖
«ក្នុងនោះគឺមានរុស្ស៊ី សូវៀតហ្នឹង មានចិនដែលចូលរួមសង្គ្រាមត្រជាក់រវាងវៀតណាមខាងជើងនិងវៀតណាមខាងត្បូងដូចគ្នា រួមទាំងចូលរួមជាមួយខ្មែរក្រហមដែរ ហើយក្នុងនោះមានសហរដ្ឋអាមេរិក ក្រោយក្នុងទសវត្ស៨០ ទសវត្ស៧០នោះក៏មានវៀតណាមផងដែរ។ ហើយវៀតណាមក៏អ្នកខុសដែរព្រោះវៀតណាមក៏ជាអ្នកបង្កឱ្យមានខ្មែរក្រហមដែរ។ អីចឹង យើងមើលឱ្យមែនទែន អ្នកទទួលខុសត្រូវវាច្រើន ប៉ុន្តែយ៉ាងហោចណាស់យើងមិនគួរមានបំណុលតាំងពីដើមមកដែលខ្ញុំមើលទៅអ្នកទាំងអស់នោះមិនគួរបន្តទារបំណុលខ្មែរក្មេងជំនាក់ក្រោយទេ។ ហើយអ្នកដឹកនាំយើងក៏ត្រូវទទួលខុសត្រូវដែរ អ្នកដឹកនាំចាស់ៗរបស់យើង»។
ប្រទេសកម្ពុជាជំពាក់បំណុលសហរដ្ឋអាមេរិកជាង៣០០លានដុល្លារដែលត្រូវបានខ្ចីដោយរបបសាធារណរដ្ឋខ្មែរអំឡុងទសវត្សរ៍១៩៧០។ រដ្ឋាភិបាលកម្ពុជាបានស្នើជាបន្តបន្ទាប់ឱ្យអាមេរិកលុបចោលបំណុលទាំងនោះ ដោយលើកឡើងថា បំណុលទាំងនោះមិនត្រឹមតែមិនបានជួយដល់ការអភិវឌ្ឍនៅកម្ពុជាប៉ុណ្ណោះទេ តែផ្ទុយទៅវិញ វាបានបំផ្លិចបំផ្លាញប្រទេសកម្ពុជាស្ទើរតែទាំងស្រុងទៀតផង៕