ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

អាមេរិកនៅតែ​មិនព្រម​លប់​បំណុល​របស់​កម្ពុជា​


លោក Joseph Yunឧបការីរង​ក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេរិក​សម្រាប់​​កិច្ចការ​តំបន់​អាស៊ី​ខាង​កើត​និង​​ប៉ាស៊ីហ្វ៊ិក ថ្លែង​នៅ ក្នុង​សវនាការ​ដេញ​ដោយ​ពី​បំណុល​កម្ពុជា​នៅ​សភា​តំណាង​រាស្ត្រ​សហរដ្ឋ​អាមេរិក។

អនុគណ​កម្មការ​មួយ​របស់​សភា​តំណាង​រាស្រ្ត​សហ​រដ្ឋ​អាមេរិក​បាន​ពិភាក្សា​ដេញ​ដោល​លើ​បញ្ហា​បំណុល​ដែល​កម្ពុជា​ជំពាក់​តាំង​ពី​សម័យ​សង្គ្រាម ។

រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​បាន​ប្រាប់​ដល់​អង្គសវនាការ​មួយ​របស់​សភា​តំណាងរាស្រ្ត​ថា​ប្រទេស​កម្ពុជា​ត្រូវ​តែ​សង​ប្រាក់​បំណុល​ខ្លះ​មកឱ្យ​អាមេរិក​សិន​មុននឹង​អាច​ទទួល​បាន​ការ​ពិចារណា​ថា​តើ​នឹង​ត្រូវ​លប់​បំណុល​ចោល​ឬបង្វែ​ទៅ​សម្រាប់​ការអភិវឌ្ឍ​ផ្សេងៗ​ទៀត។

នៅ​ ក្នុង​សវនាការ​ដេញ​ដោល​មួយ​កាល​ពីល្ងាច​ថ្ងៃព្រហស្បតិ៍ ​ដែល​រៀបចំ​ដោយ​អនុ​គណ​កម្មការសភា​ទទួល​បន្ទុក​កិច្ច​ការ អាស៊ី​ ប៉ាស៊ីហ្វិក​និង​បរិស្ថាន​ពិភព​លោក ​លោក Joseph Yun ឧបការីរង​ក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេរិក​បាន​បញ្ជាក់​ថា​រហូត​មក​ដល់​ពេល​នេះ​គឺ​គោល​នយោបាយ​សហរដ្ឋ​អាមេរិក​មិន​លប់​ចោល​នូវ​បំណុល​ដែល​កម្ពុជា​ជំពាក់​តាំងពី​សម័យ​សង្គ្រាម​ក្នុង​អំឡុង​ទស្សវត្សរ៍១៩៧០​ទេ​ព្រោះ​វា​អាច​នឹង​ជាសញ្ញាភាន់​ច្រឡំ​មួយ​ទាក់​ទង​នឹង​ការ​គ្រប់​គ្រង​ប្រាក់​បំណុល​។ លោក​ Yun ​ បាន​បន្តថា​ប្រទេស​កម្ពុជា​បាន​ឈាន​ទៅ​ សម្រេច​បាន​លើកិច្ច​ព្រម​ព្រៀង​ក្លឹបក្រុង​ប៉ារីស​ក្នុង​ឆ្នាំ​១៩៩៥​ជាមួយ​ក្រុម​ម្ចាស់​ឥណទាន​ប៉ុន្តែ​រហូត​មកដល់​ពេល​នេះ​នៅ​ មិនទាន់​ចុះ​ហត្ថ​លេខា​លើកិច្ច​ព្រម​ព្រៀងកំណត់​ពេល​វេលាជាក់​លាក់​ក្នុង​ការ​សង​ប្រាក់​បំណុល​នោះ​ នៅ ឡើយ​ទេ​ប៉ុន្តែ​បាន​សង​ទៅ​ ប្រទេស​ដទៃ​ទៀត។

“ក្នុង​ហេតុផល​នេះ​ហើយ​ រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​សូម​ស្នើ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ចុះហត្ថ​លេខាលើ​កិច្ច​ព្រម​ព្រៀង​និង​កសាង​ឡើង​វិញ​នូវ​ការកំណត់​ពេល​វេលា​សង​មកវិញ​ឱ្យ​បាន​ទាន់​ពេលតាម​សេចក្តី ​ព្រមព្រៀង​នោះ ។​ យើង​បាន​ទំនាក់​ទំនង​ជាមួយរដ្ឋា​ភិបាល​កម្ពុជា​រួចហើយ​ថា​ប្រសិនបើ​ពួក​គេ​សង​ប្រាក់​បំណុល​នេះ​ឱ្យ​បាន​យ៉ាងហោច​ណាស់​មួយឆ្នាំ​ សហរដ្ឋ​អាមេរិក​នឹង​ផ្តល់​សញ្ញា​ដល់​មូល​និធិរូបិយ​ប័ណ្ណ​អន្តរជាតិ​ថា​ពិត​ជា​មាន​ការ​ខិតខំ ​ប្រឹង​ប្រែង​ពិតប្រាកដ​មែន​ក្នុង​ការ​សង​ប្រាក់​ដែល​នៅ សេស​សល់​។​ ប្រសិន​បើ​ប្រទេស​កម្ពុជា​ទទួល​បាន​កម្មវិធី ​របស់​មូល​និធិ​រូបិយ​ប័ណ្ណ​អន្តរជាតិ​និង​ការ​ប្រព្រឹត្តិ​តាម​បាន​នូវ​ក្លឹប​បំណុល​ក្រុង​ប៉ារីស​នា​ពេល​អនាគត​ សកម្មភាព​នេះ​នឹង​ជួយ​ក្រាល​ផ្លូវ​ឱ្យ​មាន​ការ​រៀបចំ​ឡើង​វិញ​នូវ​កាល​វេលា​សង​ប្រាក់​បំណុល​ ប្រកប​ដោយ​សប្បុរស​មួយ​ចំពោះ​រាល់​បំណុល​ដែល​ប្រទេស​កម្ពុជា​ជំពាក់​សហរដ្ឋ​អាមេរិក”។

នៅក្នុង​របាយការណ៍​ដាក់​ជូន​ដល់​អនុគណ​កម្មការ​នេះ​ លោក Yun ​បាន​បញ្ជាក់​ថា​មក​ដល់​ត្រឹម​ដំណាច់​ឆ្នាំ​២០០៩​នេះ​ ប្រទេស​កម្ពុជា​ជំពាក់​សហរដ្ឋ​អាមេរិក​សរុប​ចំនួន​ប្រហែល​ជា​៤៤៥​លាន​ដុល្លា​ហើយ​ដោយ​បូក​សរុប​ទាំង​ការប្រាក់​និង​ការពិន័យ​ចំពោះ​ការ​បង់​ប្រាក់​យឺត ​ដែល​ក្នុងចំនួន​នេះ​គឺ​ប្រាក់​បំណុល​ចំនួន​៤០៥លាន​ដុល្លារគឺ​ត្រូវ​ដល់​ពេល​សង​ជា​បន្ទាន់​។

លោក​ Eni Faleomavaega ប្រធាន​អនុ​គណកម្មការ​និង​ជាអ្នក​ដឹកនាំ​ការ​ពិភាក្សា​ដេញ​ដោល​នេះ​ ​បានសម្តែង​ការ​ងឿងឆ្ងល់​ថា​ហេតុអ្វី ​បាន​ជា​សហរដ្ឋ​អាមេរិក​មិន​ព្រម​លើក​លែង​ប្រាក់​បំណុល​ឱ្យ​ប្រទេស​កម្ពុជា​ខណៈ​ពេល​ដែល​សហរដ្ឋ​អាមេរិក​បាន​លើក​លែង​បំណុល​ឱ្យ​ទៅ ​ប្រទេស​ដទៃ​ទៀត​ដូច​ជា​អ៊ីរ៉ាក់​ដែល​ជំពាក់​ជាង​៤០០០លាន​ដុល្លា​និង​មាន​កម្មវិធីខ្លះ​បាន​បង្វែ​ប្រាក់​បំណុល​នេះ​ទៅ ​ជា​ការឧបត្ថម្ភ​ដល់​ការ​អប់​រំ​ដូច​ជា​ករណី​ប្រទេស​វៀតណាម​ជាដើម។

លោក​ Eni​ បាន​បញ្ជាក់​ថា​សហរដ្ឋ​អាមេរិក​គួរ​តែ​លប់​បំណុល​នេះ​ចោល​ហើយ​ពង្រីក​នូវ​ទំនាក់​ទំនង​កាន់​តែ​ល្អ​ជា​មួយ​ប្រទេ​សកម្ពុជា។

“ការចូលរួម​ពាក់​ព័ន្ធ​កាន់តែ​ខ្លាំង​ជាមួយ​ប្រទេស​កម្ពុជា​អាច​ជួយ​សហរដ្ឋ​អាមេរិក​សម្រេចបាន​នូវ​គោល​នយោបាយ​ការ​បរទេស​របស់​យើង​ហើយ​ទប់ទល់​នឹង​ឥទ្ធិពល​អាក្រក់​បាន​។ ការទាមទារ​ឱ្យ​សង​ប្រាក់​បំណុល​ដែល​ខ្ចីដោយ​រដ្ឋាភិបាល​ខុស​ច្បាប់​កាល​ពី​ជាង​៣០ឆ្នាំ​មុន​ដោយ​មិន​គិតគូដល់​ប្រវត្តិនៃ​ភាព​សោកសៅ​របស់​ប្រទេស​កម្ពុជា​នឹង​ដំណើរការ​បញ្ច្រាស​ទៅ​នឹង​តម្រូវ​ការ​ឱ្យមាន​ការចូលរួម​ពាក់​ព័ន្ធ​ដ៏ខ្លាំង​ជាង​មុន​”។

រដ្ឋាភិបាល​របស់​លោក​សេនា​ប្រមុខ​លន់​ នល់ ​បាន​ចុះកិច្ច​ព្រមព្រៀងបី​ជាប់​ៗ​គ្នា​ជាមួយ​ក្រសួង​កសិកម្មសហរដ្ឋ​អាមេរិក​ក្នុង​ឆ្នាំ​១៩៧២ ​ដល់​ឆ្នាំ​១៩៧៥ ​យល់​ព្រម​ទិញគ្រឿង​ សម្ភារៈ​ដូច​ជា​កប្បាស ថ្នាំជក់​ ប្រេងឆា​ ស្រូវសាឡី​ ម្សៅស្រូវ​សាឡី និង​អង្ក។

ប្រទេស​កម្ពុជា​ក៏ធ្លាប់​បាន​ស្នើសុំឱ្យ​បង្វែបំណុល​នោះ​ទៅ​ ជា​ជំនួយ​សម្រាប់​ការ​អភិវឌ្ឍ​វិស័យ​ផ្សេង​ទៀត​ដូច​ជាវិស័យ​អប់រំ​ជាដើម​ប៉ុន្តែ​យោង​តាម​លោក​ Joseph Yun ​ គឺ​កម្ពុជា​មិន​បំ​ពេញ​បាន​តាម​លក្ខខណ្ឌទេដោយ​សារ​តែ​មិន​ទាន់​បាន​សង​បំណុល​ចាស់​ដែល​ខ្លួន​ជំពាក់។

លោក​ ហែម ​ហេង​ ឯកអគ្គ​រាជទូត​កម្ពុជា​ប្រចាំ​នៅ​សហរដ្ឋ​អាមេរិក​បាន​បា្រប់​វីអូអេ ​សំឡេង​សហរដ្ឋ​អាមេរិក​ថា​ប្រទេស​កម្ពុជា​គឺ​ជា​ប្រទេ​សមួយ​ដែល​ក្រី​ក្រ​បើ​ប្រៀប​ធៀប​ ជាមួយ​នឹង​ប្រទេស​នានា​ដែល​សហរដ្ឋ​អាមេរិក​បាន​លប់​ចោល​បំណុល​កន្លង​មក​។ ប៉ុន្តែ​លោក​ក៏បាន​បញ្ជាក់​ថា​លោក​នឹង​ជូន​ដំណឹង​ដល់​រដ្ឋាភិបាល​កម្ពុជា​ដើម្បី​ពិនិត្យ​មើល​និង​សម្រេច​ថា​ត្រូវ​ចាត់​វិធាន​ការ​ណ៍​យ៉ាងម៉េច​ទៀត​។

“ប៉ុន្តែ​ខ្ញុំឆ្ងល់​ថា​បើថា​ឱ្យ​យើង​ចុះហត្ថលេខា​ថា​សង​ បើកាល​ណា​ចុះហត្ថលេខាហើយ​គឺ​ថា​យើង​ត្រូវ​តែ​ធ្វើតាម​កិច្ច​ព្រម​ព្រៀង​នៅក្នុង​នោះ​ គឺ​ត្រូវ​សង​ ក្នុង​មួយឆ្នាំ​ប៉ុន្មាន​ៗ អញ្ចឹង ​ហើយ​កាល​ណា​យើង​ចុះ​កិច្ច​ព្រម​ព្រៀង​យើង​ត្រូ​វតែ​អនុវត្ត​កិច្ច​ព្រម​ព្រៀង​ ហើ​យ​ភាគី​អាមេរិក​គេ​ថា​ឱ្យ​យើង​ចុះ​កិច្ច​ព្រម​ព្រៀង​ទៅ​ ហើយ​សង​មួយឆ្នាំ​ហើយ​ក្រោយ​ពី​មួយ​ឆ្នាំគេ​នឹង​ពិនិត្យ​មើល​ តើ​ភាគី​អាមេរិក​ក៏ដូចជា​ ខាង​អង្គការ​ហិរញ្ញវត្ថុ ​គេ​នឹង​ពិនិត្យ​មើល​តើ​ គេ​គួរ​ធ្វើយ៉ាង​ម៉េច ​គួរលប់​បំណុល​ហ្នឹង​ចោល​ឬ​ក៏​គួរ បង្វែ​បំណុល​នេះ​ទៅ ​ជា​ជំនួយ​ឥត​សំណង​ ប៉ុន្តែ​ខ្ញុំ​ជឿថា​នៅ ​ពេល​ណាយើង​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​ណា​មួយ​គឺ​ត្រូវ​អនុវត្ត​ហើយ​ មិន​អាច​ថា​អនុវត្ត​មួយឆ្នាំ​ទៅ ​ខាង​អាមេរិក​គេនឹង​ពិនិត្យ​មើល​ហាក់​ដូច​ជាមិន​សម​ស្រប​”។

នេះ​ជា​សវនាការ​លើក​ទីពីរ​ដែល​រៀបចំ​ធ្វើដោយ​អនុគណកម្មការ​នេះ​ហើយ​ទាំង​លើកមុន​និង​លើក​នេះ​ពុំមាន​តំណាង​ក្រសួង​រតនាគារ​របស់​សហរដ្ឋ​អាមេរិក​ចូលរួម​ទេ។

XS
SM
MD
LG