បន្ទាប់ពីដំណើរទស្សនកិច្ចរបស់លោកស្រី ហ៊ីលឡារី គ្លីនតុន រដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិកទៅប្រទេសកម្ពុជាដែលប្រទេសទាំងពីរចាត់ទុកថាជាជោគជ័យដ៏ធំនៃកិច្ចសហប្រតិបត្តិការអន្តរជាតិ សហរដ្ឋអាមេរិក នាពេលនេះ កំពុងពិនិត្យមើលយ៉ាងយកចិត្តទុកដាក់លើបញ្ហាបំណុលដែលកម្ពុជាជំពាក់កាលពីសម័យសង្គ្រាមក្នុងអំឡុងទសវត្សរ៍១៩៧០។
ក្រសួងការបរទសសហរដ្ឋអាមេរិកបានធ្វើការជួបប្រជុំជាមួយមន្ត្រីពាក់ព័ន្ធសំខាន់ៗក្នុងករណីប្រាក់បំណុលដែលកម្ពុជាបានជំពាក់ ដោយបានបង្ហាញចេតនាចង់ដោះស្រាយបញ្ហាប្រាក់បំណុលដែលមានរយៈជាង៣៥ឆ្នាំមកហើយនេះឱ្យបានចប់ក្នុងពេលឆាប់ៗ។
លោក ចូសេហ្វ យន់ ឧបការីរងរដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិកបានប្រាប់វីអូអេ សំឡេងសហរដ្ឋអាមេរិកផ្នែកខេមរភាសាក្នុងបទសម្ភាសពិសេសមួយកាលពីថ្ងៃអង្គារ៍ថាលោកបានកោះប្រជុំមន្ត្រីសំខាន់កម្រិតអន្តរក្រសួង ក្នុងនោះមានមន្ត្រីនៃក្រសួងរតនាគាររបស់អាមេរិកផងដែរ ដើម្បីពិនិត្យមើលលើទិន្នន័យនៃចំនួនប្រាក់ដែលជំពាក់។
«យើងចង់ដោះស្រាយបញ្ហានេះឱ្យបានឆាប់។ បញ្ហានេះបានក្លាយជាអ្វីដែលខ្ញុំហៅថាជាការក្តៅក្រហាយក្នុងទំនាក់ទំនងទ្វេភាគីរបស់យើងអស់រយៈពេលជាយូរមកហើយ ហើយលោកស្រី គ្លីនតុនបានធ្វើការប្តេជ្ញាថាយើងនឹងបញ្ជូនក្រុមការងារមួយដើម្បីទៅពិភាក្សាឡើងវិញលើបញ្ហាបំណុលនេះ ពីព្រោះការចរចាកាលពីលើកមុនបានកើតឡើងតាំងពីឆ្នាំ២០០៦មកម្ល៉េះ គឺមានន័យថាយូរមកហើយ»។
លោក យន់ សម្តែងក្តីសង្ឃឹមថាក្រុមការងារមួយនឹងទៅជួបចរចាជាមួយប្រទេសកម្ពុជាក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ ហើយរូបលោកអាចដឹកនាំការចរចានេះដោយផ្ទាល់ឬក៏ចាត់តំណាងទៅជំនួស។
បំណុលដែលកម្ពុជាជំពាក់សហរដ្ឋអាមេរិកនេះ បានកើតឡើងតាំងពីសម័យរដ្ឋាភិបាលរបស់លោកសេនាប្រមុខលន់ នល់ ដែលពេលនោះបានចុះកិច្ចព្រមព្រៀងបីជាប់ៗគ្នាជាមួយក្រសួងកសិកម្មសហរដ្ឋអាមេរិកក្នុងឆ្នាំ១៩៧២ ដល់ឆ្នាំ១៩៧៥ យល់ព្រមទិញគ្រឿងសម្ភារៈ ដូចជាកប្បាស ថ្នាំជក់ ប្រេងឆា ស្រូវសាឡី ម្សៅស្រូវសាឡី និងអង្ក។
បើបូកសរុបទាំងប្រាក់ជំពាក់ ការប្រាក់ និងការពិន័យចំពោះការបង់ប្រាក់សងយឺត គឺរហូតមកដល់ពេលនេះ ប្រទេសកម្ពុជាបានជំពាក់សហរដ្ឋអាមេរិកចំនួន៤០៥លានដុល្លារ។
ប្រទេសកម្ពុជាបានស្នើសុំម្តងហើយម្តងទៀតឱ្យលុបចោលប្រាក់បំណុលនេះដោយចាត់ទុកវាជាបំណុលដែលបម្រើឱ្យគោលបំណងសង្គ្រាមហើយពេលបច្ចុប្បន្នប្រទេសកម្ពុជាត្រូវការថវិកាដើម្បីអភិវឌ្ឍប្រទេស។
នៅក្នុងបទសម្ភាសន៍ជាមួយវីអូអេសំឡេងសហរដ្ឋអាមេរិកកាលពីថ្ងៃពុធលោក ហែម ហេង ឯកអគ្គរាជទូតខ្មែរប្រចាំទីក្រុងវ៉ាស៊ីនតោននៅតែបញ្ជាក់ពីជំហរដដែល។
«ខ្ញុំជឿជាក់ថាសហរដ្ឋអាមេរិកនឹងពិនិត្យមើលឡើងវិញនូវសេចក្តីសម្រេចរបស់ខ្លួនដែលពីមុនថាឱ្យកម្ពុជាយើងសងបំណុល ហើយឥឡូវខ្ញុំជឿជាក់ថាក្រោយពីលោកជំទាវគាត់បានធ្វើទស្សនកិច្ចនៅស្រុកខ្មែរមកលោកជំទាវអាចនឹងប្តូរចិត្តហើយនឹងពិនិត្យមើលឡើងវិញនូវការសម្រេចនេះ ហើយក្រុមជំនាញនឹងទៅពិភាក្សាក្នុងការដោះស្រាយបំណុលនេះឱ្យបានឆាប់»។
ប៉ុន្តែលោក ចូសេហ្វ យន់ បានបដិសេធចោលលទ្ធភាពដែលសហរដ្ឋអាមេរិកអាចនឹងលប់ចោលប្រាក់បំណុលឬក៏បញ្ចុះការប្រាក់ដែលកម្ពុជាបានយល់ព្រមកាលពីការចរចាក្នុងក្លឹបទីក្រុងប៉ារីស។ លោក បានបញ្ជាក់ថាមានច្បាប់ជាច្រើនដែលសហរដ្ឋអាមេរិកត្រូវតែគោរពតាមដែលមានដូចជាច្បាប់ពហុភាគីនិងច្បាប់ក្នុងស្រុករបស់សហរដ្ឋអាមេរិកដែលសភាតំណាងរាស្រ្តបានសម្រេច។
«ដូច្នេះយើងត្រូវធ្វើការរៀបចំឡើងវិញឬកំណត់កាលវេលាឡើងវិញនិងការចរចាដោយយកច្បាប់ទាំងពីរនេះជាគោល គឺច្បាប់ពហុភាគីដូចដែលគ្រប់គ្រងដោយក្លឹបទីក្រុងប៉ារីសនិងច្បាប់ក្នុងស្រុករបស់យើងជាដើម។ ដោយស្ថិតនៅក្នុងកម្រិតដែនកំណត់នេះយើងចង់ធ្វើអ្វីដែលយើងអាច ដើម្បីដោះស្រាយបញ្ហាទាំងនេះ”។
លោកស្រីរដ្ឋមន្រ្តីការបរទេសហ៊ីលឡារី ក្លីនតុនបានធ្វើទស្សនកិច្ចទៅប្រទេសកម្ពុជាពីថ្ងៃទី ៣០ខែតុលាដល់ថ្ងៃទី១ ខែវិច្ឆិកាដែលក្នុងពេលនោះលោកស្រីបានសន្យាថានឹងបញ្ជូនក្រុមការងារមកធ្វើការសិក្សាលើបញ្ហាបំណុលដែលប្រទេសកម្ពុជាជំពាក់៕