លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅសប្តាហ៍នេះបានប្រកាសពីការប្តូរផ្តាច់ ការពារអធិបតេយ្យភាពជាតិកម្ពុជា ទោះតម្រូវឲ្យលោកត្រូវអូសរថពាសដែកឡើងភ្នំក៏ដោយ។ នេះបើយោងតាមការអធិប្បាយរបស់លោកហ៊ុន សែនលើទំព័រហ្វេសប៊ុករបស់លោក។
ក្នុងការអធិប្បាយពាក់ព័ន្ធនឹងការប្តេជ្ញាចិត្តការពារអធិបតេយ្យជាតិកម្ពុជានោះ លោក ហ៊ុន សែនក៏បានផ្តល់យោបល់អំពីភាពជាអ្នកដឹកនាំដល់កូនខ្មែរជំនាន់ក្រោយទៀតផង ដោយបានលើកយកសុភាសិត«រុញទូកបណ្ដោយទឹក»មកពន្យល់។
លោក ហ៊ុន សែនបានអធិប្បាយលើទំព័រហ្វេសប៊ុកកាលពីថ្ងៃទី២០ខែវិច្ឆិកាតាមន័យដើមថា៖
«តាមពិត បើក្មួយៗ ចៅៗធ្លាប់ឮពាក្យថា«រុញទូកបណ្ដោយទឹក»នោះ ចៅៗក្មួយៗនឹងយល់អ្វីៗស្ទើរតែទាំងអស់»។
លោកបានបន្តក្នុងន័យថា៖
«ធ្វើជាអ្នកដឹកនាំ និងជាអ្នកនយោបាយក៏ដូច្នេះដែរ។ មានកត្តា២ ដែលក្មួយៗ ចៅៗត្រូវដឹង៖ទី១ តើពេលណាត្រូវរុញបណ្ដោយទឹក? តើពេលណាត្រូវចាំសិនទម្រាំខ្សែទឹកឡើងគ្រប់ល្បឿន? ទី២ ទោះជារុញទូកបណ្ដោយទឹកក្តី តែចង្កូត យើងជាអ្នកកាន់ ហើយត្រូវកាន់ឱ្យជាប់ និងមានទស្សនវិស័យវែងឆ្ងាយ ដើម្បីបត់បែនទូកឱ្យទៅដល់គោលដៅដែលបានប្រមើលទុកជាមុន»។
លោករៀបរាប់ទៀតថា កត្តាទាំងពីរនេះសំខាន់ណាស់ ដូចជាកត្តាទី១គឺពេលវេលា។ ពេលវេលាជាឱកាស មនុស្សឆ្លាតចេះមើលឱកាស ចេះប្រើឱកាសនិងចេះបង្តើតឱកាស។ បើរុញទូកបណ្ដោយទឹក ពេលទឹកឡើងខ្លាំង ឬព្យុះភ្លៀងនោះ ទូកនឹងលិច។ កត្តាទី២ មិនត្រូវរុញទូកតាមខ្សែទឹកដោយគ្មានគោលដៅនោះទេ។
លោកហ៊ុន សែនអះអាងថា ការណ៍ដែលចៅៗ ក្មួយៗមានគោលដៅជាក់លាក់ក្នុងជីវិតនោះនឹងធ្វើឱ្យទូកទាំងឡាយក្នុងសង្គមយើងអុំ ឬចែវទៅរកវឌ្ឍនភាពពិតៗ។
លោកបានអធិប្បាយតាមន័យដើមថា៖
«នៅក្នុងជីវិតនយោបាយរបស់ខ្ញុំ ខ្ញុំបានគូសដៅទុកគ្រប់ជំហាន គ្រប់សេណារីយ៉ូ។ គំនូសផ្លូវដើរទាំងប៉ុន្មាន គ្មាននរណាអាចស្មានដឹងឡើយ សូម្បីតែអ្នកជំនិតដែលដើរជាមួយតាំងពីសម័យសង្គ្រាម»។
ទាក់ទិនបញ្ហាអធិបតេយ្យភាពរបស់កម្ពុជានោះ លោក ហ៊ុន សែន បានអះអាងថា៖
«ចំណុចទី២ បើទាក់ទងនឹងអធិបតេយ្យភាព បូរណភាពទឹកដីកម្ពុជា និងសុខសន្តិភាពរបស់ប្រជាជនខ្មែរ កុំថា ឡើយរុញទូកបណ្ដោយទឹក ទោះត្រូវអូសរថក្រោះឡើងភ្នំក៏ត្រូវតែធ្វើ»។
ការថ្លែងបញ្ជាក់ពីភាពវៃឆ្លាតរបស់លោក ហ៊ុន សែន ក្នុងការដឹកនាំប្រទេសនិងឆន្ទៈរបស់លោកក្នុងការការពារទឹកដីកម្ពុជានេះ បានធ្វើឡើងក្រោយពីមានសេចក្តីរាយការណ៍របស់សារព័ត៌មានបរទេស Asia Times ដែលបានចោទប្រកាន់ថា រដ្ឋាភិបាលរបស់លោកទំនងជាបានបើកផ្លូវឲ្យមានការកសាងមូលដ្ឋានកងទ័ពជើងទឹកប្រទេសចិន ដែលគេដឹងយ៉ាងទូលំទូលាយថា បានបន្តទម្លាក់ជំនួយដល់កម្ពុជាទាំងខាងហិរញ្ញវត្ថុ និងយោធាយ៉ាងច្រើនសន្ធឹកសន្ធាប់។
សារព័ត៌មានបរទេស Asia Times ដែលចេញផ្សាយអត្ថបទតាមប្រព័ន្ធអ៊ីនធឺណិត បានឲ្យដឹងថា កម្ពុជាបានបើកផ្លូវឲ្យមានការកសាងកំពង់ផែទឹកជ្រៅមួយនៅក្នុងខេត្តកោះកុង ដែលទំនងជាមានគោលដៅសម្រាប់បម្រើដល់សកម្មភាពនាវាចរណ៍របស់កងទ័ពរំដោះប្រជាជនចិន ហៅកាត់ថា PLA។កាសែតបរទេសមួយនេះបានបញ្ជាក់ឲ្យដឹងថា ការសាងសង់កំពុងផែនោះកំពុងត្រូវបានធ្វើដោយក្រុមហ៊ុនចិនមួយឈ្មោះ Union Development Group (UDG)។
កាសែត Asia Times បានលើកឡើងពីអ្នកវិភាគជាច្រើនដែលអះអាងថា កំពង់ផែថ្មីកោះកុង (Koh Kong New Port) ដែលជាកំពង់ផែទឹកជ្រៅនោះគឺធំគ្រប់គ្រាន់សម្រាប់ទទួលនាវាចម្បាំង និងនាវាប្រដេញក្នុងការប្រយុទ្ធដ៏មានសក្តានុពល និងកប៉ាល់ធំៗផ្សេងទៀតរបស់កងទ័ពជើងទឹករបស់កងទ័ពរំដោះប្រជាជនចិន។
ក៏ប៉ុន្តែក្រុមមន្ត្រីកងទ័ព និងរដ្ឋាភិបាលកម្ពុជា ព្រមទាំងលោកហ៊ុន សែន ផងនោះ បានច្រានចោលព័ត៌មាននេះទាំងស្រុង។
ក្នុងការថ្លែងបដិសេធសេចក្តីរាយការណ៍ដែលថា កម្ពុជាចង់ឲ្យមានមូលដ្ឋានកងទ័ពជើងទឹកចិននោះ កាលពីថ្ងៃច័ន្ទកន្លងទៅនេះ លោក ហ៊ុន សែនបានថ្លែងក្នុងន័យដើមថា៖
«យើងបដិសេធចោលដាច់ខាតនូវការប្រកួតប្រជែងខាងមនោគមវិជ្ជាបំបែកបំបាក់ខ្មែរ និងសម្លាប់ខ្មែរ ដូចកាលពីអតីតកាល។ យើងទាត់ចោលដាច់ខាត នូវការប្រកួតប្រជែងយកកម្ពុជាធ្វើជាទីលានសាកល្បងអាវុធរបស់ខ្លួន ឬលក់អាវុធរបស់ខ្លួនមកឲ្យកម្ពុជា ដូច្នេះចំណុចនេះ សង្ឃឹមថា ប្រជាពលរដ្ឋកម្ពុជា ដែលបាននូវព័ត៌មានតាមរយៈសារព័ត៌មាននេះ សារព័ត៌មាននោះ ឬមិត្តភ័ក្តបរទេស ទាំងឡាយ ដែលមានកង្វល់គឺសុំជឿទុកចិត្តចំពោះការអនុវត្តប្រកបដោយឯករាជ្យ និងការពារអធិបតេយ្យរបស់កម្ពុជា»។
ក្នុងបញ្ហាមូលដ្ឋានកងទ័ពជើងទឹកចិននៅកម្ពុជានេះ អនុរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោកJohn Sullivan ក៏បានបង្ហាញពីការបារម្ភថា ប្រសិនបើកម្ពុជាបើកឲ្យមានមូលដ្ឋានរបៀបនេះនៅកម្ពុជាមែននោះ វានឹងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ទំនាក់ទំនងទេ្វភាគី»រវាងប្រទេសទាំងពីរ។ រីឯលោកអនុប្រធានាធិបតីសហរដ្ឋអាមេរិក Mike Pence ក៏បានផ្ញើលិខិតមួយជូនលោក ហ៊ុន សែន ដោយបានលើកឡើងពីបញ្ហាមូលដ្ឋានកងទ័ពជើងទឹកចិននេះផងដែរ។
លោក ហ៊ុន សែន ក៏បានអះអាងថា លោកនឹងធ្វើលិខិតជូនទៅអនុប្រធានាធិបតីសហរដ្ឋអាមេរិក Mike Pence «ដើម្បីឲ្យគាត់យល់ច្បាស់អំពីបញ្ហានេះ»។
ទោះណាជាលោកនាយករដ្ឋមន្ត្រីហ៊ុន សែនបានអះអាងថា លោកបានរៀបចំគ្រប់ជំហានដែលមិនមានណាអ្នកដឹង សម្រាប់គោលដៅរបស់លោកក្តី ក៏ក្រុមអ្នកសង្កេតការណ៍មួយចំនួនបានវិភាគអំពីជំហានរបស់លោកក្នុងទំនាក់ទំនងការបរទេស ដោយពួកគេ បានលើកឡើងថា លោកកំពុងនាំប្រទេសកម្ពុជាទៅរកប្លុកកុម្មុយនីស្ត ដែលការណ៍នេះផ្ទុយពីរដ្ឋធម្មនុញ្ញប្រទេសកម្ពុជា ដែលបានចែងអំពីលទ្ធិប្រជាធិបតេយ្យសេរីពហុបក្សនៅកម្ពុជា។
រហូតមកដល់ពេលនេះ រដ្ឋសភាកម្ពុជាត្រូវគេសង្កេតឃើញថា គឺមានតែគណបក្សប្រជាជនកម្ពុជារបស់លោកហ៊ុន សែនតែប៉ុណ្ណោះដែលបានក្តោបយកអាសនៈទាំង១២៥ក្នុងសភា បន្ទាប់ពីរដ្ឋាភិបាលរបស់លោកបានប្តឹងរំលាយចោលគណបក្សសង្គ្រោះជាតិ កាលពីឆ្នាំ២០១៧ ដោយចោទថា គណបក្សនេះ បានប្រព្រឹត្តអំពើក្បត់ជាតិ។
លោក រ៉ុង ឈុនប្រធានសហភាពសហជីពកម្ពុជា និងជាអតីតសមាជិកមួយរូបរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) ប្រាប់ VOAថា មេដឹកនាំកម្ពុជាបច្ចុប្បន្នកំពុងនាំទូកកម្ពុជាឲ្យស្ថិតក្រោមការថ្កោលទោសជាអន្តរជាតិ បន្ទាប់ពីការលុបបំបាត់ចោលសំឡេងអ្នកប្រឆាំង។
លោកមានប្រសាសន៍ថា៖
«ការរុញទូកបណ្តោយទឹក ឬច្រាសទឹកអីវាអត់មានឃើញផលប្រយោជន៍ណាមួយសម្រាប់ជាតិ ក៏ដូចជាសម្រាប់ប្រជាពលរដ្ឋខ្មែរដែរ។ មានតែផលខាត ពេលដែលធ្វើឲ្យអន្តរជាតិគេថ្កោលទោសបន្តបន្ទាប់ ក្នុងរយៈពេលចុងក្រោយ នៃនយោបាយកម្ពុជាយើងនេះ។ តាំងពីមានការរំលាយគណបក្សសង្គ្រោះជាតិ មានការចាប់មេបក្សប្រឆាំងដាក់ឃុំ ហើយនិងដំណើរការការបោះឆ្នោត កាលពីថ្ងៃ២៩ កក្កដាកន្លងទៅថ្មីៗនេះ ធ្វើឲ្យអន្តរជាតិគេថ្កោលទោសម្តងហើយ ម្តងទៀត មកទល់ពេលនេះ ក៏មិនទាន់ចប់នៅឡើយដែរ»។
លោករ៉ុង ឈុន បានចែករំលែកទស្សនៈមួយចំនួនដូចនឹងអ្នកសង្កេតការណ៍ដទៃទៀតថា ទូកកម្ពុជាពេលនេះកំពុងធ្វើដំណើរទៅរកប្រទេសចិន។
លោកបានថ្លែងកត់សម្គាល់យ៉ាងដូច្នេះ៖
«ទូកកម្ពុជា ឬមួយយើងហៅថា នាវាកម្ពុជាហ្នឹង កំពុងតែងាកទៅរកចិនកុម្មុយនីស្តហើយ ដូច្នេះហើយ ចំណុចទាំងអស់នេះ ដែលធ្វើឲ្យ ទាំងខ្ញុំ ទាំងប្រជាពលរដ្ឋ ដែលមានការព្រួយបារម្ភ ដែលយើងឃើញងាកទៅចិន១៨០ដឺក្រេ ពីព្រោះយើងងាកទៅមើលប្រវត្តិសាស្ត្រកន្លងមក យើងឃើញថា នៅពេលដែលកម្ពុជាយើងទៅឱបចិន យើងអត់ទទួលបានសេចក្តីសុខទេ មានតែលំបាកវេទនា ជុំវិញបញ្ហាទាំងអស់នេះ។ ចំពោះទស្សនរបស់ខ្ញុំ ខ្ញុំចង់ឲ្យអ្នកនយោបាយកម្ពុជា យើងមិនត្រូវផ្អៀងទៅតែម្ខាងៗ។ យើងទៅចាប់យកចិន បោះបង់អាមេរិក បោះបង់សហភាពអឺរ៉ុបចោល វាជារឿងមួយមិនល្អទេ ពីព្រោះប្រវត្តិសាស្ត្របានសរសេរហើយ ហើយកូនខ្មែរក៏បានឃើញ តាមឃ្លាំមើលជារៀងរហូត។ នៅពេលដែលកម្ពុជាឱបចិន តែមួយ ពេលហ្នឹងកម្ពុជាអត់មានសេចក្តីទុកទេ ហើយក៏គ្មានការរីកចម្រើនទៅមុខដែរ បាទ»។
ផ្ទុយពីការអធិប្បាយរបស់លោករ៉ុង ឈុន លោកបណ្ឌិត ឈាង វណ្ណារិទ្ធ អ្នកវិភាគនិងអ្នកស្រាវជ្រាវកិច្ចការតំបន់ ប្រាប់ VOA កាលពីពេលកន្លងមកថា ការខាតប្រយោជន៍ ឬយ៉ាងណាពីការរឹតចំណងជាមួយចិននោះគឺអាស្រ័យលើអភិបាលកិច្ចក្នុងប្រទេស។
លោកថា កម្ពុជាមិនបានដាក់ពងទាទាំងអស់នៅក្នុងកន្ត្រកតែមួយនៅក្នុងប្រទេសចិនទេ ពោលគឺកន្លងទៅលោកមើលឃើញថា កម្ពុជាខំប្រឹងបង្កើតទំនាក់ទំនងល្អជាមួយនឹងប្រទេសជប៉ុន និងបណ្ដាប្រទេសមួយចំនួនទៀតនៅក្នុងតំបន់អាស៊ីផងដែរ។ ហេតុដូច្នេះ លោកចាត់ទុកថា នេះជាយុទ្ធសាស្ត្រដើម្បីធ្វើយ៉ាងណាឲ្យកម្ពុជាមានអ្វីដែលហៅថា«ឯករាជ្យ ក៏ដូចជា Balances ដើម្បីឲ្យមានតុល្យភាពនៃទំនាក់ទំនងការបរទេសរបស់ខ្លួន ជាពិសេសរវាងចិន និងជប៉ុន» ផងនោះ។
ក៏ប៉ុន្តែ កម្ពុជានៅពេលនេះក៏កំពុងរងការដាក់គំនាបពីប្រទេសនៅបស្ចិមលោក និងសហគមន៍អឺរ៉ុប បន្ទាប់ពីការបោះឆ្នោតនៅខែកក្កដាឆ្នាំ២០១៨ ដែលគណបក្សសង្គ្រោះជាតិត្រូវបានគេផាត់ចេញពីការបោះឆ្នោត។ សហគមន៍អឺរ៉ុបបានទុកពេលឲ្យកម្ពុជា១២ខែ ដើម្បីកែខៃស្ថានភាពសិទ្ធិការងារ និងសិទ្ធិមនុស្សឡើងវិញ មុនពេលប្រទេសនេះបាត់បង់កិច្ចអនុគ្រោះពន្ធលើការនាំទំនិញរបស់ខ្លួនចូលទៅទីផ្សារអឺរ៉ុប។
ការបាត់បង់កិច្ចអនុគ្រោះពន្ធនេះក៏នឹងធ្វើឲ្យកម្ពុជាជាប់ពន្ធដែលមានទឹកប្រាក់ប្រមាណជាង៦០០លានដុល្លារផងដែរ ហើយការងាររបស់កម្មករយ៉ាងហោចណាស់៧០ម៉ឺននាក់ក៏ស្ថិតក្នុងភាពមិនប្រាកដប្រជា។ នេះបើយោងតាមការបញ្ជាក់របស់ក្រុមសហជីពដែលការពារសិទ្ធិកម្មករក្នុងប្រទេសកម្ពុជា៕