លោក ហ៊ុន សែន ប្រើប្រាស់​រង្វាន់​បែប​ចំអក​ ​«Fake News»​ ​របស់​លោក​ Trump​ ​ដើម្បី​រិះគន់​​សារព័ត៌មាន​ឯករាជ្យ​កម្ពុជា

  • នៅ វណ្ណារិន

រូបឯកសារ៖ នាយក​រដ្ឋមន្ត្រី​កម្ពុជា​លោក​ ​ហ៊ុន សែន​ ​​​ចូលរួមមហា​សន្និបាត​បក្ស​​ដែល​មាន​រយៈពេល​បីថ្ងៃ​ ​នៅរាជធានីភ្នំពេញ កាលពីថ្ងៃសុក្រ ទី១៩ ខែមករា ឆ្នាំ២០១៨។⁣ (រូបដកស្រង់ពីហ្វេសប៊ុក Samdech Hun Sen, Cambodian Prime Minister)

​អ្នក​ជំនាញ​សារព័ត៌មាន​ថា ការ​ធៀប​សារព័ត៌មាន​កម្ពុជា​ទៅ​នឹង​សហរដ្ឋ​អាមេរិក​ គឺ​មិន​ត្រឹមត្រូវ​​ ​ដោយ​សហរដ្ឋ​អាមេរិក​នៅ​មាន​សារព័ត៌មាន​ជាច្រើន​ ដែល​ឯករាជ្យ​ និង​នៅ​តែ​អាច​រិះ​គន់​រដ្ឋបាល​លោក​ Trump ដដែល។

លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន​ កាល​ពី​ថ្ងៃ​អាទិត្យ​ បាន​កោត​សរសើរ​ប្រធានាធិបតីអាមេរិក​ ​លោក​ ​Donald Trump​ ចំពោះ​ការ​បង្កើត​ពាន​រង្វាន់​ Fake News​ Award​ សម្រាប់​ផ្តល់​ឱ្យ​ក្រុម​អ្នក​សារព័ត៌មាន​ដែល​មិន​ត្រឹមត្រូវនិង​ពុករលួយ។​ លោក​ ហ៊ុន សែន​ បាន​លើក​យក​ហេតុការណ៍​នេះប្រៀបធៀប​នឹង​អង្គភាព​សារព័ត៌មាន​ក្នុង​ស្រុក​មួយ​ចំនួន​ ដែល​រង​ការ​បង្ក្រាប​នឹង​ឈាន​ដល់​ការ​បិទទ្វារ​កាល​ពី​ឆ្នាំ​ទៅ​មិញ។​

ថ្លែង​ទៅ​កាន់​ក្រុម​អ្នក​ចូលរួម​ក្នុង​ពិធី​ជួបជុំ​បាយ​ពេល​ល្ងាច​មួយ​នៅ​ថ្ងៃ​អាទិត្យ​ ​ជាមួយ​អ្នក​សារព័ត៌មាន​និង​មន្ត្រី​អ្នកនាំ​ពាក្យ​ដែល​ភាគ​ច្រើន​ជិត​ស្និទ្ធ​នឹង​លោក​ ចំនួន​ប្រមាណ​សរុប​៣.០០០​នាក់ ​លោក ​ហ៊ុន សែន​ ថ្លែង​ថា៖​

​«ខ្ញុំ​គិត​ថា​ លោក​ប្រធានាធិបតី​ Donald Trump​ ពិត​ជា​បង្កើត​នៅ​ពានរង្វាន់​ដ៏​ត្រឹមត្រូវ​មួយ​ដែល​លោក​ទើប​តែ​ចែក​នៅ​ប៉ុន្មាន​ថ្ងៃ​មុន​នេះ​ ​នោះ​គឺ​សារព័ត៌មាន​ក្លែងបន្លំ​ ជា​សារព័ត៌មាន​ភូត​កុហក។​ នោះ​ហើយ​គឺ​ជា​ប្រភេទ​ ​សូម្បី​តែ​នៅ​អាមេរិក​ក៏​មាន​សារព័ត៌មាន​នេះ​ រហូត​ដល់​ប្រធានាធិបតី​អាមេរិក​បង្កើត​នូវសារព័ត៌មាន​គេ​ហៅ​ថា​ពានរង្វាន់​សម្រាប់​ព័ត៌មាន​ក្លែងក្លាយ​ ​ក្លែង​បន្លំ​ ភូត​កុហក»។​

កាល​ពី​ថ្ងៃ​ពុធ​សប្តាហ៍​កន្លង​ទៅ​ ប្រធានាធិបតី​អាមេរិក​លោក Donald Trump​ បាន​ប្រកាស​ពានរង្វាន់​ដល់​ក្រុម​អ្នក​សារព័ត៌មាន​ក្លែងក្លាយ​ ​ដែល​លោក​ ​ហៅ​ថា​ «Fake News Award»​ ទៅ​ដល់​ក្រុម​អ្នក​សារព័ត៌មាន​អាមេរិក​មួយ​ចំនួន​ដែល​រិះគន់​លោក​កន្លង​មក​ ​ដូច​ជា​អ្នក​សារព័ត៌មាន​របស់​កាសែត​ New York Times​ ​ទូរទស្សន៍ CNN​ ទូរទស្សន៍ ABC​ កាសែត ​Washington Post​ ​និង​ ទស្សនាវដ្ដី ​Newsweek ជា​ដើម។ ​ការ​ផ្តល់​ពានរង្វាន់​បែប​ចំអក​នេះ​ ​បាន​រង​ការ​រិះគន់​យ៉ាង​ចាស់​ដៃ​ពី​ក្រុម​អ្នក​សារព័ត៌មាន​ឯករាជ្យ​នានា​ទូទាំង​ពិភពលោក។

​យ៉ាងណា​ក៏​ដោយ​នៅ​ថ្ងៃ​អាទិត្យ​កន្លង​ទៅ ​លោក​ ហ៊ុន សែន​ ក៏​ឆ្លៀត​ ​ប្រើ​ប្រាស់​ការ​ផ្តល់​ពានរង្វាន់​បែប​ចំអក​របស់​លោក​ Trump ​ដើម្បី​ធ្វើ​ការ​វាយប្រហារ​សារ​ជា​ថ្មី​ ​លើ​សារព័ត៌មាន​មួយ​ចំនួន​ដែល​មិន​ចំណុះ​នឹង​ខ្លួន​ ​ថា​បាន​រំលោភ​ច្បាប់​កម្ពុជា​ ​ហើយ​បិទទ្វារ​ដោយ​គេច​មិនបាន​បង់​ពន្ធដារ។

ដោយ​មិន​បញ្ចេញ​ ​ឈ្មោះ​ស្ថាប័ន​ព័ត៌មាន​ទាំង​នោះ​ ​លោក​ ​ហ៊ុន សែន​ ​ថ្លែង​យ៉ាង​ដូច្នេះ៖​

​«ឯ​នៅ​កម្ពុជា​ ​ក៏​មាន​ប្រភេទ​សារព័ត៌មាន​នេះ​កើត​ឡើង​នៅ​កម្ពុជា​ រក​ស៊ី​មិន​បង់​ពន្ធ​ជាប់​ប្រាក់​ពន្ធ​ បន្លំ សំងំ​មិន​គោរព​ច្បាប់​កម្ពុជា។​ ដល់​ពេល​រក​ឃើញ​ ​គេ​តាំង​ខ្លួន​ទៅ​ជា​ជន​រងគ្រោះ​ ​ដើម្បី​ការ​អាណិត​អាសូរ​នៃ​រដ្ឋាភិបាល​បរទេស។​ រឿង​នេះ​មិន​ត្រូវ​ឱ្យ​កើត​មាន​តទៅ​ទៀត​នោះ​ទេ​ ក្រសួង​ព័ត៌មាន​ ត្រូវ​ទទួល​ខុសត្រូវ​ចំពោះ​រឿង​នេះ»។

​ចាប់​តាំង​ពី​ខែ​សីហា​កន្លង​ទៅ​ ​រដ្ឋាភិបាល​កម្ពុជា​ ​បាន​បើ​ការ​វាយ​ប្រហារ​ដ៏​ធ្ងន់ធ្ងរ​មួយ​លើ​អង្គការ​សង្គម​ស៊ីវិល​ ​គណបក្ស​ជំទាស់​ ​និង​អង្គភាព​សារព័ត៌មាន​ដែល​មិន​ចំណុះ​នឹង​ខ្លួន។​ ក្នុង​នោះ​ដែរ​សារ​ព័ត៌មាន​មួយ​ចំនួន​រួម​មាន​ ​កាសែត​ជា​ភាសា​អង់គ្លេស​ The Cambodia Daily​ ​និង​ វិទ្យុ​អាស៊ីសេរី​ ត្រូវ​បង្ខំ​ចិត្ត​បិទទ្វារ​ដោយ​ខ្លួនឯង​ ​ខណៈ​វិទ្យុ​ក្នុង​ស្រុក​មួយ​ចំនួន​ត្រូវ​បាន​រដ្ឋាភិបាល​ ​បង្គាប់​មិន​ឲ្យ​ផ្សាយ​បន្ត​កម្មវិធី​ព័ត៌មាន​របស់​វិទ្យុ​អាស៊ីសេរី​ ​និង​ ​VOA។​

កាសែត​ The Cambodia Daily​ ដែល​លោក​ ហ៊ុន សែន​ ធ្លាប់​ហៅ​ថា​ជា​ ​«មេចោរ»​ ​ក៏​ត្រូវ​បង្ខំ​ចិត្ត​បិទ​ទ្វារ​ ​លែង​ដំណើរការ​តទៅទៀត​ដែរ​ ​ចាប់តាំង​ពី​ខែ​កញ្ញា​ ​ឆ្នាំ​មុន​ ក្រោយ​រង​សម្ពាធ​ឲ្យ​បង់​ពន្ធ​ជា​ទឹក​ប្រាក់​ចំនួន​ជាង​៦​លាន​ដុល្លារ​ ​ដែល​រដ្ឋាភិបាល​អះអាង​ថា​ ​កាសែត​នេះ​ ​មិន​បាន​បង់​ជូន​រដ្ឋ​ជា​ច្រើន​ឆ្នាំ​មក​នោះ។

អ្នកស្រី​ Judith Clarke​ ​សាស្ត្រាចារ្យ​ចូល​និវត្តន៍​ផ្នែក​សារព័ត៌មាន​នៅ​សាកលវិទ្យាល័យ​ ​Hong Kong Baptist ​និង​ជា​អ្នក​ធ្លាប់​ស្រាវជ្រាវ​ពី​បញ្ហា​សារ​ព័ត៌មាន​នៅ​កម្ពុជា​ បាន​ប្រាប់​ ​VOA​ ​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ថា​ ការ​ធៀប​សារព័ត៌មាន​កម្ពុជា​ទៅ​នឹង​សហរដ្ឋ​អាមេរិក​គឺ​វា​ខុសគ្នា​ទំាងស្រុង​ ​ដោយ​សហរដ្ឋ​អាមេរិក​នៅ​មាន​សារព័ត៌មាន​ជាច្រើន​ដែល​មិន​ចំណុះ​ និង​នៅ​តែ​អាច​រិះគន់​រដ្ឋបាល​លោក​ Trump។​

​ថ្លែង​ប្រាប់ ​VOA​ តាម​សារ​អេឡិចត្រូនិក​ អ្នកស្រី​ ​Judith Clarke​ ​បាន​បញ្ជាក់​ថា៖​

​«លោក​នាយករដ្ឋមន្ត្រី​កម្ពុជា​បាន​ធ្វើ​ត្រាប់​តាម​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ ដូណាល់ ត្រាំ​ ក្នុង​ការ​ដាក់​ឈ្មោះ​ឲ្យ​ស្ថាប័ន​សារព័ត៌មាន​ទូទៅ​ដោយ​អយុត្តិធម៌​ថា​ជា​ ​«សារព័ត៌មាន​មិន​ពិត»​ (Fake News) ប៉ុន្តែ​លោក​ត្រាំ​គឺ​ជា​សំឡេង​មួយ​ក្នុង​សហរដ្ឋ​អាមេរិក​ទាំងមូល​ ​មិន​មែន​ជា​សំឡេង​តែមួយ​គត់​នោះ​ទេ។​ មតិ​ផ្សេង​ទៀត​អាច​បញ្ចេញ​ជា​សាធារណៈ​ឬ​ឯកជន។​ ហើយ​លោក​ត្រាំ​អាច​កាន់​តំណែង​យ៉ាង​ច្រើនតែ​ប្រាំបី​ឆ្នាំ​ប៉ុណ្ណោះ​ និង​អាច​ត្រូវ​បោះឆ្នោត​ឲ្យ​ចុះពីតំណែង (មុន​នោះ​ទៀត)។​ ប្រទេស​កម្ពុជា​ត្រូវ​ការ​សំឡេង​ច្រើន​ ​រួម​ទាំង​សារព័ត៌មាន​ឯករាជ្យ​ ​ដើម្បី​ដោះស្រាយ​ជាមួយ​នឹង​បញ្ហា​ធំ​នានា​ ​ដូច​ជា​ភាព​ក្រីក្រ​ ​ភាព​រិចរិល​នៃ​បរិស្ថាន​ និង​ការ​រីក​ដុះដាល​នៃ​អំពើ​ពុក​រលួយ»។​

​មក​ដល់​ពេល​នេះ​យ៉ាង​ហោច​ណាស់​អ្នក​សារព័ត៌មាន​ពីរ​រូប​ត្រូវ​បាន​ជាប់​ក្នុង​ការ​ឃុំឃាំង​ក្នុង​ការ​បំពេញ​ភារកិច្ច​របស់​ខ្លួន។​ អតីត​អ្នក​យក​ព័ត៌មាន​ ​ពីរ​រូប​នៃ​វិទ្យុ​អាស៊ីសេរី ​គឺ​លោក​ ​យាង សុធារិន​ ​និង​ ​លោក​ ​អ៊ួន ឈិន​ ​ត្រូវ​បាន​អាជ្ញាធរ​ចាប់​ខ្លួន​ ​និង​ចោទ​ប្រកាន់​កាល​ពី​ខែ​វិច្ឆិកា​កន្លង​ទៅ​ ​ក្រោម​បទ​ចោទ​ប្រគល់​ឱ្យ​រដ្ឋ​បរទេស​នូវ​ព័ត៌មាន​ ​ជា​អាទិ៍​ដែល​អាច​ធ្វើ​ឲ្យ​អន្តរាយ​ដល់​ការ​ការពារ​ជាតិ។ អ្នក​ទាំង​ពីរ​ប្រឈម​និង​ការ​ជាប់ពន្ធនាគារ​ដល់​១៥​ឆ្នាំ។​

​លោក​ Shawn Crispin​ តំណាង​ប្រចាំ​តំបន់​អាស៊ីអាគ្នេយ៍​នៃ​គណៈកម្មការ​ការពារ​អ្នក​កាសែត Committee to Protect Journalists​ ធ្លាប់ថ្លែង​ប្រាប់​ VOA តាម​សារ​អេឡិចត្រូនិក​ឬ​អ៊ីមែល​ពេល​កន្លង​មក​នេះ​ថា​ ការ​រឹត​បន្តឹង​របស់​រដ្ឋាភិបាល​ទៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យបង្ហាញ​ឲ្យ​ឃើញ​ពី​គ្រោះថ្នាក់​យ៉ាង​ច្បាស់​ចំពោះ​សេរីភាព​សារព័ត៌មាន​បច្ចុប្បន្ន​នេះ។​ តាម​រយៈ​ការ​បំបិទ​មាត់​សំឡេង​ឯករាជ្យ​តែ​បន្តិច​បន្តួច​ក្នុង​ប្រទេស​នេះ​ ​របប​ដឹកនាំ​ដោយ​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន​ មិន​បាន​បម្រើ​ពលរដ្ឋ​របស់​ខ្លួន​ទេ​ ​ហើយ​ថា​ វា​ជា​ទង្វើ​មិន​ល្អ​សោះ​ ​សម្រាប់​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​របស់​ពួក​គេ។​

លោក​ Shawn Crispin​ បាន​សរសេរ​បន្ថែម​ក្នុង​ន័យ​ដើម​ថា៖​

​«យើង​សូម​អំពាវនាវ​ឲ្យ​មាន​ការ​ដោះលែង​អ្នក​កាសែត​ដែល​កំពុង​ជាប់​ពន្ធនាគារ​ទាំង​អស់ និង​ឲ្យ​បញ្ឈប់​ការ​បំភិតបំភ័យ​និង​ការ​ធ្វើ​ទុក្ខបុកម្នេញ​តាម​ផ្លូវច្បាប់​ ​ទៅ​លើ​អ្នក​សារព័ត៌មាន​និង​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​តទៅ​ទៀត»។​

​ទោះ​យ៉ាង​ណា​ក៏​ដោយ​ ​នៅ​ក្នុង​ជំនួប​ជាមួយ​អ្នក​សារព័ត៌មាន​ជា​លើក​ទី​ពីរ​ កាល​ពី​រាត្រី​ថ្ងៃ​អាទិត្យ​ លោក​ ​ហ៊ុន សែន​ បាន​បង្ហាញ​ពី​ការ​យកចិត្ត​ទុក​ដាក់​ក្នុង​ការ​សម្រួល​ដល់​អ្នក​យកព័ត៌មាន​ក្នុង​ស្រុក​និង​អំពាវនាវ​ឱ្យ​មាន​ការ​សហការ​ល្អ​រវាង​អ្នក​យក​ព័ត៌មាន​និង​មន្ត្រី​រដ្ឋាភិបាល​របស់​លោក​ផង​ដែរ៕