ក្រុមអ្នកវិភាគបានចាត់ទុកការបញ្ជូនដីកាចាប់ខ្លួនលោកសម រង្ស៊ី ទៅកាន់បណ្តាប្រទេសជាសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ហៅកាត់ថាអាស៊ានរបស់រដ្ឋាភិបាលកម្ពុជា គឺជាយុទ្ធសាស្ត្ររាំងខ្ទប់ និងបន្លាចអតីតប្រធានគណបក្សសង្គ្រោះជាតិដែលត្រូវបានរំលាយមិនឲ្យវិលចូលប្រទេសវិញ។
ក្នុងជំនួបទ្វេភាគីជាមួយមេដឹកនាំប្រទេសឡាវ លោក ថងលុន ស៊ីសុលីត (Thongloun Sisoulith) នៅទីក្រុងភ្នំពេញ កាលពីថ្ងៃព្រហស្បតិ៍ លោកហ៊ុន សែន បានអះអាងថាដីកាចាប់ខ្លួនលោក សម រង្ស៊ី ត្រូវបានបញ្ជូនទៅកាន់ប្រទេសឡាវ និងថៃ ហើយនិងត្រូវបញ្ជូនប្រទេសជាសមាជិកអាស៊ានផ្សេងទៀត ខណៈដែលលោក សម រង្ស៊ី ប្រកាសជាសាធារណៈថា លោកនឹងមកត្រឡប់មកប្រទេសកម្ពុជាវិញ នៅថ្ងៃទី៩ខែវិច្ឆិកាខាងមុខ។
លោកបណ្ឌិតឡៅ ម៉ុងហៃ អ្នកវិភាគនយោបាយនៅប្រទេសកម្ពុជា ប្រាប់ VOA នៅថ្ងៃសុក្រនេះថា ការសម្រេចរបស់មេដឹកនាំកម្ពុជាយ៉ាងដូច្នេះ ទំនងជាមានចេតនារាំងខ្ទប់មិនឲ្យលោកសម រង្ស៊ី ជាន់ដីប្រទេសក្បែរខាងណាមួយ មុននឹងឆ្លងចូលមកប្រទេសកម្ពុជា។
«ទំនងទៅរករបាំងហ្នឹងបាទ គឺកុំឲ្យគាត់មកឆ្លងកាត់ តាមប្រទេសអាស៊ានហ្នឹងបាទ។ ជាពិសេសដែលមានព្រំប្រទល់ដែនជាមួយខ្មែរនេះ ហើយជាពិសេសទៅទៀតគឺឡាវ ហើយថៃបាទ»។
ចំណែកលោកឯម សុវណ្ណារ៉ា អ្នកវិភាគនយោបាយមួយរូបទៀតនៅប្រទេសកម្ពុជា យល់ថា វិធានការរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន គឺជាយុទ្ធសាស្ត្របន្លាចលោកសម រង្ស៊ី តែប៉ុណ្ណោះ។
«គ្រាន់តែជាយុទ្ធសាស្ត្រ វិធីសាស្ត្រ បំភ័យច្រើនជាង ពីព្រោះបើរដ្ឋាភិបាលចង់ចាប់ ខ្ញុំគិតថា រដ្ឋាភិបាលអាចរក្សាការស្ងៀមស្ងាត់ ហើយចាំលោកសម រង្ស៊ីចូលមក ហើយចាប់តែម្តង»។
លោកសុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាមិនអធិប្បាយចំៗលើចំណាត់ការរបស់រដ្ឋាភិបាលក្នុងការបញ្ជូនដីកាចាប់ខ្លួនលោកសម រង្ស៊ី ទៅកាន់បណ្តាប្រទេសសមាជិកអាស៊ាននោះទេ។ ប៉ុន្តែ លោកលើកឡើងថា «នយោបាយកម្ពុជាពេលនេះមិនត្រូវការលោកសម រង្ស៊ី ទៀតទេ» ហើយពលរដ្ឋប្រទេសនេះ ក៏មិនខ្វល់ពីការវិលត្រឡប់របស់លោកសម រង្ស៊ីនោះដែរ។
ទោះជាយ៉ាងណា លោកសុខ ឥសាន ជឿថាលោកសម រង្ស៊ី នឹងមិនហ៊ានវិលត្រឡប់ចូលមកប្រទេសកម្ពុជាដូចលោកបានប្រកាសនោះទេ។
«ទីមួយគាត់ហ៊ានមកតែមាត់ អារឿងមាត់ហ្នឹង គាត់មកលើសស្អីទាំងអស់ តែពីខ្លួនគាត់ហ្នឹងអត់ហ៊ានចូលមកទេ ព្រោះមនុស្សហ្នឹងខ្លាចគុក ខ្លាចខ្នោះ»។
លោកឯម សុវណ្ណារ៉ា ហាក់ដូចជាចែករំលែកការយល់ឃើញនេះដែរ។ លោកគិតថាអតីតមេដឹកនាំគណបក្សប្រឆាំង លោក សម រង្ស៊ី នឹងមកកាន់ប្រទេសកម្ពុជា ក្នុងកាលៈទេសៈបច្ចុប្បន្ននេះទេ ដោយសារមិនទាន់មានភាពច្បាស់លាស់អំពីកម្លាំងគាំទ្ររូបលោក។
លោកសម រង្ស៊ី ប្រធានស្តីទីអតីតគណបក្សសង្គ្រោះជាតិដែលត្រូវបានរំលាយកាលពីឆ្នាំ២០១៧ ធ្លាប់បានប្រកាសវិលត្រឡប់ចូលប្រទេសកម្ពុជាវិញជាច្រើនដងក្នុងពេលកន្លងមក ប៉ុន្តែលោកបានខកខានមិនបានមកទៅវិញដោយសារមូលហេតុផ្សេងៗ ដូចជាមូលហេតុនៃបញ្ហាសន្តិសុខដែលមិនសូវអំណោយផល។ រីឯអាជ្ញាធរកម្ពុជា ក៏បង្កើនការគំរាមចាប់លោកសម រង្ស៊ី ហើយថែមទាំងចោទថា ការវិលត្រឡប់របស់លោកសម រង្ស៊ី អាចបង្កឲ្យមានចលាចល និងមានការបំផ្លិចបំផ្លាញនៅព្រលានយន្តហោះទីក្រុងភ្នំពេញបច្ចុប្បន្ន។
យ៉ាងណាក៏ដោយលោកសម រង្ស៊ី បានប្រាប់ VOA តាមសារអេឡិចត្រូនិកអ៊ីម៉េល កាលពីយប់ថ្ងៃព្រហស្បតិ៍ថា លោកនៅតែត្រូវវិលមកប្រទេសកម្ពុជាដូចការគ្រោងទុកនៅចំថ្ងៃបុណ្យឯករាជ្យជាតិ៩ វិច្ឆិកា បើទោះជាលោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានបញ្ជូនដីកាចាប់ខ្លួនរូបលោកទៅកាន់បណ្តាប្រទេសជាសមាជិកអាស៊ានក៏ដោយ។
លោកបញ្ជាក់ថា អាជ្ញាធរកម្ពុជាមិនអាចចាត់វិធានការណាមួយមកលើរូបលោកនោះទេ ព្រោះលោកកាន់លិខិតឆ្លងដែនមានសញ្ជាតិបារាំង។ លោកបានបន្ថែមថា៖
«ខ្ញុំបានធ្វើដំណើរ និងនឹងធ្វើដំណើរជាមួយលិខិតឆ្លងដែនបារាំងរបស់ខ្ញុំដែលរបបលោកហ៊ុន សែន គ្មានសិទ្ធិអំណាចលើនោះទេ។ មានតែរដ្ឋាភិបាលបារាំងដែលមានអំណាចមកលើការធ្វើដំណើរជាមួយលិខិតឆ្លងដែនបារាំងមួយនេះ»។
លោកសម រង្ស៊ី បន្ថែមថា លោកបានធ្វើដំណើរទៅកាន់ប្រទេសជប៉ុន កូរ៉េខាងត្បូង ម៉ាឡេស៊ី និងសិង្ហបុរីកាលពីពេលថ្មីៗនេះដែរ។ លោកថា រដ្ឋាភិបាលបែបប្រជាធិបតេយ្យនឹងមិនគិតគូរដល់«ការកាត់ទោសមានហេតុផលនយោបាយដ៏គួរឲ្យអស់សំណើច»របស់តុលាការកម្ពុជានោះទេ។
រហូតមកទល់ពេលនេះ លោកសម រង្ស៊ី ជាប់បណ្តឹងចំនួនប្រមាណដប់បណ្តឹង ពីលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ពីលោកហេង សំរិន ប្រធានរដ្ឋសភា លោក ហោ ណាំហុង អតីតរដ្ឋមន្រ្តីក្រសួងការបរទេស និងបណ្តឹងពីលោកស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។ តុលាការកម្ពុជាបានកោះហៅលោក សម រង្ស៊ី ជាថ្មីទៀត ឲ្យចូលខ្លួននៅថ្ងៃដើមខែតុលាខាងមុខ។
នៅថ្ងៃសុក្រនេះផងដែរ តុលាការក្រុងភ្នំពេញបានចោទប្រកាន់លោកសម រង្ស៊ី មួយបទល្មើសបន្ថែមទៀត។ នោះគឺការចោទប្រកាន់ពីបទប្រមាថអង្គព្រះមហាក្សត្រ តាមបញ្ជារបស់ក្រសួងយុត្តិធម៌៕