លោកហ៊ុន សែន​ប្រឹង​ជំរុញ​ច្បាប់​ទោះបី​អង្គការ​សង្គម​ស៊ីវិល​និង​ទូត​បរទេស​រិះគន់

លោក ​សួន ប៊ុនស័ក្តិ​ នាយក​លេខាធិការដ្ឋាន​នៃ​គណៈកម្មាធិការ​ប្រព្រឹត្តិកម្ម​នៃ​អង្គការ​សមាគមការពារ​សិទ្ធិ​មនុស្ស​កម្ពុជា ​លើក​កាន់​រដ្ឋធម្មនុញ្ញ​កម្ពុជា​ ក្នុង​អំឡុង​​​សន្និសីទ​​ព័ត៌មាន​អំពី​យុទ្ធនាការ​​«ឈប់​និង​ពិគ្រោះ​យោបល់​លើ​ច្បាប់​​ស្តី​ពី​សមាគម​និង​អង្គការ​មិនមែន​រដ្ឋាភិ​បាល» កាល​ពី​ថ្ងៃ​ច័ន្ទ​ទី​៤ ខែ​ឧសភា ឆ្នាំ​២០១៥។ (រូបថត៖ នៅ វណ្ណារិន/VOA)

លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ​បាន​បញ្ជាក់​សារជា​ថ្មី​នៅ​ថ្ងៃអង្គារ​ថា កម្ពុជា​ត្រូវតែ​អនុម័ត​ច្បាប់​មួយ​ចំនួន​ដែល​ចាំបាច់ ​និង​ដែល​មាន​នៅក្នុង​ផែនការ​ដោយ​មិន​បង្អង់​ឡើយ។​

ការ​ប្រកាស​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​បាន​ធ្វើ​ឡើង ក្រោយពី​មាន​ប្រតិកម្ម​រិះគន់​ជា​បន្តបន្ទាប់​ពី​អង្គការ​សង្គម​ស៊ីវិល និង​ស្ថានទូត​បរទេស​ឱ្យ​ព្យួរ​ច្បាប់​ដ៏ចម្រូង​ចម្រាស​ដើម្បី​គ្រប់គ្រង​អង្គការ​សង្គម​ស៊ីវិល ​ឬ​ក៏​ត្រូវ​បើក​ចំហរ​ឱ្យមាន​ការ​ពិភាក្សា​គ្នា​លម្អិត​ថែម​ទៀត។

លោក ហ៊ុន សែន ​បញ្ជាក់​ថា សង្គម​ស៊ីវិល និង​អង្គទូត​មិន​មែន​ជា​អ្នក​អនុម័ត​ច្បាប់​នោះ​ទេ​ ក៏ប៉ុន្តែ​លោក​ថា រដ្ឋាភិបាល​ស្វាគមន៍​នឹង​ការ​ចូលរួម​ជា​យោបល់។​

លោកនាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ថ្លែង​សន្ទុទរកថា​ទៅ​កាន់​សិស្ស​និស្សិត​នៅ​សាលា​ប៊ែលធី រាជធានី​ភ្នំពេញ។

«យើង​នឹង​បន្ត​ចេញច្បាប់​តាម​ផែនការ​របស់​យើង ​ព្រោះ​មាន​តែ​រដ្ឋសភា​ទេ​ដែល​មាន​សិទ្ធិ​អនុម័ត​ច្បាប់​ មិន​មែន​អង្គការ​ក្រៅ​រដ្ឋាភិបាល ឬ​ទូត​បរទេស​នោះ​ទេ​ដែល​មាន​សិទ្ធិ​អនុម័ត​ច្បាប់​នោះ‍»។​

រហូត​មក​ដល់​ពេល​នេះ សំណៅ​ចុង​ក្រោយ​នៃ​សេចក្តី​ព្រាង​ច្បាប់​ស្តី​ពី​សមាគម និង​អង្គការ​មិន​មែន​រដ្ឋាភិបាល​មិន​ត្រូវ​បាន​ចែក​ចាយ​ឱ្យ​អង្គការ​សង្គម​ស៊ីវិល​បាន​ឃើញ​នៅ​ឡើយ​ទេ។ សេចក្តី​ព្រាង​ចុងក្រោយ ដែល​បាន​ចែកចាយ​ឱ្យ​អង្គការ​សង្គម​ស៊ីវិល​មើល​ គឺ​មាន​សំណៅ​តាំង​ពី​ឆ្នាំ​២០១១ ដែល​មាន​៣៤មាត្រា​ ហើយ​មាន​លក្ខណៈ​តឹងរឹង​តិចតួច។ ប៉ុន្តែ​យោង​តាម​សំណៅ​ចុងក្រោយ​ដែល​ VOA ​ទទួល​បាន​មាន​រហូត​ដល់​ទៅ​ចំនួន៥៨មាត្រា ដែល​អ្នក​ជំនាញ​មើល​ឃើញ​ថា​ អាច​នឹង​មាន​បញ្ហា​លើ​ការ​តម្រូវ​ដ៏​ស្មុគស្មាញ​លើ​នីតិវិធី​ចុះ​ឈ្មោះ ការ​ធ្វើ​របាយការណ៍​ហិរញ្ញវត្ថុ និង​ផែនការ​សកម្មភាព​ជាដើម។ ​

ទន្ទឹម​គ្នា​នោះ​ដែរ ​ក៏​មាន​អង្គភាព​រដ្ឋ​មួយ​ចំនួន​ចូលរួម​ពាក់​ព័ន្ធ​នឹង​ការ​ចុះ​បញ្ជី និង​តាម​ដាន​ការងារ​របស់​អង្គការ​ក្រៅ​រដ្ឋាភិបាល​ ក្នុង​នោះ​រួម​មាន​ដូច​ជា ក្រសួង​មហាផ្ទៃ ឬ​ស្ថាប័ន​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​ ក្រសួង​ការបរទេស ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ អាជ្ញាធរ​សវនកម្ម​ជាតិ ​និង​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ជាដើម។

មាត្រាទី​៤៤​នៃ​សេចក្តី​ព្រាង​ច្បាប់​នេះ​បាន​បើកផ្លូវ​ឱ្យ​ដាក់​ទោស​ទណ្ឌ​សមាគម​ ឬ​អង្គការ​មិន​មែន​រដ្ឋាភិបាល ដែល​ប្រព្រឹត្ត​ល្មើស​លក្ខន្តិកៈ ឬ​អនុស្សរណៈ​ក្រសួង​មហាផ្ទៃ ឬ​ស្ថាប័ន​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ ឬ​ក្រសួង​ការបរទេស​ទៅ​តាម​ច្បាប់​នៃ​ប្រទេស​កម្ពុជា។

លោក ផៃ ស៊ីផាន រដ្ឋលេខាធិការ និង​អ្នក​នាំ​ពាក្យ​របស់​គណរដ្ឋមន្ត្រី ពិភាក្សា​អំពី​បញ្ហា​ជុំវិញ​បរាជ័យ​របស់​អាស៊ាន​ក្នុងការ​សម្រេច​ឲ្យ​បាន​នូវ​កិច្ច​ព្រម​ព្រៀង​លើ​ជម្លោះ​នៅ​សមុទ្រចិន​ខាង​ត្បូង ក្នុង​កម្មវិធី Hello VOA កាលពី​ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១២។

លោក ផៃ ស៊ីផាន​ រដ្ឋលេខាធិការ និង​ជា​អ្នកនាំ​ពាក្យ​ទីស្តី​ការ​គណរដ្ឋ​មន្ត្រី ​បាន​បញ្ជាក់​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​អង្គារ​ថា ច្បាប់​នេះ​កំពុង​ស្ថិត​នៅ​ក្នុង​ដៃ​របស់​ក្រសួង​មហាផ្ទៃ​ ដើម្បី​កែ​សម្រួល​ពាក្យ​ពេចន៍​មួយ​ចំនួន​នៅឡើយ ហើយ​មិន​ទាន់​មក​ដល់​ទីស្តី​ការ​គណរដ្ឋ​មន្ត្រី​ដើម្បី​ពិនិត្យ​មើល​ទេ។ លោក​សង្ឃឹម​ថា​នឹង​អាច​មក​ដល់​នៅ​ពេល​ណា​មួយ​ឆាប់ៗ​នេះ ដែល​នឹង​ទាន់​ពេល​ដាក់​ជូន​អង្គប្រជុំ​គណរដ្ឋ​មន្ត្រី​ពិភាក្សា​នៅ​ថ្ងៃសុក្រ​សប្តាហ៍​ក្រោយ ដើម្បី​ឱ្យ​បាន​ចេញ​រួច​តាម​ការ​ចង់​បាន​របស់​រដ្ឋាភិបាល​កម្ពុជា​នៅ​មុន​ដំណាច់​ខែ​ឧសភា។

លោក ផៃ ស៊ីផាន​ ស្នើ​ឱ្យ​អង្គការ​សង្គម​ស៊ីវិល​ព្រម​ទទួល​យក​ច្បាប់​នេះ​ជាជាង​ការប្រឆាំង៖

«ការព្រួយ​បារម្ភ​របស់​អង្គការ​សង្គម​ស៊ីវិល​ហាក់​បី​ដូចជា​ឆាប់​ពេក​ក្នុង​ការ​ព្រួយបារម្ភ​ហើយ​ក៏ វា​ក្លាយ​ទៅ​ជា​ទម្លាប់​មួយ ដែល​សង្គម​ស៊ីវិល​មិន​ដែល​ឱ្យ​តម្លៃ​ច្បាប់​ណាមួយ​ទេ​ មិន​មែន​ច្បាប់​សង្គម​ស៊ីវិល​នេះ​សូម្បី​តែ​ច្បាប់​ប្រឆាំង​អំពើ​ពុករលួយ​។ សូម្បី​តែ ចូល​ទៅ​ក្នុង​អាស៊ាន​ក៏​គាត់​មិន​ឱ្យ​តម្លៃ​ដែរ ដូច្នេះ​សង្គម​ស៊ីវិល​ទាំងនោះ​ត្រូវ​ពិចារណា​ជំហរ​របស់​ខ្លួន​ឯង​ ថា​តើ​ជា​អង្គការ​ដើម្បី​ប្រឆាំង​នឹង​រាជរដ្ឋាភិបាល​ ឬ​ជា​ដៃ​គូ​រាជ​រដ្ឋាភិបាល? នេះ​ត្រូវ​ពិចារណា​សារជាថ្មី។ ហើយ​ការ​ភ័យ​ខ្លាច​ថា​ច្បាប់​ហ្នឹង​ទៅគ្រប់គ្រង​សង្គម​ស៊ីវិល​ គឺ​មិន​មាន​អញ្ចឹង​ទេ ប៉ុន្តែ​ច្បាប់​បង្ហាញ​អំពី​វប្បធម៌​អំពី​ការ​ទទួល​ខុសត្រូវ​របស់​សង្គម​ស៊ីវិល‍»។​

អង្គការ​សង្គម​ស៊ីវិល​ក្នុង​ស្រុក​ និង​អន្តរជាតិ​បាន​សម្តែង​ការ​ជំទាស់​នឹង​ការ​ចេញ​ច្បាប់​ស្តី​ពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល ហើយ​ព្រមាន​ឲ្យដឹង​កាលពីដើម​ខែ​នេះ​ថា​ ការ​អនុម័ត​ច្បាប់​នេះ​ដោយ​មិនមាន​ការ​ចូលរួម​ពិគ្រោះ​យោបល់​ពី​អង្គការ​ពាក់ព័ន្ធ​វា​នឹង​អាច​ធ្វើ​ឲ្យ​មាន​ផល​ប៉ះពាល់​ដល់​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច និង​សង្គម​ជាតិ​ទាំងមូល​។​

ពួកគេ​លើក​ឡើង​ថា​ ច្បាប់នេះ​នឹង​ប៉ះពាល់​ដល់​គម្រោង​ជាង​៤ពាន់​របស់​អង្គការ​សង្គម​ស៊ីវិល​នានា ដែល​កំពុង​អនុវត្តន៍​នា​ពេល​បច្ចុប្បន្ន​។​ ជាង​នេះ​ទៀត​វា​អាច​ធ្វើ​ឲ្យ​មនុស្ស​ជាង​១លាននាក់​ប្រឈម​នឹង​ការ​បាត់បង់​ការងារ​ធ្វើ៕