លោក​ហ៊ុន សែន​នឹង​ធ្វើ​ទស្សនកិច្ច​បីថ្ងៃ​នៅ​វៀតណាម

រូបឯកសារ៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោកនាករដ្ឋមន្ត្រីវៀតណាម ​ង្វៀន​ សួន​ហ៊្វុក​ (Nguyen Xuan Phuc) នៅទីក្រុងហាណូយ ប្រទេសវៀតណាម ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៦។

ក្នុង​ទស្សនកិច្ច​លើក​រយៈពេល​បី​ថ្ងៃ​នេះ ​លោក​ ​ហ៊ុន សែន​ ​ក៏​គ្រោង​នឹង​ដាក់​កម្រងផ្កា​ ​នៅ​ទី​តម្កល់​សព​អតីត​មេដឹកនាំ​វៀតណាម​លោក​ហូ ជីមីញ​ ផងដែរ។​

នាយក​រដ្ឋមន្ត្រី​កម្ពុជា​លោក​ហ៊ុន សែន​ ​និង​ក្រុម​មន្ត្រី​សំខាន់ៗរបស់​កម្ពុជា​ ​នឹង​ធ្វើ​ដំណើរ​ទស្សនកិច្ច​ជា​ផ្លូវ​ការ​មួយ​ទៅ​កាន់​ប្រទេស​កុម្មុយនីស្ត​វៀតណាម​នៅ​ថ្ងៃ​ព្រហស្បតិ៍​ ដើម្បី​ពង្រឹង​ទំនាក់​ទំនង​រវាង​ប្រទេស​កម្ពុជា​និង​វៀតណាម​បន្ថែម​ទៀត។ ដំណើរ​ទស្សនកិច្ច​ទៅកាន់​ប្រទេស​វៀតណាម​របស់​ថ្នាក់​ដឹក​នាំ​ខ្មែរ​ ​កើត​មាន​ឡើង​ភ្លាមៗ​បន្ទាប់ពី​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​ទៅ​កាន់​ប្រទេស​ឡាវ​ដែល​ជា​ប្រទេស​ជិត​ខាង​កម្ពុជា​និង​វៀតណាម។​

តាម​សេចក្តី​ប្រកាស​របស់​ក្រសួង​ការ​បរទេស​ ​និង​កិច្ចសហ​ប្រតិបត្តិការ​អន្តរជាតិ​ ចុះ​ថ្ងៃទី​៤​ ខែ​ធ្នូនេះ​ បាន​បញ្ជាក់​ឲ្យ​ដឹង​ថា​ លោក​ ​ហ៊ុន សែន​ នឹង​ដឹកនាំ​ក្រុម​មន្ត្រី​សំខាន់ៗ​មួយ​ចំនួន​របស់​លោក​ ​ទៅ​វៀតណាម​ដែល​រួម​មាន​រដ្ឋមន្ត្រី​ការពារ​ជាតិ​លោក​ទៀ បាញ់​ ​រដ្ឋមន្ត្រី​ការបទេស​លោក​ ​ប្រាក់ សុខុន ប្រធាន​អាជ្ញាធរ​ជាតិ​ទទួល​បន្ទុក​កិច្ចការ​ព្រំដែន​លោក​ ​វ៉ា គឹមហុង​ ​រដ្ឋមន្ត្រី​សាធារណការ​ និង​ដឹក​ជញ្ជូន​លោក​ ​ស៊ុន ចាន់ថុល​ ​រដ្ឋ​មន្រ្តីរ៉ែ​ ​និង​ថាមពល​លោក​ ​ស៊ុយ សែម​ ​រដ្ឋមន្ត្រី​ទេសចរណ៍​លោក​ថោង ខុន​ ​រដ្ឋមន្ត្រី​ព័ត៌មាន​លោក​ ​ខៀវ កាញារីទ្ធ​ ​រដ្ឋមន្ត្រី​កសិកម្ម​លោក​ ​វេង សាខុន​ ​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​លោក​ ​ប៉ាន សូរស័ក្ត​ ​រដ្ឋមន្ត្រី​អប់រំ​លោក ហង់ ជួនណារ៉ុន​ ​និង​ក្រុម​មន្ត្រី​ជាន់​ខ្ពស់​ផ្សេង​ទៀត​នៃ​រាជរដ្ឋាភិបាល​កម្ពុជា។​

ក្នុង​ទស្សនកិច្ច​លើក​រយៈពេល​បី​ថ្ងៃ​នេះ ​លោក​ ​ហ៊ុន សែន​ ​ក៏​គ្រោង​នឹង​ដាក់​កម្រងផ្កា​ ​នៅ​ទី​តម្កល់​សព​អតីត​មេដឹកនាំ​វៀតណាម​លោក​ហូ ជីមីញ​ ផងដែរ។​

សេចក្តី​ប្រកាស​របស់​ក្រសួង​ការបរទេស​កម្ពុជា​ ​បាន​បញ្ជាក់​ថា៖​

«ក្នុង​អំឡុង​ពេល​ស្នាក់​នៅ​ទីក្រុង​ហាណូយ​ សម្តេច​តេជោ​នាយក​រដ្ឋមន្ត្រី​ នឹង​អញ្ជើញ​ដាក់​កម្រង​ ផ្កា​នៅ​វិមាន​អនុស្សាវរីយ៍​បុព្វបុរស​ និង​យុទ្ធជន​ពលី​ និង​នៅ​វិមាន​តម្កល់​សព​លោក​ហូ ជីមិញ»។​

សេចក្តី​ប្រកាស​ដដែល​បាន​ប​ញ្ជាក់​ឲ្យ​ដឹង​ទៀត​ថា​ ​ក្នុងអំឡុងពេល​ទស្សនកិច្ច​ចាប់ពី​ថ្ងៃ​ទី៦​ដល់​ថ្ងៃ​ទី៨​ធ្នូ​ ឆ្នាំ​២០១៨​នោះ​ លោក​ ​ហ៊ុន សែន​ ​នឹង​ចូល​ជួប​ពិភាក្សា​ដាច់​ដោយ​ឡែក​ពីគ្នា​ ជាមួយ​ឯកឧត្តម​ ង្វៀន​ ហ៊្វូជុង​ (Nguyen Phu Trong) ​ប្រធាន​រដ្ឋ​វៀតណាម​ រួចបន្ត​ជួប​ពិភាក្សា​ ទេ្វភាគី​ និង​ពិសារ​អាហារ​ពេល​ព្រឹក​ជាមួយ​នាយក​រដ្ឋមន្ត្រី​វៀតណាម​លោក​ង្វៀន​ សួន​ហ៊្វុក​ (Nguyen Xuan Phuc) «ដើម្បី​ពង្រឹង​នូវ​ចំណង​ទាក់​ទង​ជា​មិត្តភាព​រវាង​ប្រទេស​ទាំងពីរ​ ​និង​ពិភាក្សា​អំពី​បញ្ហា​ទ្វេភាគី​ តំបន់​ និង​អន្តរជាតិ​ ដែល​មាន​ការ​យកចិត្ត​ទុកដាក់​ និង​ព្រួយបារម្ភ​ ដើម្បី​ជា​ផល​ប្រយោជន៍​ពិតប្រាកដ​សម្រាប់​ប្រជាជាតិ​ទាំងពីរ»។​

បន្ថែម​លើ​នោះ​ លោក​ហ៊ុន សែន​ នឹង​ចូលរួម​ក្នុង​កម្មវិធី​កិច្ចសន្ទនា​ធុរកិច្ច​ជាន់​ខ្ពស់​កម្ពុជា​-វៀតណាម​ និង​ជួប​សម្តែង​ការ​គួរសម​ជាមួយ​សមាគម​មិត្តភាព​កម្ពុជា​-វៀតណាម។

ដំណើរ​ទៅកាន់​វៀតណាម​របស់​ប្រតិភូ​ជាន់​ខ្ពស់​កម្ពុជា​នាពេលនេះ​ ​កើត​មាន​ឡើង​ តែប៉ុន្មានថ្ងៃ​ប៉ុណ្ណោះ​ ក្រោយ​ការ​បញ្ចប់​ទស្សនកិច្ច​ផ្លូវការ​របស់​រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា​លោក​ប្រាក់​ សុខុន​ នៅ​វៀតណាម​ ​ជាទី​ដែល​លោក​និង​សមភាគី​លោក ​គឺ​លោក​ផាម​ ប៊ិញមិញ​ (Pham Binh Minh) ​បាន​ប្រកាស​ពី​ជំហរ​មិន​អនុញ្ញាត​ឲ្យមាន​កម្លាំង​ «អមិត្ត»​ ប្រើ​ប្រាស់​ទឹក​ដី​ក្នុង​ប្រទេស​ទាំងពីរ​ដើម្បី​វាយ​តបត​នឹង​ប្រទេស​មួយ​ផ្សេង​ទៀត​ និង​បាន​ព្រមព្រៀង​លើ​កិច្ច​ការពារ​សន្តិសុខ​ផ្សេងទៀត​ ការ​បន្ត​ដោះស្រាយ​បញ្ហា​ព្រំដែន​ និង​កិច្ច​ការងារ​ដទៃ​ទៀត​ រួម​ទាំង​ការ​បង្កើន​ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ។​

ការ​ប្រកាស​ជំហរ​របស់​ប្រទេស​ទាំងពីរ​យ៉ាងដូច្នេះ​ ​ធ្វើឡើង​ ក្រោយ​ការ​ចេញផ្សាយ​អត្ថបទ​មួយរ​បស់​កាសែត​ Asia Times ​ដែល​បាន​លើក​ពី​មន្ទិល​ជាច្រើន​ថា​ កម្ពុជា​កំពុង​បើក​ឲ្យ​មាន​ការ​ដាក់​មូលដ្ឋាន​កងទ័ព​ជើង​ទឹក​ចិន​ ខណៈ​មាន​ក្រុមហ៊ុន​ចិន​មួយ​ បាន​កំពុង​សាងសង់​កំពង់​ផែ​ទឹកជ្រៅ​ធំ​មួយ​ក្នុង​ខេត្ត​កោះកុង​របស់​ប្រទេស​កម្ពុជា​ ​ដែល​មាន​ព្រំ​ប្រទល់​ជាប់​នឹង​ប្រទេស​ថៃ។​

អត្ថបទ​មួយរ​បស់​កាសែត​ Asia Times មាន​ចំណង​ជើង​ថា​ «កម្ពុជា​នៅ​ចំ​កណ្តាល​សង្គ្រាម​ត្រជាក់​ថ្មី»​បាន​លើក​ឡើង​ពី​ការ​វិភាគ​ជា​ច្រើន​ដែល​អះអាង​ថា​ កំពង់ផែ​ថ្មី​កោះកុង​ (Koh Kong New Port)​ ក្នុង​ប្រទេស​កម្ពុជា​ ដែល​ជា​កំពង់ផែ​ទឹក​ជ្រៅ​នោះ ​គឺ​ធំ​គ្រប់គ្រាន់​សម្រាប់​ទទួល​នាវា​ចម្បាំង​ និង​នាវា​ប្រដេញ​ក្នុង​ការ​ប្រយុទ្ធ​ដ៏​មាន​សក្ដានុពល​ ​និង​កប៉ាល់​ធំៗ​ផ្សេង​ទៀត​របស់​កងទ័ព​ជើងទឹក​របស់​កងទ័ព​រំដោះ​ប្រជាជន​ចិន។ ក៏​ប៉ុន្តែ​ក្រុមមន្ត្រី​កម្ពុជា​ និង​លោកហ៊ុន សែន​ បាន​ទាត់​ចោល​សេចក្តី​រាយការណ៍​នោះ​ថា​ មិនមែន​ជារឿងពិត​ឡើយ។​

VOA ​មិនទាន់​អាច​សុំការ​អធិប្បាយ​ពី​លោក​ ​កេត សោផាន់​ ​អ្នកនាំពាក្យ​ក្រសួង​ការបរទេស​កម្ពុជា​ បាន​នៅ​ឡើយ​ទេ​ នៅ​ថ្ងៃពុធ​នេះ។​

យ៉ាងណាមិញ​ ​លោក​ ​ផៃ ស៊ីផាន​ អ្នកនាំពាក្យ​រដ្ឋាភិបាល​ខ្មែរ​ ប្រាប់​ ​VOA​ ​នៅថ្ងៃ​ពុធនេះថា​ ការ​ធ្វើ​ទស្សនកិច្ច​របស់​គណៈប្រតិភូ​ជាន់​កម្ពុជា​នាពេល​នេះ​ ដែល​មាន​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ ជា​ប្រមុខ​នោះ​ គឺ​ជា​ដំណើរ​ទស្សនកិច្ច​ដើម្បីរឹត​ចំណង​ការទូត​ពហុភាគី​ដែល​មាន​ឡាវ កម្ពុជា​ និង​វៀតណាម។

«ទីមួយ​លោក​អញ្ជើញ​ទៅឡាវ​ ដែល​កិច្ច​ប្រជុំ​អូនឯង​មើល​អាហ្នឹង​ ជា​វេទិកា​ស្អី​របស់​គេ​មួយ ហើយ​មក​វៀតណាម​ ​មក​វៀតណាម​តាម​ធម្មតា នៅ​ពេល​នាយក​រដ្ឋមន្ត្រី​ណា​ ដែល​ទទួល​បាន​តំណែង​បន្ទាប់​ពីការ​បោះឆ្នោត​ហ្នឹង​ តែង​ធ្វើ​ទស្សនកិច្ច​ជា​ផ្លូវការ​ក្នុងការ​បង្ហាញ​ខ្លួនអាហ្នឹង​ជា​ការ​ងារ​ protocol​ ពិធីការ​របស់​ប្រជាជាតិ​ ហើយ​សម្តេច​លោក​អញ្ជើញ​ទៅហ្នឹង​ ក្នុងនាម​លោក​ជា​នាយក​រដ្ឋ​មន្ត្រី​អាណត្តិ​ទីប្រាំមួយ​ ដែល​ធ្វើ​ដំណើរ​ ដែល​ធ្វើ​ទស្សនកិច្ច​ជា​ផ្លូវការ​ ស្រប​តាម​ការ​អញ្ជើញ​របស់​វៀតណាម​ អាហ្នឹង​ជា​ពិធីការ​នៃ​ ដែល​ថា្នក់​នាំ​កំពូល​ បន្ទាប់ពី​ការ​បោះឆ្នោត​នៃ​អាណត្តិនីមួយ​ៗ​ ដើម្បី​បង្ហាញ​ខ្លួន​បាទ»។​

អ្នកវិភាគ​នយោបាយ​កម្ពុជា​ លោកបណ្ឌិត​ ​មាស នី​ ​យល់​ថា​ ​ដំណើរ​ទស្សនកិច្ច​របស់​ក្រុម​ប្រតិភូ​កម្ពុជា​លើក​នេះ​ អាច​មាន​ការ​ពិភាក្សា​លើ​បញ្ហា​ជាច្រើន​ក្នុងនោះ​មាន​បញ្ហា​ព្រំដែន​រវាង​ប្រទេស​ទាំងបី​កម្ពុជា​វៀតណាម​ ​និង​ឡាវ​ រួមនឹង​ការ​ចោទ​ប្រកាន់​ថា​ កម្ពុជា​ចង់​ឲ្យមាន​មូលដ្ឋានទ័ព​ជើង​ទឹកចិន​នៅ​កម្ពុជា។​

«យើងៗ​ គិត​ថា​ អារឿង​ហ្នឹង​វាពាក់​ព័ន្ធ​ទាំង​អស់​គ្នា ព្រោះ​រហូត​មក​ដល់​ពេល​នេះ​ ហាក់​ដូច​ជា​មិន​ទាន់​មាន​ អ្វី​ដែល​ជា​ការ​បង្ហាញ​ឲ្យ​ច្បាស់​លាស់​អំពី​ទាក់​ទង​នឹង​ការ​ចោទប្រកាន់​ពី​អន្តរជាតិ​ ដូច​ប្រ​ទេស​សហរដ្ឋ​អាមេរិក​ ទៅលើ​វត្តមាន​នៃ​កងទ័ព​ចិន​ នៅក្នុង​កម្ពុជា។ អ៊ីចឹង​ អានេះ​...មើល​ទៅ​រដ្ឋាភិបាល​ដូចជា​មាន​ការ​ព្រួយបារម្ភ​ដែរ​ រឿង​ការ​ចោទ​ប្រកាន់​ហ្នឹង​ មិនមែន​ថា​អត់​សោះ​ទេ​ ហើយ​យើង​មិន​ដឹង​ថា​ តើ​អាមេរិក​ហ្នឹង​គេបាន​ភស្តុតាង​អីខ្លះ​ហើយ​ បាន​គេ​ហ៊ាន​រហូត​ដល់​អនុ​ប្រធានាធិបតី​របស់​គេ​ចេញ​មក​ ហើយ​គេ​អះអាង​ថា​ យើង​បាន​ធ្វើ​ដំណើរ​ចូល​ទៅ​ក្នុង​សង្គ្រាម​ត្រជាក់​ ហើយ​បង្ក​ឲ្យ​មាន​បង្កើត​វត្តមាន​កងនាវា​ទ័ព​ចិន​អីនៅក្នុង​ប្រទេស​ខ្មែរ​ កងទ័ព​ខាង​នាវាចរណ៍​ចិន​នេះ​បាទ»។​

នៅមុនការ​ចាកចេញ​ទៅ​ប្រទេស​ឡាវ​ លោកហ៊ុន សែន​ នឹង​ដឹកនាំ​ប្រតិភូ​ជាន់​ខ្ពស់​ដែល​មាន​សមាស​ភាព​ដូចបាន​រៀបរាប់​ខាង​លើ​ទៅកាន់​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិតឡាវ​ពីថ្ងៃទី​៥​ ដល់​ថ្ងៃទី​៦​ ខែធ្នូ។​ ក្នុងអំឡុងពេល​ទស្សនកិច្ច​នៅទី​នោះ លោកហ៊ុន សែន​ នឹង​ជួបពិភាក្សា​ជាមួយ​លោក​ប៊ុនញ៉ាំង​ វរជីត (Bounnhang Vorachith​)​ ប្រធាន​រដ្ឋ​ឡាវ​ និង​អ្នកស្រី​ប៉ានី​ យ៉ាថទូ ប្រធាន​រដ្ឋសភា​ជាតិ​ឡាវ។

លោកហ៊ុន សែន​ ក៏នឹង​ជួបពិភាក្សា​ទ្វេភាគី​ជាមួយ​នាយក​រដ្ឋមន្ត្រីឡាវ​ លោក​ថង​លូន​ ស៊ីសូលីត​ «ដើម្បី​ពិភាក្សា​រិះរក​លទ្ធភាព​ក្នុងការ​ពង្រឹង​ និង​ពង្រីក​បន្ថែម​ទៀត​នូវកិច្ច​សហ​ប្រតិបត្តិការ​ទេ្វភាគី​ដែល​មាន​ស្រាប់​ ដើម្បី​នាំ​មកនូវ​ផលប្រយោជន៍​ពិត​ប្រាកដ​សម្រាប់​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ​ ក៏ដូច​ជា​ផ្លាស់​ប្តូរ​យោបល់​លើ​ប​ញ្ហា​តំបន់​ និង​អន្តរជាតិ​ ដែល​ជា​កង្វល់​រួម​ និង​ផលប្រយោជន៍​ទៅវិញ​ទៅមក​ផង​ដែរ»។​

ក្នុងបញ្ហា​ព្រំដែន​រវាង​ឡាវ​ ​និង​កម្ពុជា​ ​លោក​ ​ហ៊ុន សែន​ ​ធ្លាប់​បាន​គំរាម​ប្រើ​កម្លាំង​ទ័ពប្រឆាំង​នឹង​ប្រទេស​ឡាវ​ ​កាលពី​ឆ្នាំ​២០១៧ ក្នុងពេល​ដែលទាហាន​ឡាវ​បាន​ចូលទៅ​បោះ​ទីតាំង​នៅក្នុង​តំបន់អូរតាងាវ​ ​ស្រុក​សៀង​ប៉ាង​ ខេត្ត​ស្ទឹងត្រែង​ប្រទេស​កម្ពុជា​ ដែលមាន​ព្រំប្រទល់​ជាប់ខេត្ត​អាតាពើ​ប្រទេស​ឡាវ។ ​ក៏ប៉ុន្តែ​ ក្រោយ​ការ​ចរចា រវាង​មេដឹកនាំ​ប្រទេស​ទាំងពីរ​ ជម្លោះ​នៅតំបន់​នោះ​ បាន​វិលមក​រក​ភាព​ស្ងប់​ស្ងាត់ និង​មិនមាន​ការ​ប្រឈម​មុខខាង​យោធា​ណាមួយ​ បាន​កើតឡើង​នោះ​ទេ៕