បក្ស​កាន់​អំណាច​នឹង​ធ្វើយុទ្ធនាការ​ឃោសនាបោះឆ្នោតចំថ្ងៃចងកំហឹងនឹងរបប​ខ្មែរក្រហម

រូបឯកសារ៖ យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ឃុំសង្កាត់​របស់​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ក្រុង​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី១៨ ខែ​ឧសភា ឆ្នាំ​២០១២។

ពិធី​រំឭក​វិញ្ញាណក្ខន្ធ​ដល់​អ្នក​ស្លាប់​ក្នុង​របប ​ប៉ុល ពត​ ត្រូវ​គេ​ដឹង​ថា​ ជា​«ទិវា​ចង​កំហឹង​នឹង​របប​ប្រល័យ​ពូជសាសន៍​ខ្មែរ​ក្រហម ២០ ឧសភា» ​ ដែល​រដ្ឋាភិបាល​បាន​ប្រារព្ធ​ជា​រៀងរាល់​ឆ្នាំ​នៅ​ក្នុង​ប្រទេស។

គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ជា​គណបក្ស​កាន់​អំណាច​ ត្រៀម​បើក​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ សម្រាប់​ការ​បោះឆ្នោត​ឃុំ-សង្កាត់​ នៅ​ចំ​ថ្ងៃ​នៃ​ការ​ប្រារព្ធ​ទិវា​ចង​កំហឹង​នឹង​របប​ខ្មែរក្រហម។ ក្រុម​អ្នក​សង្កេតកាណ៍​បោះឆ្នោត​ និង​អ្នកវិភាគ​នយោបាយ​នៅ​កម្ពុជា​ និយាយ​ថា​ គណបក្ស​កាន់​អំណាច​របស់​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន​ ដែល​ស្ថិត​ក្នុង​អំណាច​ជាង​ ៣០​ឆ្នាំ​ កំពុង​យក​ទិវា​នេះ​ទាញ​ការ​គាំទ្រ​ពី​អ្នក​បោះឆ្នោត។ ពួក​គេ​ថា​ យុទ្ធសាស្ត្រ​ពុំ​មាន​ប្រសិទ្ធភាព​ច្រើន​សម្រាប់​លួង​លោម​ចិត្ត​អ្នកបោះឆ្នោត​បាន​ទេ។

គណបក្ស​គ្រប់គ្រង​ប្រទេសបាន​ស្នើក្រុមការងារ​គណបក្ស​របស់​ខ្លួន​ ឲ្យ​រៀបចំ​ពិធី​រំឭក​វិញ្ញាណក្ខន្ធ​ប្រជាពលរដ្ឋ​ខ្មែរ​ ដែល​ទទួល​មរណភាព​នៅ​ក្នុង​សម័យខ្មែរក្រហម​ ឬ​ប៉ុល ពត នៅ​ចំ​ពេល​នៃ​ការ​ចាប់ផ្តើម​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ ដែល​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២០ ខែ​ឧសភា។​

ពិធី​រំឭក​វិញ្ញាណក្ខន្ធ​ដល់​អ្នក​ស្លាប់​ក្នុង​របប ​ប៉ុល ពត​ ត្រូវ​គេ​ដឹង​ថា​ ជា​«ទិវា​ចង​កំហឹង​នឹង​របប​ប្រល័យ​ពូជសាសន៍​ខ្មែរ​ក្រហម ២០ ឧសភា» ​ ដែល​រដ្ឋាភិបាល​បាន​ប្រារព្ធ​ជា​រៀងរាល់​ឆ្នាំ​នៅ​ក្នុង​ប្រទេស។

កុ្រម​អ្នក​ឃ្លាំមើល​ការ​បោះឆ្នោត​នៅ​កម្ពុជា​ និង​អ្នក​វិភាគ​នយោបាយ​និយាយ​ថា​ គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន​ កំពុង​យក​ថ្ងៃ​ចង​កំហឹង​នឹង​ក្រុម​ខ្មែរក្រហម​ ដើម្បី​ទាញ​ចំណេញ​ផលប្រយោជន៍​នយោបាយពី​ប្រជាពលរដ្ឋ​ខ្មែរ។ តែ​ពួកគេ​យល់​ឃើញ​ខុសៗ​គ្នា​ថា​ យុទ្ធសាស្ត្រ​ដែល​រំឭក​ពី​រឿង​ខ្មែរក្រហម​មក​ទាញ​រក​សំឡេង​ឆ្នោត​អាចមាន​ប្រសិទ្ធភាព​ខ្លះ​ ​ឬ​ក៏​មិន​មាន​ឥទ្ធិពល​លើ​អ្នក​បោះឆ្នោត​តែ​ម្តង​ ដោយ​អ្នក​បោះឆ្នោត​ជឿ​ថា​ នឹង​មិន​អាចមាន​របប​កាប់​សម្លាប់​នេះ​កើត​មាន​ឡើង​ម្តង​ទៀត​ក្នុង​ប្រទេស​នោះ​ឡើយ។

ក្នុង​លិខិត​របស់​លោក​ សាយ​ ឈុំ​ អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ចុះ​ថ្ងៃ​ទី​១៨ ខែ​មេសា បាន​សរសេរ​ថា៖

«ទន្ទឹម​នឹង​ការ​រៀបចំ​បើក​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​នៅ​គ្រប់​ឃុំ​ សង្កាត់​ ក៏​គប្បី​ពិនិត្យ​លទ្ធភាព​រៀបចំ​ពិធី​រំឭក​វិញ្ញាណក្ខន្ធ​តាម​ជាក់ស្ដែង​ដូច​ដែល​ធ្លាប់​បាន​ធ្វើ​ជា​រៀង​រាល់​ឆ្នាំ​កន្លង​មក»។

លោក សាយ ឈុំ ប្រធានព្រឹទ្ធសភានិយាយនៅក្នុងសម័យប្រជុំលើកទី៧ ដែលក្នុងនោះមានការលើកយកសេចក្តីព្រាងច្បាប់ស្តីពីសមាគមនិងអង្គការមិនមែនរដ្ឋាភិបាល និងបានអនុម័តដោយសម្លេង៤៤នៃសមាជិកព្រឹទ្ធសភាទាំងមូល កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៥។ (រូបថតផ្តល់ដោយ ៖ ព្រឹទ្ធសភា)

លិខិត​នោះ​តម្រូវ​ឲ្យ​ប្រធាន​ក្រុម​ការងារ​ថ្នាក់​កណ្តាល​ និង​ប្រធាន​គណៈកម្មាធិការ​គណបក្ស​រាជធានី​ខេត្ត​ ចាត់ចែង​ប្រើកម្លាំង​សរុប​ មធ្យោបាយ​សរុប​ ដើម្បី​រួម​គ្នា​ធ្វើ​យុទ្ធនាការ​ឃោសនា​ចំណុច​កំពូល​រយៈពេល​ ១៤ថ្ងៃ​ គិត​ពី​ថ្ងៃ​ទី​ ២០​ ខែ​ឧសភា​ ដល់​ថ្ងៃ​ទី​២​ ខែ​មិថុនា ឆ្នាំ​២០១៧។

លោក សំ គន្ធាមី​ នាយក​ប្រតិបត្តិ​គណៈកម្មាធិការ​អព្យាក្រឹត្យ​ និង​យុត្តិធម៌​ដើម្បី​ការ​បោះឆ្នោត​ដោយ​សេរី​ និង​ត្រឹមត្រូវ​នៅ​កម្ពុជា​ ហៅ​កាត់​ថា​និកហ្វិច​ ប្រាប់​ VOA នៅ​ថ្ងៃ​ពុធ​នេះ​ថា ប្រសិន​បើ​គណបក្ស​កាន់​អំណាច​ មាន​ចេតនា​យក​ការ​រំឭក​ដល់​របបខ្មែរ​ក្រហម​មក​ស្វែង​រក​សំឡេង​ឆ្នោត​នោះ​ នោះ​ជា​ការ​យល់​ខុស​មួយ។​ លោក​ថា​ ប្រជាពលរដ្ឋ​មិន​ជឿ​ថា របប​សម្លាប់​រង្គាល​នេះ​ អាច​កើត​មាន​ឡើង​ក្នុង​ប្រទេស​ម្តង​ទៀត​នោះ​ទេ។

«បើ​សារ​ដែល​មាន​ន័យ​ថា​ អាច​មាន​របប​ខ្មែរ​ក្រហម​ជា​លើក​ទី​ពីរ​ទៀត​ មិន​មាន​ប្រសិទ្ធភាព​សម្រាប់​ប្រជាពលរដ្ឋ​ទេ។ បើៗ​ មាន​បើ​សារ​មាន​ទិសដៅ​អញ្ចឹង​បាទ។​ ព្រោះ​ប្រជាពលរដ្ឋ​ឥឡូវ​ លោក​អត់​ដែល​មាន​ជំនឿ​ថា​ មាន​របប​ហ្នឹង​កើត​ឡើង​ម្តង​ទៀត​ទេ។​ បើ​និយាយ​ពី​ប្រជាពលរដ្ឋ​គាត់​ លោក​យល់​ដឹង​បាទ​ចំពោះ​របប​ខ្មែរក្រហម​ហ្នឹង​ ហើយ​ក៏​ប្រជាពលរដ្ឋ​ក៏​គ្មាន​នរណា​ចង់​ឃើញ​ឲ្យ​មាន​របប​ហ្នឹង​កើត​ឡើង​សារ​ជាថ្មី​ដែរ​បាទ»។

លោក សំ គន្ធាមី អ្នកសម្រប​សម្រួល​នៃ​អង្គការ​និកហ្វិក។ (លឹម សុធី/VOA)

ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ចំនួន​ជិត​១.៧០០​រូប ​ដែល​ជា​ការ​បោះឆ្នោត ថ្នាក់​ក្រោម​ជាតិ​ដើម្បី​ផ្លាស់ប្តូរ​មន្ត្រី​ដឹកនាំ​ថ្នាក់​មូលដ្ឋាន​ដ៏​សំខាន់​នឹង​ចាប់​ផ្តើម​នៅ​ថ្ងៃ​ទី៤ ​ខែ​មិថុនា ​ឆ្នាំ២០១៧​នេះ។

​គណបក្ស​នយោបាយ​ដែល​ចូលរួម​ប្រកួត​ប្រជែង​ចំនួន​១២​ កំពុង​រៀបចំ​គោល​នយោបាយ ​យុទ្ធសាស្ត្រ​របស់​ខ្លួន​ដើម្បី​ឃោសនា​រក​សំឡេង​ឆ្នោត​ក្នុងរយៈ​ពេល​១៤ថ្ងៃ​មុន​ថ្ងៃ​បោះឆ្នោត​ដើម្បី​យក​ជ័យជម្នះ​លើ​គូ​ប្រជែង​នយោបាយ។​

លោក​ សុខ​ ឥសាន​ អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន​ ប្រាប់​ VOA នៅ​ថ្ងៃ​ពុធ​នេះ​ថា​ ការ​ប្រារព្ធ​ពិធី​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​បាន​ស្លាប់​ក្នុង​របប​ខ្មែរក្រហម​នៅ​ចំ​ថ្ងៃ​ចាប់​ផ្តើម​ការ​ធ្វើ​យុទ្ធនាការ​បោះឆ្នោត​ អាច​ជា​យុទ្ធសាស្ត្រ​មួយ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ ដើម្បី​ទាក់ទាញ​ការ​គាំទ្រ។​ លោក​បន្ត​ថា​ គណបក្ស​ប្រឆាំង​ក៏​យក​ថ្ងៃ​១៧ ខែ​មេសា​ (ឆ្នាំ​ ១៩៧៥) ដែល​ជា​ថ្ងៃ​នៃ​ការ​ឡើង​កាន់​អំណាច​របស់​ក្រុម​ខ្មែរក្រហម​ មក​ប្រើ​ដើម្បី​ទាក់ទាញ​ការ​គាំទ្រ​ពី​អ្នក​បោះឆ្នោត​ផង​ដែរ។

លោក​បាន​បន្ថែម​ថា​ មាន​តែ​គណបក្ស​ប្រជាជន​កម្ពុជា​ប៉ុណ្ណោះ​ដែល​អាច​ផ្តល់​សន្តិភាព​ដល់​ប្រទេស​នេះ​បាន។​

«មាន​គណបក្ស​ប្រជាជន​ មាន​សន្តិភាព​ បើ​អត់​គណបក្ស​ប្រជាជន​ធ្វើ​មាន​សន្តិភាព​ម៉េច​កើត​ ហើយ​ឃើញ​មាន​សន្តិភាព​ហ្នឹង​ យើង​ឃើញ​ហើយ​ហូរហែ​ ទី​មួយ​រំដោះ​ប្រជាជន​ឲ្យ​រួច​ផុត​ពី​ការ​កាប់​សម្លាប់​ប្រល័យ​ពូជសាសន៍​របស់​ ប៉ុល ពត​ ថ្ងៃ​៧មករា។​ មាន​ថ្ងៃ​ប្រាំពីរ​ បាន​យើង​ស្វែង​រក​ការ​ចរចា​តាម​នយោបាយ​បង្រួបបង្រួម​ជាតិ​ បាន​កើត​ជា​កិច្ច​ព្រមព្រៀង​ប៉ារីស»។​

លោក​ សុខ ឥសាន​ អ្នក​នាំ​ពាក្យគណបក្សប្រជាជនកម្ពុជា​ ផ្តល់​បទ​សម្ភាសន៍​ជាមួយ​ VOA​ នៅ​ឯទីស្នាក់ការគណបក្ស ​ក្នុង​រាជធានី​ភ្នំពេញ​ កាល​ពី​ថ្ងៃ​ទី​១២​ ខែ​តុលា​ ឆ្នាំ​២០១៦​។ ​(ហ៊ាន​ សុជាតា​/ VOA​)

លោក​ សម រង្ស៊ី​ អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​សរសេរ​ក្នុង​ន័យ​ដើម​លើ​ទំព័រ​ហ្វេសប៊ុក​ របស់​លោក​ កាលពី​ថ្ងៃ​ទី​ ១៧​ ខែ​មេសា​ថា៖​ ​

​«ថ្ងៃ​ ១៧​ មេសា​ ២០១៧​ នេះ​ ​គឺ​ជា​ខួប​ទី ៤២ នៃ​ថ្ងៃ​ឡើង​កាន់​អំណាច​របស់​ពួក​ខ្មែរក្រហម ដឹកនាំ​ដោយ ប៉ុល ពត កាល​ពី​ឆ្នាំ​១៩៧៥ ដែល​ជា​ថ្ងៃ​ចាប់​ផ្តើម​ការ​សម្លាប់​រង្គាល​មក​លើ​ប្រជារាស្ត្រ​ខ្មែរ។ ក្នុង​រយៈ​ពេល​ ២០ ឆ្នាំ​ចុង​ក្រោយ​នេះ មាន​តែ​គណបក្ស សម រង្ស៊ី និង គណបក្ស​សង្គ្រោះ​ជាតិ​ទេ ដែល​តែង​តែ​ប្រារព្ធ​ពិធី​ស្មិងស្មាធិ៍ និង​ឧទ្ទិស​បុណ្យ​កុសល​ដល់​ដួង​វិញ្ញាណក្ខន្ធ​ជន​រងគ្រោះ​រាប់​លាន​នាក់​ដែល​បាន​បាត់បង់​ជីវិត»។

លោក​ អ៊ូ វីរៈ​ ប្រធាន​វេទិកា​អនាគត​ដែល​ជា​មជ្ឈមណ្ឌល​សិក្សា​ស្រាវជ្រាវ​គោល​នយោបាយ​ក្នុង​ស្រុក​ ប្រាប់​ VOAថា​ គណបក្ស​ប្រជែង​ទាំង​ពីរ​ មិន​អាច​ប្រើ​យុទ្ធសាស្ត្រ​ចាស់​ និយាយ​ពី​របប​ខ្មែរក្រហម​មក​ទាញ​ការ​គាំទ្រ​ពី​អ្នក​បោះឆ្នោត​បាន​ឡើយ​ នៅ​គ្រា​ដែល​ប្រជាពលរដ្ឋ​ខ្មែរ ​ជា​ពិសេស​យុវវ័យ​ បាន​ផ្តើម​គិត​ពី​មុខ​មាត់​ថ្មី​ និង​មោទនភាព​ប្រទេស​របស់​ពួកគេ។ លោក​មាន​ប្រសាសន៍​ថា​ គណបក្ស​ទាំង​ពីរ​ គួរ​លើក​ពី​ផែនការ​អនាគត​ ដែល​ពួកគេ​ចង់​ធ្វើ​ដើម្បី​បម្រើ​ប្រទេស និង​ប្រជាពលរដ្ឋ​ ជា​ជាង​យក​រករឿង​អតីតកាល​ មក​ធ្វើ​ជា​ឧបករណ៍​ទាក់​ចិត្ត​អ្នក​បោះឆ្នោត។

«ពី២០​ឆ្នាំ​មុន​ ឬ១០​ឆ្នាំ​មុន​ គេ​មើល​ទៅ​ការ​ធ្វើ​នយោបាយ​ ដោយ​យក​ទស្សនវិស័យ​មក​និយាយ​ប្រហែល​ជា​អត់​ទៅ​រួច​ទេ។​ ក៏ប៉ុន្តែ​ឥឡូវ​នេះ​ គឺ​អាច​ទៅ​រួច​ហើយ​ ហើយ​សំខាន់​ទៅទៀត។ សំខាន់​ដើម្បី​ទាក់ទាញ​ការ​គាំទ្រ​ពី​យុវជន។»

រូបឯកសារ៖ លោក អ៊ូ វីរៈ ប្រធាន​វេទិកា​អនាគត នៅ​ព្រឹក​ថ្ងៃព្រហស្បតិ៍ ទី១២ ខែឧសភា ឆ្នាំ​ ២០១៦ ផ្តល់​បទសម្ភាសន៍​ដល់​អ្នកសារព័ត៌​មាន​អំពី​បណ្តឹង​បរិហាកេរ្តិ៍​របស់​បក្ស​ប្រជាជន​កម្ពុជា​ប្រឆាំង​រូប​លោក។ (ហ៊ុល រស្មី/VOA)

លោក អ៊ូ វីរៈ បន្ថែម​ថា៖

«ហើយ​យុវជន​ភាគ​ច្រើន​គឺ​ជា​យុវជន​ចំណាកស្រុក​ទៅទៀត។ អញ្ចឹង​បាន​ន័យ​ថា​ អ្នក​ចំណាកស្រុក​គឺ​ជា​អ្នក​បែក​គំនិត​ជាង​គេ​ហើយ។​ ពួក​អ្នក​ចំណាកស្រុក​ហ្នឹង​គឺ​ជា​អ្នក​ដែល​តែលតោល​ផង​ ប៉ុន្តែ​អ្នក​ដែល​ស្វះស្វែង​ផង។​ ស្វះស្វែង​សង្វាត​ព័ត៌មាន​ ស្វះស្វែង​ ​ចង់​ដឹង​ពី​កន្លែង​ប្លែក។ អញ្ចឹង​ពួកគាត់​ហ្នឹង​គឺ​ជា​អ្នក​ដែល​ចង់​បាន​អី​ដែល​ថ្មី​ដែល​ខុស​ពីមុន។​ អញ្ចឹង​ការ​ធ្វើ​នយោបាយ​សម្រាប់​ពួកគាត់​ គឺ​ទាល់​តែ​ជជែកពី​បញ្ហា​អនាគត​ ទើប​មាន​ប្រសិទ្ធភាព​ជាង​បាទ»។

ក្រុម​អ្នក​ឃ្លាំមើល​ស្ថានការណ៍នយោបាយ​កម្ពុជា​ ក៏​បាន​លើក​ឡើង​កាល​ពី​ពេល​កន្លង​មកថា ​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​គឺ​មាន​ការ​ទាក់ទង​គ្នា​នឹង​ការ​បោះឆ្នោត​ជ្រើសរើស​សមាជិក​ព្រឹទ្ធសភា​ផង​ដែរ។ គណបក្ស​ដែល​ទទួល​បាន​អាសនៈ​តិច​នៅ​ក្រុមប្រឹក្សា​ឃុំ សង្កាត់​ក៏​ទទួល​បាន​អាសនៈ​នៅ​ព្រឹទ្ធសភា​តិច​ដែរ។​

ស្ថាប័ន​ព្រឹទ្ធសភា​គឺ​ជា​ស្ថាប័ន​តាក់តែង​ច្បាប់​យ៉ាង​សំខាន់ នៅ​ពី​លើ​ស្ថាប័ន​សភា​ ដែល​អាច​មាន​តួនាទី​កែប្រែ​ច្បាប់​និង​លុបចោល​សំណើ​ច្បាប់ ដែល​ស្ថាប័ន​សភា​បញ្ជូន​ទៅ។​ ស្ថាប័ន​ព្រឹទ្ធសភា​ក៏​ជា​ស្ថាប័ន​ដែល​ប្រធាន​អាច​ក្លាយ​ជា​ប្រមុខ​រដ្ឋ​ស្តី​ទី​និង​ជា​សមាជិក​ក្រុមប្រឹក្សា​រាជបល្ល័ង្ក​ផង​ដែរ៕