​លោក​ ​ហ៊ុន សែន​ ​ព្រមាន​ចាប់​ខ្លួន​ជន​បរទេស​ដែល​ពាក់ព័ន្ធ​នឹង​ករណី​លោក​ ​កឹម សុខា

លោក​ ហ៊ុន​ សែន នាយក​រដ្ឋមន្ត្រី​នៃប្រទេស​កម្ពុជា ​(ឆ្វេង) លើក​​សន្លឹកឆ្នោត​បង្ហាញទៅ​អ្នក​សារព័ត៌មាន​ជាតិ​ និងអន្តរជាតិ​បញ្ជាក់ពី​ការ​ចូលរួម​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់ នៅ​ខេត្ត​កណ្តាល​នៅថ្ងៃទី​៤​ ខែ​មិថុនា​ ឆ្នាំ២០១៧។ ក្នុង​ថ្ងៃ​នេះ​ដែរ ល

«ជាមួយ​នឹង​សន្តិភាព​ដែល​ត្រូវ​រក្សា​ឲ្យ​បាន​នៅ​ក្នុង​ដៃ​របស់​យើង​ ​ហើយ​មិន​ត្រូវ​ឲ្យ​ក្រុម​ណា​មួយ​មក​បំផ្លិច​បំផ្លាញ​តាមរយៈ​ការ​ធ្វើ​អាយ៉ង​របស់​ជន​បរទេស​ ​ហើយ​មក​បំផ្លិច​បំផ្លាញ​ខ្មែរ​ ​ដូច​ជា​ក្នុង​ឆ្នាំ​១៩៩០​ដែល​យើង​ទើប​នឹង​រក​ឃើញ​ថ្មីៗ​នេះ​ ​អំពី​អំពើ​ក្បត់​របស់​ជន​ដែល​យើង​ចាប់​ខ្លួន​រួច​ទៅ​ហើយ»។​​

​ក្រោយ​ការ​ចាប់​ខ្លួន​មេដឹកនាំ​គណបក្ស​ប្រឆាំង​លោក​ ​កឹម សុខា​ ​លោក​នាយក​រដ្ឋ​មន្រ្តី​ ​ហ៊ុន សែន​ ​នៅ​ថ្ងៃ​ចន្ទ​នេះ​ ​បាន​ព្រមាន​តាម​ចាប់​ខ្លួន​ជន​បរទេស​មួយ​ចំនួន​ ​ដែល​លោក​ថា​អាច​ពាក់ព័ន្ធ​នឹង​«ការ​រៀបចំ​គម្រោង​ផ្តួល​រំលំ​រដ្ឋា​ភិបាល»។

ថ្លែង​ក្នុង​ពិធី​សម្ពោធ​ព្រះវិហារ​ឥស្លាម​ក្រុង​កំពង់ចាម​ ​និង​ដោយ​មាន​ការ​ផ្សាយផ្ទាល់​តាម​ទូរទស្សន៍​និង​ទំព័រ​ហ្វេស​ប៊ុក​នា​នា​ ​នាយក​រដ្ឋ​មន្រ្តី​ ​ហ៊ុន សែន​ ​បាន​ព្រមាន​ខ្លាំងៗ​ដល់អ្នក​ដែល​ចង់​ជ្រៀត​ជ្រែក​ ​ដល់​ករណី​មេ​បក្ស​ជំទាស់​ ​លោក​ ​កឹម សុខា​ ​ដែល​ត្រូវ​បាន​ឃាត់​ខ្លួន​ពី​ថ្ងៃ​អាទិត្យ​ ​ពាក់ពាក់​ព័ន្ធ​នឹង​ការ​ប្រព្រឹត្ត​«អំពើ​ក្បត់​ជាតិ»។​ ​នាយក​រដ្ឋ​មន្ត្រី​ដ៏​មាន​ឥទ្ធិពល​លោក​ក៏​បានឱ្យ​ដឹង​ផង​ដែរ​ថា​ ​អាជ្ញាធរ​កំពុង​ស្រាវជ្រាវ​រក​ជន​បរទេស​មួយ​ចំនួន​ផ្សេង​ទៀត​ ​ដែល​ឃុបឃិត​នឹង​ប្រធាន​គណបក្ស​ប្រឆាំង​ដ៏​ធំ​នេះ។​ ​នៅ​ចំពោះ​មុខ​ខ្មែរ​ឥស្លាម​រាប់​រយ​នាក់​ ​លោក​ ​ហ៊ុន សែន​ ​បាន​ហៅ​លោក​ ​កឹម សុខា​ ​ថា​ជា ​«អាយ៉ង​បរទេស»។​

លោកហ៊ុន សែន​ ​ដែល​ស្ថិត​ក្នុង​អំណាច​ជាង​៣​ទសវត្សរ៍​ ​បាន​ថ្លែង​ថា៖

«ជាមួយ​នឹង​សន្តិភាព​ដែល​ត្រូវ​រក្សា​ឲ្យ​បាន​នៅ​ក្នុង​ដៃ​របស់​យើង​ ​ហើយ​មិន​ត្រូវ​ឲ្យ​ក្រុម​ណា​មួយ​មក​បំផ្លិច​បំផ្លាញ​តាមរយៈ​ការ​ធ្វើ​អាយ៉ង​របស់​ជន​បរទេស​ ​ហើយ​មក​បំផ្លិច​បំផ្លាញ​ខ្មែរ​ ​ដូច​ជា​ក្នុង​ឆ្នាំ​១៩៩០​ដែល​យើង​ទើប​នឹង​រក​ឃើញ​ថ្មីៗ​នេះ​ ​អំពី​អំពើ​ក្បត់​របស់​ជន​ដែល​យើង​ចាប់​ខ្លួន​រួច​ទៅ​ហើយ»។

លោក​ ​ហ៊ុន សែន​ ​បាន​បន្ថែម​ថា៖

«ទោះ​ដោយ​តម្លៃណា​ក៏ដោយ​ ​មិន​អាច​ឲ្យ​បរទេស​ ​មក​ប្រើប្រាស់​ជនជាតិ​ខ្មែរ​ ​ដើម្បី​សម្លាប់​ខ្មែរ​ត​ទៅ​ទៀត​ទេ។​ ​បរទេស​ទាំង​ឡាយ​ត្រូវ​មើល​ឲ្យ​ឃើញ​ ​ត្រូវ​ស្រាវ​ជ្រាវ​ឲ្យ​ច្បាស់​ ​ហើយ​យើង​ក៏​ចង់ស្គាល់​មុខ​ ​ចំពោះ​អ្នក​ដែល​បានផ្តល់​នូវ​មេរៀន​ ​ហើយ​មក​អនុវត្ត​យុទ្ធសាស្រ្ត​បំផ្លាញ​ជាតិ​របស់​យើង»។​

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលជាប្រធានគណបក្សប្រជាជនកម្ពុជា ចូលរួមក្នុងការប្រារព្ធខួបអនុស្សាវរីយ៍ លើកទី៦៦ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៧។ (ហ៊ាន សុជាតា/VOA)

លោក​ ​ហ៊ុន សែន​ ​ក៏​បាន​ព្រលយ​ថា​ ​មាន​ជនបរទេស​មក​ពី​សហរដ្ឋអាមេរិក​ ​និង​កាណាដា​ ​ដែល​លោក​ថា​ ​ពាក់ព័ន្ធ​នឹង​លោក​ ​កឹម សុខា។

លោក​មាន​ប្រសាសន៍​ថា៖​

«យើង​សូម​ផ្ញើ​សារ​ទៅ​កាន់​ជន​បរទេស​ ​ដែល​បាន​ប្រើ​ប្រាស់​មនុស្ស​នេះ​ ​ឲ្យ​បញ្ឈប់​នូវ​សកម្មភាព ហើយ​យើង​នឹង​ស្រាវជ្រាវ​តាម​ផ្លូវ​តុលាការ​ ​ដើម្បី​ឲ្យ​ដឹង​ថា​ ​អ្នកណា​ខ្លះ​បាន​ចូល​រួម​នៅ​ក្នុង​ព្រឹត្តិការណ៍​រយៈ​ពេល​កន្លង​ទៅ។​ ​ជន​បរទេស​ណា​ខ្លះ​ដែល​គេ​ថា​ ​មក​ពី​អាមេរិក​ ​និងមក​ពី​កាណាដា។​ ​តើ​អ្នកណាខ្លះ?​ ​រឿង​នេះ​វា​មិន​តូច​ទេ»។

​ជា​មួយ​គ្នា​នេះ​ផង​ដែរ​ ​លោក​ ​ហ៊ុន សែន​ ​បាន​ចាត់​ទុក​ការ​សម្លាប់​ដោយសារ​ការ​តវ៉ា​ក្រោយ​ការ​បោះឆ្នោត​សាកល​ឆ្នាំ២០១៣​ ​ជា​ការ​ទទួល​ខុស​ត្រូវ​របស់​លោក​ ​កឹម សុខា​ តាម​អ្វី​ដែល​លោក​ ​ថា​ជា​សម្តី​ផ្ទាល់​របស់​លោក​កឹម​ សុខា​ក្នុង​វីដេអូ​ដែល​គេ​ចែកចាយ​តាម​បណ្តាញ​សង្គម​ហ្វេសប៊ុក។

ក្រោយ​ការ​បោះ​ឆ្នោត​ខែ​កក្កដា​ ​ឆ្នាំ២០១៣​ ​គណបក្ស​សង្រ្គោះជាតិ​បាន​បដិសេធ​ទទួល​យក​លទ្ធផល​បោះ​ឆ្នោត​ ហើយ​បាន​ធ្វើ​បាតុកម្ម​ប្រឆាំង​ ​ក្រោម​ហេតុ​ផល​ថា​មាន​ការ​លួច​បន្លំ​សន្លឹក​ឆ្នោត។​ ​បាតុកម្ម​ក្រោយ​ការ​បោះ​ឆ្នោត​នេះ​ ​បាន​បណ្តាល​ឲ្យ​មនុស្ស​យ៉ាង​តិច​៦​នាក់​បាន​ស្លាប់​ក្នុង​ព្រឹត្តិការណ៍​ហិង្សា​នៅ​ស្ពាន​អាកាស​ក្បាល​ថ្នល់​ ​បណ្តាល​ឲ្យ​យុវជន​ម្នាក់​បាន​ស្លាប់​ដោយ​ត្រូវ​គ្រាប់​កាំភ្លើង​ ​និង​ការ​បាញ់​កម្មករ​នៅ​ផ្លូវ​វ៉េងស្រេង​ដែល​បណ្តាល​ឲ្យ​មនុស្ស​៥​នាក់​ស្លាប់។

នៅ​ក្នុង​សេចក្តីថ្លែង​ការណ៍​កាល​ពីថ្ងៃ​អាទិត្យ​ ​រដ្ឋាភិបាល​បាន​បញ្ជាក់​ថា​ ​វីដេអូ​ដែល​ត្រូវ​បាន​បង្ហោះតាមបណ្តាញ​CBN​ ​(Cambodian Broadcasting Network) ដែល​មាន​ទីតាំង​នៅ​អូស្រ្តាលី​ ​និង​ភស្តុតាង​ដែល​ប្រមូល​បាន​ដទៃ​ទៀត​ ​បង្ហាញ​ឲ្យ​ឃើញ​ច្បាស់​ពី​«ផែន​ការ​សម្ងាត់​នៃ​ការ​ឃុបឃិត​គ្នា រវាង​ឈ្មោះ​ ​កឹម សុខា​ ​និង​បក្សពួក ជាមួយ​បរទេស​ដែល​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ព្រះរាជាណាចក្រកម្ពុជា»។​ ​សេចក្តីថ្លែង​ការណ៍​បញ្ជាក់​ថា៖ «អំពើ​នៃ​ការ​ឃុបឃិត​គ្នា​ជា​សម្ងាត់​ខាង​លើ​នេះ គឺ​ជា​អំពើ​ក្បត់​ជាតិ»។

លោកស្រី​ ​មូរ សុខហួរ​ ​អនុ​ប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ​ បាន​ថ្លែង​ប្រាប់​ ​VOA​ ​ថា​ ​គណ​បក្ស​មិន​មាន​ទំនាក់​ទំនង​ជាមួយ​បរទេស​ ​ក្នុង​ភាព​លាក់​បាំង​ ​ចង់​ផ្តួល​រំលំ​រដ្ឋាភិបាល​នោះ​ទេ។

លោក​ស្រី​មាន​ប្រសាសន៍​ថា៖

«ពេល​ណា​លោក​ប្រធាន​គាត់​[លោក​ ​កឹម សុខា]​ ​ជួប​ជាមួយ​ទូត​ណា​ក៏ដោយ​ ​ជាមួយ​អ្នក​ណា​ក៏​ដោយ​ ​គឺ​មាន​រូបភាព​ទាំងអស់។​ ​យើង​អត់​មាន​អ្វី​លាក់​បាំង​ទេ។​ មាន​ទាំង​ធ្វើ​ជូន​ព័ត៌មាន​ទៀត»។

អ្នកស្រី​ មួរ សុខហួរ​ អនុ​ប្រធាន​គណបក្ស​សង្គ្រោះជាតិ ​នៅក្នុង​ពិធីបង្សុកូល​ រំឭក​ ខួប​លើកទី២០​ នៃ​ព្រឹត្តិការណ៍​រដ្ឋ​ប្រហារ​ ៥-៦​ កក្កដា​ នៅស្នាក់ការ​គណបក្ស​សង្គ្រោះជាតិ​ នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៧។ (ហ៊ាន សុជាតា/VOA)

លោកស្រី​បាន​អំពាវនាវ​ដល់​ប្រទេស​ហត្ថលេខី​នៃ​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស​ជួយ​អន្តរាគមន៍​ករណី​នេះ។

លោកស្រីមាន​ប្រសាសន៍​ថា៖​ ​«ខ្ញុំ​សូម​ឲ្យ​មេត្តា​អាណិត​ដល់​លទ្ធិ​ប្រជាធិបតេយ្យ​សម្រាប់​ប្រទេស​ជាតិ​យើង​ផង»។

លោកស្រី​បាន​បញ្ជាក់​បន្ថែម​ថា​ ​ជំហរ​របស់​គណបក្ស​សង្រ្គោះជាតិ​ ​មិន​មាន​ការ​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ទៅ​ធ្វើ​បាតុកម្ម​នោះ​ទេ។

​ដោយ​ឡែក​ ​លោក​ ​មាស នី​ ​អ្នក​វិភាគ​នយោបាយ​ ​និង​ការ​អភិវឌ្ឍ​សង្គម​ ប្រាប់​ VOA ​ថា បដិវត្តន៍​កើត​ឡើង​ដោយសារ​ប្រជាពលរដ្ឋ​នៅ​ក្នុង​ប្រទេស​មួយ​មិន​ពេញចិត្ត​នឹង​រដ្ឋាភិបាល​របស់​គេ។​ ​លោក​បន្ត​ថា​ ​លោក​មើល​មិន​ឃើញ​ថា​ ​មាន​ចលនា​ចង់​ផ្តួល​រំលំ​រដ្ឋាភិបាល​កម្ពុជា​នោះ​ទេ។

លោក​មាន​ប្រសាសន៍​ថា៖​

​«អ៊ីចឹងបើ​នៅ​ស្រុក​យើង​ ​ពេល​ខ្លះ​ ​ខ្ញុំ​មើល​ទៅ​មិន​ឃើញ​មាន​សញ្ញា​ណា​ដែល​វា​នឹង​ក្លាយ​ជា​បដិវត្តន៍​ពណ៌​បាន​ទេ។​ ​អ៊ីចឹងបាន​ជា​យើង​ឆ្ងល់​ដែរ​ថា​ ​ពេល​ខ្លះ​ពូ​មាន​អារម្មណ៍​ថា​ ​រដ្ឋាភិបាល​ដូច​ជា​បង្ហាញ​ការ​ព្រួយបារម្ភ​ហ្នឹង​លើស​ពីការ​ពិត»។

លោក​ ​មាស នី​ ​ក៏​មិន​ឯកភាព​នឹង​ការ​លើក​ឡើង​ថា បរទេស​នៅ​ពីក្រោយ​ការ​ប៉ុន​ប៉ង​ធ្វើ​បដិវត្តន៍​នៅ​កម្ពុជា​ ​ដោយសារ​ប្រទេស​កម្ពុជា​មិន​មែន​ជា​ចំណាប់​អារម្មណ៍​នៃ​ប្រទេស​មហា​អំណាច។

លោក​មាន​ប្រសាសន៍​ថា៖​

«សម្រាប់​ទស្សនៈ​របស់​ខ្ញុំ​ ​ខ្ញុំ​មិន​ទាន់​ឃើញ​សញ្ញា​អី​ទៅ​ដល់​កម្រិត​ថា​ប្រទេស​ទាំង​អស់​ហ្នឹងនៅ​ពីក្រោយ ការ​រៀប​ចំ​ឲ្យ​មាន​បដិវត្តន៍​ពណ៌​។ ខ្ញុំ​មិន​ទាន់​មើល​ឃើញ»។

លោក​ ​មាស នី​ ​មើល​ឃើញ​ថា​ ​ការ​ថ្លែង​របស់​លោក​ ​ហ៊ុន សែន​ ​ប្រតិកម្ម​ជាមួយ​អាមេរិក​ គឺ​ដើម្បី​ឲ្យ​ប្រទេស​ចិន​ឃើញ​ពី​ការ​ផ្តាច់​ឆ្ងាញ​ពី​អាមេរិក​ ​ដើម្បី​ទទួល​ជំនួយ​ពី​ប្រទេស​ចិន​ ​ឬ​អាច​ជា​ការ​ចង់​បាន​ការ​ចរចា​មួយ​ជាមួយ​អាមេរិក​ទៅ​លើ​បញ្ហា​ជំពាក់​បំណុល​ទៅ​ថ្ងៃ​ខាងមុខ។

លោក​បណ្ឌិត​ ​អ៊ា សុផល​ ​សាស្ត្រាចារ្យ​នៃ​សាកល​វិទ្យាល័យ​ Occidental​ ​College នៃទីក្រុង Los Angeles​ ​សហរដ្ឋអាមេរិក​ ​មាន​ប្រសាសន៍​ថា​វា​ជា​ការ​ពិបាក​យល់​ដែល​លើក​ឡើង​ថា បរទេស​មាន​ទំនាក់ទំនង​ជាមួយ​ «ជន​ក្បត់​ជាតិ»។

លោក​បាន​ថ្លែង​ប្រាប់ ​VOA​ ​តាមរយៈ​អ៊ីម៉ែល​ឬ​សារអេឡិច​ត្រូនិក​ថា៖ «ជន​ក្បត់​ជាតិ​នៅ​ថ្ងៃ​នេះ​ ​និង​អ្នក​ទោស​នយោបាយ​ ​អាច​ក្លាយជា​នាយក​រដ្ឋ​មន្រ្តី​នៅ​ថ្ងៃ​ស្អែក។​ ​វា​ស្ថិត​នៅ​ក្នុង​ក្រសែ​ភ្នែក​របស់​អ្នក​មើល។ ​វា​ដូច​ជា​រឿង​ជាមួយ​ភេរវករ​ ​និង​អ្នក​តស៊ូ​ដើម្បី​សេរីភាព​អញ្ចឹង។ អ្វីៗ​អាស្រ័យ​លើ​ការ​យល់​ឃើញ»។​

​ក្នុង​សេចក្តី​ថ្លែង​ការណ៍​របស់​ក្រសួង​ការ​បរទេស​សហរដ្ឋអាមេរិក​ ​លោក​ស្រី Heather Nauert ​អ្នក​នាំពាក្យ​ក្រសួង​ការ​បរទេស​អាមេរិក​ ​បាន​សម្តែង​ការ​ព្រួយ​បារម្ភ​អំពី​ការ​ចាប់​ខ្លួន​លោក​ ​កឹម សុខា​ ​និង​បាន​ចោទ​ជា​សំណួរ​អំពី​លទ្ធភាព​របស់​រដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​រៀបចំការ​បោះឆ្នោត​ដែលអាច​ទុក​ចិត្តនា​ពេល​ខាង​មុខ។

លោក​ Heather Nauert ​ស្រី​បាន​ថ្លែង​ថា៖​

«វិធាន​ការ​ទាំង​នោះ​បាន​ធ្វើ​ឲ្យ​អន់ថយ​នៃ​ការវិវឌ្ឍន៍​កម្ពុជា​ក្នុង​ទសវត្សរ៍​ថ្មីៗ​នេះ​ ​ហើយ​ធ្វើ​ឲ្យ​មាន​សំណួរ​ម៉ត់ចត់​មួយ​អំពី​លទ្ធភាព​រដ្ឋាភិបាល​ ​ដើម្បី​រៀប​ចំ​ការ​បោះឆ្នោត​ថ្នាក់​ជាតិ​២០១៨​ ​ដែល​អាច​ទុក​ចិត្ត​បាន​ ​ដែល​អាច​បង្កើត​ជា​លទ្ធផល​ដែល​បង្ហាញ​ពី​ភាព​ស្រប​ច្បាប់​នៃ​លទ្ធិ​ប្រជាធិបតេយ្យ»។

នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​ដែល​បាន​ចេញផ្សាយ​កាល​ពី​ថ្ងៃ​ចន្ទ​ ​គណៈ​ប្រតិភូ​សហភាព​អឺរ៉ុប​ ​បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ ​បញ្ចប់​ការ​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ​ ​ដើម្បី​យាយី​អ្នក​នយោបាយ​បក្ស​ប្រឆាំង។​ ​សេចក្តី​ថ្លែងការណ៍​បាន​បញ្ជាក់​ថា​ ​ការ​ចាប់​ខ្លួន​លោក​ ​កឹម សុខា​ ​រំលោភ​លើ​អភ័យ​ឯក​សិទ្ធិ​ជា​តំណាង​រាស្រ្ត​ ​និង​ធ្វើ​ឲ្យ​មាន​ការ​កើន​ឡើង​កម្តៅ​នយោបាយ។

សេចក្តី​ថ្លែង​ការណ៍​បាន​បញ្ជាក់​ថា៖​

«ដំណើរ​ការ​ប្រជាធិប​តេយ្យ​ដែល​អាច​ទុក​ចិត្ត​បាន​ ​ដែល​នាំ​ឲ្យ​មាន​ការ​បោះឆ្នោត​សភា​ក្នុង​ឆ្នាំ​២០១៨​ ​ត្រូវការ​បរិយាកាស​ដែល​គណបក្ស​នយោបាយ​ទាំងអស់​ ​សង្គម​ស៊ីវិល និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ ​អាច​បន្ត​នូវ​តួនាទី​ស្រប​ច្បាប់​របស់​ពួកគេ​ ​ដោយ​គ្មាន​ភ័យ​ខ្លាច ការ​គំរាម​កំហែង​ ​និង​ការ​រឹតត្បិត​តាម​អំពើ​ចិត្ត»។

VOA​ ​មិន​អាច​ទំនាក់​ទំនង​ស្ថាន​ទូត​កាណាដា​ប្រចាំ​ប្រទេស​កម្ពុជា​ ​ដើម្បី​សុំក្តី​អធិប្បាយ​បាន​ទេ​នៅ​ថ្ងៃ​ចន្ទ​នេះ៕