លោកនាយករដ្ឋមន្រ្តីកម្ពុជា នៅព្រឹកថ្ងៃច័ន្ទនេះ បានបញ្ជាឲ្យសមត្ថកិច្ចដំឡើងម៉ាស៊ីនតាមដានបណ្តាញអ៊ីនធើណិតនិងប្រព័ន្ធទំនាក់ទំនងសង្គម ដើម្បីទប់ស្កាត់និងចាត់វិធានការភ្លាមៗដល់រាល់សកម្មភាពដែលលោកចាត់ទុកថា ជាសកម្មភាពបំផ្លិចបំផ្លាញសង្គម។
ថ្លែងក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ស្ពានអាកាសផ្សារដីហុយលោក ហ៊ុន សែន អះអាងថា លោកទទួលបានព័ត៌មានថា មានក្រុមមួយចំនួនដែលមាននិន្នាការប្រឆាំងការបោះឆ្នោតនិងរាជរដ្ឋាភិបាលរបស់លោក បាននិងកំពុងរៀបចំផែនការផ្សព្វផ្សាយថា អ្នកដែលជ្រលក់ដៃនឹងទឹកខ្មៅក្នុងពេលបោះឆ្នោតនឹងត្រូវស្លាប់ក្រោយរយៈពេល២៤ម៉ោង។
លោកបន្ថែមថា ក្រុមដែលគ្រោងនឹងផ្សព្វផ្សាយបែបនោះ គឺជាក្រុមតែមួយដែលបានលើកឡើងកាលពីការបោះឆ្នោតឆ្នាំ២០១៣ថា ទឹកខ្មៅជ្រលក់ដៃលុបជ្រះ។ទោះយ៉ាងណាលោក ហ៊ុន សែន មិនមានបញ្ជាក់ឲ្យចំឈ្មោះថា តើជាក្រុមណា ឬនរណាឲ្យប្រាកដនោះទេ។
លោកបញ្ជាក់ថា៖
«យើងមិនទាន់ទូទាត់បញ្ជីអារឿងបញ្ហាទឹកខ្មៅដុសមិនជ្រះអា៥ឆ្នាំមុនផង ឥឡូវដាក់ចេញនូវគោលការណ៍ទឹកខ្មៅមាន២ដប ទឹកខ្មៅមួយដបទឹកខ្មៅធម្មតា ទឹកខ្មៅមួយដបទៀត ជ្រលក់ទៅ២៤ម៉ោង គឺមនុស្សស្លាប់ យូរបំផុតមនុស្សស្លាប់។ អ្នកឯង សូមចាំឲ្យបានថា ឧបាយកលរបស់អ្នកឯងធ្វើបែបនេះ អ្នកឯងបំផ្លាញជាតិ ហើយខ្ញុំមិនឲ្យអ្នកឯងរួចខ្លួនទេ សូមកុំភាន់ច្រឡំ។ សូម្បីប្រធានគណបក្សចាប់ហ្អែងម៉ោង១២យប់ ព្រោះជាទោសក្បត់ជាតិ អានេះក៏ជាប្រទេសទោសក្បត់ជាតិដែរ»។
លោកនាយករដ្ឋមន្រ្តីបានបន្ថែមដោយបញ្ជាឲ្យគ្រប់អាជ្ញាធរមានសមត្ថកិច្ចទាំងអស់ ដំឡើងម៉ាស៊ីន ដើម្បីចាប់ទីតាំងអ្នកបង្ហោះសារពាក់ព័ន្ធនឹងទឹកខ្មៅនេះ និងថា នេះជាសកម្មភាពក្បត់ជាតិ។
លោកមានប្រសាសន៍ថា៖
«បញ្ចេញនូវម៉ាស៊ីនទាំងអស់ ដើម្បីចាប់អាបង្ហោះតាមហ្វេសប៊ុកព្រោះ កម្រិតបច្ចុប្បន្នសូមជម្រាបជូន លម្អៀងត្រឹមតែ២ម៉ែត្រកន្លះប៉ុណ្ណោះ សូមជម្រាបលោកឯងឲ្យច្បាស់។ រវាងការបង្ហោះចាប់ Location (ទីតាំង) នៃទូរស័ព្ទរបស់អ្នកឯង លម្អៀងត្រឹមតែ២ម៉ែត្រកន្លះប៉ុណ្ណោះ។ កម្ពុជាមានមធ្យោបាយបែបនេះ។ ថ្ងៃមុនខ្ញុំសាកល្បង ឲ្យចំណុចភ្លាម ត្រឹមតែ៦នាទីក្រោយទេគឺឲ្យខ្ញុំដឹងរួចស្រេចទៅហើយ»។
ការថ្លែងរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ធ្វើឡើង បន្ទាប់ពីក្រសួងសំខាន់ៗចំនួនបីនៅដើមខែមិថុនានេះ បានចេញប្រកាសរួមមួយដើម្បីតាមដាន និងចាត់វិធានការលើខ្លឹមសារនៃការផ្សព្វផ្សាយនានាតាមបណ្តាញអ៊ីនធើណិតដែលមានចេតនាបង្កជាចលាចលបណ្តាលឲ្យអន្តរាយដល់វិស័យការពារជាតិ និងសណ្តាប់ធ្នាប់សង្គម គ្រប់រូបភាព និងទម្រង់ក្នុងប្រទេសកម្ពុជា។
ប្រកាសរបស់អន្តរក្រសួងនោះក៏តម្រូវឲ្យក្រុមហ៊ុនអ៊ីនធើណិតទាំងអស់បំពាក់ឧបករណ៍គ្រប់គ្រងទិន្នន័យ «ដើម្បីសម្រួលក្នុងការច្រោះឬរាំងខ្ទប់ចំពោះគេហទំព័រគណនី ឬទំព័របណ្តាញទំនាក់ទំនងសង្គមដែលធ្វើអាជីវកម្ម និងឬការផ្សព្វផ្សាយខុសច្បាប់»។ ក្នុងនោះ ក្រសួងមហាផ្ទៃមានសិទ្ធិក្នុងការស្រាវជ្រាវនិងចាត់វិធានការផ្លូវច្បាប់ចំពោះអ្វីដែលសមត្ថកិច្ចយល់ថា ជាអំពើល្មើសច្បាប់។
យ៉ាងណាក៏ដោយ លោកនាយករដ្ឋមន្រ្តីមិនបានបញ្ជាក់លម្អិតថា តើសកម្មភាពនៃការផ្សព្វផ្សាយពីទឹកខ្មៅដែលអាចបណ្តាលឲ្យអ្នកជ្រលក់ដៃបាត់បង់ជីវិតដែលលោកបានដឹងនោះធ្វើឡើងក្រោមរូបភាពណា ឬពេលណាឲ្យពិតប្រាកដនោះទេ។
VOA មិនអាចទាក់ទងលោក គៀត ច័ន្ទថារិទ្ធ អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិបានទេ ខណៈលោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បដិសេធមិនធ្វើអត្ថាធិប្បាយដោយបញ្ជាក់ថា លោកទើបត្រឡប់មកពីបរទេស។
ចំណែកលោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) លើកឡើងថា លោកបានឮការថ្លែងរបស់លោកនាយករដ្ឋមន្រ្តីនាព្រឹកនេះ ប៉ុន្តែលោកថា លោកមិនទាន់បានទទួលព័ត៌មានណាមួយពាក់ព័ន្ធនឹងការផ្សព្វផ្សាយថា មានទឹកថ្នាំខ្មៅជ្រលក់ដៃដែលអាចបណ្តាលឲ្យស្លាប់ក្រោយរយៈពេល២៤ម៉ោងនោះទេ។
យ៉ាងណាក៏ដោយ លោក ហង្ស ពុទ្ធា បានអំពាវនាវឲ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នចំពោះការលើកឡើងណាមួយដែលមិនមែនជាការផ្សព្វផ្សាយរបស់ គ.ជ.ប និងថា គ.ជ.ប នឹងអនុវត្តទៅតាមច្បាប់ ប្រសិនបើមានករណីផ្សព្វផ្សាយថា ទឹកខ្មៅជ្រលក់ដៃពេលបោះឆ្នោតអាចបណ្តាលឲ្យមនុស្សស្លាប់ពិតមែន។
លោកបញ្ជាក់ថា៖
«រាល់ព័ត៌មានទាំងឡាយដែលមិនចេញពីគ.ជ.ប នោះមិនមែនជារឿងពិតទេ ហើយគ.ជ.បក៏ជាស្ថាប័នមួយដែលស្រលាញ់ និងគោរពប្រជាពលរដ្ឋ ស្រលាញ់ជាតិសាសនា ព្រះមហាក្សត្រ។ អីចឹង គ.ជ.ប បំពេញតួនាទីបានត្រឹមត្រូវ មិនអនុញ្ញាតឲ្យមានទឹកខ្មៅណាដែលអាចធ្វើឲ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ រហូតបណ្តាលឲ្យស្លាប់អី ដូចជាការផ្សព្វផ្សាយនោះទេ»។
នៅមុនការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តអាណត្តិទី៥ ក្នុងឆ្នាំ២០១៣ អង្គការសង្គមស៊ីវិលមួយចំនួនរួមមានសមាគមការពារសិទ្ធិមនុស្សអាដហុក និងអង្គការឃ្លាំមើលការបោះឆ្នោតហៅកាត់ថាខុមហ្វ្រែលជាដើម បានបង្ហាញរបកគំហើញរបស់ខ្លួនថា ទឹកថ្នាំខ្មៅរបស់ គ.ជ.ប. អាចលាងជ្រះវិញបានដោយងាយក្នុងរយៈខ្លី។ ពួកគេនាពេលនោះបានបញ្ជាក់ថា បញ្ហានេះនាំឲ្យមានការបារម្ភអំពីលទ្ធភាពលួចបន្លំសន្លឹកឆ្នោតពីអ្នកដែលមានឈ្មោះស្ទួនមួយចំនួនតាមរយៈការបោះឆ្នោតច្រើនដង។
លោក កន សាវាង្ស អ្នកសម្របសម្រួលអង្គការឃ្លាំមើលការបោះឆ្នោតហៅកាត់ថាខុមហ្វ្រែល បានប្រាប់ VOA នារសៀលថ្ងៃច័ន្ទនេះថា រហូតមកដល់ពេលនេះលោកមិនធ្លាប់បានទទួលព័ត៌មានពាក់ព័ន្ធនឹងទឹកថ្នាំជ្រលក់ដៃ ដែលបណ្តាលឲ្យមនុស្សស្លាប់នោះទេ។ លោកក៏បានអះអាងថា ខុមហ្វ្រែល ក៏មិនមានពាក់ព័ន្ធណាមួយពាក់ព័ន្ធនឹងការថ្លែងថា កម្ពុជាមានទឹកថ្នាំខ្មៅជ្រលក់ដៃក្នុងពេលបោះឆ្នោតដែលបណ្តាលឲ្យស្លាប់នោះដែរ។
លោក កន សាវាង្ស បន្ថែមថា លោកគាំទ្រចំពោះការចាត់វិធានការលើអ្នកដែលផ្សព្វផ្សាយពីព័ត៌មាននេះ ប៉ុន្តែលោកថា រដ្ឋាភិបាលត្រូវធានាពីវិធានការដែលមានតម្លាភាព និងភាពត្រឹមត្រូវតាមច្បាប់។
លោកមានប្រសាសន៍ថា៖
«កុំឲ្យការបកស្រាយណាមួយដែលមានលក្ខណៈជាការលាបពណ៌ ការបកស្រាយណាមួយដែលមានបំណងគំរាមកំហែងអ្នកស្មោះត្រង់ អាហ្នឹងជាក្លាយជាការប៉ះពាល់ដល់សេរីភាពអ្នកសារព័ត៌មាន ដែលបានធានានៅក្នុងរដ្ឋធម្មនុញ្ញហើយ។ បើសិនជាមិនច្បាស់លាស់ ហើយយើងធ្វើមានការគាបសង្កត់ហ្នឹង»។
ខណៈការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តអាណត្តិទី៦ នឹងត្រូវធ្វើឡើងនាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨នេះ គេឃើញថ្នាក់ដឹកនាំ គណបក្សសង្គ្រោះជាតិដែលជាគណបក្សត្រូវបានតុលាការកំពូលរំលាយកាលពីខែវិច្ឆិកា ឆ្នាំ២០១៧ បានអំពាវនាវឲ្យប្រជាពលរដ្ឋធ្វើពហិការកុំទៅចូលរួមការបោះឆ្នោត។
ការអំពាវនាវរបស់គណបក្សប្រឆាំងមានភាពផ្ទុយគ្នាទៅនឹងគណបក្សកាន់អំណាចរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលបានដឹកនាំប្រទេសជាង៤០ឆ្នាំមកហើយ។ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអំពាវនាវឲ្យប្រជាពលរដ្ឋទៅបោះឆ្នោត ដោយភ្ជាប់នឹងការព្រមានជាបន្តបន្ទាប់ថា ប្រសិនបើអ្នកមិនទៅបោះឆ្នោតហើយបែរយកទឹកខ្មៅ ឬថ្នាំលាបសក់មកលាបលើម្រាមដៃបន្លំថា បានទៅបោះឆ្នោត នឹងត្រូវប្រឈមនឹងការមានទោស។
ក្រសួងមហាផ្ទៃក៏បានប្រកាសថា អ្នកដែលបង្ហោះសារថា ខ្លួននឹងមិនទៅបោះឆ្នោត ឬម្រាមដៃស្អាតដោយមិនមានប្រឡាក់ទឹកខ្មៅក្នុងថ្ងៃបោះឆ្នោតជាដើមនោះ ក៏នឹងត្រូវប្រឈមនឹងការចាត់វិធានការផងដែរ៕