លោក​ ហ៊ុន សែន​ ព្រមាន​សកម្មជន​ពិធី​បង្សុ​កូល​ដល់​កម្មករ​ដែល​បាន​ស្លាប់​នៅ​លើ​ផ្លូវ​វេងស្រេង

លោក​ វ៉ន ពៅ​ ប្រធាន​សមាគម​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ ​ហៅកាត់​ថា​ IDE​A​ និង​ជា​តំណាង​កម្មករ​ ឈរ​នៅ​កណ្តាល​ ស្រែក​រក​យុត្តិធម៌​នៅ​ក្នុង​ពេល​ដើរ​ជា​ក្បួន​​តាម​ការ​បណ្តេញ​របស់​ក្រុម​អាជ្ញាធរ​មាន​សមត្ថ​កិច្ច​ និង​កង​សន្តិសុខ​ផ្សេង​ទៀត​នៅ​ព្រឹក​ថ្ងៃ​អាទិត្យ​ទី​៣​ ខែ​មករា​ ឆ្នាំ​២០១៦។ (ហ៊ុល រស្មី/VOA)

លោក​ ហ៊ុន សែន​ បាន​ព្រមាន​ប្រធាន​សមាគម​មួយ​រូប​ថា ​អាច​នឹង​ប្រឈម​មុខ​នឹង​ចំណាត់​ការ​ផ្លូវ​ច្បាប់​ម្តង​ទៀត ​បន្ទាប់​ពី​ប្រធាន​សមាគម​រូប​នេះ​បាន​ចូលរួម​ការ​រៀបចំ​ពិធី​បង្សុកូល​ឧទ្ទិស​កុសល​ដល់​កម្មករ​ដែល​បាន​ស្លាប់​នៅ​លើ​ផ្លូវ​វេងស្រេង ​ក្នុង​ពេល​ធ្វើ​បាតុកម្ម​ដំឡើង​ប្រាក់​ខែ​កាល​ពី​ពីរ​ឆ្នាំ​មុន។

លោក​ ហ៊ុន សែន​ នាយក​រដ្ឋ​មន្ត្រី​កម្ពុជា​ បាន​ព្រមាន​ប្រធាន​សមាគម​មួយ​រូប​ថា ​អាច​នឹង​ប្រឈម​មុខ​នឹង​ចំណាត់​ការ​ផ្លូវ​ច្បាប់​ម្តង​ទៀត ​បន្ទាប់​ពី​ប្រធាន​សមាគម​រូប​នេះ​បាន​ចូលរួម​ការ​រៀបចំ​ពិធី​បង្សុកូល​ឧទ្ទិស​កុសល​ដល់​កម្មករ​ដែល​បាន​ស្លាប់​នៅ​លើ​ផ្លូវ​វេងស្រេង ​ក្នុង​ពេល​ធ្វើ​បាតុកម្ម​ដំឡើង​ប្រាក់​ខែ​កាល​ពី​ពីរ​ឆ្នាំ​មុន។​

លោក​នាយក​រដ្ឋ​មន្ត្រី​ដ៏​មាន​ឥទ្ធិពល​នៃ​ប្រទេស​កម្ពុជា​បាន​ព្រមាន​សើរើ​ចំណាត់​ការ​ផ្លូវ​ច្បាប់​ចំពោះ​ប្រធាន​សមាគម​មួយ​រូប។ ​លោក​ ហ៊ុន សែន ​ទំនង​ជា​ថ្លែង​យោង​ដល់​លោក​ វន់ ពៅ​ មេ​ដឹកនាំ​សមាគម​សេដ្ឋ​កិច្ច​ក្រៅ​ប្រព័ន្ធ​ ​ដែល​បាន​ចូលរួម​ជាមួយ​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ផ្សេង​ទៀត​ ដើម្បី​ធ្វើ​ពិធី​រំឭក​ដល់​ការ​ស្លាប់​របស់​កម្មករ​៤នាក់​ នៅ​ក្នុង​ពេល​នៃ​ការ​តវ៉ា​ទាមទារ​ការ​ដំឡើង​ប្រាក់​ឈ្នួល​អប្បរមា​ដល់​កម្មករ​កាល​ពី​ដើម​ខែ​មករា ​ឆ្នាំ​២០១៤​ ស្ថិ​ត​ក្នុង​តំបន់​សួន​ឧស្សាហកម្ម​កាណាឌីយ៉ា ​លើ​កំណាត់​ផ្លូវ​ស្រេង។​

លោក ហ៊ុន សែន​ បាន​ថ្លែង​ព្រមាន ​ខណៈ​ពេល​លោក​សម្ពោធ​ដាក់​ឲ្យ​ប្រើ​ប្រាស់​ផ្លូវ​ដែល​នឹង​ជួយ​សម្រួល​ការ​កក​ស្ទះ​ចរាចរ នៅ​ក្នុង​ខ័ណ្ឌ​ទួលគោក​នៃ​រាជធានី​ភ្នំពេញ កាល​ពី​ព្រឹក​ថ្ងៃ​អង្គារ​នេះ។​

ថ្លែង​ទៅ​កាន់​មន្ត្រី​រដ្ឋាភិបាល​ និង​អ្នក​ចូលរួម​ផ្សេង​ទៀត​នៅ​ក្នុង​ពិធី​នោះ​ ​លោក ​ហ៊ុន សែន ​បាន​និយាយ​ថា​ តុលាការ​អាច​នឹង​សើរើ​រឿង​ក្តី​របស់​ប្រធាន​សមាគម​នេះ​ឡើង​វិញ​ បន្ទាប់​ពី​ប្រធាន​សមាគម​រូប​នេះ​បាន​ចូលរួម​ធ្វើ​ពិធី​បង្សុកូល​ កាលពី​ថ្ងៃ​អាទិត្យ​កន្លង​ទៅ​នេះ ​ដើម្បី​ឧទ្ទិស​កុសល​ដល់​កម្មករ​ដែល​បាន​ស្លាប់​ក្នុង​ការ​បង្រ្កាប​ដោយ​ការ​បាញ់​គ្រាប់​កាំភ្លើង​ដ៏​ប្រល័យ​ពី​ក្រុម​អាជ្ញាធរ​មាន​សមត្ថកិច្ច​នៅ​លើ​ផ្លូវ​វេងស្រេង។​ លោក​នាយក​រដ្ឋមន្ត្រី​ថ្លែង​បញ្ជាក់​ថា៖​

«បុណ្យ​អី​ពី​ម្សិល!​ ពួក​ហ្នឹង​គេ​ដេញ​ព្រាត​ទៅ​ទៀត។​ អាហ្នឹង​ក្រយៅ​ជាប់​គុក ​នៅ​តែ​ចង់​ជាប់​វី។ អត់​ទាន់​រួច​ទេ​ណា!​ នៅ​សំណុំ​រឿង​ច្រើន​ទៀត​ណា៎! ​កុំ​ភ្លេច​អ្ហេ! មេ​ខ្លោង​ក្រៅ​ប្រព័ន្ធ​អី​គេ​នោះ»។​

លោក​ វន់ ពៅ​ និង​ក្រុម​កម្មករ​ និង​សកម្មជន​ដី​ធ្លី​២២​នាក់​ទៀត​ត្រូវ​ចាប់​ខ្លួន ​កាល​ពី​ដើម​ខែ​មករា​ ឆ្នាំ​២០១៤​ ក្រោម​ការ​ចោទ​ប្រកាន់​ពី​បទ​ពាក់ព័ន្ធ​នឹង​អំពើ​ហិង្សា​ដោយ​ចេតនា​ ការ​បង្ក​ការ​ខូចខាត​ទ្រព្យ​សម្បត្តិ​សាធារណៈ​ និង​ការ​ធ្វើ​ឲ្យ​មាន​បញ្ហា​អសន្តិសុខ ​និង​សណ្តាប់​ធ្នាប់​សង្គម។

លោក​ វន់ ពៅ​ មេដឹក​នាំ​សមាគម​សេដ្ឋ​កិច្ច​ក្រៅ​ប្រព័ន្ធ​ ហៅ​កាត់​ថា​ IDEA ​ថ្លែង​ប្រាប់​ VOA​ ថា ​លោក​មាន​ការ​បារម្ភ​ចំពោះ​ការ​ព្រមាន​របស់​លោក​នាយករដ្ឋ​មន្ត្រី​ ដែល​ស្ថិត​នៅ​ក្នុង​អំណាច​ជាង​៣០​ឆ្នាំ​មក​ហើយ​នោះ​ តែ​ថា ​លោក​នឹង​បន្ត​ការងារ​ការពារ​សិទ្ធិ​មនុស្ស​របស់​លោក​ត​ទៅ​ទៀត។

«សម្រាប់​ខ្ញុំ​ ខ្ញុំ​គិត​ថា​ អ្វី​ដែល​ខ្ញុំ​ធ្វើ​ត្រូវ​ គឺ​ខ្ញុំ​នៅ​តែ​បន្ត​ ឲ្យ​តែ​ខ្ញុំ​ធ្វើ​អ្វី​ដែល​តាម​គោល​ការណ៍​ច្បាប់​ តាម​គោល​ការណ៍​សិទ្ធិ​មនុស្ស។​ អ្វី​ដែល​ខ្ញុំ​គិត​ថា ជា​រឿង​ត្រឹម​ត្រូវ​ គឺ​ខ្ញុំ​នៅ​តែ​ធ្វើ​ លើក​លែង​តែ​រឿង​អ្វី​ដែល​គិត​ថា​ ខុស​ច្បាប់​ អា​ហ្នឹង​ខ្ញុំ​មិន​អាច​ធ្វើ​បាន​ទេ»។​

លោក​ថ្លែង​បញ្ជាក់​ថា​ លោក​និង​មនុស្ស​២២នាក់​ផ្សេង​ទៀត​ ដែល​បាន​ជាប់​ក្នុង​ពន្ធនាគារ​ ត្រូវ​បាន​តុលាការ​ដោះលែង​ឲ្យ​នៅ​ក្រៅ​ឃុំ​ កាលពី​ថ្ងៃ​ទី​៣០​ ខែ​ឧសភា​ ឆ្នាំ​ ២០១៤។

​លោក​ មឿន ​តុលា ​នាយក​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​សម្ព័ន្ធ​ភាព​ការងារ និង​សិទ្ធិ​មនុស្ស​ (Center for Alliance of Labor and Human Rights) ​ឬ​ហៅ​កាត់​ថា ​Central ​ ថ្លែង​ថា​ ការ​ធ្វើ​ពិធី​បង្សុកូល​ កាល​ពី​ថ្ងៃ​អាទិត្យ​កន្លង​ទៅ​ មិន​បាន​ធ្វើ​ឲ្យ​ខូច​មុខ​មាត់​រដ្ឋាភិបាល​របស់​លោក​ ហ៊ុន សែន ​នោះ​ទេ។ ប៉ុន្តែ ការ​ដែល​អាជ្ញាធរ​មាន​សមត្ថកិច្ច​នៃ​រដ្ឋាភិបាល​រារាំង​ការ​ធ្វើ​ពិធី​នេះ​ បាន​ធ្វើ​ឲ្យ​ខាត​បង់​ផល​ចំណេញ​នយោបាយ​របស់​រដ្ឋាភិបាល។​ លោក​មាន​ប្រសាសន៍​ថា៖​

«សម្រាប់​ការ​មើល​ឃើញ​របស់​សង្គម​ស៊ីវិល​ គឺ​លោក​ វន់​ ពៅ ​កាល​ពី​ថ្ងៃ​ទី២ ​ខែ​មករា​ ឆ្នាំ​២០១៤​ ហ្នឹង​ អត់​បាន​ធ្វើ​អី​ខុស​សោះ។​ លោក​គ្រាន់​តែ​ទៅ​ឃ្លាំ​មើល​ការ​តវ៉ា​របស់​កម្មករ​ ហើយ​សំឡេង​លោក ​វន់ ពៅ ​ហ្នឹង​បាន​ស្រែក​ច្បាស់​ទៀត​ មិន​ឲ្យ​កម្មករ​ មិន​ឲ្យ​កម្លាំង​សមត្ថកិច្ច​ ឬ​ក៏​ទាហាន​អស់​ហ្នឹង​ ប្រើ​ហិង្សា​ណា​មួយ​លើ​គ្នា​ទេ។​ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ​គឺ​គាត់​ត្រូវ​បាន​គេ​ចាប់​ខ្លួន​ ហើយ​ដាក់​ពន្ធនាគារ​រហូត​ដល់​៥​ខែ​ ដោយ​អយុត្តិធម៌។​ អញ្ចឹង​ខ្ញុំ​គិត​ថា​ ប្រមុខ​រដ្ឋាភិបាល​ លោក​គួរ​តែ​ពិចារណា​មើល​កន្លែង​ហ្នឹង​ ហើយ​ការ​ស្រែក​របស់​ប្រមុខ​រដ្ឋាភិបាល​ហ្នឹង​អត់​ចំណេញ​រឿង​នយោបាយ​របស់​គាត់​ទេ»។​

លោក​ វន់ ពៅ​ និង​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ ក៏ដូច​ជា​ក្រុម​គ្រួសារ​នៃ​ជន​រង​គ្រោះ​ ខកខាន​មិន​បាន​ធ្វើ​ពិធី​បង្សុកូល ​កាលពី​ថ្ងៃ​អាទិត្យ​កន្លង​ទៅ​នៅ​ក្បែរ​កន្លែង​កង​ទ័ព​ឆ័ត្រ​យោង​ពិសេស​៩១១​នោះ​ទេ។ ប៉ុន្តែ ការ​ធ្វើ​ពិធី​នេះ​ត្រូវ​បាន​ប្តូរ​មក​ជា​ការ​ដើរ​ក្បួន​តាម​ការ​បណ្តេញ​របស់​ក្រុម​អាជ្ញាធរ​មាន​សមត្ថកិច្ច និង​កង​សន្តិសុខ​ផ្សេង​ទៀត​ ឲ្យ​ចេញ​ពី​ផ្លូវ​វេងស្រេង​ ក្នុង​ខណ្ឌ​ពោធិ៍សែនជ័យ​ មក​ផ្លូវ​ដួង​ងៀប២​ ស្ថិត​ក្នុង​ខណ្ឌ​ពោធិ៍​សែនជ័យ​ និង​ខណ្ឌ​សែន សុខ។​

ព្រះ​សង្ឃ​ដែល​ចូលរួម​ក្នុង​ពិធី​នោះ​ដែរ​ក៏​បាន​ផ្តើម​ការ​សូត្រ​ធម៌​ធ្វើ​ពិធី​បង្សុកូល​ ដោយ​មាន​ក្រុម​អាជ្ញាធរ​មាន​សមត្ថកិច្ច​ និង​កង​សន្តិសុខ​តាម​ពី​ក្រោយ។​

យ៉ាង​ណា​ក៏ដោយ​ ការរារាំង​មិន​ឲ្យ​ធ្វើ​ពិធី​បង្សុកូលនេះ​បាន​បញ្ចប់​ទៅ​ ដោយ​មិន​មាន​អំពើ​ហិង្សា​ធ្ងន់ធ្ងរ​ណា​មួយ​នោះ​ទេ៕