លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃពុធនេះ បានព្រមានដល់ក្រុមបាតុករ ដែលលោកអះអាងថា មានគម្រោងរៀបចំធ្វើបាតុកម្មនៅខាងមុខស្ថានទូតចិនក្រុងទីក្រុងភ្នំពេញ នៅថ្ងៃសុក្រ ទី ២៣ ខែតុលាខាងមុខ ដោយលោកលើកឡើងថា «កុំមករញ៉េរញ៉ៃ» ក្នុងស្ថានភាពដែលកម្ពុជាកំពុងប្រឈមនឹងគ្រោះទឹកជំនន់ផង និងជំងឺរាតត្បាតជាសាកលកូវីដ១៩ ផង។
លោក ហ៊ុន សែន បានថ្លែងបែបនេះក្នុងពេលដែលលោកចុះទៅចែកអំណោយសង្គ្រោះដល់ប្រជាពលរដ្ឋ ក្នុងខេត្តបន្ទាយមានជ័យ ដែលរងគ្រោះធ្ងន់ធ្ងរជាងគេ ដោយសារទឹកជំនន់នៅឆ្នាំនេះ កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ ២០២០។
លោក ហ៊ុន សែន និយាយថា៖ «ខ្ញុំសូមផ្តាំអ្នកដែលចង់មកធ្វើបាតុកម្មនៅខាងមុខស្ថានទូតចិនក្នុងទីក្រុងភ្នំពេញ ប្រយ័ត្នប្រយែង។ គេកំពុងតែទឹកលិចណា។ កុំមករញ៉េរញ៉ៃវើយ ប្រាប់ឲ្យហើយ»។
ការព្រមាននេះ ធ្វើឡើង ក្រោយពីលោក សម រង្ស៊ី ប្រធានមួយរូបនៃគណបក្សសង្គ្រោះជាតិ ដែលត្រូវរំលាយដែលកំពុងរស់នៅក្នុងទីក្រុងប៉ារីស ប្រទេសបារាំង បានបង្ហោះសារនៅលើទំព័រហ្វេសប៊ុករបស់លោក កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ ២០២០ ដោយសរសេរថាក្នុងខួបទី ២៩ នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស នៅថ្ងៃ ២៣ ខែតុលា ឆ្នាំ ២០២០៖ «ជនជាតិខ្មែរទូទាំងពិភពលោក នឹងរៀបចំធ្វើបាតុកម្មប្រឆាំងវត្តមានយោធាចិនលើទឹកដីប្រទេសកម្ពុជា»។
កាលពីខែកក្កដាឆ្នាំ ២០១៩ សារព័ត៌មាន The Wall Street Journal ក្នុងទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក បានចេញផ្សាយសេចក្តីរាយការណ៍ព័ត៌មានដ៏ចម្រូងចម្រាសមួយថា ប្រទេសចិនបានចុះកិច្ចព្រមព្រៀងមួយជាមួយកម្ពុជា ដោយក្នុងនោះភាគីកម្ពុជាផ្តល់ឲ្យភាគីចិននូវសិទ្ធិប្រើប្រាស់ផ្តាច់មុខក្នុងផ្នែកមួយនៃមូលដ្ឋានយោធាសមុទ្ររាម ក្នុងខេត្តព្រះសីហនុរបស់កម្ពុជា ប៉ុន្តែរដ្ឋាភិបាលកម្ពុជា បានបដិសេធរបាយការណ៍ព័ត៌មាននេះ។
កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស គឺជាកិច្ចព្រមព្រៀងអន្តរជាតិដ៏សំខាន់មួយ ដែលត្រូវបានចុះហត្ថលេខាទទួលស្គាល់ដោយកម្ពុជានិងសហគមន៍អន្តរជាតិកាលពីថ្ងៃទី ២៣ ខែតុលា ឆ្នាំ ១៩៩១ ក្នុងទីក្រុងប៉ារីស ប្រទេសបារាំង ដែលឈានទៅបញ្ចប់ជម្លោះរវាងភាគីខ្មែរបួនក្រុម៕