ចាប់តាំងពីមុនការបោះឆ្នោតថ្នាក់ជាតិឆ្នាំ២០១៣ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលជាប្រធានគណបក្សប្រជាជនកម្ពុជាតែងប្រើសារព្រមាន មិនតិចជាង១០ដងនោះទេថា ការចាញ់ឆ្នោតរបស់គណបក្សលោក នឹងអាចធ្វើឱ្យមានសង្គ្រាមស៊ីវិលស្របពេលដែលសន្ទុះនៃការគាំទ្ររបស់គណបក្សប្រឆាំងមានការកើនឡើង។
សេដ្ឋវិទូ និងអ្នកឃ្លាំមើលការវិវត្តនយោបាយកម្ពុជាយល់ថា ការព្រមានផ្ទួនៗនេះកំពុងធ្វើឲ្យអ្នកវិនិយោគរត់ចេញពីប្រទេសកម្ពុជា ហើយអាចបង្កភាពភ័យខ្លាចចំពោះពលរដ្ឋដែលធ្លាប់ឆ្លងកាត់សង្គ្រាម។
ការព្រមានរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ភាគច្រើនកើតមានឡើង ក្នុងពេលដែលលោកចូលរួមក្នុងកម្មវិធីប្រជុំការសម្ពោធសមិទ្ធិផលនានា ឬចែកសញ្ញាបត្រដល់និស្សិតជាដើម។ ការព្រមានដែលលោកតែងប្រើមានដូចជា ប្រសិនបើគណបក្សប្រជាជនកម្ពុជាចាញ់ឆ្នោត នឹងមានសង្គ្រាម លោកនឹងបិទទ្វារវាយឆ្កែប្រសិនបើមានការបះបោរណាមួយ កម្ពុជានឹងវិលទៅរករបបខ្មែរក្រហមរបស់ ប៉ុល ពត វិញជាដើម។
កាលពីថ្ងៃទី២០ ខែមេសា លោក ហ៊ុន សែន បានថ្លែងព្រមានជាថ្មីពីការកើតមានសង្គ្រាម ប្រសិនបើគណបក្សរបស់លោកចាញ់ការបោះឆ្នោតឃុំ-សង្កាត់នាពេលខាងមុខ។
លោក ហ៊ុន សែន លើកឡើងថា សន្តិភាពក្នុងពេលដែលគណបក្សប្រជាជនកម្ពុជាកំពុងកាន់អំណាច ធ្វើឲ្យប្រទេសរីកចម្រើន ហើយប្រជាពលរដ្ឋទាំងអស់អាចប្រកបអាជីវកម្មតាមលទ្ធភាពរៀងៗខ្លួន។ លោកបន្ថែមថា គណបក្សផ្សេងឈ្នះការបោះឆ្នោត មិនអាចធានាបាននូវសន្តិភាពនោះទេ។
ថ្លែងពីវិមានសន្តិភាព លោក ហ៊ុន សែន មានប្រសាសន៍ថា៖
«តើប្រាកដទេ នៅពេលគណបក្សប្រជាជនមិនកាន់អំណាច តើធានាប្រាកដថាសន្តិភាពនេះ ត្រូវបានធានាឬអត់? បើការលាបពណ៌ ការជេរប្រទេច ការប្រមាថមាក់ងាយ នៅតែបន្តកើតនៅក្នុងចំណោមមេដឹកនាំ និងអ្នកគាំទ្ររបស់ពួកគេ»។
លោក ហ៊ុន សែន ដែលកាន់អំណាចជានាយករដ្ឋមន្រ្តីជាងបីទសវត្សរ៍ មកនោះបន្ថែមថា សាររបស់លោកមិនមែនជាការឃោសនាបោះឆ្នោតនោះទេ ប៉ុន្តែលោកថា គឺជាការដាស់តឿនសម្រាប់ការបោះឆ្នោតនាពេលខាងមុខ។
លោកបញ្ជាក់ថា៖ «តើបោះឆ្នោតដើម្បីសន្តិភាពបន្ត ឬបោះដើម្បីសង្រ្គាម? ជ្រើសរើសទៅរវាងសន្តិភាព និងសង្រ្គាម។ បោះឆ្នោតឲ្យគណបក្សប្រជាជន សន្តិភាពនឹងមានបន្ត? ឱកាសអភិវឌ្ឍន៍នឹងមានបន្ត»។
ប៉ុន្មានសប្តាហ៍ថ្មីៗនេះ លោក ហ៊ុន សែន ក៏នៅតែបន្តព្រមានជាបន្តបន្ទាប់ទៀតថាប្រទេសនឹងមានសង្គ្រាម ខណៈដែលការបោះឆ្នោតឃុំ-សង្កាត់នៅខែមិថុនា ឆ្នាំ២០១៧ និងការបោះឆ្នោតថ្នាក់ជាតិនៅខែកក្កដា ឆ្នាំ២០១៨ ខាងមុខ កាន់តែខិតជិតមកដល់។
ការគំរាមរបស់បុរសខ្លាំងកម្ពុជានេះបានធ្វើឲ្យអ្នកឃ្លាំមើលការវិវត្តនយោបាយកម្ពុជា និងសេដ្ឋវិទូ លើកឡើងថា ជាការធ្វើឲ្យខូចប្រយោជន៍ជាតិ ជាពិសេសការបាត់បង់វិនិយោគិន ដោយសារតែភ័យខ្លាចចំពោះសង្គ្រាមក្នុងប្រទេសដ៏ក្រីក្រនេះ។
លោក អ៊ា សុផល សាស្ត្រាចារ្យនៃសាកលវិទ្យាល័យ Occidental College នៃរដ្ឋ Los Angeles សហរដ្ឋអាមេរិក និងជាអ្នកវិភាគគោលនយោបាយ ប្រាប់ VOA តាមរយៈសារអេឡិចត្រូនិចអ៊ីមែលថា ការគំរាមពីការកើតមានសង្គ្រាមដែលលោកនាយករដ្ឋមន្រ្តីតែងលើកឡើង នឹងធ្វើឲ្យអ្នកវិយោគដែលប្រកបរបរសុច្ចរិតចាកចេញពីកម្ពុជា។
លោកបញ្ជាក់ក្នុងសម្រង់ន័យដើមថា៖
«វិនិយោគិនមិនចូលចិត្តសង្រ្គាមទេ ព្រោះវាជាការអាក្រក់សម្រាប់ការវិនិយោគរបស់ពួកគេ និងជាពិសេសអ្នកទទួលផលពីវិនិយោគ លុះត្រាណាតែពួកគេគឺជាឈ្មួញអាវុធ»។
លោក Stephen Higgins នៃក្រុមហ៊ុនប្រឹក្សាយោបល់ Mekong Strategic Partners ប្រាប់ VOA តាមរយៈសារអេឡិចត្រូនិចថា អ្នកធ្វើជំនួញនានា នឹងបន្តជ្រើសរើសយកមធ្យោបាយដែលមានការគិតគូរពិចារណា និងត្រូវបានប្រាប់ឲ្យដឹងជាមុន ដើម្បីវិនិយោគ មានន័យថា ពួកគេនឹងពិចារណារាល់សម្តីដែលមេដឹកនាំប្រទេសបានថ្លែង និងតាមដានរាល់ស្ថានការណ៍នយោបាយនៅកម្ពុជា។
លោកបន្ថែមន័យដើមថា៖ «ជាផ្នែកមួយនៃមធ្យោបាយនេះ ពួកគេនឹងពិចារណាទៅលើការបត់បែនរបស់នយោបាយ និងបរិបទដែលបានធ្វើឡើងតាមសេចក្តីថ្លែងការណ៍ផ្សេងៗ»។
ក្រុមអ្នកជំនាញសេដ្ឋកិច្ចទាំងនោះលើកឡើងថា រដ្ឋាភិបាលគួរកាត់បន្ថយអំពើពុករលួយ ពង្រឹងប្រព័ន្ធច្បាប់ និងបញ្ឈប់ការនិយាយពីសង្គ្រាម ដើម្បីជំរុញ និងលើកទឹកចិត្តវិនិយោគិនដែលកំពុងបណ្តាក់ទុន និងឲ្យមកបណ្តាក់ទុននៅកម្ពុជាកាន់តែច្រើន។
ចំណែកក្រុមអ្នកឃ្លាំមើលស្ថានការណ៍នយោបាយ និងមន្រ្តីបក្សប្រឆាំងបានលើកឡើងថា ការព្រមានពីការកើតមានសង្គ្រាមម្តងហើយម្តងទៀតនេះ គឺជាការបង្ហាញពីការភ័យខ្លាចក្នុងការបាត់បង់អំណាចរបស់លោកនាយករដ្ឋមន្រ្តី និងថាជាការកម្លាចប្រជាពលរដ្ឋមុនការបោះឆ្នោត។ ពួកគេបន្ថែមថា សង្គ្រាមនឹងមិនអាចកើតមាននោះទេ ដោយសារអ្នកដែលគ្រប់គ្រងកងកម្លាំងប្រដាប់អាវុធសុទ្ធតែជាមនុស្សស្និទ្ធិទៅនឹងលោកនាយករដ្ឋមន្រ្តី ស្របពេលដែលសាច់ញាតិរបស់លោកនាយករដ្ឋមន្រ្តីក៏កំពុងកាន់កាប់ជំនួញរាប់លានដុល្លារនៅកម្ពុជា។
លោកស្រី មូរ សុខហួរ តំណាងរាស្រ្ត និងជាអនុប្រធានគណបក្សសង្គ្រោះជាតិដែលទើបត្រូវបានប្រកាសតែងតាំងជាផ្លូវការប្រាប់ VOA ថា អ្នកវិនិយោគតែងចង់បណ្តាក់ទុនក្នុងប្រទេសដែលពោរពេញដោយសន្តិភាព មិនមែនប្រទេសដែលស្ថិតក្នុងការគំរាមកំហែងពីសង្គ្រាមនោះទេ។ ទោះជាយ៉ាងណាលោកស្រីថា លោក ហ៊ុន សែន នឹងមិនបង្កសង្គ្រាមដែលធ្វើឲ្យខាតដល់ជំនួញរបស់សាច់ញាតិលោកនោះទេ។
លោកស្រីបញ្ជាក់ថា៖
«អ្នកណាក៏ដឹងដែរនៅក្នុងវិនិយោគហ្នឹងមានគ្រួសាររបស់ថ្នាក់ដឹកនាំនៃគណបក្សកាន់អំណាចច្រើនណាស់។ ឥឡូវខ្ញុំសួរសិន ថាតើហ៊ានខាតទេ? ហ្នឹងសម្រាប់តែសេដ្ឋកិច្ច។ ចំពោះខ្ញុំវិញខ្ញុំយល់ឃើញថា ពាក្យសង្គ្រាមមិនមែនជាពាក្យធ្វើឲ្យប្រទេសជាតិយើងឈ្នះទេ ពាក្យព្រមានថានឹងសង្គ្រាម ខ្ញុំយល់ឃើញថា ជាពាក្យមួយដែលគួរឲ្យសោកស្តាយណាស់»។
ចំណែកលោក ឯម សុវណ្ណារ៉ា សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយនៃសាកលវិទ្យាល័យក្នុងស្រុកមួយលើកឡើងថា ការព្រមានពីសង្គ្រាមដែលលោកនាយករដ្ឋមន្រ្តីតែងតែប្រកាសក្តែងៗ អាចមានឥទ្ធិពលតែលើក្រុមប្រជាពលរដ្ឋវ័យចំណាស់ និងអ្នកដែលមានទ្រព្យធនតែប៉ុណ្ណោះ។
លោកមានប្រសាសន៍ថា៖
«សារនេះឯងវានៅមានឥទ្ធិពលសម្រាប់ពលរដ្ឋស្រទាប់ចាស់ៗ និងអ្នកដែលមានទ្រព្យធនច្រើននៅទីប្រជុំជន អ្នកពាណិជ្ជករ។ ប៉ុន្តែសម្រាប់ពលរដ្ឋសាមញ្ញ គ្រួសារក្រីក្រ ស្រាប់យុវជនសម័យថ្មី ដែលគាត់ទទួលចរន្តថ្មី ទ្រឹស្តីថ្មីហ្នឹង គឺគាត់មិនខ្លាចរបត់ហ្នឹងទេ ការគំរាមហ្នឹងទេ គឺគាត់មានការយល់ដឹងច្រើន»។
មិនមែនតែលោក ហ៊ុន សែន នោះទេ ដែលព្រមានថា នឹងមានសង្គ្រាម សូម្បីតែមេប៉ូលិស និងមេទាហាន ក៏បានប្តេជ្ញាការពាររដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្រ្តីហ៊ុន សែន ព្រមទាំងបានព្រមានចាត់វិធានការលើអ្នកដែលមានបំណងចង់បះបោរ ឬអ្នកដែលមិនព្រមទទួលយកលទ្ធផលបោះឆ្នោតជាដើម។ តួយ៉ាង កាលពីប៉ុន្មានថ្ងៃមុន លោក ទៀ បាញ់ រដ្ឋមន្រ្តីក្រសួងការពារជាតិ និងជាសមាជិកគណៈអចិន្ត្រៃយ៍នៃគណបក្សកាន់អំណាចផងនោះ ក៏បានព្រមានវាយបំបែកធ្មេញអ្នកដែលហ៊ានតវ៉ាក្រោយការបោះឆ្នោត។
នាយឧត្តមសេនីយ៍ ទៀ បាញ់ មានប្រសាសន៍កាលពីថ្ងៃច័ន្ទយ៉ាងដូច្នេះថា៖
«យើងបានមកដល់សព្វថ្ងៃនេះហើយ គឺថាបែរជាមកឯណាឯណី ហើយពេលដែលបោះឆ្នោតចាញ់ហើយគឺមិនព្រមចាញ់ទេ ចេញមកព្រោងព្រាតមកទាមទារនេះទាមទារនោះ ដាក់បែកធ្មេញឥឡូវហើយ។ លើកនេះមិនទុកទេប្រាប់ឲ្យហើយ គឺនិយាយគ្នាត្រង់ចឹងម៉ង ថាម៉េចថាចុះ រឿងពិតត្រូវនិយាយគ្នាចឹង មិនអនុញ្ញាតជាដាច់ខាត»។
យ៉ាងណាក៏ដោយ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនរបស់លោកហ៊ុន សែន ប្រាប់ VOA ថា សង្គ្រាមនឹងកើតមានប្រសិនបើគណបក្សកាន់អំណាចចាញ់ឆ្នោត ដែលលោកនាយករដ្ឋមន្រ្តីតែងលើកឡើង នឹងកើតមានឡើងពិតប្រាកដជាកើតមានមែន បើទោះបីជាមិនមែនសង្គ្រាមដែលប្រើប្រាស់អាវុធក៏ដោយ។
លោកបញ្ជាក់ថា សង្រ្គាមនោះនឹងកើតឡើងដោយសារកម្មវិធីនយោបាយរបស់គណបក្សប្រឆាំងមួយចំនួនដែលបានសន្យាថា នៅពេលដែលពួកគេឈ្នះឆ្នោតនឹងលុបបំណុលធនាគារដែលប្រជាពលរដ្ឋជំពាក់ ការសន្យាថាបិទមិនឲ្យមានពលករចំណាកស្រុក និងលុបកុងត្រាវិនិយោគបរទេសផ្សេងៗ។
លោក សុខ ឥសាន មានប្រសាសន៍ថា៖
«មេដឹកនាំបក្សកន្លងទៅបានលើកឡើងហើយថា ពេលណាដែលគេឈ្នះឆ្នោត គេនឹងរឹបអូសដីអ្នកមានទៅចែកអ្នកក្រ គេរឹបអូសទ្រព្យសម្បត្តិអ្នកមានទៅចែកអ្នកក្រ គេរើសអើងលោកឧកញ៉ា លោកថៅកែ ថាជាថៅកែចិត្តខ្មៅ សួរថា អ្នកណាជាអ្នកស្រែកកាលពីដើមកន្លងមក? ហើយសន្យាជាមួយមន្រ្តីរាជការថាមិនដកទេ ក៏ប៉ុន្តែសន្យាជាមួយសកម្មជនគណបក្ស ដែលជាអ្នកជួយការងារគណបក្សហ្នឹងថា គេនឹងឲ្យឋានៈនាទីចៅហ្វាយស្រុក ចៅហ្វាយខេត្តអី ហូរហែរអញ្ចឹង អាហ្នឹងហើយដែលជាបដិវាទកម្មដែលជៀសមិនរួច»។
លោក សុខ ឥសាន បន្ថែមថា អ្នកវិនិយោគនឹងមិនបារម្ភពីការព្រមានរបស់លោក ហ៊ុន សែន ពីការមានសង្គ្រាមនោះទេ ប៉ុន្តែលោកថា អ្នកវិនិយោគនឹងបារម្ភពីគោលនយោបាយរបស់គណបក្សដែលមិនកាន់អំណាច។
ប្រទេសកម្ពុជាទទួលបានចំណាត់ថ្នាក់ទី១១៣ ក្នុងចំណោម ១៦៧ប្រទេស នៅក្នុងសន្ទស្សន៍ប្រជាធិបតេយ្យរបស់ភ្នាក់ងារស៊ើបអង្កេតសេដ្ឋកិច្ច (The Economist Intelligence Unit) ដែលបានចេញផ្សាយនៅខែមករា ឆ្នាំ២០១៧។ សន្ទស្សន៍នោះបង្ហាញថា នៅឆ្នាំ២០១៥ កម្ពុជាទទួលបានពិន្ទុសរុបចំនួន ៤,២៧ គឺស្ថិតក្នុងក្រុមប្រទេសរបបកូនកាត់ប្រជាធិបតេយ្យពាក់កណ្ដាល ផ្ដាច់ការពាក់កណ្ដាល។ តាមពិន្ទុនេះ ប្រទេសកម្ពុជាហៀបនឹងធ្លាក់ចូលទៅក្នុងប្រទេសរបបផ្ដាច់ការ៕