លោក​ហ៊ុន សែន ​បើក​យុទ្ធនាការ​ប្តឹង​រឹបអូស​ទ្រព្យសម្បត្តិ​អ្នក​ប្រមាថ​ជីវិត

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងនៅក្នុងពិធីសម្ពោធគម្រោងការពារទឹកជំនន់ក្រោមការឧបត្ថម្ភពីប្រទេសជប៉ុន នៅរាជធានីភ្នំពេញ ថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៩។

លោក​គី តិច​ ប្រធាន​ក្រុម​មេធាវី​ការ​ពារក្តី​រដ្ឋាភិបាល​ មិន​ទាន់​ផ្តល់​ព័ត៌មាន​លម្អិត​ ចំពោះ​បុគ្គល​ដែល​លោក​នាយក​រដ្ឋមន្ត្រី​​ហ៊ុន សែន​ ចោទ​ថា​ បាន​ប្រមាថ​លោក​នោះ​ទេ​ ដោយ​ខាងក្រុម​មេធាវី​កំពុង​សិក្សា​ពី​ដំណើរ​រឿង។

មេដឹកនាំ​កម្ពុជា​លោកនាយករដ្ឋមន្ត្រី​ហ៊ុន សែន​ នៅ​ថ្ងៃ​ពុធ​នេះ បាន​ប្រកាស​បើកយុទ្ធនាការ​ផ្លូវច្បាប់​ ​ដើម្បី​បង្ក្រាប​លើ​ជន​ដែល​ប្រមាថ​ជីវិត​លោក​តាម​បណ្តាញ​សង្គម​ហ្វេសប៊ុក (Facebook) ​ដោយ​បាន​ប្រាប់​ឲ្យ​មេធាវី​លោក​ត្រៀម​កសាង​សំណុំរឿង​ ដែល​អាច​បើក​ផ្លូវ​ឲ្យ​លោក​រឹបអូស​ទ្រព្យ​សម្បតិ្ត​អ្នកទាំង​ឡាយ​ណា​ដែល​ប្រមាថ​ជីវិត​លោក​ផងដែរ។

ការ​ប្រកាស​របស់​លោក​ហ៊ុន សែន កើត​មាន​ឡើង​នៅ​ក្នុង​ជំនួប​របស់​លោក​ជាមួយ​កម្មករ​រោងចក្រ​ និង​សហគ្រាស​នៅ​ក្នុង​ឃុំប៉ាក់​ខ្លង​ ស្រុក​មណ្ឌល​សីមា​ ខេត្តកោះកុង។ ក្នុង​ជំនួប​នោះ​ មេដឹកនាំ​រដ្ឋាភិបាល​ទីក្រុង​ភ្នំពេញ​ បាន​អះអាង​ថា​ មាន​សារ​ប្រមាថ​ លោក​ចំនួន​ប្រមាណ​៣២ ត្រូវ​បាន​ធ្វើ​ឡើង​ នៅ​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក។

«ខ្ញុំ​កំពុង​ឲ្យ​មេធាវី​របស់​ខ្ញុំ​សិក្សា​ សិក្សា​ដើម្បី​ដាក់​ពាក្យ​ប្តឹង​ហើយ​ អ្ហែងប្រមាថ​តាម​ហ្វេសប៊ុក​ ហើយ​អ្ហែង​ត្រូវ​ដឹង​ថា​ ទ្រព្យ​សម្បត្តិ​អ្ហែងនៅ​ក្នុង​ប្រទេស​ អ្ហែង​នៅ​ក្រៅ​ប្រទេស​មែន​ ប៉ុន្តែ​ទ្រព្យ​សម្បត្តិ​អ្ហែង​ក្នុង​ប្រទេស​អញ​រឹប​អូស​ យក​ទាំង​អស់​ហ្នឹង​។ ឲ្យ​តុលាការ​កាត់​ឲ្យ​អញ​ឈ្នះ​ ជូន​សារ​ឲ្យ​ហ្ហែង​ដឹង​មុន​ អ្ហែង​ថ្ងៃ​ហ្នឹង​ អ្ហែង​ថា​ ថែម​ទៀតទៅ»។

លោក​ហ៊ុន សែន​ ថ្លែង​បន្ត ដោយមិន​បញ្ចេញ​ឈ្មោះ​អ្នក​ដែល​ប្រមាថ​លោក​យ៉ាង​ដូច្នេះ៖

«អាឡូវ​ហ្នឹង​គឺថា​ មាន​ជាង​៣០​ ដែល​អ្ហែង​បង្ហោះ​ប្រមាថ​ជីវិត​អញ​ ៣២ ៣២​ អ៊ីចឹង​បើ​វាចេញ​មក​ថ្ងៃ​ហ្នឹង​ទៀត​ បាន​ការ​យើង​ទៀត​ហើយ​ ប្រមូល​ធ្វើជាវត្ថុ​តាង​ រឹប​ទ្រព្យ​សម្បត្តិ​អ្ហែង​នៅ​ក្នុង​ស្រុក​អត់​ទេ​ ទារ​មិន​តិច​ជាង​២លាន​ដុល្លារទេ​ ប្រាប់​ឲ្យ​ហើយ​ ដើម្បី​កុំ​ឲ្យ​វា​ឈ្លើយ​ និយាយ​ឡើង​ ដល់​អាផុស​ចុងក្រោយ​ ទំនាយ​លោក​ហ៊ុន សែន​ ចំ​កន្លែង​កំបុត​ក​ កំបុត​កអ្ហែង​ហ្នឹង​ មិន​កំបុត។ ប៉ុន្តែ​អត់​ទេ​ ជូនសារ​ទៅ្​ប្រាប់​អ្ហែង​មុន​ ហើយ​ប្រាប់​ទៅខេត្ត​ណោះ​ ឲ្យ​មើល​ទ្រព្យ​សម្បត្តិ​វា​នៅណា?​ តែកាត់​រួចហើយ​ គ្មាន​ទេ​អញរឹប​ រួចហើយ​បាន​អាហ្នឹង​ យក​ទៅ​ចែក​កុមារ​កំព្រា​ [...]​ កុំឲ្យវា​ព្រហើន»។

កន្លងមក​ មាន​មនុស្ស​មួយ​ចំនួនត្រូវបាន​ចាប់​ខ្លួន​ចំពោះ​ការ​ប្រមាថ​ លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន​សែន និងការ​និយាយរិះគន់​លើ​រដ្ឋាភិបាល​កម្ពុជា។

ជាក់ស្តែង​ ស្រ្តីម្នាក់​ឈ្មោះ​សំ​ សុខា​ ដែល​ជា​សកម្មជន​ការងារ​ ត្រូវ​បាន​ចោទ​ប្រកាន់​ពី​ ​«បទប្រមាថ»​ ​និង​ ​«បទញុះញង់​ឲ្យ​មាន​ការ​រើស​អើង»​ ក្នុង​ខែ​មេសា​ ឆ្នាំ២០១៧​ គឺ​ភ្លាមៗ​បន្ទាប់​ពី​អ្នក​ស្រី​បាន​បង្ហោះ​វីដេអូ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក​ បង្ហាញ​ពី​សកម្មភាព​របស់​អ្នកស្រី​កំពុង​គប់​ស្បែក​ជើង​ទៅ​ស្លាក​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​មាន​រូបថត​លោក​ ​ហ៊ុន សែន​ នាយក​រដ្ឋមន្ត្រី​កម្ពុជា​ ​និង​លោក​ហេង សំរិន​ ​ប្រធាន​រដ្ឋ​សភា​ជាតិ​។

កាលពីខែ​មករា ឆ្នាំ​២០១៩​ លោក ​គង់​ ម៉ាស​ អតីត​មន្ត្រី​គណបក្ស​ប្រឆាំង​ម្នាក់​នៅ​ខេត្ត​ស្វាយ​រៀង​ ​ត្រូវ​អាជ្ញាធរ​ចាប់​ខ្លួន ក្រោយពី​លោក​រិះគន់​រដ្ឋាភិបាល​ទាក់​ទិន​នឹង​រឿង​សហភាព​អឺរ៉ុប​យក​ពន្ធ​អង្ករ​កម្ពុជា​ចូល​ទីផ្សារ​សហភាព​អឺរ៉ុប។

លោក​គង់ ម៉ាស់​ ក៏ត្រូវបានចោទ​ថា​ ព្យាយាម​ផ្តួល​រំលំ​រដ្ឋាភិបាល​ ក្រោយ​ពី​លោក​បង្ហោះ​សារ​រិះគន់​ថា រដ្ឋាភិបាល​មិន​បាន​យក​ចិត្ត​ទុក​ដាក់​ជួយ​ការពារ​ថ្លៃផលិត​ផល​កសិករ ​សិប្បករ​ មិន​ជួយ​រក​ទីផ្សារ​លក់​ផលិត​ផល ​មិន​គិត​គូរ​បញ្ហា​ព្រំដែន​បញ្ហា​អន្តោប្រវេសន៍​ បញ្ហា​អត់​ការងារ​ធ្វើ​នាំ​ឲ្យ​មាន​ពលករ​ចំណាក​ស្រុក ហើយ​ថា​ពលរដ្ឋ​ត្រូវ​ហ៊ាន​ងើប​តវ៉ា។

លោក​គី តិច​ ប្រធាន​ក្រុម​មេធាវី​ការ​ពារក្តី​រដ្ឋាភិបាល​ មិន​ទាន់​ផ្តល់​ព័ត៌មាន​លម្អិត​ ចំពោះ​បុគ្គល​ដែល​លោក​នាយក​រដ្ឋមន្ត្រីហ៊ុន សែន​ ចោទ​ថា​ បាន​ប្រមាថ​លោក​នោះ​ទេ​ ដោយ​ខាងក្រុម​មេធាវី​កំពុង​សិក្សា​ពី​ដំណើរ​រឿង។

«សុំ​អធ្យាស្រ័យ​ថា​ មិនអាច​ទាន់​ទម្លាយ​ព័ត៌មាន​ហ្នឹង​បាន​ទៅ​ជា​សាធារណៈ​ទេ​ ព្រោះ​ខ្ញុំ​កំពុង​សិក្សា»។

ទោះណា​ជា​ លោកហ៊ុន សែន​ មិនបាន​និយាយ​ចំ​ឈ្មោះ​បុគ្គល​ ដែល​ប្រមាថ​ជីវិត​របស់​លោក​យ៉ាង​ណាក្តី​ លោកអំ សំអាត​ អ្នក​គ្រប់​គ្រង​ការិយាល័យ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​នៃ​អង្គការ​លីកាដូ​ (Licadho) បាន​ផ្តល់​ការ​យល់​ឃើញថា​ បុគ្គល​ដែល​លោកហ៊ុន សែន​ចោទ​នោះ​ គឺ​ទំនង​ជា​សំដៅ​ដល់​ក្រុម​អ្នក​នយោបាយ​គណបក្ស​សង្គ្រោះជាតិ​ ដែល​ត្រូវបាន​រាយការ​ណ៍​ដោយ​បណ្តាញ​ព័ត៌មាន​ក្នុង​ស្រុក​មួយ​ចំនួន។

មន្ត្រី​សិទ្ធិមនុស្សជាន់​ខ្ពស់​រូបនេះ​ បាន​ប្រាប់ VOA ​ថា​ ការ​ប្រកាស​បឹ្តងជន​ដែល​ប្រមាថ​ជីវិតលោក​នេះ​ មាន​លក្ខណៈ​ផ្ទុយ​ពីការ​ចង់​បាន​របស់​សហភាព​អឺរ៉ុប​ ដែល​ទាមទារ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​គោរព​សិទ្ធិមនុស្ស​ ដើម្បី​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​ប្រទេស​នេះ​ បន្ត​ទទួលនូវ​បាន​ការ​គាំទ្រ​ខាង​ពាណិជ្ជកម្ម​ តាម​រយៈ​ការ​នាំចូល​ទំនិញ​កម្ពុជា​ទៅ​ទីផ្សារ​សហភាពអឺរ៉ុប​ ​ដោយ​មិន​ជាប់​ពន្ធគយ។

«បច្ចុប្បន្ននេះ​ យើង​ឃើញថា​ សហគមន៍​អឺរ៉ុប​ដែល​គេ​ សុំ​ឲ្យប្រទេស​កម្ពុជា​យើង​ស្តារ​ឡើង​វិញ​នៃ​លទ្ធិប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិមនុស្ស​ហ្នឹង​គឺ​ កម្ពុជា​យើង​គួរ​តែ​ពិនិត្យ​ពិចារណា​ និង​យក​ចិត្ត​ទុកដាក់​កន្លែង​ចំណុច​នេះ​ផងដែរ​បាទ»។

លោក​អំ សំអាត​ បានកត់សម្គាល់ ​ទៀត​ថា​ ការបក​ស្រាយ​ច្បាប់​ដោយមិន​ច្បាស់​លាស់​ ប្រឆាំង​នឹ​ង​សិទ្ធិ​សេរីភាពបញ្ចេញ​មតិរ​បស់​ពលរដ្ឋ​ អាច​នឹង​ធ្វើឲ្យ​អ្នក​បញ្ចេញ​មតិ​រិះគន់​មេដឹក​នាំ​កម្ពុជា​ពិសេស​តាម​បណ្តាញ​សង្គម​ ជា​ច្រើន​នាក់​ទៀត​រងគ្រោះ​ដោយ​ការ​ប្តឹង​ផ្តល់​ទៅតុលាការ​នៅថ្ងៃ​ខាង​មុខ។

ដោយ​ឡែក​ នៅ​ក្នុង​ពិធី​ជួបជុំ​កម្មករ​ នាថ្ងៃ​ពុធដដែល​នេះ លោកហ៊ុន សែន​ ក៏បាន​ផ្តល់​ភ្លើង​ខៀវ​ ដល់​លោក​លី យ៉ុងផាត់​ សមាជិក​ព្រឹទ្ធ​សភា​គណបក្ស​ប្រជាជន​កម្ពុជា​ ឲ្យ​សាងសង់​កន្លែង​ផ្គត់​ផ្គង់​ទឹក​សម្រាប់​រយៈពេល​វែង​ ដើម្បី​ឆ្លើយតប​ទៅនឹង​កង្វះខាត​ទឹកសាប​ក្នុង​ខេត្ត​កោះកុង។

លោក​ថា តាម​ការ​បញ្ជាក់​ពីលោក​លី យ៉ុងផាត់ គឺ​ភាគីថៃ​បានយល់​ព្រម​ជួយ​ផ្គត់​ផ្គង់​ទឹក​ ពីទឹកដី​របស់​ខ្លួន គឺខេត្ត​ត្រាត។ ​លោក​ហ៊ុន សែន ក៏បានឲ្យដឹងថា​ ភាគីកម្ពុជា​ និង​ថៃ​ បានព្រមព្រៀង​បង្កើត​រោងចក្រ​នៅតាមតំបន់​ព្រំដែន​កម្ពុជា-ថៃ​ ដែលជា​ការខិតខំ​មួយ​ក្នុងការ​កាត់បន្ថយ​ពលករ​ចំណាក​ស្រុក​ពី​ប្រទស​កម្ពុជា៕