គណបក្សប្រជាជនកម្ពុជាដែលជាគណបក្សកាន់អំណាចដ៏យូរនៅតែជួបប្រទះការលំបាកក្នុងការលុបលាងកេរ្តិ៍ឈ្មោះថាជាគណបក្សដែលជាប់កេរិ៍ដំណែលកុម្មុយនិស្តទោះបីជាពេលនេះមានមេដឹកនាំថ្មីក៏ដោយ។ រីឯការងាកចេញពីប្រទេសវៀតណាមក៏ជាការលំបាកដោយសារតែទំនាក់ទំនងផ្នែកយោធាដែលប្រទេសទាំងពីរមាន។ នេះបើតាមការបញ្ជាក់របស់អ្នកវិភាគគោលនយោបាយក្នុងប្រទេសកម្ពុជា។
Your browser doesn’t support HTML5
លោក អ៊ូ វីរៈ ប្រធានវេទិការអនាគតបានបន្ថែមថាការបញ្ចូលសមាសភាពដឹកនាំថ្មីទៅក្នុងគណបក្សកាន់អំណាចដែលគេបានធ្វើក្នុងពេលកន្លងមកនេះប្រៀបដូចជាការជំរុញឱ្យគណបក្សនេះ មានឯករាជ្យភាពបន្តិចពីការជំពាក់គុណ៧មករាដែលប្រទេសវៀតណាមបានជួយឱ្យថ្នាក់ដឹកនាំគណបក្សនេះ ចូលកាន់អំណាចក្នុងឆ្នាំ១៩៧៩។
លោកបន្ថែមថា៖ «កេរិ៍ដំណែលមួយនេះទោះបីជាគណបក្សប្រជាជនខិតខំប្រឹងយ៉ាងណាក៏ ហាក់ដូចជាមិនរួចផុតពីរូបភាពមួយហ្នឹងដែរ»។
កាលពីខែមិថុនាលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវបានសន្និបាតគណៈកម្មាធិការកណ្តាលនៃគណបក្សបោះឆ្នោតជ្រើសរើសឱ្យជាប់ជាប្រធានគណបក្សជាផ្លូវការហើយបានបន្ថែមអនុប្រធានគណបក្សដល់ទៅពីរនាក់គឺ លោកសាយ ឈុំ និងលោកស ខេង។
លោក អ៊ូ វីរៈមើលឃើញថាគណបក្សនេះនៅបន្តធ្វើកំណែទម្រង់ទៀតដោយសារតែឃើញមានសមាជិកគណៈកម្មាធិការកណ្តាលបានកើនឡើងហើយមានវ័យក្មេងៗ។
លោកបន្ថែមថា៖ «ខ្ញុំទាយទុកថាគណបក្សប្រជាជនប្រហែលជារៀបគម្រោងដើម្បីផ្ទេរអំណាចទៅកូនចៅអ្នកដែលមានអំណាចក្នុងបក្សដែលកូនចៅជាអ្នកជំនាន់ក្រោយ»។
នេះជាអ្វីដែលលោក វីរៈ មើលឃើញថាជាការកែទម្រង់មួយដែលផ្តល់ឱកាសឱ្យតែក្រុមគ្រួសារអ្នកដឹកនាំ៖ «បុគ្គលដែលនៅក្នុងបក្សចង់ក្លាយជាអ្នកដឹកនាំបក្សគឺអត់សូវជាមានឱកាសទេ។ គឺអ្នកណាជាប្រធានគឺ ក្រាញអ្នកណាដែលមានអំណាចគឺក្រាញនៅអំណាចរហូតតែម្តង។ អ្នកដែលជំនាន់ថ្មីទោះបីជាមានសមត្ថភាព ទោះបីមានទេពកោសល្យ ប្រជាប្រិយ៍ភាពយ៉ាងម៉េចក៏មិនងាយមានឱកាសដែរ»។
វិធីដែលលោកនាយករដ្ឋមន្ត្រីស្ថិតនៅក្នុងអំណាចបានយូរគឺតាមរយៈអំណាចប៉ូលិស យោធានិងតុលាការដែលមានថ្នាក់ដឹកនាំខ្លះនៃស្ថាប័ននោះមានតួរនាទីជាសមាជិកគណៈកម្មាធិការកណ្តាលនិងខ្លះរហូតដល់សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍របស់គណបក្ស៕