លោក​ហ៊ុន សែន​ បង្ហាញ​មោទនភាព​នយោបាយ​ឈ្នះ-ឈ្នះ​របស់​លោក​ក្នុង​កិច្ចប្រជុំ​របស់​អ.ស.ប

រូបឯកសារ៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​នៅក្នុងកិច្ចប្រជុំអង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៩។

ផ្តើម​ចេញពី​គោល​នយោបាយ​ឈ្នះ-ឈ្នះនេះ​ លោក​ហ៊ុន​ សែន​ ដែល​ជា​អតីត​ទាហាន​ខ្មែរ​ក្រហម​មួយ​រូប​អះអាង​ថា​ សេដ្ឋកិច្ច​កម្ពុជា​បាន​សម្រេច​កំណើន​ជា​មធ្យម​ក្នុង​រង្វង់​ ៧,៧​ ភាគរយ​ ក្នុង​មួយឆ្នាំ​ ក្នុង​រយៈពេល​ជាង​ ២ទសវត្សរ៍​ចុង​ក្រោយ​នេះ។

ស្របពេល​ដែល​សហភាព​អឺរ៉ុប​បន្ត​ដំណើរការ​ត្រៀម​ដក​កម្ពុជា​ពី​ប្រព័ន្ធ​ឋាន​អនុគ្រោះ​ពន្ធ​ពាណិជ្ជកម្ម​មួយ​ ដែល​អាច​ឲ្យ​កម្ពុជា​ខាត​បង់​ប្រមាណ ​៦៥៤ ​លាន​ដុល្លារ​ក្នុង​មួយឆ្នាំៗ​នោះ​ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន​ បាន​លើក​ពី​មោទនភាព​នៃ​គោល​នយោបាយ​ឈ្នះ-ឈ្នះ​របស់​លោក​ នៅទីក្រុង​បាងកក​ ប្រទេស​ថៃ។

លោក​ហ៊ុន សែន​ លើក​ឡើង​ថា​ ផ្តើម​ចេញ​ពី​គោល​នយោបាយ​ឈ្នះ-ឈ្នះ​ដែល​បាន​ពន្លត់​ភ្លើង​សង្គ្រាម​នៅ​កម្ពុជា​ កំណើន​សេដ្ឋកិច្ច​ប្រទេស​នេះបាន​ស្ថិត​ក្នុងស្ថានភាព​រឹងមាំ​រយៈពេល​ ២០ ​ឆ្នាំ​ចុង​ក្រោយ​នេះ។

នាយក​រដ្ឋមន្ត្រី​កម្ពុជា​ លោក​ហ៊ុន សែន​ នៅថ្ងៃ​ចន្ទ​នេះ​ បាន​លើក​សរសើរ​ពី​គោល​នយោបាយ​ឈ្នះ-ឈ្នះ​របស់​លោក​ ដែល​បាន​ផ្តល់​សន្តិភាព​ដល់​កម្ពុជា​ពេញ​លេញតាំង​ពី​ឆ្នាំ​ ១៩៩៨ ​មក។ លោក​ចាត់​ទុក​ថា​ សន្តិភាព​គឺជា​បុរេ​លក្ខខណ្ឌ​ដ៏​ចម្បង​ និង​សំខាន់​បំផុត​ សម្រាប់​កសាង​ខឿន​សេដ្ឋកិច្ច​ និង​អភិវឌ្ឍ​សង្គមជាតិ។

អត្ថាធិប្បាយ​របស់​មេដឹកនាំ​យូរ​ឆ្នាំ​របស់​កម្ពុជា​រូប​នេះ​ បាន​ធ្វើឡើង​នៅ​ក្នុង​ទីក្រុង​បាងកក​ ប្រទេស​ថៃ​ ទីដែល​លោក​បាន​ឡើង​ថ្លែង​ក្នុង​សន្និបាត​ប្រចាំ​ឆ្នាំ​លើក​ទី៧៥​ របស់​គណៈកម្មការ​សេដ្ឋកិច្ច​ និង​សង្គមកិច្ចសម្រាប់​អាស៊ី​ និង​ប៉ាស៊ីហ្វិក​ នៃ​អង្គការ​សហប្រជាជាតិ​ (UN-ESCAP)​ ក្រោម​ប្រ​ធាន​ប​ទ៖ «ការផ្តល់​សិទ្ធិ​អំណាច​ជូន​ប្រជាជន និង​ការ​ធានា​នូវ​បរិយាប័ន្ន​ និង​សមភាព»។​ ការ​ធានា​នូវ​បរិយាប័ន្ន មាន​ន័យថា​ ការ​ធ្វើ​សេចក្តី​សម្រេច​ចិត្ត​លើ​គោល​នយោបាយ​មួយ​ ដែល​នឹង​គ្រប់ដណ្តប់​រាល់​ពលរដ្ឋ ដោយ​មិន​ប្រកាន់​ជំនឿ សាសនា​ និង​និន្នាការ​នយោបាយ។

ផ្តើម​ចេញពី​គោល​នយោបាយ​ឈ្នះ-ឈ្នះនេះ​ លោក​ហ៊ុន​ សែន​ ដែល​ជា​អតីត​ទាហាន​ខ្មែរ​ក្រហម​មួយ​រូប​អះអាង​ថា​ សេដ្ឋកិច្ច​កម្ពុជា​បាន​សម្រេច​កំណើន​ជា​មធ្យម​ក្នុង​រង្វង់​ ៧,៧​ ភាគរយ​ ក្នុង​មួយឆ្នាំ​ ក្នុង​រយៈពេល​ជាង​ ២ទសវត្សរ៍​ចុង​ក្រោយ​នេះ។ លោក​បន្ត​ថា​ អត្រា​ភាព​ក្រីក្រ​នៅ​កម្ពុជា​ បានបន្ត​ធ្លាក់​ចុះ​ជាលំដាប់​ពីជាង​ ៥៣​ ភាគ​រយ​ ក្នុងឆ្នាំ​ ២០០៤​ មកត្រឹម​ ១៣,៥ ​ភាគរយ​ ក្នុង​ឆ្នាំ​ ២០១៤​ ហើយ​ត្រូវ​បាន​ប៉ាន់​ស្មាន​ថា​ ស្ថិត​ក្នុងរង្វង់​ ១០ ភាគរយ​នា​បច្ចុប្បន្ន។

លោក​ហ៊ុន សែន​ សង្កត់ធ្ងន់​ថា​ ជាមួយ​នឹង​ការវិវត្តន៍​ជា​វិជ្ជមាន​ ក្រោយ​បាន​សន្តិភាព​ ២០ ឆ្នាំ​មក​នេះ​ ប្រជាពលរដ្ឋ​ខ្មែរ​បាន​ចូលរួម​រក្សា​សន្តិភាព​របស់​ប្រទេស។

«លើ​មូលដ្ឋាន​នៃ​បទពិសោធន៍​នេះ​ ប្រជាជាតិ​កម្ពុជា​ទាំងមូល​ ផ្តល់​តម្លៃ​ខ្ពស់​បំផុត​ ចំពោះ​ការ​ខិត​ខំ​បន្ត​ថែ​រក្សា​សនិ្តភាព​ និង​ស្ថិរភាព​ ព្រម​ទាំង​ការ​ជំរុញ​កិច្ច​អភិវឌ្ឍ​ ប្រកប​ដោយ​បរិយាប័ន្ន​ ដែល​បច្ចុប្បន្ន​នេះ​ កំពុង​តែ​ហុច​ផ្លែផ្កា​ យ៉ាង​ពិតប្រាកដ​ ជា​ប្រយោជន៍​ជូនដល់​ពលរដ្ឋ​កម្ពុជា​ នៅ​គ្រប់​ឆក​ល្ហក​ក្នុង​ផ្ទៃ​ប្រទេស»។

ការ​ប្រកាស​របស់​លោកហ៊ុន សែន​ អំពី​វឌ្ឍនភាព​ខាង​សង្គម និង​សេដ្ឋកិច្ច​របស់​កម្ពុជា​ក្នុង​រយៈពេល​ ២០ ឆ្នាំ​ចុង​ក្រោយ​នេះ​ កើតមាន​ឡើង​ នៅ​ស្រប​ពេល​ដែល​សហភាព​អឺរ៉ុប​បាន​កំពុង​ដំណើរការ​នីតិ​វិធី​ដែល​មាន​រយៈពេល​ ១៨ ខែ​ ដើម្បី​ពិនិត្យ​ដក​កម្ពុជា​ជា​បណ្តោះ​អាសន្ន​ចេញ​ពីប្រពន្ធ​ឋានៈ​អនុគ្រោះពន្ធ «អ្វីៗ​ទាំងអស់​លើកលែង​តែ​អាវុធ​» ឬហៅថា​ EBA​ ដោយសារ​តែ​ការ​ធ្លាក់​ថយក្រោយ​នៃ​ការ​គោរព​សិទ្ធិ​មនុស្ស​ និង​អនុវត្ត​លទ្ធិ​ប្រជាធិបតេយ្យ។

ចំណាត់​ការ​នេះ​បាន​ធ្វើ​ឲ្យ​សភា​ពាណិជ្ជ​កម្ម​កម្ពុជា​ និង​តំណាង​ខាង​វិស័យ​ឯកជន​ផ្សេង​ទៀត មាន​ទាំង​ខាង​សភា​ពាណិជ្ជ​កម្ម​សហភាព​អឺរ៉ុប សមាគម​រោងចក្រ​កាត់​ដេរ​នៅ​កម្ពុជា ឬ​ហៅថា​ GMAC​ ​និង​ក្រុម​សហជីព​បម្រើ​ប្រយោជន៍​កម្មករ​ បាន​លើក​ឡើង​ថា​ នឹង​មាន​ការ​ខូច​ខាត​ធ្ងន់ធ្ងរ​មក​លើ​សេដ្ឋកិច្ច​កម្ពុជា​ ប្រសិន​បើ​ប្រទេស​នេះ​បាត់បង់​ប្រព័ន្ធ​ឋានៈ​អនុគ្រោះពន្ធ​ EBA។

GMAC បាន​បញ្ជាក់​ថា​ ការ​ផ្អាក​បណ្តោះ​អាសន្ន​នូវ​កម្មវិធី​អនុគ្រោះ​ពន្ធ​ EBA​ ​ឬ​ក៏​ការ​ដាក់​ទណ្ឌ​កម្ម​ឯកតោ​ភាគី​រយៈពេល​ខ្លី​ណា​មួយ​ អាច​នឹង​មាន​ផល​ប៉ះ​ពាល់​រយៈពេល​វែង​លើ​ជីវិត​កម្មករ​យ៉ាងហោច​ណាស់ ​៧០ ម៉ឺននាក់​ ​និង​គ្រួសារ​របស់​ពួកគេ។

ចំណាត់​ការ​របស់​សហភាព​អឺរ៉ុប​ទៅលើ​ការ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ​ កើត​មាន​ឡើង​ ​ក្រោយ​ពី​មាន​ការ​បង្ក្រាប​លើ​អ្នក​នយោបាយ​គណបក្ស​ប្រឆាំង​ ការ​គាប​សង្កត់​អង្គការ​សង្គម​ស៊ីវិល​ដែល​ទទួល​ថវិកា​ពី​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​ និង​ការ​បិទ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​មួយ​ចំនួន​ រួម​ទាំង​ការ​រំលោភ​សេរីភាព​ផ្សេងៗ​ជា​ច្រើន​ទៀត​ មាន​ដូច​ជា​ការ​រំលោភ​សិទ្ធិ​ដីធ្លី​ជាដើម។

យ៉ាងណា​ក៏ដោយ​ ដើម្បី​ជា​ការ​រំឭក​ដល់​ជោគជ័យ​នៃ​គោល​នយោបាយ​ឈ្នះ-ឈ្នះ​របស់​លោក​នោះ​ លោក​ហ៊ុន សែន បាន​កសាង​វិមាន​មួយ ដោយ​ឲ្យ​ឈ្មោះ​ថា​ «វិមាន​អនុស្សាវរីយ៍​នយោបាយ​ឈ្នះ-ឈ្នះ»។

ក៏ប៉ុន្តែ​លោក​ ​រ៉ុង ឈុន​ ​ដែល​ជា​អតីត​សមាជិក​មួយ​រូប​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប)​ ធ្លាប់​លើក​ឡើងថា​ ការ​សាងសង់​វិមាន​ឈ្នះ​-ឈ្នះ ​របស់​រដ្ឋាភិបាល​ មិន​បាន​ឆ្លុះបញ្ចាំង​ពី​ស្ថាន​ភាព​ជាក់​ស្ដែង​នៅ​កម្ពុជា​នោះ​ទេ​ ដោយ​ហេតុ​ថា​ កម្ពុជា​មិន​មាន​សង្គ្រាម​ពិត​មែន​នា​ពេល​បច្ចុប្បន្ន​នេះ​ តែ​មានការ​ព្យាបាទ​ខាង​នយោបាយ​ និង​ការ​រំលោភបំពាន​សិទ្ធិមនុស្ស​ ដែល​បាន​ធ្វើ​ឲ្យ​ប្រទេស​នេះ​រង​ការ​ថ្កោលទោស​ជា​លក្ខណៈ​អន្តរជាតិ​ផង​ដែរ៕